ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ជនជាតិ​កូរ៉េ​ស្រវឹងស្រា​បើករថយន្ត​បុក​ដើម​ម៉ៃសាក់​ក្រឡាប់​របួសធ្ងន់​ម្នាក់

8 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ ជនជាតិ​កូរ៉េ​ស្រវឹងស្រា​បើករថយន្ត​លឿន​ដូច​ហោះ​ទៅ​បុក​ដើម​ម៉ៃសាក់​វិលខ្ញាល់​មួយ​ជុំ​ក្រឡាប់​បះជើងទ្រ​មេឃ​កៀប​អ្នក​បើករថយន្ត​រង​របួសធ្ងន់ ​និង​អ្នក​រួម​ដំណើរ​ជាមួយ​រង​របួសស្រាល។

រាជ​ធានីភ្នំពេញ ៖ ជនជាតិ​កូរ៉េ​ស្រវឹងស្រា​បើករថយន្ត​លឿន​ដូច​ហោះ​ទៅ​បុក​ដើម​ម៉ៃសាក់​វិលខ្ញាល់​មួយ​ជុំ​ក្រឡាប់​បះជើងទ្រ​មេឃ​កៀប​អ្នក​បើករថយន្ត​រង​របួសធ្ងន់ ​និង​អ្នក​រួម​ដំណើរ​ជាមួយ​រង​របួសស្រាល។​​ហេតុ​ការណ៍​នេះ​បានកើតឡើង​កាល​ពីវេលា​ម៉ោង​៣ ​និង​១០​នាទី​ទៀប​ភ្លឺ​ ថ្ងៃ​ទី​៣០ ​កក្កដា តាម​បណ្តោយ​ផ្លូវ​៥៩៩​កែង​នឹង​ផ្លូវ​៣១៥ មុខ​ភោជនីយដ្ឋាន​ស៊ូ​គា សង្កាត់​បឹង​កក់​២ ខណ្ឌទួលគោក​។

សាក្សី​ដែល​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ គាត់​បានឃើញ​រថយន្ត​ម៉ាក​ RAV4 ព​ណ័​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ​2S-8190 ជិះ​២​នាក់​ជា​ជនជាតិ​កូរ៉េ បើកបរ​តាម​ផ្លូវ​លេខ​៥៩៩ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិចក្នុង​ស្ថានភាព​ស្រវឹង​បើក​លឿន​ដូច​ហោះ ពេលមក​ដល់​ចំណុច​ផ្លូវបែក​ជា​បួន រថយន្ត​បើក​លឿន​ពេក​បួង​ចង្កូត​មិន​ទាន់​បាន​បើក​ទៅ​បុក​ដើម​ម៉ៃសាក់​ពេញទំហឹង​ធ្វើ​ឲ្យរថយន្ត​វិលខ្ញាល់​មួយ​ជុំ​ក្រឡាប់​បះ​ជើងទ្រ​មេឃ​ធ្វើ​ឲ្យ​អ្នក​ជិះ​ក្នុង​រថយន្ត​កៀប​ជាប់​ក្នុង​រថយន្តបណ្តាល​ឲ្យ​អ្នកបើកបរ​បែកក្បាល​សន្លប់​ស្តូកស្តឹង ចំណែក​អ្នក​រួម​ដំណើរ​ជាមួយ​រង​របួសស្រាល រីឯ​ដើម​ម៉ៃសាក់​មិន​បាន​បាក់​ទេ​គ្រាន់តែ​របកសំបក​និង​បាក់មែក​តូច​ៗ ។

ក្រោយ​ពេល​កើតហេតុ​មាន​ជន​ឆ្លៀត​ឱ​កាសចូល​ទៅ​ជួយ​វាយ​កញ្ចក់​រថយន្ត​ចាប់​អូស​ជនរង​គ្រោះ​ចេញពី​ក្នុង​រថយន្ត​ ហើយ​លួច​ទូរស័ព្ទ​អាយ​ហ្វូ​ន​មួយ​គ្រឿង​របស់​ជនជាតិ​កូរ៉េ​រួច​ហើយ​គេចខ្លួន ។ ជន​រង​គ្រោះ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​ព្យាបាល​នៅ​គ្លីនិក​ឯកជន ចំណែក​រថយន្ត​បង្ក​ខូចខាត​ស្ទើរ​ទាំងស្រុង​ត្រូវ​បាន​សមត្ថកិច្ច​វាស់វែង​យក​ទៅ​រក្សា​ទុកនៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក ៕