ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កិច្ច​ប្រជុំ​លើក​ទី៥​ស្តីអំពី​វេទិកា​ឯក​ជន​រវាងគយ និង​ផ្នែក​ឯកជន

8 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​០៨ និង​៣០នាទីព្រឹក​​​ថ្ងៃ​ទី​០១ ​កក្កដា ​២០១៥ ​នៅ​អគ្គនាយកដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា​ មាន​ប្រារព្ធ​កិច្ចប្រជុំ​លើក​ទី​៥របស់​យន្តការ​ភាព​ជា​ដៃគូ​គយ​-​ផ្នែក​ឯកជន ក្នុង​គោលបំណង​ដោះស្រាយ​នូវ​បញ្ហា​ប្រឈម ​និង​សំណូមពរ​នានា​របស់​វិស័យ​ឯកជន​ពាក់ព័ន្ធ​នឹង​កិច្ចការ​គយ សំដៅ​ធានា​ប្រសិទ្ធភាព​នៃ​ការ​អនុវត្ត​គោលនយោបាយ​សម្រួល​ពាណិជ្ជកម្ម​របស់​

រាជធានីភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​០៨ និង​៣០នាទីព្រឹក​​​ថ្ងៃ​ទី​០១ ​កក្កដា ​២០១៥ ​នៅ​អគ្គនាយកដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា​ មាន​ប្រារព្ធ​កិច្ចប្រជុំ​លើក​ទី​៥របស់​យន្តការ​ភាព​ជា​ដៃគូ​គយ​-​ផ្នែក​ឯកជន ក្នុង​គោលបំណង​ដោះស្រាយ​នូវ​បញ្ហា​ប្រឈម ​និង​សំណូមពរ​នានា​របស់​វិស័យ​ឯកជន​ពាក់ព័ន្ធ​នឹង​កិច្ចការ​គយ សំដៅ​ធានា​ប្រសិទ្ធភាព​នៃ​ការ​អនុវត្ត​គោលនយោបាយ​សម្រួល​ពាណិជ្ជកម្ម​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។

កិច្ចប្រជុំ​នេះ​ បាន​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព សហ​ប្រធាន​នៃ​យន្តការ​ភាព​ជា​ដៃគូ​គយ​-​ផ្នែក​ឯកជន ឯកឧត្តម​បណ្ឌិត គុណ ញឹ​ម អគ្គនាយក​នៃ អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា និង​អ្នកឧកញ៉ា គិត ម៉េ​ង ប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា ព្រមទាំង​មានការ​ចូល​​រួម​ពី​សំណាក់​សមាសភាព​ដឹកនាំ​នៃ​យន្តការ​នេះ មក​ពី​ស្ថាប័ន​គយ​និង​រដ្ឋាករ កម្ពុជា និង​ផ្នែក​ឯកជន​ជា​ច្រើន​ទៀត​រួម​មានសភា​​ពាណិជ្ជកម្ម​កម្ពុជា សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា សមាគម​សហគ្រាស​ខ្នាត​តូច​-​មធ្យម សមាគម​ដឹក​ជញ្ជូន​កម្ពុជា ក្លឹ​ប​ធុរកិច្ច​ជប៉ុន ក្រុមហ៊ុននាំចេញ​-​នាំ​ចូល និង​តំណាង​ដៃគូ​អភិវឌ្ឍ​អន្តរជាតិ ព្រមទាំង​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ផង​ដែរ​។

ថ្លែង​ក្នុង​សុន្ទរកថា​បើក  ឯកឧត្តម​បណ្ឌិត គុណ ញឹ​ម បាន​គូសបញ្ជាក់​អំពី​យន្តការ​នេះ​ថា បាន​និង​កំពុង​ក្លាយជា​វេទិកា​ដ៍​សំខាន់​មួយ​​​សម្រាប់​វិស័យ​ឯកជន​ក្នុង​ការ​លើកយក​បញ្ហា និង​កង្វល់​នានា​ពាក់ព័ន្ធ​នឹង​កិច្ចការ​គយ​មក​ពិគ្រោះ និង​ពិភាក្សា​ផ្លាស់​ប្តូរ​យោបល់​រវាង​ដៃគូ​ពាក់ព័ន្ធ ឈាន​ទៅ​ជំរុញ​ឲ្យ​មានការ​ចូលរួម​កាន់តែ​សកម្ម​របស់​វិស័យ​ឯកជន ក្នុង​ការ​កែ​លម្អ​បរិយាកាស​ធុរកិច្ច​នៅ​កម្ពុជា​។

នា​ឱកាស​នោះ តំណាង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា បាន​ធ្វើ​បទ​បង្ហាញ​អំពី​វឌ្ឍនភាព​នៃ​កិច្ច​ដំណើរការ​យន្តការ​ភាព​ជា​ដៃគូ​គយ​-​ផ្នែក​ឯកជន តាម​រយៈ​ការ​រំលឹក​ឡើង​វិញ​នូវ​សមិទ្ធផល​នានា​ដែល​សម្រេច​បាន​ក្នុង​កិច្ចប្រជុំ​របស់​យន្តការ​នេះ​៤​លើក​កន្លង​មក ដោយ​បាន​រួម​គ្នា​ដោះស្រាយ​នូវ​បញ្ហា​ពាក់ព័ន្ធ​នឹង​គយ​បាន​មួយ​ចំនួន​ធំ ព្រមទាំង​បាន​ចេញ​នូវ​បទ​ប្បញ្ញត្តិ​ចាំបាច់​នានា​ក្នុង​ការ​ធ្វើ​សាមញ្ញ​កម្ម​នីតិវិធី​គយ ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​វិនិយោគិន និង​ធុរជន​ពាក់ព័ន្ធ​បន្ថែម​ទៀត​។

បន្ទាប់​មក​អង្គប្រជុំ​បាន​ដំណើរការ​ពិភាក្សា និង​លើក​ឡើង​នូវ​លទ្ធភាព​ដំណោះស្រាយ លើ​សំណើ​ដែល​លើក​ឡើង​ដោយ​ផ្នែក​ឯក​ជន​ចំនួន៤៦​បញ្ហា ជា​ពិសេស​ពាក់ព័ន្ធ​នឹង​ការ​ជំរុញ​ល្បឿន​នៃ​ការ​បំពេញបែបបទ​គយ ការ​ផ្សព្វផ្សាយ​ព័ត៌មាន​តាម​គ​ហ​ទំព័រ ការ​ធ្វើ​វិមជ្ឈការ​ការ​ផ្ទៀងផ្ទាត់​វិញ្ញាបនបត្រ​ដើម​កំណើត​ទំនិញ ការ​បង្កើត​កម្រៃ​ផ្លូវការ​លើ​សេវាកម្ម​គយ ការ​អនុវត្ត​នីតិវិធី​ឆ្លងកាត់ ការ​អនុ​វត្ត​យន្តការ​ធុរជន​មាន​អនុលោម​ភាព​ខ្ពស់​បំផុត និង​ការ​ត្រួតពិនិត្យ​ទំនិញ​រួម​គ្នា​រវាង​ស្ថាប័ន​មាន​សមត្ថកិច្ច​ពាក់ព័ន្ធជាដើម​។

ជា​លទ្ធផល​នៃ​កិច្ច​ពិភាក្សា​នេះ អង្គប្រជុំ​បាន​រក​ឃើញ​ដំណោះស្រាយ​សម​ស្រប ប្រកបដោយ​ការ​យោគយល់​គ្នា​ខ្ពស់​តាម​បទ​ប្បញ្ញត្តិ​ជា​ធរមាន​និង​តាម​ការ​អនុវត្ត​ល្អជា​អន្តរជាតិ ដែល​ត្រូវ​អនុវត្ត​បន្ត​ដើម្បី​ឈាន​ទៅ​បង្ក​ឲ្យ​មាន​បរិយាកាស​ធុរកិច្ច​កាន់តែ​ប្រសើរ​ប្រកប​ដោយ​​សមធម៌​។

កិច្ចប្រជុំ​នេះ​បាន​បញ្ចប់​នៅ​វេលា​ម៉ោង​១២​​​ថ្ងៃ​ដដែល ​ក្រោម​បរិយាកាស​ការងារ និង​ប្រកបដោយ​ការ​ទទួលខុសត្រូវ​ខ្ពស់​ ។

អគ្គនាយកដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា
​ថ្ងៃ​ទី​១ ​កក្កដា ឆ្នាំ​២០១៥