រាជធានីភ្នំពញ ៖ សិស្សនារីពីរនាក់ឈ្លោះប្រកែកគ្នាបង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៥ នៅវិទ្យាល័យ ជា ស៊ីម បឹងកេងកង ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន ។
តាមប្រភពព័ត៌មាន បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញមានសិស្សនារីពីរនាក់ដែលរៀននៅវិទ្យាល័យ ជា ស៊ីម បឹងកេងកង មិនដឹងជាមានរឿងអ្វីនោះទេ ឈានដល់ឈ្លោះប្រកែកគ្នាយ៉ាងខ្លាំងបង្កឱ្យមានការភ្ញាក់ផ្អើលដល់មនុស្សម្នាមកចោមរោមមើលយ៉ាងច្រើនកុះករ ។ ក្រោយពេលឈ្លោះប្រកែកគ្នារួចហើយ សិស្សនារីម្នាក់ក៏បានទូរស័ព្ទហៅឪពុកឱ្យមក មិនយូរប៉ុន្មានឪពុកក៏បានមកដល់កន្លែងកើតហេតុ ពោរពេញទៅដោយកំហឹងដើរសំដៅទៅទះកំភ្លៀងសិស្សនារីម្នាក់ដែលជាគូជម្លោះមួយកំភ្លៀងតែម្តង ។
បន្ទាប់មក សិស្សនារីរងគ្រោះដោយសារគេទះកំផ្លៀងនោះ ក៏បានហៅបងប្អូន២ទៅ៣នាក់ ជិះម៉ូតូសុទ្ធតែពាក់ស្លាកលេខ ខ.ម ដែលមានមាឌធំៗប្រដាប់ដោយកាំភ្លើងខ្លីសៀតនៅចង្កេះចុះមកដល់កន្លែងកើតជម្លោះដែរ ។
ពាក់ព័ន្ធទៅនឹងករណីនេះខាងលើ នៅកន្លែងកើតហេតុមិនមានអ្នកណាម្នាក់ទម្លាយព័ត៌មាននោះទេ ហើយក៏មិនដឹងថា សិស្សទាំងពីរនាក់នេះឈ្លោះប្រកែកគ្នាដោយសាររឿងអ្វីឡើយ គឺដូចជាមានការលាក់លៀមដល់អ្នកយកព័ត៌មាន ។
ភាគីទាំងសងខាង ត្រូវបានសមត្ថកិច្ចនាំខ្លួនទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បឹងកេងកងទី១ ដើម្បីដោះស្រាយគ្នា ៕
ព័ត៌មានពិស្តារមានផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ