ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​២​នាក់​ចាញ់បោក​មេខ្យល់​លង់ខ្លួន​យកប្តី​ចិន​បាន​មក​ដល់​ស្រុក​វិញ

8 ឆ្នាំ មុន

ខេត្តសៀមរាប ៖ ស្រី្ត​ខ្មែរ​២​នាក់​មានកំណើត​នៅ ខេត្តព្រៃវែង ដែល​ត្រូវ​បាន​មេខ្យល់​នាំ​យក​ទៅ​រៀប​ការ​ជាមួយ​បុរស​ជនជាតិ​ចិន​នៅ​ខេត្ត​ក្វា​ង​ចូ​វ ត្រូវ​បាន​បញ្ជូន​ត្រឡប់​មក​ដល់​ប្រទេស​កម្ពុជា​ហើយ​តាម​ជើង​យន្តហោះ K6 659 ដោយ​ចេញពី​ទីក្រុង​ក្វា​ង​ចូ​វ

ខេត្តសៀមរាប ៖ ស្រី្ត​ខ្មែរ​២​នាក់​មានកំណើត​នៅ ខេត្តព្រៃវែង ដែល​ត្រូវ​បាន​មេខ្យល់​នាំ​យក​ទៅ​រៀប​ការ​ជាមួយ​បុរស​ជនជាតិ​ចិន​នៅ​ខេត្ត​ក្វា​ង​ចូ​វ ត្រូវ​បាន​បញ្ជូន​ត្រឡប់​មក​ដល់​ប្រទេស​កម្ពុជា​ហើយ​តាម​ជើង​យន្តហោះ K6 659 ដោយ​ចេញពី​ទីក្រុង​ក្វា​ង​ចូ​វ នៅ​វេលា​ម៉ោង​១​និង​៣០​នាទី ម៉ោង​នៅ​ប្រទេស​ចិន ។

ពួក​គេ​បាន​មក​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​នៅ​វេលា​ម៉ោង​២​និង​៥០ ថ្ងៃ​ទី​២៨ កក្កដា ត្រូវ​បាន​នគរបាល​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប ទៅ​ទទួលយក​ចេញពី​ក្នុង​ព្រ​លាន​យន្តហោះ​អន្តរជាតិ​សៀមរាប រួច​នាំ​ស្ត្រី​ទាំង​២​នាក់​ជា​ជន​រង​គ្រោះ​មក​កាន់​ការិយាល័យ​ដើម្បី​សាកសួរ ។

ការ​មក​ដល់​ប្រទេស​កំណើត​វិញ​របស់​ស្រី្ត​ខ្មែរ​រង​គ្រោះ​ទាំង​២​នាក់​នេះ ត្រូវ​បាន​លោក វរសេនីយត្រី ឆាយ ហាក់​ឡុ​ង នាយ​រង​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប ទៅ​ទទួលយក និង​នាំ​សាមីខ្លួន​មក​កាន់​ការិយាល័យ​ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង បញ្ជូន​ទៅ​មន្ទីរ​សង្គមកិច្ច​អតីត​យុទ្ធ​ជន និង​យុវ​នីតិសម្បទា​ខេត្ត​អនុវត្ត​តាម​នីតិវិធី ដើម្បី​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​មក​ទទួលយក​ទៅ​ជួបជុំ​ក្រុម​គ្រួសារ​វិញ ។

បើ​តាម​ការ​រៀបរាប់​របស់​ស្ត្រី​រង​គ្រោះ​ឈ្មោះ វង្ស ស្រី​តូច អាយុ​២០​ឆ្នាំ ជា​កម្មករ​រោងចក្រ​នៅ​ភ្នំពេញ មានស្រុក​កំណើត​នៅ​ខេត្តព្រៃវែង​បាន​ប្រាប់​សមត្ថកិច្ច​ឲ្យ​ដឹង​ថា ខ្លួន​បាន​ចាកចេញ​ទៅ​ប្រទេស​ចិន តាម​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​១៨ មេ​សា ឆ្នាំ​២០១២ ទៅ​ដល់​គោលដៅ​នៃ​ប្រទេស​ចិន​នៅ​យប់​ថ្ងៃ​ទី​១៨ មេ​សា ឆ្នាំ​២០១២ ។ ស្រី្ត​រង​គ្រោះ​បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​បន្ត​ថា ដំបូង​បាន​ស្គាល់​ស្ត្រី​ចំណាស់​ម្នាក់​ឈ្មោះ​អ៊ី​រ៉ា ដែល​រស់នៅ​ស្រុក​កំណើត​ជិត​គ្នា ហើយ​បាន​ប្រាប់​ថា តើ​ប្អូន​មាន​ចំណាប់អារម្មណ៍​ចង់​រៀប​ការ​ទៅ​នៅ​ស្រុក​ចិន​ដែរ​ឬទេ ? ព្រោះ​គេ​មាន​លុយ ពេល​នោះ​នាង​ខ្ញុំ​ក៏​បាន​ប្រាប់​ឲ្យ​ទៅ​ជួប​ម្តាយ​នាង ។ បន្ទាប់​មក​ស្ត្រី​ជា​មេខ្យល់​នោះ​ក៏​ឲ្យ​នាង​ទៅ​ដើរ​លេង​ជាមួយ​មិត្តភក្តិ​ម្នាក់ និង​មាន​ជនជាតិ​ចិន​រួម​ដំណើរ ។ ក្នុង​ការ​ដើរ​លេង​ជាមួយ​មេខ្យល់​នោះ​ផង​ដែរ មេខ្យល់​បាន​ឲ្យ​នាង​ថតរូប​ម្នាក់ឯង​នៅ​កោះ​ពេជ្រ ប្រាប់​ថា​យក​រូបថត​ឲ្យ​បុរស​ជា​ជនជាតិ​ចិន​មើល ។

ស្ត្រី​រង​គ្រោះ​បាន​បន្ត​ទៀត​ថា ក្រោយ​ពី​ថតរូប​និង​ប្រាប់​ម្តាយ​រួច​ក៏​យល់ព្រម​ជាមួយ​មេខ្យល់​ឈ្មោះ​អ៊ី​រ៉ា​នោះ ហើយ​គាត់​ក៏​ឡើង​មក​ភ្នំពេញ​ជាមួយ​នាង​ឲ្យ​ទៅ​ធ្វើ​ឯកសារ​ដូច​ជា ប៉ា​ស្ព័​រ​, សំបុត្រ​យន្តហោះ និង​ចំណាយ​ផ្សេង​ៗ​គាត់​ជា​អ្នក​ចេញ​ទាំងអស់ ហើយ​គាត់​ឲ្យ​នាង​ចំនួន​៣០០​ដុល្លារ​ដើម្បី​យក​ទៅ​ឲ្យ​ម្តាយ​នាង​នៅ​ឯ​ស្រុក ។ ស្ត្រី​រង​គ្រោះ​បន្ថែម​ថា ពេល​ទៅ​ដល់​បុរស​ជា​ជនជាតិ​ចិន​ក៏​មក​ទទួល​នាង​ខ្ញុំ​ពី​ចំណត​យន្តហោះ​ឡើង​រថយន្ត​ទៅ​អូ​តែ​ល​ជាមួយ​គាត់​តែ​ម្តង ។ ស្រី្ត​រង​គ្រោះ​បាន​និយាយ​បន្ត​ទៀត​ថា ពេល​ចេញពី​អូ​តែ​ល​គាត់​នាំ​នាង​ខ្ញុំ​ទៅ​ផ្ទះ​របស់​គាត់​នៅ​ខេត្ត​ក្វា​ង​ចូ​វ ក៏​រស់នៅ​ជាមួយ​គ្នា​រហូត​បានកូន​ប្រុស​មួយ​អាយុ​ជាង​២​ឆ្នាំ ហើយ​ប្តី​របស់ខ្ញុំ​ឈ្មោះ ចាង យី​ង អាយុ​៤២​ឆ្នាំ បាន​ចុះ​អ៊ីតា​ស៊ី​វិល​ជាមួយ​នាង​ខ្ញុំ​តាម​ពាក្យ​របស់​មេខ្យល់ ។ នាង​និយាយ​ថា ការ​រស់នៅ​ក្រុម​គ្រួសារ​ខាង​ប្តី​បាន​ធ្វើបាប​នាង​ខ្ញុំ​មិន​ឲ្យ​ហូប​ចុក​គ្រប់គ្រាន់ និង​ធ្វើបាប​ផ្លូវចិត្ត​នាង​ថែម​ទៀត ។ ស្ត្រី​រង​គ្រោះ​បាន​បញ្ជាក់​ទៀត​ថា ទីបំផុត​ក៏​ដាច់​ចិត្ត​លួច​រត់​ចេញពីផ្ទះ​ទាំង​ព្រឹក​នៅ​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០១៥ ជិះ​រថយន្តក្រុង​អស់​រយៈពេល​១​យប់​ទើប​ដល់​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​នៅ​ទីក្រុង​ក្វា​ង​ចូ​វ នៃ​ប្រទេស​ចិន ដោយ​ខ្លួនឯង ហើយ​សម្រាក​នៅ​ទីនោះ​បាន​១​ខែ​២​ថ្ងៃ ។

ដោយ​មានការ​ជួយ​ជ្រោមជ្រែង​អន្តរាគមន៍​ពី​សំណាក់​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​នៅ​ទីក្រុង​ក្វា​ង​ចូ​វ ជា​ចុងបញ្ចប់ ក៏​ត្រូវ​បាន​មក​ដល់​ប្រទេស​កម្ពុជា​វិញ នា​រសៀល​ថ្ងៃ​ទី​២៨ ខែកក្កដា​ឆ្នាំ​២០១៥​នេះ ។

ចំណែក​ស្ត្រី​ម្នាក់​ទៀត​ឈ្មោះ ស្រុ​ន ម៉ុម អាយុ​២១​ឆ្នាំ ជា​កម្មករ​រោងចក្រ​មានស្រុក​កំណើត​ភូមិ​សំបួរ ឃុំ​កំពង់​ប្រាំង ស្រុក​ពារាំង ខេត្តព្រៃវែង បាន​ប្រាប់​សមត្ថកិច្ច​ឲ្យ​ដឹង​ដែរ
ថា នាង​បាន​ចាក​ចេញពី​ស្រុក​កំណើត​តាម​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០១១​ទៅ​ដល់​គោលដៅ​គឺ​ប្រទេស​ចិន នៅ​យប់​ថ្ងៃ​ទី​២៣​ខែមេសា ឆ្នាំ​២០១១​។ ស្រី្ត​រង​គ្រោះ​បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​បន្ត​ថា ដំបូង​បាន​ស្គាល់​ស្ត្រី​ចំណាស់​ម្នាក់​ជា​មេខ្យល់​ឈ្មោះ សុ មៀន​ដែល​រស់នៅ​ស្រុក​កំណើត​ជិត​គ្នា​បាន​ប្រាប់​ថា នាង​មាន​ចំណាប់អារម្មណ៍​ចង់​រៀប​ការ​ទៅ​នៅ​ស្រុក​ចិន​ដែរ​ឬទេ ? ហើយ​នាង​ក៏​មក​ផ្ទះ​ប្រាប់​ម្តាយ​ថា មាន​គេ​ឲ្យ​រៀប​ការ​នៅ​ស្រុក​ចិន ពេល​នោះ​ម្តាយ​នាង​ក៏​យល់ព្រម ។ បន្ទាប់​មក​នាង​ក៏​ឡើង​មក​ភ្នំពេញ​ជួប​ជាមួយ​មេខ្យល់​នោះ​ឲ្យ​ទៅ​ថតរូប​នៅផ្ទះ​សំណាក់​ក្បែរ​វត្ត​ភ្នំ​ដើម្បី​ទុក​ឲ្យ​បុរស​ជនជាតិ​ចិន​មើល រួច​នាង​ក៏​ជិះ​ម៉ូតូឌុប​ទៅ​កន្លែងធ្វើការ​វិញ​។ ស្ត្រី​រង​គ្រោះ​បាន​បន្ត​ទៀត​ថា ក្រោយ​ពី​ថតរូប មេខ្យល់​ឈ្មោះ​សុ​មៀន​នោះ ក៏​នាំ​ឲ្យ​ទៅ​ធ្វើ​ឯកសារ​ដូច​ជា​ប៉ា​ស្ព័​រ​, សំបុត្រ​យន្តហោះ​និង​ចំណាយ​ផ្សេង​ៗ​ទាំងអស់​គាត់​ជា​អ្នក​ចេញ ហើយ​គាត់​ឲ្យ​នាង​ខ្ញុំ​ចំនួន​៥០០​ដុល្លារ​ដើម្បី​យក​ទៅ​ឲ្យ​ម្តាយ​នាង​នៅ​ឯ​ស្រុក ។

ស្ត្រី​រង​គ្រោះ​បន្ថែម​ថា ពេល​ចុះ​ពី​យន្តហោះ​មាន​២​នាក់​ប្តី​ប្រពន្ធ​ជា​មេខ្យល់​ជា​ជនជាតិ​ចិន​ក៏​មក​ទទួល​នាង​ពី​ចំណត​យន្តហោះ​ជិះ​រថយន្ត​ជាមួយ​គាត់​ទៅ​ជួប​បុរស​ជា​ប្តី​នោះ​ឲ្យ​ស្គាល់​នៅ​កន្លែងធ្វើការ ហើយ​២​នាក់​ប្តី​ប្រពន្ធ​នាំ​មក​រស់នៅ​ផ្ទះ​របស់​គាត់​បាន​៣​ខែ បន្ទាប់​មក​ទើប​ធ្វើ​សំបុត្រ​អា​ពា​ពិពាហ៍​ឲ្យ​នាង​ជាមួយ​ប្តី​សព្វថ្ងៃ ។ ស្រី្ត​រង​គ្រោះ​បាន​និយាយ​បន្ត​ទៀត​ថា មេខ្យល់​បាន​នាំ​នាង​ទៅ​ផ្ទះ​របស់​ប្តី​នៅ​ខេត្ត​ក្វា​ង​ចូ​វ នៃ​ប្រទេស​ចិន ក៏​រស់នៅ​ជាមួយ​គ្នា​បាន​ជាង​៤​ឆ្នាំ​បានកូន​ស្រី​មួយ​អាយុ​ជាង​២​ឆ្នាំ ។ ប្តី​របស់​នាង​ឈ្មោះ ថាំង យ៉ុ​ង​ពីង អាយុ​៣៥​ឆ្នាំ មានមុខ​របរ​ធ្វើ​នំ​ប៉ាវ​លក់ ប៉ុន្តែ​ក្រុម​គ្រួសារ​ខាង​ប្តី​បាន​ធ្វើបាប​នាង​មិន​ឲ្យ​ហូប​ចុក​គ្រប់គ្រាន់​និង​ធ្វើបាប​ផ្លូវចិត្ត​ដូច​ជា យក​ប៉ាស្ទ័រ​លាក់​ទុក​ព្រមទាំង​ឪពុកក្មេក​, បងថ្លៃ​នាង​ក៏​ធ្វើបាប​ថែម​ទៀត ។

ស្ត្រី​រង​គ្រោះ​បាន​បញ្ជាក់​ទៀត​ថា ទីបំផុត​នាង​ក៏​ដាច់​ចិត្ត​លួច​រត់​ចេញពីផ្ទះ​ទាំង​ព្រឹក​នៅ​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០១៥ តាម​រថយន្តក្រុង​អស់​រយៈពេល​១​យប់​ទើប​ដល់​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​នៅ​ទីក្រុង​ក្វា​ង​ចូ​វ នៃ​ប្រទេស​ចិន ដោយ​ខ្លួនឯង ហើយ​សម្រាក​នៅ​ទីនោះ​បាន​១​ខែ​២​ថ្ងៃ ។ ដោយ​មានការ​ជួយ​ជ្រោមជ្រែង​អន្តរាគមន៍​ពី​សំណាក់​អគ្គ​កុងស៊ុល​កម្ពុជា ប្រចាំ​នៅ​ទីក្រុង​ក្វា​ង​ចូ​វ ជា​ចុងបញ្ចប់ ក៏​ត្រូវ​បាន​មក​ដល់​ប្រទេស​កម្ពុជា​វិញ នា​រសៀល​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០១៥ នេះ ៕