ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​ក្រុង​សិរី​សោភ័ណ​រិះគន់​ថា នគរបាល​មិន​យកចិត្តទុកដាក់​រៀបចំ​សណ្ដាប់ធ្នាប់

8 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ​រស់នៅ​ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ បាន​ធ្វើការ​រិះគន់​ត្រង់​ៗ​ចំពោះ​មន្ត្រី​នគរបាល​សណ្តាប់ធ្នាប់​ខេត្ត​ដែល​ពុំ​បាន​យកចិត្តទុកដាក់​ក្នុង​ការ​រៀបចំ​សណ្តាប់ធ្នាប់​សាធារណៈ

ខេត្តបន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ​រស់នៅ​ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ បាន​ធ្វើការ​រិះគន់​ត្រង់​ៗ​ចំពោះ​មន្ត្រី​នគរបាល​សណ្តាប់ធ្នាប់​ខេត្ត​ដែល​ពុំ​បាន​យកចិត្តទុកដាក់​ក្នុង​ការ​រៀបចំ​សណ្តាប់ធ្នាប់​សាធារណៈ ជា​ពិសេស​ចំពោះ​រថយន្ត​តាក់ស៊ី​ដែល​តែងតែ​ចត​តាម​ដងផ្លូវ​ដើម្បី​ចាប់​ម៉ូយ ដែល​ការ​​ឈប់​ដើម្បី​ចាប់​ម៉ូយ​នេះ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ និង​ការ​ប្រឡងប្រណាំង​ទីក្រុង​ស្អាត​ទៀត​ផង ។

ជាក់ស្តែង​នៅ​ក្រុង​សិរី​សោភ័ណ គេ​ឃើញ​មាន​រថយន្ត​តាក់ស៊ី​ដែល​ចត​តាម​ផ្លូវ​ដើម្បី​ចាប់​ម៉ូយ​ជា​ច្រើន​កន្លែង​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​សណ្តាប់ធ្នាប់ មាន​ដូច​ជា ១-​ចំណុច​តាម​ផ្លូវជាតិ​លេខ​៥ ពី​ចំណុច​រង្វង់​មូល​ស្រី​គ្រប់លក្ខណ៍ ដល់​ផ្លូវ​រថភ្លើង​, ២-​ចំណុច​តាម​ផ្លូវជាតិ​លេខ​៥ ពី​ចំណុច​មុខ​ស្នាក់​ការ​គយ និង​រដ្ឋាករ​ខេត្ត ដល់​ចំណុច​មុខ​វត្ត​សុភមង្គល ក្នុង​សង្កាត់​អូរ​អំបិល ៣-​ចំណុច​ផ្លូវបំបែក​ជា​បួន ផ្លូវ​ចេញ​ទៅ​សៀមរាប និង​៤-​នៅ​មុខ​ផ្សារ​ចម្ការ​គរ​(​ហៅ​ផ្សារ​ថ្មី​) ។

ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​និយាយ​ទៀត​ថា ក្រុម​រថយន្ត​តាក់ស៊ី​ទាំងនោះ​តែងតែ​បង់លុយ​ជា​ប្រចាំ​ទៅ​ឱ្យ​មន្ត្រី​នគរបាល​សណ្តាប់ធ្នាប់​ក្រុង និង​សណ្តាប់ធ្នាប់​ខេត្ត ហេតុ​ដូច្នេះ​ហើយ​បានជា​ពួក​គេ​តែងតែ​ឈប់​ចាប់​ម៉ូយ​តាម​ចិញ្ចើមថ្នល់ មិន​ព្រម​ចូល​ចំណត​ត្រឹមត្រូវ ដោយ​គ្មាន​ខ្លាចរអារ​អ្នកណាសោះឡើយ ។

ទាក់ទិន​នឹង​បញ្ហា​ខាងលើ​នេះ លោក រី ថុ​ល ប្រធាន​ការិយាល័យ​នគ​បាល​សណ្តាប់ធ្នាប់​ខេត្ត​បានឱ្យ​«​កោះសន្តិភាព​»​ដឹង​ថា ចំពោះ​រថយន្ត​តាក់ស៊ី​ដែល​ចត​តាម​ដងផ្លូវ​ក្នុង​ទីប្រជុំជន​ក្រុង​សិរី​សោភ័ណ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​សណ្តាប់ធ្នាប់ និង​សោភ័​ណ​ភាព​ក្រុង គឺ​កម្លាំង​នគ​បាល​សណ្តាប់ធ្នាប់​តែងតែ​ធ្វើការ​រៀបចំ​ជា​ញឹកញាប់​ តែ​ការ​អនុវត្ត​មិន​បាន​គ្រប់គ្រាន់​នៅឡើយទេ​ ព្រោះ​រថយន្ត​តាក់ស៊ី​ទាំងនោះ​នៅ​តែ​មិន​ព្រម​ចូល​ចំណត គឺ​ដេញ​ពី​មួយ​កន្លែង​ទៅ​មួយ​កន្លែង បើ​និយាយ​ឱ្យ​ចំ​ទៅ​ដូច​វែក​ចក​ក្នុង​អូរ​អ​ញ្ចឹ​ង ។ តែ​ទោះជា​យ៉ាងណា​ក្តី កម្លាំង​ជំនាញ​នៅ​តែ​មាន​វិធានការ​​ដើម្បី​រៀបចំ​សណ្តាប់​ឱ្យ​បាន​ល្អ ។

ពាក់ព័ន្ធ​នឹង​បញ្ហា​រថយន្ត​តាក់ស៊ី​មិន​ព្រម​ចូល​ចំណត​នេះ​ដែរ ម្ចាស់​ចំណតរថយន្ត​ខេត្ត​បាន​ប្រាប់​«​កោះសន្តិភាព​»​ថា នៅ​ក្រុង​សិរី​សោភ័ណ​មាន​ចំណតរថយន្ត​ចំនួន​២​កន្លែង គឺ​មួយ​កន្លែង​ជា​ចំណតរថយន្ត​តាក់ស៊ី និង​មួយ​កន្លែង​ទៀត​ជា​ចំណត់​រថយន្តក្រុង ដែល​ចែក​ដាច់​ដោយឡែក​ពី​គ្នា ។ ហើយ​ការ​រៀបចំ​ចំណតរថយន្ត​នេះ​គឺ​ដើម្បី​រៀបចំ​សណ្តាប់ធ្នាប់ និង​សោ​ភ័​ណ​ភាព​ក្រុង ។ ដោយឡែក​រថយន្ត​តាក់ស៊ី​មួយ​ចំនួន​មិន​ព្រម​ចូល​បេនចំណត​​ទេ បែរជា​ចត​ចាប់​ម៉ូយ​តាម​ផ្លូវ​ធ្វើ​ឱ្យ​ប៉ះពាល់​សណ្តាប់ធ្នាប់​សាធារណៈ​ទៅ​វិញ ។ បញ្ហា​ទាំង​នេះ​គួរតែ​ខាង​មន្ត្រី​នគរបាល​ជំនាញ សហការ​ជាមួយ​ខាង​ចំណត ដើម្បី​មាន​វិធានការ​ចំពោះ​រថយន្ត​តាក់ស៊ី​ដែល​ចត​ចាប់​ម៉ូយ​តាម​ផ្លូវ​ធ្វើ​ឱ្យប៉ះពាល់​សណ្តាប់ធ្នាប់​ ៕