ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

១ឆ្នាំ​នៃ​កិច្ចព្រមព្រៀង ដំណោះស្រាយ​នយោបាយ​រវាង CPP និង CNRP មាន​ក្តៅ​មាន​ត្រជាក់

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ថ្ងៃ​ទី​២២ កក្កដា ដែល​បាន​កន្លង​ផុត​ទៅ​១​ថ្ងៃនេះ គឺជា​ខួប​មួយ​ឆ្នាំ​គត់​នៃ​កិច្ចព្រមព្រៀង​នយោបាយ​បញ្ចប់វិបត្តិ​ក្រោយ​ការ​បោះ​ឆ្នោត ។ អស់​រយៈពេល​មួយ​ឆ្នាំ​កន្លង​មកនេះ គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​ដែល​បាន​ព្រមព្រៀង​គ្នា

រាជធានី​ភ្នំពេញ ៖ ថ្ងៃ​ទី​២២ កក្កដា ដែល​បាន​កន្លង​ផុត​ទៅ​១​ថ្ងៃនេះ គឺជា​ខួប​មួយ​ឆ្នាំ​គត់​នៃ​កិច្ចព្រមព្រៀង​នយោបាយ​បញ្ចប់វិបត្តិ​ក្រោយ​ការ​បោះ​ឆ្នោត ។ អស់​រយៈពេល​មួយ​ឆ្នាំ​កន្លង​មកនេះ គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​ដែល​បាន​ព្រមព្រៀង​គ្នា ព្យាយាម​តែ​រៀង​ៗ​ខ្លួន​ថា​បាន​គោរព​អនុវត្ត​តាម​កិច្ចព្រមព្រៀង​នេះ​យ៉ាង​ម៉ឺងម៉ាត់ ។

គួរ​រំលឹក​ថា ជំនួប​កំពូល​រវាង​ថ្នាក់ដឹកនាំ​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​បាន​រៀបចំ​ធ្វើ​ឡើង​នៅ​វិមាន​ព្រឹទ្ធសភា នា​ព្រឹក​ថ្ងៃ​ទី​២២ កក្កដា​២០១៤ ។ ជំនួប​នេះ​បាន​កើតឡើង​បន្ទាប់​ពី​មានការ​ផ្ទុះ​ហិង្សា​កាលពី​ថ្ងៃ​ទី​១៥ កក្កដា នៅ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ ដែល​ឈាន​ដល់​ការ​ចាប់ខ្លួន​តំណាងរាស្ត្រ​គណបក្សប្រឆាំង​៧​នាក់​ដាក់​ពន្ធនាគារ និង​មន្ត្រី ព្រមទាំង​សកម្មជន​ជា​ច្រើន​នាក់​ទៀត ។

កិច្ចប្រជុំ​កំពូល​ដែល​មាន​រយៈពេល​ជិត​៥​ម៉ោង គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មាន​សមាសភាព​ម្ខាង​៨​រូប​បាន​ឈាន​ទៅ​សម្រេច​កិច្ចព្រមព្រៀង​មួយ​។ កិច្ចព្រមព្រៀង​៧​ចំណុច​ស្តី​ពី​ដំណោះស្រាយ​នយោបាយ ត្រូវ​បាន​ចុះហត្ថលេខា​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន និង​លោក សម រ​ង្ស៊ី ។ ប៉ុ​ន្មា​ន​ម៉ោង​បន្ទាប់​ពី​នោះ ពោល​គឺ​នៅ​ល្ងាច​ថ្ងៃ​ទី​២២ កក្កដា នោះ​តែ​ម្តង តំណាងរាស្ត្រ​របស់គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​៧​រូប ក៏​ត្រូវ​បាន​ដោះ​លែងឱ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន ។

ចំពោះ​ការ​សម្រេចចិត្ត​ចូល​សភា​របស់​តំណាងរាស្ត្រ​គណបក្សប្រឆាំង ជា​លទ្ធផល​វិជ្ជមាន គឺ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ទទួល​តំណែង​អនុប្រធាន​ទី​១ នៃ​រដ្ឋសភា ។ ជាង​នេះ​ទៀត គណបក្សប្រឆាំង និង​គណបក្សកាន់អំណាច​កាន់​តំណែង​ប្រធាន​គណៈកម្មការ​ស្មើគ្នា​ក្នុង​ចំណោម​គណៈកម្មការ​ទាំង​១០ របស់​រដ្ឋសភា ។ ប៉ុន្តែ​យ៉ាងណា​ក៏​ដោយ គណៈកម្មការ​សំខាន់​ៗ​នៅ​តែ​ស្ថិត​ក្រោម​កណ្តាប់ដៃ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដដែល ។ ដោយសារ​តែ​ការ​ព្រមព្រៀង​នោះ កំណែទម្រង់​ការ​បោះ​ឆ្នោត គឺ​ឈាន​ទៅ​រៀបចំ​ក្បាល​ម៉ា​ស៊ី​ន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ដែល​ត្រូវ​រុះរើ​ឡើង​វិញ​តាម​រូបមន្ត ៤-៤-១ ពោល​គឺ​គណបក្ស​ទាំង​ពីរ​មាន​សមាសភាព​ម្ខាង​៤​រូប និង​មួយ​រូប​ទៀត​ត្រូវ​ជ្រើសរើស​តាម​រយៈ​ការ​ព្រមព្រៀង​របស់​គណបក្ស​ទាំង​ពីរ ។ នេះ​គឺជា​លទ្ធផល​ស្មើមុខស្មើមាត់​រវាង​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ ។

ក្រៅពី​លទ្ធផល​សំខាន់​ៗ​ទាំង​ពីរ​នេះ កិច្ចព្រមព្រៀង​នយោបាយ​ថ្ងៃ​ទី​២២ កក្កដា ក៏​បាន​ផ្តល់​ឱ្យ​គណបក្សប្រឆាំង បង្កើត​ប៉ុស្តិ៍​ទូរទស្សន៍​ព្រះអាទិត្យ ស្រប​តាម​ការ​ចង់បាន​ផង​ដែរ ដែល​ពេល​នេះ​កំពុង​មានការ​រៃ​អង្គាសប្រាក់​ពី​គ្រប់​មជ្ឈដ្ឋាន​ដោយ​មានការ​សន្យា​ថា នឹង​ដំណើរការ​នៅ​ចុងឆ្នាំ​២០១៥​នេះ ប៉ុន្តែ​ក៏​មិន​ទាន់​ច្បាស់​ដែរ​សម្រាប់​ការ​កៀរគរ​រក​ថវិកា​នេះ ដែល​តាម​ការ​ប៉ាន់​ស្មានថា អស់ប្រាក់​មិន​តិច​ជាង​៣​លាន​ដុល្លារ​ទេ ។

ជាមួយ​គ្នា​នេះ កិច្ចព្រមព្រៀង​ថ្ងៃ​ទី​២២ កក្កដា បាន​បើកឱកាស​ឱ្យ​គណបក្សកាន់អំណាច​អនុម័ត​ច្បាប់​ដ៏​រសើប​មួយ​ចំនួន ។ កិច្ចព្រមព្រៀង​ដដែល​នេះ​ធ្វើ​ឱ្យគណបក្សកាន់អំណាច​លែង​ត្រូវ​បាន​គណបក្សប្រឆាំង​វាយប្រហារ​រិះគន់​។ យ៉ាងណា​ក៏​ដោយ មិន​អាច​បញ្ចប់​បណ្តឹង​ទៅ​លើ​តំណាងរាស្ត្រ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ក្នុង​សំណុំរឿង​អំពើ​ហិង្សា​ថ្ងៃ​ទី​១៥ កក្កដា ឆ្នាំ​២០១៤ ឡើយ ។

តុលាការ​នៅ​តែ​បន្ត​កោះហៅ​តំណាងរាស្ត្រ និង​សកម្មជន​នៃ​គណបក្សប្រឆាំង​ទៅ​បំភ្លឺ​ក្នុង​សំណុំរឿង​នេះ ។ ទីបំផុត ខណៈ​ដែល​ឆាកនយោបាយ​កំពុង​ឡើងក​ម្តៅ សកម្មជន និង​មន្ត្រីជាន់ខ្ពស់​ម្នាក់​របស់​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​តុលាការ​កាត់ទោស​ដាក់​ពន្ធនាគារ​ក្នុង​ចន្លោះ​ពី​៧​ឆ្នាំ ទៅ​២០​ឆ្នាំ ក្នុង​បទ​ចោទ​ថា​ធ្វើ​កុបកម្ម ។ នេះ​ជា​សញ្ញា​មួយ​ដែល​វិលវល់រ​កស្មាន​មិន​ត្រូវ សម្រាប់​អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា បន្ទាប់​ពី​ថ្នាក់ដឹកនាំ​គណបក្ស​ទាំង​ពីរ​បាន​ប្រកាស​ពី​ផ្លែផ្កា​នៃ​វប្បធម៌​សន្ទនា​របស់​ខ្លួន ។
អស់​រយៈពេល​មួយ​ឆ្នាំ​កន្លង​មកនេះ ពេលវេលា និង​ការ​ប្រព្រឹត្ត​របស់​អ្នកនយោបាយ​កម្ពុជា បាន​ពិសោធន៍​ឱ្យ​ឃើញ​ថា កិច្ចព្រមព្រៀង​ថ្ងៃ​ទី​២២ កក្កដា គ្រាន់តែ​ជា​កិច្ចសន្យា​នយោបាយ​ប៉ុណ្ណោះ ។ ទោះជា​យ៉ាងណា​ក៏​ដោយ យ៉ាង​ហោច​ណាស់ កិច្ចព្រមព្រៀង​ថ្ងៃ​ទី​២២ កក្កដា បាន​បិទ​បញ្ចប់​នូវ​វិបត្តិ​នយោបាយ​ក្រោយ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា ។ គណបក្ស​ទាំង​ពីរ​ត្រូវការ​ពេលវេលា និង​ការ​ប្តេជ្ញា​ចិត្តច្រើន​ជាង​នេះ​ទៀត ដើម្បី​ធ្វើ​ឱ្យ​ការ​សម្រេចចិត្ត​របស់​ខ្លួន​អាច​ទទួល​បាន​ផ្លែផ្កា ។ ក្នុង​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​លោក សម រ​ង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​រំលឹក​ថា ថ្ងៃនេះ​ជា​ខួប​ទី​១​នៃ​ការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្ដី​ពី​ដំណោះស្រាយ​នយោបាយ​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ។

នៅ​ក្នុង​ទំព័រ​បណ្ដាញ​ទំនាក់ទំនង​សង្គម របស់​លោក សម រ​ង្ស៊ី បញ្ជាក់​ថា ក្នុង​រយៈពេល​១​ឆ្នាំ​កន្លង​មកនេះ ស្ថានការណ៍​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​ភាពល្អ​ប្រសើរ​ជាង​មុន​គួរ​ឱ្យ​កត់សម្គាល់ ។ ទោះជា​នៅ​មាន​បញ្ហា​ច្រើន​ទៀត​ដែល​គណបក្ស​ទាំង​ពីរ​មិន​ទាន់​ឯកភាព​គ្នា​នៅឡើយ​ក៏​ដោយ ហើយ​ទោះជា​មាន​ព្យុះ​ភ្លៀង និង​ផ្គរ​ម្ដងម្កាល​ក៏​ដោយ​ក៏​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​តែ​ខិតខំ​រក្សា និង​ពង្រឹង​វប្បធម៌​សន្ទនា ដែល​បាន​កើត​ចេញពី​កិច្ចព្រមព្រៀង​ខាងលើ​នេះ ។

លោក សម រ​ង្ស៊ី បាន​សរសេរ​សារ​យា​៉​ង​ត្រជាក់​ថា សម្ដេច ហ៊ុន សែន និង​រូប​ខ្ញុំ ជា​សហ​ស្ថាបនិក​នៃ​វប្បធម៌​សន្ទនា​នេះ ដែល​នាំ​មក​នូវ​របត់​នយោបាយ​មួយ​ជា​ប្រវត្ដិសាស្ដ្រ​។ លោក សម រ​ង្ស៊ី បញ្ជាក់​ថា យើង​ទាំង​ពីរ​នាក់​យល់​ឃើញ​ថា មាន​តែ​វប្បធម៌​សន្ទនា​នេះ​ទេ ដែល​អាច​ធានា​សន្ដិភាព និង​សេចក្ដីសុខ​ជូន​ប្រជារាស្ដ្រ ខ្មែរ​ទាំងមូល ទោះជា​មានការ​ប្រែប្រួល​នយោបាយ​យ៉ាងណា​ក៏​ដោយ​នា​ពេល អនាគត ។ ម្យ៉ាងវិញទៀត វប្បធម៌​សន្ទនា​នេះ​ពង្រឹង​ឯកភាព​ជាតិ ដើម្បី​ឱ្យ​ជនជាតិ​ខ្មែរ​គ្រប់​រូប និង​គ្រប់​និន្នាការ​នយោបាយ ចេះ​ពួតដៃគ្នា​ដើម្បី​ការពារ​ទឹកដី​ប្រទេស​កម្ពុជា​របស់​យើង​ទាំងអស់​គ្នា​ឱ្យ​នៅ​គង់វង្ស​ជា​និរន្ដរ៍ ។

ជាមួយនឹង​ការ​ផ្ញើ​សារ​នេះ លោក សម រ​ង្ស៊ី ក៏​បាន​ទទួល​នូវ​ការ​ចំអក​ផង​ដែរ ខណៈ​ដែល​មន្ត្រី និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​១១​នាក់ ត្រូវ​បាន​ចាប់​ដាក់​ពន្ធនាគារ​តាម​អំណាច​សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ហើយ​លោក​បែរជា​ចេញពី​ប្រទេស​ទៅ​កាន់​ប្រទេស​អូស្ត្រាលី​។ ចំណែក​លោក កឹ​ម សុខា ដែល​ជា​អនុប្រធាន​គណបក្ស ទើប​វិល​ត្រឡប់​មក​ពី​បេសកកម្ម​នៅ​ក្រៅប្រទេស ក្នុង​នាម​ជា​អនុប្រធាន​ទី​១​រដ្ឋសភា បាន​ថ្លែង​ថា ការ​ចាប់ខ្លួន​សកម្មជន និង​មន្ត្រី​គណបក្ស​នេះ​គឺជា​រឿង​នយោបាយ ផ្ទុយ​ពី​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​ថ្លែង​ថា ការ​កាត់ទោស​នេះ​មិន​ទាក់ទិន​នឹង​នយោបាយ​ទេ ។

ចំណែក​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​នៅ​រាជធានី​ភ្នំពេញ​របស់​គណបក្ស​ប្រជាជន​កម្ពុជា នា​ព្រឹក​ថ្ងៃ​ទី​២២ កក្កដា បាន​បើក​កិច្ចប្រជុំ​មួយ​ស្ដី​ពី​វឌ្ឍនភាព​១​ឆមាស ឆ្នាំ​២០១៥ និង​ទិស​ដៅ​ត្រូវ​អនុវត្ត​បន្ត ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​លោក គាត ឈ​ន់ ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​មូលដ្ឋាន​រាជធានី​ភ្នំពេញ ។

លោក ប៉ា សុ​ជាតិ​វង្ស អនុប្រធាន​អចិន្ត្រៃយ៍​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​មូលដ្ឋាន​រាជធានី​ភ្នំពេញ បាន​លើក​ឡើង​ពី​ការងារ​ជា​ច្រើន​ដែល​ក្រុមការងារ​បាន​បំពេញ និង​ចុះ​ជាប់​ដល់​មូលដ្ឋាន​ខណ្ឌ សង្កាត់ ជា​ពិសេស​ចូលរួម​ក្នុង​វេទិកាសាធារណៈ​ដើម្បី​ស្ដាប់ និង​ដោះស្រាយ​រាល់​សំណូមពរ និង​សំណើ​របស់​ប្រជាពលរដ្ឋ បើ​ទោះបី​សំណូមពរ​ខ្លះ​នៅ​មិន​ទាន់​ដោះស្រាយ​បាន តែ​ក៏​យើង​បានដឹង​ថា ប្រជាពលរដ្ឋ​ត្រូវការ​អ្វី​ជា​ចាំបាច់ ។ លោក​បន្ត​ថា នៅ​មាន​បញ្ហា​ប្រឈម​ជា​ច្រើន​ទៀត ។

មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​រូប​នេះ​រំលឹក​ថា គិត​ត្រឹម​ថ្ងៃ​ទី​២២ កក្កដា ២០១៥  គឺ​គម្រប់​ខួប​១​ឆ្នាំ​នៃ​ការ​ចរចា​បញ្ចប់​បញ្ហា​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​បន្ត​អនុវត្ត​វប្បធម៌​សន្ទនា ។ ប៉ុ​ន្តែ​គណបក្ស​សង្គ្រោះ​ជាតិ​អនុវត្ត​មិន​ស្មោះត្រង់​នឹង​វប្បធម៌​សន្ទនា​នេះ គឺ​ចាប់ដៃ​ជាន់​ជើង ហើយ​គណបក្សប្រឆាំង​ក៏​កំពុង​យក​រឿង​ព្រំដែន​មក​ធ្វើ​ជា​ចំណុចក្តៅ​ក្នុង​ការ​វាយប្រហារ​មក​លើ​រាជរដ្ឋាភិបាល​ទៀត​ផង ។

អ្នកវិភាគ​មិន​ទាន់​អះអាង​ឱ្យ​ដាច់​ណាត់​បាន​ទេ​ថា តើ​រវាង​គណបក្ស​ទាំង​ពីរ​នឹង​ប្រកាន់​យក​ស្ថានភាព​បែប​ណា ខណៈ​ដែល​មើល​មុខ​គ្នា​មិន​ត្រង់​បែប​នេះ ៕​