ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អេ​ស្កា​វ៉ា​ទ័​រកា​យ​ដី​ភ្លាត់ស្នៀត​ក្រឡាប់​បះជើង​ច្រូង​នៅ​ច្រាំង​ទន្លេ​ក្រុង​កំពង់ចាម

8 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ អេស្កាវ៉ាទ័រ​កាយ​​ដី​១​គ្រឿង​បាន​ក្រឡាប់​បះជើង​ច្រូង​នៅ​ចំណុច​ការដ្ឋាន​ធ្វើ​ច្រាំង​ទន្លេមេគង្គ ស្ថិត​នៅ​ក្នុង​សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម នា​រសៀល​ថ្ងៃ​ទី​៧ កក្កដា ២០១៥ តែ​សំណាងល្អ​មិន​បណ្តាល​ឲ្យ​ធ្លាក់​ចូល​ទៅ​ក្នុង​ទឹកទន្លេ​នោះ​ទេ ដោយ​គ្រាន់តែ​ឲ្យ​អ្នកបើកបរ​បាន​រងរបួស​ដៃ​ម្ខាងប៉ុណ្ណោះ ។

ខេត្តកំពង់ចាម ៖ អេស្កាវ៉ាទ័រ​កាយ​​ដី​១​គ្រឿង​បាន​ក្រឡាប់​បះជើង​ច្រូង​នៅ​ចំណុច​ការដ្ឋាន​ធ្វើ​ច្រាំង​ទន្លេមេគង្គ ស្ថិត​នៅ​ក្នុង​សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម នា​រសៀល​ថ្ងៃ​ទី​៧ កក្កដា ២០១៥ តែ​សំណាងល្អ​មិន​បណ្តាល​ឲ្យ​ធ្លាក់​ចូល​ទៅ​ក្នុង​ទឹកទន្លេ​នោះ​ទេ ដោយ​គ្រាន់តែ​ឲ្យ​អ្នកបើកបរ​បាន​រងរបួស​ដៃ​ម្ខាងប៉ុណ្ណោះ ។

តាម​សាក្សី​ដែល​បានឃើញ​ហេតុការណ៍​នេះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​ត្រង់​ចំណុច​មុខ​សណ្ឋាគារ​មេគង្គ​ ក្រុង​កំពង់ចាម ច្រាំង​ទន្លេ​បាន​បាក់​ស្រុត​បង្ក​ឲ្យ​បាក់​រលំ​អគារ​សំរាប់​លក់ដូរ​អស់​១​ល្វែង​សាងសង់​អំពី​បេតុង​កាលពី​ឆ្នាំទៅ​មិ​ញ ហើយ​ថែម​ទាំង​បង្ក​ឲ្យ​មាន​ក្តី​ព្រួយ​បារម្ភ​ដល់​លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ ដែល​ស្ថិត​នៅ​តាម​ប្រប​ដង​ទន្លេមេគង្គ​ផង​ដែរ ។

សាក្សី​បាន​បន្ត​ថា រហូត​មក​ដល់​រដូវវស្សា​ឆ្នាំ​២០១៥​នេះ គេ​បានឃើញ​គ្រឿងចក្រ​ជា​ច្រើន​គ្រឿង ​រួមនិង​កម្មករ​ជា​ច្រើន​នាក់​បាន​នាំ​គ្នា​សម្រុក​​ធ្វើ​របាំង​បេតុងការពារ​ទឹក​ ដើម្បី​ចៀសវាង​កុំ​ឲ្យ​បាក់​បន្ត​ទៀត​នាំ​ក្តី​អន្តរាយ​ដល់​ផ្ទះ​របស់​ប្រជាពលរដ្ឋ ។

ជាក់ស្តែង​នៅ​រសៀល​ថ្ងៃ​ទី​៧ កក្កដា មាន​គ្រឿងចក្រ​​ប្រភេទ​អេស្កាវ៉ាទ័រ​កាយ​ដី​១​គ្រឿង​បាន​កំពុង​តែ​បើកបរ​នៅ​លើ​ដី​ចាក់​ថ្មី លើ​ខ្នង​ទំនប់​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ ក៏​ស្រាប់តែ​ផុង​ដី​ម្ខាង​ជា​ហេតុ​បណ្តាល​ឲ្យ​ក្រឡាប់​បះជើង​ច្រូង​តែ​ម្តង បណ្តាល​អ្នកបើកបរ​ដែល​មិន
ត្រូវ​បាន​គេ​ទម្លាយ​ឈ្មោះ​ឲ្យ​ដឹង​នោះ​បាន​ផ្លោង​ចេញ​មក​ក្រៅ​តាម​កញ្ចក់​របស់​គ្រឿងចក្រ ហើយ​រង​របួស​ដៃ​ម្ខាង ឯ​ក្បាលមាន​ពាក់មួក​ការពារ ។ នេះ​ចាត់ទុកជា​សំណាង​បាន​មួក​ជួយ​ការពារ បើ​ពុំនោះ​ទេ​នឹង​ត្រូវ​បែកក្បាល​ហូរ​ឈាម​មិន​ខាន ។

កម្មករ​ម្នាក់​មិន​បាន​បញ្ចេញ​ឈ្មោះ​ប្រាប់​ទាំង​ភិតភ័យ​ថា រូបគេ​កំពុង​តែ​ជីកដី​នៅ​ខាងក្រោម​ជាប់មាត់ទឹក ដោយ​ឱន​ឈ្ងោក​ៗ​មិន​បាន​ចាប់​អារ​ម្ម​ណ៏​ឡើយ លុះ​ពេល​ដែល​ក្រឡេក​ឡើង​មក​លើ​ឃើញអេស្កាវ៉ាទ័រ​កាយ​ដី​បាន​ក្រឡាប់​មក​ស្ទើរតែ​ដល់​កន្លែង​ពួក​គេ​កំពុងធ្វើការ នេះ​សំណាង​ណាស់​ដែល​មិន​ដល់​ បើ​ដល់​វិញ មិនបាច់​និយាយ​ទេ ខ្ទេច​ហើយ​ខ្ញុំ ។

សូម​បញ្ជាក់​ថា នា​រសៀល​ថ្ងៃ​ដដែល​នោះ​ក្រុម​មេការ​ដែល​ទទួល​ធ្វើ​របាំង​ការពារ​ទឹកជំនន់​កំពុង​តែ​យក​គ្រឿងចក្រ​២​គ្រឿង​​ផ្សេង​ទៀត​ទៅ​កាយ​ដី ដើម្បី​រក​វិធីសាស្ត្រ​ទាញ​គ្រឿងចក្រ​ដែល​ក្រឡាប់​នោះ​បញ្ឈរឡើង​វិញ​ផង​ដែរ ។

លោក​ហាន កុសល នាយក​រដ្ឋបាល​សាលាខេត្ត​បាន​ប្រាប់​ឲ្យ​ដឹង​ថា គ្រឿងចក្រ​ដែល​កំពុង​ស្ថាបនា​របាំ​ង​ការពារ​ច្រាំង​ទន្លេមេគង្គ​កុំ​ឲ្យ​បាក់​នៅ​ត្រង់​មុខ​សណ្ឋាគារ​មេគង្គ​នោះ​ជា​របស់​ក្រសួង​ធនធានទឹក ៕