ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមុខ​ការ​ទូត​ខ្មែរ​ទៅ​ទស្សន​កិច្ច​ផ្លូវ​ការ​នៅ​ថៃរយៈ​ពេល​៣​ថ្ងៃ

8 ឆ្នាំ មុន

តាម​​ការ​អញ្ជើញ​របស់​លោក​ឧត្តម​សេនីយ៍ ថាណៈសាក់ ប៉ាទិម៉ាប្រាកន (Tanasak Patimapragorn) ឧប​នាយក​រដ្ឋ​មន្ត្រី រដ្ឋ​មន្ត្រី​ការ​បរទេស​នៃ​ព្រះ​រាជា​ណា​ចក្រ​ថៃ លោក​ឧប​នាយក​រដ្ឋ​មន្ត្រី ហោ ណាំហុង

តាម​​ការ​អញ្ជើញ​របស់​លោក​ឧត្តម​សេនីយ៍ ថាណៈសាក់ ប៉ាទិម៉ាប្រាកន (Tanasak Patimapragorn) ឧប​នាយក​រដ្ឋ​មន្ត្រី រដ្ឋ​មន្ត្រី​ការ​បរទេស​នៃ​ព្រះ​រាជា​ណា​ចក្រ​ថៃ លោក​ឧប​នាយក​រដ្ឋ​មន្ត្រី ហោ ណាំហុង រដ្ឋ​មន្ត្រី​ការ​បរទេស និង​សហ​ប្រតិ​បត្តិ​ការ​អន្តរ​ជាតិ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា នឹង​ដឹក​នាំ​គណៈ​ប្រតិភូ​មួយ​អញ្ជើញ​ទៅ​បំពេញ​ទស្សន​កិច្ច​ផ្លូវ​ការ​នៅ​ប្រទេស​ថៃ ពី​ថ្ងៃទី​១០ ដល់​ថ្ងៃទី​១២ កក្កដា ២០១៥ ដើម្បី​ជំរុញ​ទំនាក់​ទំនង​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់​តែ​ស៊ី​ជំរៅ​លើ​គ្រប់​វិស័យ​បន្ថែម​ទៀត ។

គណៈ​ប្រតិភូ​អម​ដំណើរ​រួម​មាន លោក​វ៉ា គឹមហុង ទេស​រដ្ឋ​មន្ត្រី​ទទួល​បន្ទុក​កិច្ច​ការ​ព្រំ​ដែន និង​លោក​ជំទាវ​ ភឿង សកុណា រដ្ឋ​មន្ត្រី​ក្រសួង​វប្ប​ធម៌ និង​វិចិត្រ​សិល្បៈ ។

ក្នុង​អំឡុង​ពេល​ទស្សន​កិច្ច​ផ្លូវ​ការ​នេះ ដែល​ស្រប​ពេល​នឹង​ខួប​លើក​ទី​៦៥ នៃទំនាក់​ទំនង​ការ​ទូត​រវាង​ប្រទេសទាំង​ពីរ លោក​ឧប​នាយក​រដ្ឋ​មន្ត្រី ហោ ណាំហុង នឹង​ជួប​សម្តែង​ការ​គួរ​សម​ជា​មួយ​លោក​ឧត្តម​សេនីយ៍ ប្រាយុទ្ធ ច័ន្ទអូចា (Prayut Chan-o-Cha) នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​ថៃ និង​ជួប​ពិភាក្សា​ទ្វេ​ភាគី​ជា​មួយ​លោក​ឧត្តម​សេនីយ៍ ថាណៈសាក់ ប៉ាទិម៉ាប្រាកន ។

ក្នុង​អំឡុង​ពេល​ស្នាក់​នៅ​ប្រទេស​ថៃ លោក​ឧប​នាយក​រដ្ឋ​មន្ត្រី ហោ ណាំហុង នឹង​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ប្រគល់​វត្ថុ​​បុរាណ​ខ្មែរ​ចំនួន​១៦ ជូន​ដល់​កម្ពុជា ដោយ​ភាគីថៃ និង​ពិធី​ចុះ​ហត្ថ​លេខា​​លើ​វិសោធន​កម្ម​នៃ​កិច្ច​ព្រម​ព្រៀង​ស្តីពីការ​ឆ្លង​កាត់​ព្រំ​ដែន និង​សេច​ក្តី​ប្រកាស​បើក​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​ព្រំ​ដែន​ទ្វេ​ភាគី​អានសេះ (ខេត្ត​​ព្រះវិហារ-កម្ពុជា) អានម៉ា (ខេត្ត​អ៊ូប៉ុន រាជថានី-ថៃ) ជា​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​ព្រំ​ដែន​អន្តរជាតិ ។

ការ​ចុះ ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​ស្តីពី​ការ​ឆ្លង​កាត់​ព្រំ​ដែន នឹង​អនុ​ញ្ញាត​ឱ្យ​ប្រជា​ជន​ដែល​រស់​នៅតំបន់​ព្រំ​ដែន និង​មាន​ប័ណ្ណ​ឆ្លង​ដែន អាច​ធ្វើ​ដំណើរ​ និង​ស្នាក់​នៅ​ក្នុង​តំបន់​ព្រំ​ដែន​ថៃ និង​តំបន់​ព្រំដែន​កម្ពុជា (សម្រាប់​ជនជាតិ​ថៃ) រយៈ​ពេល​០៧​ថ្ងៃ ហើយ​សម្រាប់​អ្នក​កាន់​ប័ណ្ណ​ឆ្លង​ដែន​ដែល​បាន​បំពេញ​តាម​លក្ខខ័ណ្ឌ និង​បែប​បទ​ផ្ទៃ​ក្នុង​របស់​ប្រទេស​ម្ចាស់​ផ្ទះ​អាច​ស្នាក់​នៅ​រយៈ​ពេល​១៥​ថ្ងៃ និង​៣០​ថ្ងៃ ៕