ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​វិនិយោគ​លើ​វិស័យ​ស្រូវ​អង្ករ​ប្រើ​ទុន​អស់​ច្រើន តែ​ភាគរយ​នៃ​ប្រាក់​ចំណេញ​ទទួល​បាន​តិច

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ការ​ដាក់​ទុន​វិនិយោគ​ទៅ​លើ​វិស័យ​ស្រូវ​អង្ករ គឺ​ត្រូវ​ចំណាយ​អស់​ដើមទុន​ច្រើន​ទៅ​លើ​ការ​សាងសង់​រោង​ម៉ាស៊ីនកិនស្រូវ ឃ្លាំង​ស្តុក​ស្រូវ និង​ប្រាក់​បម្រុង​ទុក​សម្រាប់​ទិញ​ស្រូវ​ជាដើម ។ រីឯ​ភាគរយ​នៃ​ការ​ទទួល​

រាជធានី​ភ្នំពេញ ៖ ការ​ដាក់​ទុន​វិនិយោគ​ទៅ​លើ​វិស័យ​ស្រូវ​អង្ករ គឺ​ត្រូវ​ចំណាយ​អស់​ដើមទុន​ច្រើន​ទៅ​លើ​ការ​សាងសង់​រោង​ម៉ាស៊ីនកិនស្រូវ ឃ្លាំង​ស្តុក​ស្រូវ និង​ប្រាក់​បម្រុង​ទុក​សម្រាប់​ទិញ​ស្រូវ​ជាដើម ។ រីឯ​ភាគរយ​នៃ​ការ​ទទួល​បាន​ប្រាក់​ចំណេញ​ស្ថិត​នៅ​ក្រោម​៥%​។ នេះ​ជា​ប្រសាសន៍​របស់​លោក​ឧកញ៉ា គឹ​ម សា​វុ​ធ អនុប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ។

លោក​ឧកញ៉ា​លើក​ឡើង​ថា ម្ចាស់​រោង​ម៉ាស៊ីនកិនស្រូវ​នីមួយ​ៗ​ត្រូវ​មាន​ទុន​បង្វិល​គ្រប់គ្រាន់ ព្រោះ​នៅ​ពេល​យើង​នាំ​អង្ករ​ទៅ​បរទេស ត្រូវការ​ពេល​១​ទៅ​២​ខែ ទើប​ទទួល​បាន​ប្រាក់​បង្វិល​មក​វិញ តែបើ​យើង​មិន​មាន​ទុន​វិនិយោគ​គ្រប់គ្រាន់​ទេ នោះ​ការ​ផលិត​និង​ការ​នាំ​ចេញ​នឹង​ត្រូវ​រាំងស្ទះ ។

នៅ​ក្នុង​វិស័យ​ស្រូវ អង្ករ រាជរដ្ឋាភិបាល​មាន​គោ​លន​យោ​យ​ជំរុញ​ការ​នាំ​ចេញ និង​បាន​ជំរុញ​ឲ្យ​ធនាគារ​អភិវឌ្ឍ​ជនបទ​ផ្តល់​កម្ចី​ឥណទាន​ដល់​ក្រុម​អ្នក​រកស៊ី​ស្រូវ​អង្ករ​ក្នុង​អត្រា​ការ​ប្រាក់​ទាប ប៉ុន្តែ​លុយ​ដែល​ធនាគារ​ត្រូវ​ឲ្យ​ខ្ចី​នោះ​វា​មាន​ចំនួន​តិច ហើយ​ការ​ចែកចាយ​វា​មិន​មាន​លក្ខណៈ​ទូទៅ ជា​ហេតុ​ធ្វើ​រោង​ម៉ាស៊ីន​មួយ​ចំនួន​មានការ​ខ្វះខាត​សាច់ប្រាក់​ពុំ​អាច​ទទួល​បាន​កម្ចី ។

លោក​ឧកញ៉ា​បញ្ជាក់​ថា បច្ចុប្បន្ន​ក្រុមហ៊ុន ឬ​រោង​ម៉ាស៊ីនកិនស្រូវ​មួយ​អាច​ដំណើរ​បាន ត្រូវ​តែ​មាន​ស្រូវ​ចំនួន​២​ពាន់​តោន​នៅ​ក្នុង​ដៃ ទើប​អាច​ធ្វើ​ប្រ​តិ​ប​តិ្ត​ការ​នៅ​ក្នុង​វិស័យ​ស្រូវ​អង្ករ​ដោយ​រលូន​បាន ។ ដោយ​មើលឃើញ​ទំហំ​វិនិយោគ​មាន​ចំនួន​ធំ តែ​ភាគរយ​នៃ​ការ​ទទួល​បាន​ប្រាក់​ចំណេញ​តិច​បែប​នេះ ជា​ហេតុ​ធ្វើ​ឲ្យ​វិនិយោគិន​ដែល​មាន​ប្រាក់​ច្រើន​មួយ​ចំនួន ងាក​ទៅ​រកមុខ​ជំនួញ​ណា​ដែល​មាន​ប្រាក់​ចំណេញ​ខ្ពស់ ប៉ុន្តែ​ក៏​មាន​ម្ចាស់​រោង​ម៉ាស៊ីនកិនស្រូវ​ថ្មី​ខ្លះ​ដែរ​ដែល​មាន​ឆន្ទៈ​ខ្ពស់​ចូលរួម​ក្នុង​វិស័យ​នេះ ។

លោក លី អេ​ង អគ្គនាយក​រោង​ម៉ាស៊ីនកិនស្រូវ ដូន​អឿ​ន​ស្រី​ម៉ៅ ដែល​មា​នទី​តាំងនៅ​ខេត្តបាត់ដំបង​ឲ្យ​ដឹង​ថា រោង​ម៉ាស៊ីនកិនស្រូវ​ដូន​អឿ​ន​ស្រី​ម៉ៅ ជា​ក្រុមហ៊ុន​ថ្មី​ទើបតែ​បញ្ចប់​ការ​សាងសង់​រោងចក្រ​នៅ​ចុងខែ​មិថុនា ដោយ​ចំណាយ​ទុន​វិនិយោគ​អស់​ប្រមាណ​៣០​លាន​ដុល្លារ ក្រោម​កម្ចី​របស់​ធនាគារពាណិជ្ជ​នៅ​ក្នុងស្រុក​ដែល​មាន​អត្រា​ការ​ប្រាក់​ខ្ពស់ ។ លោក​ថា ដើម្បី​ជំរុញ​ឲ្យ​ថ្លៃដើម​នៃ​ការ​ផលិត​អង្ករ​មានការ​ធ្លាក់​ចុះ លោក​សូម​ឲ្យ​រដ្ឋាភិបាល​ពិនិត្យ​ឡើង​វិញ​លើ​បញ្ហា​កម្ចី​របស់​ក្រុមហ៊ុន និង​ធនាគារ​អន្តរជាតិ​មួយ​ចំនួន​ដូច​ជា World Bank និង ADB សូម​ឲ្យ​ដាក់​ឥណទាន​ដោយ​ផ្ទាល់​ដល់​ក្រុមហ៊ុន ចៀសវាង​បញ្ជូន​ឥណទាន​នេះ​ឆ្លងកាត់​ធនាគារពាណិជ្ជ ដែល​ជា​លំបាក​របស់​ក្រុមហ៊ុន ។

លោក​លើក​ឡើង​ថា នៅ​ពេល​កន្លង​មក​ក្រុមហ៊ុន​ធ្លាប់​បាន​ផ្គត់ផ្គង់​ស្រូវ​ទៅ​ឲ្យ​រោង​ម៉ាស៊ីនកិនស្រូវ​នានា ហើយ​បើ​គិត​ត្រឹម​រយៈពេល​៦​ខែ​ក្នុង​ឆ្នាំ​២០១៥​នេះ យើង​ផ្គត់ផ្គង់​ស្រូវ​បាន​ចំនួន​៥​ម៉ឺន​តោន​ទៅ​ឲ្យ​ក្រុមហ៊ុន​ក្នុងស្រុក តែ​ទៅ​ពេល​ខាង​មុខ​ក្រុមហ៊ុន​នឹង​កែ​ច្នៃ​អង្ករ​នាំ​ចេញ​ដោយ​ផ្ទាល់ ព្រោះ​ក្រុមហ៊ុន​ថ្មី​របស់​យើង​មាន​សមត្ថភាព​ផលិត​អង្ករ​បាន​ចំនួន​២​ម៉ឺន​តោន​ក្នុង​មួយ​ថ្ងៃ ។ ក្រុមហ៊ុន​នឹង​ចាប់ផ្តើម​ប្រមូល​ទិញ​ស្រូវ​ឡើង​វិញ​ចាប់ពី​ខែកញ្ញា តទៅ ដើម្បី​ត្រៀម​នាំ​ចេញ​ទៅ​បរទេស ហើយ​នៅ​ក្នុង​ដំណើរ​នាំ​ចេញ​អង្ករ​ដំបូង​នេះ យើង​មាន​គម្រោង​នាំ​ចេញ​អង្ក​រស​ចំនួន​៥​ពាន់​តោន​ទៅ​បណ្តា​ប្រទេស​នៅ​តំបន់​អាស៊ាន តែ​គម្រោង​នេះ​ស្ថិត​ក្នុង​ការ​ចរចា​នៅឡើយ ។

មូលហេតុ​ដែល​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ជ្រើសរើស​ការ​នាំ​ចេញ​អង្ក​រស ព្រោះតែ​អង្ករ​សមាន​តម្រូវការ​នៅ​លើ​ទីផ្សារ​ចំនួន​៤៧% នៃ​អង្ករ​ក្រអូប ហើយ​ម្យ៉ាងទៀត​អង្ករ​នេះ​ពុំ​សូវ​មាន​អ្នក​ចាប់អារម្មណ៍​នាំ​ចេញ​ទៅ​លក់​នៅ​បរទេស​ឡើយ ដោយសារ​តែ​ប្រាក់​ចំណេញ​ទទួល​បាន​តិច​ពេក ។

លោក​បន្ថែម​ថា កត្តា​ដែល​ជំរុញ​ឲ្យ​លោក​ឈាន​ជើង​ចូល​ក្នុង​វិស័យ​នេះ ដោយសារ​លោក​យល់​ឃើញ​ថា ការ​ផ្គត់ផ្គង់​នឹង​តម្រូវការ​ចំពោះ​ស្រូវ​អង្ករ ជា​កត្តា​មិន​អាច​ខ្វះ​បាន​នៅ​លើ​ពិភពលោក និង​ម្យ៉ាងទៀត​បម្រែបម្រួល​អាកាសធាតុ ធ្វើ​ឲ្យ​ប្រទេស​មួយ​ចំនួន​មិន​អាច​ផលិត​ស្រូវ​អង្ករ​បាន ប៉ុន្តែ​មនុស្ស​ទាមទារ​ត្រូវការ​បរិភោគ​រាល់ថ្ងៃ ម្ល៉ោះហើយ​ទើប​ធ្វើ​ឲ្យ​ក្រុមហ៊ុន​មាន​ឆន្ទៈ​ស្វែងរក​ប្រាក់​ចំណេញ​ខ្លះ និង​ជួយ​ឲ្យ​ពិភពលោក​មាន​ស្ថិរភាព​ស្បៀង​ផង​ដែរ ។

បើ​តាម​របាយការណ៍​ក្រុមការងារ​ផ្នែក​ស្រូវ អង្ករ​នៃ​វេទិកា​រាជរដ្ឋាភិបាល​ផ្នែក​ឯកជន បង្ហាញ​ថា បច្ចុប្បន្ន​ក្រុមហ៊ុននាំចេញ​អង្ករ​ទៅ​បរទេស​មាន​ចំនួន​៧២​ក្រុមហ៊ុន ៕