ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​ចោទ​ម្ចាស់ផ្ទះ​សំណាក់​«​រុងរឿង​»​ថា​ចាក់សាប​និង​រៀប​ឥដ្ឋ​​បិទ​ច្រក​សុវត្ថិភាព

8 ឆ្នាំ មុន

ខេត្តកំពត ៖ ប្រជាពលរដ្ឋ​៥​គ្រួសារ​ដែល​មាន​លំនៅ​ដ្ឋា​ន​ខាងក្រោយ​ផ្ទះសំណាក់​យីហោ​«​រុងរឿង​» ស្ថិត​នៅ​ក្នុងភូមិ​១​ឧសភា សង្កាត់​កំពង់​កណ្តាល ក្រុង​កំពត បាន​ដាក់​ពាក្យ​ប្តឹង​ទៅ​អាជ្ញាធរ​សង្កាត់ និង​ក្រុង​ឲ្យ​ជួយ​ដោះស្រាយ​ពី​បញ្ហា​ម្ចាស់ផ្ទះ​នេះ​បាន​ចាក់សាប និង​រៀប​ឥដ្ឋ បិទ​លើ​ឌឿងហែម​(​ច្រក​សុវត្ថិភាព​)​

ខេត្តកំពត ៖ ប្រជាពលរដ្ឋ​៥​គ្រួសារ​ដែល​មាន​លំនៅ​ដ្ឋា​ន​ខាងក្រោយ​ផ្ទះសំណាក់​យីហោ​«​រុងរឿង​» ស្ថិត​នៅ​ក្នុងភូមិ​១​ឧសភា សង្កាត់​កំពង់​កណ្តាល ក្រុង​កំពត បាន​ដាក់​ពាក្យ​ប្តឹង​ទៅ​អាជ្ញាធរ​សង្កាត់ និង​ក្រុង​ឲ្យ​ជួយ​ដោះស្រាយ​ពី​បញ្ហា​ម្ចាស់ផ្ទះ​នេះ​បាន​ចាក់សាប និង​រៀប​ឥដ្ឋ បិទ​លើ​ឌឿងហែម​(​ច្រក​សុវត្ថិភាព​)​សាធារណៈ​នៅ​មុខ​ផ្ទះ​របស់​គាត់​បណ្តាល​ឲ្យ​បាត់​ផ្លូវទឹក​ដែល​មាន​ពី​មុន​មក ។

យោង​តាម​ខ្លឹមសារ​ពាក្យបណ្តឹង​របស់​ប្រជាពលរដ្ឋ​ទាំង​៥​គ្រួសារ​ដែល​រង​ការ​ប៉ះពាល់​នេះ កាលពី​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០១៥ តាម​រយៈ​សង្កាត់​កំពង់​កណ្តាល ទៅ​អភិបាល​ក្រុង​កំពត ដែល​មាន​ខ្លឹមសារ​ថា យើងខ្ញុំ​ជា​ប្រជាពលរដ្ឋ​ដែល​រង​ការ​ប៉ះពាល់​ចំនួន​៥​គ្រួ​សារបាន​កើតទុក្ខ​មិន​សុខចិត្ត​សូម​ប្តឹង​ពី​ឈ្មោះ អាន លឹ​ម​កូយ ភេទ​ប្រុស ជា​ម្ចាស់ផ្ទះ​សំណាក់​«​រុងរឿង​»​បាន​រៀប​ឥដ្ឋ​បាំង​ផ្លូវទឹក​ឌឿងហែម ព្រមទាំង​ចាក់សាប​ពីលើ​បិទផ្លូវ​ទឹក​ឌឿងហែម​សាធារណៈ​នៅ​មុខ​ផ្ទះ​យើងខ្ញុំ​ដើម្បី​យក​ធ្វើ​ជាក​ម្មសិ​ទ្ឋិ​ផ្ទាល់ខ្លួន​លើ​ប្រ​ព័​ន្ឋ​លូ​សាធារណៈ ។ ហើយ​សូម​ឲ្យ​អាជ្ញាធរ​ក្រុង និង​មន្ត្រី​ជំនាញ​ចុះ​ទៅ​ពិនិត្យ និង​ដោះស្រាយ ។

ក្រោយ​ពី​ដាក់​ពាក្យបណ្តឹង គេ​ឃើញ​ក្រុមការងារ​របស់​ក្រុង​បាន​ចុះ​ទៅ​ពិនិត្យ និង​ឲ្យ​ផ្អាក​ការ​សាងសង់​ផង​ដែរ ប៉ុន្តែ​អ្វី​ដែល​ម្ចាស់ផ្ទះ​សំណាក់​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​លើ​ប្រ​ព័​ន្ឋ​លូ​ដូច​ជា​រៀប​ឥដ្ឋ និង​ចាក់សាប​លើ​ប្រ​ព័​ន្ឋ​លូ​សាធារណៈ​នោះ គេ​ពុំ​ឃើញ​ក្រុមការងា​របស់​ក្រុង​ដែល​ចុះ​ទៅ​ពិនិត្យ​មាន​វិធានការ​ឲ្យ​រុះរើ​នោះ​ទេ ។ ហើយ​នៅ​ថ្ងៃ​ទី​៣០ កក្កដា ២០១៥​នេះ ស្រាប់តែ​ម្ចាស់ផ្ទះ​សំណាក់​ខាងលើ​បាន​ជួល​ជាង​ផ្សារ​មក​សាងសង់​បន្ថែម​ត្រង់​កន្លែង​ហាមឃាត់​ខាងលើ ទើប​ប្រជាពលរដ្ឋ​ទាំង​៥​គ្រួសារ​មាន​ប្រតិកម្ម​ឡើង​ម្តងទៀត ។

ជុំវិញ​ការ​ចោទប្រកាន់​ពី​ប្រជាពលរដ្ឋ​ទាំង​៥​គ្រួសារ​ខាងលើ ត្រូវ​បាន​ឈ្មោះ អាន លឹ​ម​កូយ ម្ចាស់ផ្ទះ​សំណាក់​រុងរឿង​អះអាង​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា ពី​មុន​មក​ដី​នៅ​ចំណុច​ខាងក្រោយ​ផ្ទះសំណាក់​ខ្លួន​ក៏​ជា​ដី​ឌឿងហែម​ដែរ ហើយ​អ្នក​ដែល​មក​រស់នៅ​ចំណុច​នេះ​សុ​ទ្ឋ​តែ​សង់ផ្ទះ​លើ​ផ្លូវឌឿងហែម​ទាំងអស់ ប៉ុន្តែ​ពេល​ខ្លួន​រៀប​ឥដ្ឋ​លើ​ឌឿងហែម​នេះ​ដោយ​មាន​ពាក្យ​ប្តឹង​ពី​ប្រជាពលរដ្ឋ​ប៉ុន្មាន​គ្រួសារ​នៅ​ខាងក្រោយ​នេះ អាជ្ញាធរ​ឲ្យ​ផ្អាក ខ្លួន​ក៏​បាន​ផ្អាក​អស់​មួយ​រយៈ​ដែរ ប៉ុន្តែ​ដោយ​រង់ចាំ​ការ​ដោះស្រាយ​យូរ ហើយ​ធាតុ​អាកាស​​ក្តៅ​ពេក ខ្លួន​ក៏​ជួល​ជាង​ឲ្យ​មក​ត​យ៉ាក​បន្តិច​ដើម្បី​ហាល​សំលៀក​បំពាក់​សិន ចាំ​ថ្ងៃក្រោយ​អាជ្ញាធរ​ចុះ​មក​ពិនិត្យ​ថា ត្រូវ​ឲ្យ​វាយ​ចោល​វិញ ខ្លួន​នឹង​វាយ​ចោល​តាម​បញ្ជា​របស់​អាជ្ញាធរ ។

ជុំវិញ​បញ្ហា​ខាងលើ នៅ​វេលា​ម៉ោង​១១ និង​៤៥​នាទី​ព្រឹក ថ្ងៃ​ទី​៣០ កក្កដា ២០១៥​នេះ «​កោះសន្តិភាព​»​បាន​ភ្ជាប់​ទូរ​សព្ទ័​ទៅ​លោក នាក់ សុវណ្ណ​រី អភិបាលក្រុង​កំពត ដើម្បី​សុំ​ការ​ស្រាយ​បំភ្លឺ ទូរ​សព្ទ័​រោ​ទិ៍​តែ​គ្មាន​មនុស្ស​លើក ។ ចំណែក​លោក បេង សំណាង ប្រធាន​ភូមិបាល​ក្រុង មិន​បាន​បកស្រាយ​បំភ្លឺ​បញ្ហា​ខាងលើ​ទេ ដោយ​លោក​ប្រាប់​ភ្នាក់ងារ​«​កោះសន្តិភាព​»​ថា លោក​កំពុង​ជាប់​ប្រជុំ​នា​ព្រឹក​ថ្ងៃ​ទី​៣០ កក្កដា ២០១៥​នេះ ។

បញ្ជាក់ ៖ នៅ​វេលា​ម៉ោង​១២ និង​១៥​នាទី​ថ្ងៃត្រង់​ថ្ងៃ​ដដែល លោក នាក់ សុវណ្ណ​រី អភិបាលក្រុង​កំពត​បាន​ទូរ​ស័ព្ទ​មក​អ្នក​យក​ព័ត៌​មាន​«​កោះសន្តិភាព​»​វិញ​ ដោយ​ប្រាប់​ថា បញ្ហា​ការ​សាងសង់​សំណង់​អ្វីមួយ​ដែល​ប៉ះពាល់​ដល់​ច្រក​សុវត្ថិភាព គឺ​ក្រុង​មិន​អាច​អនុញ្ញាត​ឲ្យ​ធ្វើ​បាន​ឡើយ មិន​ថា​តែ​ម្ចាស់ផ្ទះ​សំណាក់​ដែល​កំពុង​រំលោភ​សាងសង់​អ្វីមួយ​លើ​ច្រក​សុវត្ថិភាព​នេះ​ទេ គ្រប់​ច្រក​សុវត្ថិភាព​ទាំងអស់​ខេត្ត​បាន​ដាក់​ផែនការ​ឲ្យ​ក្រុង​ចុះ​ត្រួតពិនិត្យ​ឡើង​វិញ​ទាំងអស់ គឺ​មិន​អាច​អនុញ្ញាត​ឲ្យ​បុគ្គល​ណា​ម្នាក់​សាងសង់​សំណង់​​អ្វីមួយ​លើក​ច្រក​សុវត្ថិភាព​ដាច់ខាត គឺ​ទុក​សម្រាប់​មាន​ហា​និ​ភ​យ័​កើតឡើង យើង​ងាយស្រួល​ក្នុង​ការ​ជួយ​សង្គ្រោះ​ទាន់​ពេលវេលា ។ ហើយ​អាជ្ញាធរ​ក៏​មិន​ចង់​ឃើញ​បងប្អូន​ដឹង​ហើយ​នៅ​តែ​ធ្វើ រួច​ត្រូវ​អាជ្ញាធរ​វាយ​ចោល​នោះ​ទេ ។ បញ្ហា​ម្ចាស់ផ្ទះ​សំណាក់​នៅ​តែ​ធ្វើ លោក​នឹង​ចេញ​លិខិត​មួយទៀត​ឲ្យ​ម្ចាស់ផ្ទះ​សំណាក់​ខាងលើ​ផ្អាក​ការ​សាងសង់ ៕