ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជុំវិញ​ការ​ប៉ះទង្គិច​គ្នា​នៅ​ព្រំដែន​កម្ពុជា​-​វៀតណាម​របួស១៨នាក់

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រ​ង្ស៊ី ថ្លែង​ថា ចំពោះ​បញ្ហា​ព្រំដែន​ជាមួយ​វៀតណាម គឺ​ប្រជាជន​នៅ​តាម​ព្រំដែន​កំពុង​រង​គ្រោះ​ដោយសារ​ការ​បាត់បង់​ដីស្រែ​ចម្ការ​របស់​ពួក​គាត់​ដែល​បញ្ហា​មួយ​នេះ​លោក​សុំ​ថ្កោលទោស ។ ជាង​នេះ​ទៀត បញ្ហា​នេះ

រាជធានី​ភ្នំពេញ ៖ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រ​ង្ស៊ី ថ្លែង​ថា ចំពោះ​បញ្ហា​ព្រំដែន​ជាមួយ​វៀតណាម គឺ​ប្រជាជន​នៅ​តាម​ព្រំដែន​កំពុង​រង​គ្រោះ​ដោយសារ​ការ​បាត់បង់​ដីស្រែ​ចម្ការ​របស់​ពួក​គាត់​ដែល​បញ្ហា​មួយ​នេះ​លោក​សុំ​ថ្កោលទោស ។ ជាង​នេះ​ទៀត បញ្ហា​នេះ​គណបក្ស​សង្គ្រោះ​ជាតិ​ក៏​គិតគូរ​ពី​បណ្តឹង​ទៅ​តុលាការ​ថ្នាក់​ជាតិ និង​ថ្នាក់​អន្តរជាតិ​តាម​អ្វី​ដែល​អាច​ធ្វើ​បាន គឺ​ធ្វើ​យ៉ាងណា​សុំ​កុំឱ្យ​ជនជាតិ​វៀតណាម​ធ្វើបាប​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​គ្មាន​កំហុស គ្រាន់តែ​ទៅ​ការពារ​ទឹកដី​របស់​ខ្លួន​បែរជា​ត្រូវ​គេ​វាយ​ធ្វើបាប ។ រាជរដ្ឋាភិបាល​ត្រូវ​ធ្វើការ​ដោះស្រាយ​បញ្ហា​ទាំងនេះ ពិសេស​នោះ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ត្រូវ​ការពារ​ប្រជាពលរដ្ឋ​របស់​ខ្លួន​ដែល​នាំ​គ្នា​ការពារ​ទឹកដី​របស់​ខ្លួន​មិន​គួរ​មិន​អើពើ​នោះ​ទេ ។

ប្រតិកម្ម​របស់​លោក សម រ​ង្ស៊ី នេះ បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២៩ មិថុនា នៅ​វិមាន​រដ្ឋសភា បន្ទាប់​ពី​មានការ​ប៉ះទង្គិច​គ្នា​មួយ​ប្រាវ​រវាង​ព្រះសង្ឃ យុវជន និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ដឹកនាំ​ដោយ​លោក រៀល ខេ​ម​រិ​ន្ទ្រ ជាមួយ​ភាគី​វៀតណាម​ដែល​បណ្តាល​ឱ្យ​មាន​រង​របួស​ទាំង​សងខាង តែ​អ្វី​ដែល​គួរ​ឱ្យ​កត់សម្គាល់​នោះ​គឺ​លោក រៀល ខេ​ម​រិ​ន្ទ្រ បាន​រង​របួសធ្ងន់​ក្នុង​ការ​ប៉ះទង្គិច​គ្នា​នោះ ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អ្នកនាំពាក្យ​រដ្ឋបាល​ខេត្តស្វាយរៀង នៅ​ថ្ងៃ​ទី​២៨ មិថុនា បាន​សម្តែង​នូវ​ការ​សោកស្តាយ​ចំពោះ​ហេតុការណ៍​ប៉ះទង្គិច​គ្នា​នៅ​តំបន់​ព្រំដែន​កម្ពុជា​-​វៀតណាម នៅ​ត្រង់​ចំណុច​បង្គោល​ព្រំដែន​លេខ​២០៣ (​ទួល​តា​ព្រាប​) ស្ថិត​ក្នុងភូមិ​ធ្លក​ថ្មី ឃុំ​ត្នោត ស្រុក​កំពង់​រោទ៍ ខេត្តស្វាយរៀង កាលពី​ថ្ងៃ​ទី​២៨ មិថុនា ឆ្នាំ​២០១៥ ដែល​បាន​បង្ក​ឱ្យ​ភាគី​កម្ពុជា រង​របួស ចំនួន​១០​នាក់ និង​ប្រជាជន​វៀតណាម​រង​របួស​ចំនួន​៨​នាក់ ។

សេចក្តី​ប្រកាស​ព័ត៌មាន​នេះ លើក​ឡើង​ថា ដំណើរ​មក​ពិនិត្យ​ព្រំដែន​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ដឹកនាំ​ដោយ​លោក រៀល ខេ​ម​រិ​ន្ទ្រ  មិន​បាន​ជូនដំណឹង​មក​អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ដើម្បី​រៀបចំ​ការពារ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ក៏​ដូច​ជា​ជូនដំណឹង​ទៅ​ភាគី​វៀតណាម​ជា​មុន ដើម្បី​បញ្ចៀស​ហេតុការណ៍​ផ្សេង​ៗ​កើតឡើង​ឡើយ ហើយ​នៅ​ពេល​ទៅ​ដល់​ព្រំដែន សមត្ថកិច្ច​កម្ពុជា​បាន​ព្យាយាម​ពន្យល់ និង​ហាមឃាត់ មិន​ឱ្យ​ក្រុម​ខាងលើ​ទៅ​ពិនិត្យ​តំបន់​ព្រំដែន​ផង​ដែរ ព្រោះ​បារម្ភ​ពី​បញ្ហា​សុវត្ថិភាព តែ​ពួក​គាត់​នៅ​តែ​ជម្នះ​ទៅ​ពិនិត្យ​តំបន់​ព្រំដែន​ដោយ​ចិត្ត​ឯង ។

ក្នុង​នាម​អ្នកនាំពាក្យ​រដ្ឋបាល​ខេត្តស្វាយរៀង ប្រកាស​មិន​ទទួលខុសត្រូវ​ចំពោះ​ផ្លូវច្បាប់​ណាមួយ លើ​ហេតុការណ៍​ដែល​បាន​កើតឡើង​ខាងលើ ព្រោះ​សកម្មភាព​ខាងលើ​ធ្វើ​ឡើង​ដោយ​មិន​បាន​ជូនដំណឹង និង​សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ឡើយ គឺ​ក្នុង​គោលបំណង​បង្ក​ឱ្យ​មាន​អសន្តិសុខ​តាម​តំបន់​ព្រំដែន ផ្ទុយ​ទាំងស្រុង ពី​គោល​ជំហរ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក៏​ដូច​ជា​ផ្ទុយ​ទាំងស្រុង​ពី​វប្បធម៌​សន្ទនា ដែល​មេដឹកនាំ​បក្ស​ទាំង​ពីរ​បាន​ប្រកាន់​យក ក្នុង​ការ​ពិភាក្សា​បញ្ហា​ប្រទេស​ជាតិ បូរណភាព​ទឹកដី និង​អធិបតេយ្យភាព​ជាមួយ​ប្រទេស​ជិតខាង​ជាប់​ព្រំដែន ដោយ​ឈរ​លើ​មូលដ្ឋាន​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​នានា ជា​ធរមាន ។

ការ​ប៉ះទង្គិច​គ្នា​ដែល​ស្មាន​មិន​ដល់

តាម​សេចក្តីរាយការណ៍​ព័ត៌មាន​បានឱ្យ​ដឹង​ថា ពលរដ្ឋ​ខ្មែរ និង​វៀតណាម បាន​ប៉ះ​ប្រយុទ្ធ​គ្នា​ដោយ​ព្រនង់​មួយ​ប្រាវ​បណ្តាល​ឱ្យ​របួស​រៀងខ្លួន​នៅ​តំបន់​ព្រំដែន​ខេត្តស្វាយរៀង នា​រសៀល​ថ្ងៃ​ទី​២៨ មិថុនា ។ ការ​ប៉ះទង្គិច​គ្នា​នេះ​នៅ​ពេល​ដែល​ពលរដ្ឋ​វៀតណាម​រារាំង​មិន​ឱ្យ​ពលរដ្ឋ​ខ្មែរ​ចូល​ទៅ​ពិនិត្យ​ចំណុច​ព្រំដែន ។

លោក ថា​ច់ សេដ្ឋា នាយក​ប្រតិបត្តិ​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​ថ្លែង​ថា ការ​ប៉ះទង្គិច​គ្នា​នោះ​មាន​ពលរដ្ឋ ព្រះសង្ឃ និង​តំណាងរាស្ត្រ គឺ​លោក រៀល ខេ​ម​រិ​ន្ទ្រ រង​របួស​យ៉ាងដំណំ នៅ​ពេល​ដែល​ពលរដ្ឋ​វៀតណាម​មិន​ឱ្យ​ពលរដ្ឋ​ខ្មែរ​ចូល​ទៅ​ពិនិត្យ​បង្គោល​ព្រំដែន​នោះ ។

លោក ថា​ច់ សេដ្ឋា បាន​ចោទប្រកាន់​ថា ពលរដ្ឋ​វៀតណាម​ចូល​មក​រារាំង​ពលរដ្ឋ​ខ្មែរ​នោះ គឺ​នៅ​ក្នុង​ទឹកដី​ខ្មែរ​ប្រមាណ​ជាង​១​គីឡូម៉ែត្រ «​ទ័ព​គេ​នៅ​ការពារ​ប្រជាជន​របស់​គេ ហើយ​ប្រជាជន​គេ​មាន​ព្រនង់ ដំបង មានកាំបិត គេ​ចូល​មក​ដី​យើង ហើយ​យើង​នៅ​ក្នុង​ទឹកដី​របស់​យើង​សោះ គឺ​គេ​មក​បង្ក​ហិង្សា​ដាក់​ពួក​យើង ហើយ​វាយ​លោក រៀល ខេ​ម​រិ​ន្ទ្រ ជា​អ្នកតំណាង​រាស្ត្រ​ផង ហើយ​ព្រះសង្ឃ​ក៏​ត្រូវ​របួសធ្ងន់​គួរសម​ដែរ ។ យើង​នៅ​លើ​ដី​របស់​យើង យើង​អត់​មាន​រុលទៅមុខ​ទេ ហើយ​យើង​បាន​សួរ​អាជ្ញាធរ​នៅ​ទីនោះ​ដែរ​ថា ទីនោះ​ជា​ដី​របស់​យើង ហើយ​គាត់​ឱ្យ​ដើរ​តាម​ហ្នឹង ហើយ​យួន​នៅ​ទី​ហ្នឹង​ក្នុង​ដី​យើង​នាំ​គ្នា​វាយ​យើង​តែ​ម្តង​» ។

ការ​ប៉ះទង្គិច​គ្នា​នោះ ត្រូវ​បាន​អ្នកតំណាង​រាស្ត្រ​ខាង​គណបក្ស​សង្គ្រោះ​ជាតិ​លោក អ៊ុំ សំ​អាន សរសេរ​ព័ត៌មាន និង​បង្ហោះ​រូបថត​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ករប​ស់លោ​កថា ពលរដ្ឋ​វៀតណាម​កាន់ដំបង​គ្រប់​ដៃ និង​យោធា​វៀតណាម កាន់​អាវុធ​បាន​រារាំង​តំណាងរាស្ត្រ យុវជន ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​មិន​ឱ្យទៅ​មើល​ការ​សង់​ផ្លូវ​របស់​វៀតណាម​លើ​ដី​ខ្មែរ និង​ទៅ​មើល​បង្គោល​ព្រំដែន​លេខ​២០៣ ។ លោក​ឱ្យ​ដឹង​ថា ការ​រារាំង​នេះ​ធ្វើ​ឱ្យ​មានការ​ប៉ះទង្គិច​គ្នា​រវាង​ពលរដ្ឋ​វៀតណាម យុវជន​និង​ប្រជាពលរដ្ឋ​ខ្មែរ ដែល​បណ្តាល​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​របួសធ្ងន់​៤​នាក់ ក្នុង​នោះ​មាន​ព្រះសង្ឃ​១​អង្គ និង​របួសស្រាល​ជាង​១០​នាក់ ឯ​អ្នកតំណាង​រាស្ត្រ​ពី​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក រៀល ខេ​ម​រិ​ន្ទ្រ របួសធ្ងន់ ។

ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​មួយ​អង្គ​នាម ថា​ច់ វ​ណ្ណា មាន​ថេរ​ដីកា​បញ្ជាក់​ថា ពេល​ដែល​ពលរដ្ឋ​វៀតណាម ចូល​មក​វាយ​ក្រុម​ប្រតិភូ​ខ្មែរ​នោះ ធ្វើ​ឱ្យ​ប៉ះទង្គិច​គ្នា​មួយ​ប្រាវ ដោយ​ការ​វាយ​តដៃ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ធ្វើ​ឱ្យ​ភាគី​ទាំង​ពីរ​រង​របួស​រៀងខ្លួន ។

តាម​គម្រោង​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ដឹកនាំ​ដោយ​លោក រៀល ខេ​ម​រិ​ន្ទ្រ លោក អ៊ុំ សំ​អាន និង​ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម លោក ថា​ច់ សេដ្ឋា ដឹកនាំ​ប្រជាពលរដ្ឋ និង​ព្រះសង្ឃ​កម្ពុជា​ក្រោម​ប្រមាណ​២០០​អង្គ​/​នាក់ ចុះ​ពិនិត្យ​ព្រំដែន​ខេត្តស្វាយរៀង ត្រង់​ចំណុច​ភូមិ​គោក​ធ្លក ឃុំ​ត្នោត ស្រុក​កំពង់​រោទ៍ ខេត្តស្វាយរៀង បន្ទាប់​ពី​ទទួល​ដំណឹង​ពី​ប្រជាពលរដ្ឋ ថា​វៀតណាម​បាន​រំលោភ​ទឹកដី​ខ្មែរ និង​កំពុង​ធ្វើ​ផ្លូវ​នៅ​តំបន់​ដែល​មិន​ទាន់​ឯកភាព​គ្នា​បោះបង្គោល ។

តាម​VOD បាន​ដកស្រង់​សម្ដី​របស់​យុវជន​ឈ្មោះ ម៉ា ចិ​ត្រា ដែល​ចូលរួម​ក្នុង​សកម្មភាព​នោះ​ដែរ​ថា ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៨ មិថុនា ។ នៅ​ត្រង់​ចំណុច​ព្រំដែន​នោះ អាជ្ញាធរ​និង​ពលរដ្ឋ​វៀតណាម​មាន​គ្នា​ប្រមាណ​២០០​នាក់ ដោយ​ក្នុង​នោះ​ទាហាន​វៀតណាម​ប្រមាណ​៥០​នាក់ ប្រដាប់​ដោយ​កាំភ្លើង​គ្រប់​ដៃ និង​ពលរដ្ឋ​វៀតណាម​ប្រដាប់​ដោយ​ដំបង ។ យុវជន​រូប​នេះ​បន្ត​ថា ចំណែក​ភាគី​កម្ពុជា ពលរដ្ឋ​ខ្មែរ​មិន​មាន​កាន់ដំបង ឬ​កាំភ្លើង​អ្វី​ទេ ហើយ​ទាហាន​ខ្មែរ​វិញ​មាន​តែ​ប្រមាណ​១០​នាក់​និង​មិន​មាន​កាន់​កាំភ្លើង​ដូច​ខាង​ភាគី​វៀតណាម​ឡើយ ។

ទាក់ទង​នឹង​ករណី​នេះ ប្រធាន​ប៉ុស្តិ៍​ព្រំដែន X១២ លោក ស៊ិ​ន នឿ​ន ត្រូវ​បាន VOD ដកស្រង់​សម្ដី​ថា លោក​បាន​ទាក់ទង​ទៅ​ភាគី​វៀតណាម​ដែរ​ថា តំណាងរាស្ត្រ និង​ពលរដ្ឋ​ខ្មែរ​នឹង​ចូល​ទៅ​ពិនិត្យ​ព្រំដែន​តំបន់​នោះ តែ​ភាគី​វៀតណាម​ប្រាប់​វិញ​ថា មិន​ឲ្យ​ចូល​ទៅ​តំបន់​នោះ​ទេ តែ​ភាគី​កម្ពុជា​ជម្នះ​ចង់​ចូល ទើប​មានការ​ប៉ះទង្គិច​កើតឡើង ។ លោក​បន្ត​ថា ខាង​ប៉ុស្តិ៍​ព្រំដែន​ក៏​បាន​បញ្ជូន​សមត្ថកិច្ច​ខ្មែរ​ចំនួន ១២​នាក់​ផង​ដែរ ដើម្បី​បង្ការ​កុំ​ឲ្យ​មាន​បញ្ហា​កើតឡើង ។

បើ​តាម​លោក អ៊ុំ សំ​អាន នៅ​ពេល​ត្រឡប់​មក​ដល់​ភ្នំពេញ លោក​នឹង​ស្នើ​ទៅ​រាជរដ្ឋាភិបាល​ឲ្យ​ដាក់​ពាក្យបណ្តឹង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ជួយ​អន្តរាគមន៍​ពី​បញ្ហា​ព្រំដែន​ជាមួយ​វៀតណាម ដោយ​លោក​ចាត់​ទុក​ថា យន្តការ​ចរចា​ទ្វេភាគី​កម្ពុជា និង​វៀតណាម នឹង​មិន​មាន​ប្រសិទ្ធភាព​នោះ​ទេមិន​ទាន់​មានការ​ធ្វើ​អត្ថាធិប្បាយ​ភ្លាម​ៗ​ពី​រាជរដ្ឋាភិបាល​កម្ពុជា​នៅឡើយ​ជុំវិញ​បញ្ហា​ដែល​បាន​កើតឡើង​នេះ ។ អ្នក​តាមដាន​និយាយ​ថា បើសិនជា​មានការ​ព្រួយបារម្ភ​ដូច​អ្នកនាំពាក្យ​សាលា​ខេត្តស្វាយរៀង​ប្រកាស​មែន​នោះ​គួរតែ​ទប់ស្កាត់​កុំឱ្យ​សកម្មជន​ដែល​លើកគ្នា​ទៅ​នោះ​បាន​ទៅ​ដល់​ចំណុច​ដែល​រសើប​នេះ មិន​គួរ​រារាំង​សើ​ៗ លុះ​មាន​បញ្ហា​កើតឡើង​រលាស់​ខ្លួន​បែប​នេះ​ទេ វា​គួរ​ស្រណោះ​ឈាម​ខ្មែរ​បន្តិចបន្ដួច​ផង ព្រោះ​ពួក​គេ​ទៅ​នោះ​មិនមែន​ទៅ​រក​ផលប្រយោជន៍​សម្រាប់​ខ្លួនឯង​ទេ តែ​ជា​បូរណភាព​ទឹកដី​ខ្មែរ​ទាំងមូល ។

តាម​ព័ត៌មាន​បានឱ្យ​ដឹង​ថា អ្នក​រង​របួស​រួម​ទាំង​លោក រៀល ខេ​ម​រិ​ន្ទ្រ ផង​នោះ​ត្រូវ​បាន​បញ្ជូន​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ៕​