ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចលនា​យុវជន​កម្ពុជា ក្រុម​១៥៧ សាខា​ខេត្ត​ព្រះ​សីហ​នុ ​យក​សម្ភារ​សិក្សាទៅ​​ចែក​​ជូន​ដល់​សិស្សតូចៗ​នៅ​ឃុំ​រាម

8 ឆ្នាំ មុន

​ខេត្ត​ព្រះ​សីហ​នុ​ ៖ ​កាល​ពី​​រសៀល​ថ្ងៃ​ទី​៥ ​កក្កដា ​​២០១៥ លោក ទៀ សុខា ប្រធាន​ចលនា​យុវជន​កម្ពុជា (​ក្រុម​១៥៧) សាខា​ខេត្ត​ព្រះ​សីហ​នុ បាន​ដឹកនាំ​សហការី​នាំយក​អំណោយ​ជា​សម្ភារ​សិក្សា នំចំណី

​ខេត្ត​ព្រះ​សីហ​នុ​ ៖ ​កាល​ពី​​រសៀល​ថ្ងៃ​ទី​៥ ​កក្កដា ​​២០១៥ លោក ទៀ សុខា ប្រធាន​ចលនា​យុវជន​កម្ពុជា (​ក្រុម​១៥៧) សាខា​ខេត្ត​ព្រះ​សីហ​នុ បាន​ដឹកនាំ​សហការី​នាំយក​អំណោយ​ជា​សម្ភារ​សិក្សា នំចំណី និង​​ប្រាក់​​ទៅ​ចែក​ជូន​ដល់​សិស្ស​តូច​ៗចំនួន​៧៣​នាក់ នៅ​ចំណុច​ថ្ម​ធំ ឃុំ​រាម ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

ជាមួយ​ស្ថានភាព​ផ្លូវ​ចូល​ភូមិ ដ៏​សែន​លំបាក​ក្រុម​ចលនា​យុវជន​កម្ពុជា (​ក្រុម​១៥៧) បាន​ពុះពារ​ឧបសគ្គ​ទៅ​ដល់​គោលដៅ​បាន​ដូច​បំណង ។ ប្រជាពលរដ្ឋ ព្រឹទ្ធាចារ្យ​ក្នុងភូមិ និង​សិស្ស​តូច​ៗ បាន​សម្តែង​​​ទឹកចិត្តសប្បាយ​រីករាយ​ឥត​ឧបមា​ក្រៃ​លែង ខណៈ​ដែល​ឃើញ​ក្រុម​ចលនា​យុវជន​កម្ពុជា​ អញ្ជើញ​ចុះ​ទៅ​សួរសុខទុក្ខ​ពួក​គាត់ ដែល​ក្នុង​មួយ​ជីវិត​ពួក​គាត់​មិន​នឹក​ស្មានថា មាន​ក្រុម​សប្បុរសជន​មក​សាកសួរ​សុខទុក្ខ និង​ចែក​អំណោយ​ដល់​អ្នក​ភូមិ​គាត់​ឡើយ ។

មិនតែប៉ុណ្ណោះ ថែម​ទាំង​បាន​ផ្តល់​អំណោយ​ដល់​​សិស្ស​តូច​ៗ​ចំនួន​៧៣​នាក់ ដែល​កំពុង​​សិក្សា ចាប់ពី​ថ្នាក់​ទី​១ រហូត​ដល់​ថ្នាក់​ទី​៦ ក្នុង​បន្ទប់​រួម​គ្នា​តែ​មួយ​ថែម​ទៀត​ផង ។ ស្ថិត​ក្នុង​កណ្តាល​ទ្រូងព្រៃ​ដ៏​ជ្រៅ ប្រជាពលរដ្ឋ​ដែល​កំពុង​រស់នៅ​ប្រកប​របរ​កសិកម្ម និង​ផល​នេសាទ មាន​ចំនួន​១០៦​គ្រួសារ ស្មើ​នឹង​ជិត​៦០០​នាក់ ​ដែល​​ជួប​ប្រទះ​នូវ​ការ​លំបាក​ជា​ច្រើន ដូច​ជា​ ហេដ្ឋារចនាសម្ព័ន្ធ​ ផ្លូវថ្នល់ ទឹក ភ្លើង ប្រព័ន្ធ​សិក្សាធិការ​អប់រំ​ជាដើម បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​តំបន់​នេះ ប្រឈម​នឹង​ការ​លំបាក​យ៉ាង​ខ្លាំង ។

លោក ទៀ សុខា ​បាន​ថ្លែងប្រាប់​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​ថា ចលនា​យុវជន​កម្ពុជា (​ក្រុម​១៥៧) ដឹកនាំ​ដោយ​លោក ម៉ឹង ពន្លក ជា​ប្រធាន និង​លោក ហ៊ុន ម៉ា​ណែ​ត ជា​ប្រធានកិត្តិយស គឺ​ផ្តោត​​លើ​កិច្ច​ការងារ​សង្គម​តែ​ប៉ុណ្ណោះ ដោយ​មិន​មាន​ពាក់ព័ន្ធ​នឹង​កិច្ចការ​នយោបាយ​ឡើយ ។ លោក ទៀ សុខា បាន​ថ្លែង​បញ្ជាក់​ទៀត​ថា ក្រោយ​ពី​​ទទួល​ព័ត៌មាន​ថា នៅ​តំបន់​នេះ​មាន​ក្មួយ​ៗ ដែល​ជា​កូនសិស្ស​តូច​ៗ​ចំនួន​៧៣​នាក់ បាន​និង​កំពុង​រៀន​ជាមួយ​គ្នា​ក្នុង​ថ្នាក់រៀន​មួយ ដែល​បែងចែក​ជា​៦​កម្រិត ដែល​បង្រៀន​ដោយ​លោក​គ្រូ​ម្នាក់ ​ដោយ​ស្ម័គ្រចិត្ត លោក​ក៏​បាន​រាយការណ៍ទៅ​ថ្នាក់ដឹកនាំ​ចលនា​យុវជន​កម្ពុជា (​ក្រុម​១៥៧) ។

​ក្រោយ​ពី​​មានការ​អនុញ្ញាត​ពី​ថ្នាក់​ដឹកនាំ​ភ្លាម​​ លោក​​បាន​ចាត់​ចែង​​ក្រុ​ម​ការ​ងារ​​ចុះ​​ត្រួតពិនិត្យ​​តំបន់​នេះ ព្រមទាំង​​បាន​ចែក​​អំណោយ​ជា​សម្ភារ​សិក្សា​​ដល់​ក្មួយៗ​ទាំង​៧៣​នាក់  ។

លោក ង៉ែត ដ​ន ដែល​ជា​គ្រូបង្រៀន​ស្ម័គ្រចិត្តក្នុងភូមិ​ដោយ​មិន​មាន​ប្រាក់បៀវត្ស បាន​ថ្លែង​ទាំង​ទឹកភ្នែក​រលីងរលោង រំភើប​ឥត​ឧបមា​ថា រូប​លោក​បាន​ស្ម័គ្រចិត្តបង្រៀន​ក្មេងៗ​​កូន​អ្នក​ភូមិ​អស់​រយៈពេល​១៣​ឆ្នាំ​មក​ហើយ ហើយ​មក​ដល់​ពេល​នេះ ក៏​មានកូន​សិស្ស​ខ្លះបាន​ចាក​ចេញពី​ភូមិ​ទៅ​រៀនបន្ត​បញ្ចប់​ថ្នាក់បរិញ្ញាបត្រ​ផង​ដែរ ។ ចំពោះ​ការ​បង្រៀន​របស់​លោក គឺ​មិន​មាន​បន្ទប់រៀន​សម្រាប់បែងចែក​ថ្នាក់រៀន​ចេញពី​គ្នា​នោះ​ទេ គឺ​ក្នុង​មួយ​បន្ទប់​បង្រៀន​ពី​ថ្នាក់​ទី​១ ដល់​ថ្នាក់​ទី​៦ ហើយ​ក៏​តម្រូវ​ឲ្យ​មាន​ក្តារខៀនដើម្បី​សរសេរ​បង្រៀន​សិស្សចំនួន​៦​ក្តារខៀន​ផង​ដែរ ដែល​តម្រូវ​ឲ្យ​​​ពួក​គាត់​អង្គុយ​ទល់​ខ្នង​គ្នា​រៀនក្នុង​ពេល​តែ​មួយ ។

លោក ង៉ែត ដ​ន ដែល​មានកូន​ចំនួន​៧​នាក់ក្នុង​បន្ទុក​ បាន​ឲ្យ​ដឹងទៀត​​ថា ក្នុង​មួយ​ជីវិត​របស់​លោក មិន​មាន​ពេលវេលា​សម្រាប់​ខ្លួនឯង និង​គ្រួសារ​នោះ​ទេ ដោយ​លោក​សុខចិត្ត​ចំណាយពេល​វេ​លា​អស់​ទាំងនោះទៅ​បង្រៀន​សិស្ស​ពី​ថ្ងៃ​ចន្ទ​ដល់​ថ្ងៃអាទិត្យ ដោយ​មិន​មាន​ថ្ងៃ​សម្រាក​នោះ​ឡើយ ៕