ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធនាគារ CIMB បើក​ដំណើរការ​សេវា​ធនាគារ​តាម​ប្រព័ន្ធ​អីុន​ធើ​រ​ណេ​ត

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ធនាគារ CIMB បាន​បើក​ដំណើរការ​សេវា​ធនាគារ​តាម​ប្រព័ន្ធ​អុ​ី​ន​ធើ​រ​ណេ​ត​ឈ្មោះ​ថា BizChannel@CIMB ដោយ​ផ្តល់​នូវ​ដំណោះស្រាយ​សម្រាប់​ធុរកិច្ច​របស់​ធនាគារ​CIMB និង​អតិថិជន​សាជីវកម្ម

រាជធានី​ភ្នំពេញ ៖ ធនាគារ CIMB បាន​បើក​ដំណើរការ​សេវា​ធនាគារ​តាម​ប្រព័ន្ធ​អុ​ី​ន​ធើ​រ​ណេ​ត​ឈ្មោះ​ថា BizChannel@CIMB ដោយ​ផ្តល់​នូវ​ដំណោះស្រាយ​សម្រាប់​ធុរកិច្ច​របស់​ធនាគារ​CIMB និង​អតិថិជន​សាជីវកម្ម ព្រមទាំង​អតិថិជន CIMB Preferred ទាំងអស់​ប្រើប្រាស់​គ្រប់គ្រង​សាច់ប្រាក់ តាម​ប្រព័ន្ធ​អីុន​ធើ​រ​ណេ​ត ។

BizChannel@CIMB ផ្តល់​ដំណោះស្រាយ​គ្រប់គ្រង​សាច់ប្រាក់​យ៉ាង​ទូលំទូលាយ​និង​ជាក់លាក់ ជា​ពិសេស​ការ​គ្រប់គ្រង​លំហូរ​សាច់ប្រាក់ និង​តម្រូវការ​ប្រតិបត្តិការ​វិល​ជុំ​របស់​ធុរកិច្ច​ផ្សេង​ៗ​គ្នា ។

លោក ប៊ុ​ន យី​ន ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​CIMB​នៅ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា សេវាកម្ម​នេះ​នឹង​ផ្តល់​ជូន​នូវ​ការ​បំពេញ​ធុរកិច្ច​របស់​ធនាគារ​យើងខ្ញុំ និង​ក្រុមហ៊ុន​សាជីវកម្ម​ក្នុង​ការ​គ្រប់គ្រង​ជា​អតិបរមា​នូវ​លំហូរ​សាច់ប្រាក់​បាន​គ្រប់ពេលវេលា និង​គ្រប់​ទីកន្លែង ។ សេវា​ធនាគារ​តាម​ប្រព័ន្ធ​អុ​ី​ន​ធើ​រ​ណេ​ត ផ្តល់​ជូន​នូវ​សេវាកម្ម​ធនាគារ​នានា​នូវ​ភាព​ងាយស្រួល ប្រកបដោយ​ប្រសិទ្ធភាព ដោយ​អនុញ្ញាត​ឱ្យ​អតិថិជន​ផ្តោត​លើ​ការ​គ្រប់គ្រង និង​បង្កើន​នូវ​ធុរកិច្ច​របស់​ខ្លួន ។ ម្យ៉ាងវិញទៀត ការ​តាមដាន​គណនី​ដូច​ជា​ការ​ទាញ​យក​របាយការណ៍​គណនី ពិនិត្យ​សមតុល្យ​គណនី ផ្ទេរ​ប្រាក់​ក្នុង​/​ក្រៅប្រទេស គ្រប់គ្រង​ការ​ទូទាត់​ទាំង​ដុល​ដូច​ជា បើកប្រាក់​បៀវត្សរ៍​ជាដើម គឺ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ប្រើប្រាស់​ជាមួយនឹង​សេវា BizChannel@CIMB នេះ​ណាស់ ។

លោក​បន្ត​ថា នៅ​ពេល​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ចូល​មក​ដល់ ហើយ​បណ្តា​ក្រុមហ៊ុន​ក្នុងស្រុក​ត្រូវការ​ពង្រីក​ខ្លួន​ចូល​ក្នុង​តំបន់​អាស៊ាន សេវា BizChannel នៅ​តែ​អាច​អនុញ្ញាត​ឱ្យ​ការ​គ្រប់គ្រង​លំហូរ​សាច់ប្រាក់​របស់​អតិថិជន​បាន​ដដែល និង​ផ្តល់​លទ្ធភាព​ដល់​លោក​អ្នក​ក្នុង​ការ​បង្កើន​ការ​ធ្វើ​ប្រតិបត្តិការ​ជាមួយ​ប្រទេស​ជា​សមាជិក​អាស៊ាន​ផ្សេង​ៗ​ទៀត ។

គួរ​បញ្ជាក់​ថា ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ភី​អិ​ល​ស៊ី ជា​បុត្រ​សម្ព័ន្ធ​នៃ​ស៊ី​អាយ​អិ​ម​ប៊ី គ្រុប ដែល​ជា​ធនាគារ​សាកល​នាំមុខ​គេ​មួយ​របស់​អាស៊ាន​។ នៅ​ក្នុង​ប្រទេស​កម្ពុជា ធនាគារ CIMB មាន​ប្រតិបត្តិការ ១១ សាខា នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ខេត្តសៀមរាប ខេត្ត​ព្រះ​សីហ​នុ ខេត្តកំពង់ចាម និង​ខេត្តបាត់ដំបង ដែល​បាន​ផ្តល់​ជូន​នូវ​ផលិតផល និង​សេវាកម្ម​ធនាគារ​ដ៏​ធំ​ទូលាយ សម្រាប់​បុគ្គល ធុរកិច្ច និង​សហគ្រាស​ធំ​ៗ ៕