ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីផ្សារ​កាហ្វេ​និង​ភេសជ្ជៈ​ចល័ត កំពុង​មានការ​គាំទ្រ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តាម​ការ​សង្កេត​នៅ​តាម​ចិញ្ចើម​មហាវិថី​មួយ​ចំនួន​ក្នុង​រាជធានី កំពុង​ក្លាយជា​ទីតាំង​លក់​កាហ្វេ​និង​ភេសជ្ជៈ​តាម​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​ជា​ហូរហែ ជា​ពិសេស​លើ​កំណាត់​មហាវិថី​ព្រះ​មុនី​វង្ស

រាជធានី​ភ្នំពេញ ៖ តាម​ការ​សង្កេត​នៅ​តាម​ចិញ្ចើម​មហាវិថី​មួយ​ចំនួន​ក្នុង​រាជធានី  កំពុង​ក្លាយជា​ទីតាំង​លក់​កាហ្វេ​និង​ភេសជ្ជៈ​តាម​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​ជា​ហូរហែ ជា​ពិសេស​លើ​កំណាត់​មហាវិថី​ព្រះ​មុនី​វង្ស ខាង​មុខ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល ដែល​ជាទី​ផ្សារ​ថ្មី​មួយ​មាន​រ៉ឺ​ម៉ក​ម៉ូតូ​លក់​កាហ្វេ​និង​ភេសជ្ជៈ ក្នុង​មួយ​ថ្ងៃ​មិន​ក្រោម​១០​គ្រឿង​ឡើយ ហើយ​បាន​និង​កំពុង​មានការ​គាំទ្រ​ពី​អតិថិជន​ជា​ច្រើន​ផង​ដែរ ។

អ្នក​នាង លី ទី​ភ​ស្ត័ ម្ចាស់​ហាង កា​កា កាហ្វេ បាន​រៀបរាប់​ថា មុន​បោះទីតាំង​លក់​កាហ្វេ និង​ភេសជ្ជៈ​នៅ​លើ​កំណាត់​មហាវិថី​មួយ​នេះ យើង​បាន​សិក្សា​ឃើញ​ថា​នៅ​តំបន់​នេះ​មាន​សាកលវិទ្យាល័យ​នៅ​ជិត​ៗ​គ្នា​ច្រើន បើ​ដាក់​លក់​កាហ្វេ​និង​ភេសជ្ជៈ ពិតជា​មាន​អ្នក​ធ្វើ​ដំណើរ អ្នកធ្វើការ រួម​នឹង​និស្សិត​ចូល​មក​ទិញ​ច្រើន ជា​លទ្ធផល​គឺ​ដូច​អ្វី​ដែល​យើង​គិត​ទុក​ប្រាកដ​មែន ហើយ​សព្វថ្ងៃ​យើង​មាន​ភ្នាក់ងារ​លក់​ជាង​១០​កន្លែង​នៅ​រាជធានី ដែល​អាច​លក់​បាន​ជាង​១.០០០​កែវ​ក្នុង​មួយ​ថ្ងៃ ។

អ្នក​នាង​បាន​បន្ដ​ថា អតិថិជន​ភាគច្រើន​ចូល​ចិត្ត​ពិសា​កាហ្វេ​ទឹកដោះគោ​ទឹកកក ដោយ​តម្លៃ​ក្នុង​១​កែវ​៣.០០០​រៀល ។ ចំពោះ​តំបន់​ដែលលក់ដាច់​ជាងគេ​គឺ​នៅ​សាកល​វិទ្យាល័យ​ជាតិ​គ្រប់គ្រង និង​មុខ​សាលា​ភាសា​បារាំង អា​លី​យ៉ង់​។ ដោយឡែក ចំណេះ​ជំនាញ​ឆុង​កាហ្វេ និង​ភេសជ្ជៈ​នេះ អ្នក​នាង​បាន​រៀន​មក​ពី​ប្រទេស​ថៃ ហើយ​មុខរបរ​នេះ ឃើញ​ថា​ល្អ និង​ថ្មី​សម្រាប់​ទីផ្សារ​កម្ពុជា ។ ក្រៅពី​មាន​ភ្នាក់ងារ​លក់​ជាង​១០​កន្លែង យើង​នូវ​មាន​បើក​បង្រៀន​របៀប​ឆុង​កាហ្វេ ក៏​ដូច​ជា​បាន​ផ្តល់​សិទ្ធិ​ដល់​អតិថិជន​លក់​បន្ត​ទាំង​នៅ​ក្រុង និង​បណ្តា​ខេត្ត​ផង​ដែរ ។

កញ្ញា ប៊ែ​ន ឡៃ​ហេង ភ្នាក់ងារ​លក់​កាហ្វេ Mobile Coffee បាន​ឲ្យ​ដឹង​ថា អស់​រយៈពេល​ច្រើន​ខែ​មក​ហើយ​ដែល​យើង​លក់​កាហ្វេ និង​ភេសជ្ជៈ​នៅ​លើ​កំណាត់​មហាវិថី​ព្រះ​មុនី​វង្ស​នេះ​។ នៅ​ថ្ងៃ​ធម្មតា​ពី​ថ្ងៃ​ចន្ទ​ដល់​សុក្រ កាហ្វេ​Mobile Coffee លក់​ជូន​អ្នក​ធ្វើ​ដំណើរ អ្នកធ្វើការ និង​និស្សិត​ពេទ្យ​បាន​ប្រមាណ​១៨០​កែវ​ក្នុង​មួយ​ថ្ងៃ លើកលែងតែ​ថ្ងៃ​សៅរ៍​-​អាទិត្យ លក់​បាន​ប្រហែល​៨០​កែវ ។ ក្នុង​ចំណោម​ភេសជ្ជៈ​ទាំងនេះ​ឃើញ​ថា អតិថិជន​ចូល​ចិត្ត​ពិសា​កាហ្វេ​ទឹកដោះគោ​ទឹកកក​ច្រើន​ជាងគេ ។

លោក​យ៉ែ​ម ឈី​ម ស្ថាបនិក​Mobile Coffee បាន​ឲ្យ​ដឹង​ថា ផ្អែក​តាម​បទ​ពិសោធន៍​ជាង​១​ឆ្នាំ​កន្លង​មក​ក្នុង​ការ​លក់​កាហ្វេរ​ឃើញ​ថា សព្វ​ថ្ងៃនេះ​អ្នក​ពិសា​កាហ្វេ​ហាក់ដូចជា​ផ្លាស់​ប្ដូរ​ឥរិយាបថ​ខុស​ប្លែក​ពី​មុន​ៗ ព្រោះ​ពួក​គាត់​យល់​ដឹង​អនាម័យ និង​មាន​ជម្រើស​ច្រើន ទោះបី​តម្លៃ​ខ្ពស់​បន្ដិច​ក្តី ក៏​ពួក​គាត់​ទិញ​ដែរ​។ លោក​បន្ត​ថា សព្វថ្ងៃ Mobile Coffee មានការ​ពេញ​និយម​ពី​អតិថិជន​គ្រប់​ថ្នាក់ ផ្អែក​លើ​លក្ខណៈ​ពិសេស​មួយ​ចំនួន​ដូច​ជា រសជាតិ អនាម័យ គុណភាព និង​តម្លៃ​សមរម្យ ។ គិត​មក​ដល់​ពេល​នេះ Mobile Coffee មាន​ភ្នាក់ងារ​លក់​(​សាខា​)​ចំនួន​២០​កន្លែង​នៅ​រាជធានី​ភ្នំពេញ ដោយ​ក្នុង​មួយ​ថ្ងៃ​អាច​លក់​បាន​ជាង​២.០០០​កែវ លើស​ពី​អ្វី​ដែល​យើង​រំពឹង​ទុក ។ នៅ​ថ្ងៃ​ខាង​មុខ យើង​នឹង​ពង្រីក​ហាង​ឬ​ភ្នាក់ងារ​បន្ថែម​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​គាំទ្រ ក៏​ដូច​ជា​តម្រូវការ​របស់​អតិថិជន​នៅ​រាជធានី​ភ្នំពេញ​ផង​ដែរ ៕