ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខណ្ឌមានជ័យ​ចុះ​ត្រួតពិនិត្យ​ក្លិប​កម្សាន្ត​២​កន្លែង​ក្នុង​មូលដ្ឋាន និង​ណែនាំ​ឱ្យ​ម្ចាស់​ទីតាំង​បន្ថែម​ច្រក​សុវត្ថិភាព

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នា​ល្ងាច​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៥​នេះ អាជ្ញាធរ​ខណ្ឌមានជ័យ ដឹកនាំ​ដោយ​លោក ​ឌី រ័​ត្ន​ខេ​ម​រុណ អភិបាលរង នៃ​គណៈ​អភិ​បាល​​ខណ្ឌមានជ័យ និង​មានការ​ចូលរួម​ពី​មន្ត្រី​ទេសចរណ៍ មន្ត្រី​ការិយាល័យ​ភូមិបាល បាន​ចុះ​ត្រួតពិនិត្យ​ស្តង់ដារ​បច្ចេកទេស​ទីតាំង​ក្លិប​កម្សាន្ត​ចំនួន​២​កន្លែង

រាជធានី​ភ្នំពេញ ៖ នា​ល្ងាច​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៥​នេះ អាជ្ញាធរ​ខណ្ឌមានជ័យ ដឹកនាំ​ដោយ​លោក ​ឌី រ័​ត្ន​ខេ​ម​រុណ អភិបាលរង នៃ​គណៈ​អភិ​បាល​​ខណ្ឌមានជ័យ និង​មានការ​ចូលរួម​ពី​មន្ត្រី​ទេសចរណ៍ មន្ត្រី​ការិយាល័យ​ភូមិបាល បាន​ចុះ​ត្រួតពិនិត្យ​ស្តង់ដារ​បច្ចេកទេស​ទីតាំង​ក្លិប​កម្សាន្ត​ចំនួន​២​កន្លែង​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន ដែល​ទី​១​គឺ​ក្លិប​កម្សាន្ត​យីហោ  «Key Club» និង​ទី​២  «​សប្បាយ​ក្លឹ​ប​» ​ដែល​មាន​ទីតាំង​ស្ថិត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២ ក្នុងភូមិ​ទួល​រកា សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ ។

លោក ​ឌី រ័​ត្ន​ខេ​ម​រុណ អភិបាលរង​ខណ្ឌមានជ័យ​បាន​មាន​ប្រសាសន៍​ឱ្យ​ដឹង​ថា ការ​ចុះ​មកនេះ​គឺ​អាជ្ញាធរ​ខណ្ឌ​ត្រូវការ​តាមដាន​ឡើង​វិញ​ចំពោះ​សណ្ឋាន​រៀបចំ​នៃ​ទីតាំង​ក្លិប​កម្សាន្ត​ទាំងមូល ដោយ​ធ្វើការ​ត្រួត​ពិ​និ​ត្រ​ទៅ​លើ​បច្ចេកទេស​បំពាក់​គ្រឿង​អេ​ឡិច​ត្រូ​និ​ច​គ្រប់​ប្រភេទ ធុងបាស់​ធំ​ៗ​បំពង​សម្លេង​ប៉ះ​ពាល់​ដល់​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​ជិតខាង​នា​ពេល​រាត្រី និង​ម្យ៉ាងវិញទៀត​ដើម្បី​ធ្វើការ​តាមដាន​ចំពោះ​ទ​ង្វើ​អសន្តិសុខ ដូច​ជា​ការ​វាយ​ កាប់​ ចាក់​សម្លាប់​គ្នា​ ក្រោយ​ពេល​ផឹកស៊ី​ចេញពី​ក្លិប និង​អំពើ​ល្មើសច្បាប់​មួយ​ចំនួន​ទៀត ដូច​ជា​បញ្ហា​គ្រឿងញៀន​ជាដើម ដែល​ជន​មួយ​ចំនួន​ចូល​ចិត្ត​យក​កន្លែង​កម្សាន្ត​ដែល​ពោរពេញ​ទៅ​ដោយ​ភាព​វក់វីរ​រញ៉េរញ៉ៃ​បែប​នេះ​ជា​កន្លែង​សម្រាប់​ជួញដូរ ។ ដូច្នេះ​ហើយ​ទើប​អាជ្ញាធរ​ខណ្ឌមានជ័យ​ចាប់ផ្តើម​វិធានការ​ចុះ​ត្រួត​ពិ​និ​ត្រ ដើម្បី​បង្កា​សកម្មភាព​បែប​នេះ​មិន​ឱ្យ​កើត​មាន​​នៅ​ក្នុង​មូលដ្ឋាន​ជា​ដាច់ខាត ។

ក្នុង​ការ​ចុះ​ត្រួតពិនិត្យ​ខាងលើ​នេះ​ដែរ លោក​អភិបាលរង​ខណ្ឌ​ក៏​បាន​ធ្វើការ​ណែនាំ​តម្រូវ​ឱ្យ​ម្ចាស់​អាជីវកម្ម​ក្លិប​កម្សាន្ត​ត្រូវ​បន្ថែម​ច្រក​ចេញចូល​របស់​ខ្លួន​បន្ថែម​ទៀត​ សម្រាប់​ភ្លៀវ​ធ្វើការ​ជម្លៀស​ខ្លួន​ពេល​មាន​ហានិភ័យ​អ្វីមួយ ដែល​អាច​កើតឡើង​ជាយថាហេតុ ។ ទីតាំង​នីមួយ​ៗ​ត្រូវ​​ថែម​​បំពង់​ស្រូប​ផ្សែង​បន្ថែម​ទៀត ព្រោះ​លក្ខណៈ​ទីតាំង​ក្លិប ក្រោយ​ការ​ពិ​និ​ត្យ​​ហើយ​នោះ​ឃើញ​ថា មិន​មាន​ខ្យល់​ចេញចូល​គ្រប់គ្រាន់​ឡើយ​សម្រាប់​ភ្លៀវ​ដែល​ចូល​ទៅ​រាំ​លេង​កម្សាន្ត​ដកដង្ហើម ។ ត្រូវ​បំពាក់​បំពង់​ពន្លត់​អគ្គិភ័យ​ឱ្យ​បាន​គ្រប់គ្រាន់ ចៀសវៀង​មាន​ករណី​អគ្គិភ័យ​អាច​កើតឡើង​បាន​ក្នុង​ករណី​ណាមួយ និង​ម្យ៉ាង​ទៀត​លោក​អភិបាលរង​បាន​ស្នើ​ឱ្យ​ម្ចាស់​ទីតាំង​ទាំង​២ ត្រូវ​បន្ថយ​សម្លេង​បាស់​របស់​ខ្លួន​ចាប់​ពី​​ម៉ោង​១២​រំលង​អា​ធ្រា​ត្រទៅ​ ដើម្បី​បញ្ចៀស​សម្លេង​ថ្លង់​រំខាន​​ដល់​ការ​សម្រាក​របស់​បងប្អូន​ប្រជាពលរដ្ឋ​ជិតខាង ។

ក្នុង​នោះ​ដែរ លោក​អភិបាលរង​ក៏​បាន​ធ្វើការ​ស្នើរ​ឱ្យ​ម្ចាស់​អាជីវកម្ម​ក្លិប​កម្សាន្ត​ទាំង​២​ត្រូវ​ចូលរួម​សហការ​ជាមួយ​កម្លាំង​អាជ្ញាធរ ក្នុង​ករណី​ប្រសិនបើ​មានការ​ប៉ុនប៉ង​ប្រើប្រាស់​អំពើ​ហិង្សា​ពី​សំណាក់​ក្មេង​ទំនើង ឬ​ជន​អន្ធពាល​ ការ​សេព ឬ​ជួញដូរ​គ្រឿងញៀន ឬសកម្មភាព​ល្មើស​ច្បាស់​ផ្សេង និង​មើល​ទៅ​គួរ​ឱ្យ​សង្ស័យ ធ្វើ​យ៉ាងណា​ត្រូវ​រាយការណ៍​ជូន​សមត្ថកិច្ច​មូលដ្ឋាន ឬ​កម្លាំង​អាជ្ញាធរ​ភ្លាម ដើម្បី​ចុះ​មក​ធ្វើការ​បង្ក្រាប និង​ទប់ស្កាត់​ទុកជា​មុន
ដោយ​​មិន​បណ្តែតបណ្តោយ​ឱ្យ​អំពើ​អសន្តិសុខ​បែប​នេះ​កើត​មាននៅ​ក្នុង​មូលដ្ឋាន​ជា​ដាច់ខាត ។

ចំពោះ​ទីតាំង​ក្លិប​កម្សាន្ត «​Key Club​» លោក​អភិបាលរង​បាន​ស្នើ​ឱ្យ​តំណាង​ម្ចាស់​ទីតាំង​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការ​យក​ចំណី​ផ្លូវ​ធ្វើ​ជា​ចំណត​សម្រាប់​យានជំនិះ​គ្រប់​ប្រភេទ​ទៀត ដោយ​ត្រូវ​រក​កន្លែង​សមគួរ​ណាមួយ​ផ្សេង​ទៀត​សម្រាប់​យានជំនិះ​របស់​ភ្លៀវ មិន​ត្រូវ​យក​ចំណី​ផ្លូវ​ធ្វើ​ជា​កន្លែង​សម្រាប់​បំពេញ​ផល​ចំណេញ​របស់​ខ្លួន ហើយ​មក​បំផ្លាញ​សណ្តាប់ធ្នាប់​សាធារណៈ​នោះ​ទេ ។

ជា​ចុង​ក្រោយ ម្ចាស់​ទីតាំង​ក្លឹ​ប​កម្សាន្ត​ទាំង​២​ក៏​បាន​ផ្តិត​មេដៃ​ចុះ​កិច្ចសន្យា​យល់ព្រម​ទទួលយក​ការ​ណែនាំ​របស់​អាជ្ញាធរ​ផង​ដែរ ។

លោក​ ឌី រ័​ត្ន​ខេ​ម​រុណ ឱ្យ​ដឹង​ថា អាជ្ញាធរ​ខណ្ឌមានជ័យ​នឹង​បន្តសកម្មភាព​ចុះ​ត្រួត​ពិ​និ​ត្រ​នេះ​បន្ត​ទៀត​ចំពោះ​ក្លិប​កម្សាន្ត​ជា​ច្រើន​ទៀត​នៅ​ភូមិសាស្ត្រ​ខណ្ឌមានជ័យ​ទាំងមូល ដោយ​មិន​បន្ត​បណ្តែតបណ្តោយ​ឱ្យ​ម្ចាស់​អាជីវកម្ម​ក្លិប​កម្សាន្ត​មួយ​ចំនួន​ធំ​បន្ត​ធ្វើ​អ្វី​ប៉ះពាល់​ដល់​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​បាន​ស្រេច​តែ​អំពើ​ចិត្ត​ទៀត​នោះ​ទេ ៕