ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ខ្យល់​កន្ត្រាក់​រលំ​ផ្ទះ​១​ខ្នង​និង​ប៉ើង​ដំបូល​២​ខ្នង​នៅ​ឃុំ​ពោធិ​រាជ

8 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ ភ្លៀង ផ្គរ ខ្យល់​កន្ត្រាក់​រលំ​ផ្ទះ​១​ខ្នង​ទំហំ​៦​ម៉ែត្រ​គុណ​៧​ម៉ែត្រ​ដួល​រាប​ដល់​ដី និង​២​ខ្នង​ទៀត​ខ្យល់​ប៉ើង​ដំបូល​អស់ កាលពី​វេលា​ម៉ោង​២ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២៩ ​មិថុនា ២០១៥

ខេត្តស្វាយរៀង ៖ ភ្លៀង ផ្គរ ខ្យល់​កន្ត្រាក់​រលំ​ផ្ទះ​១​ខ្នង​ទំហំ​៦​ម៉ែត្រ​គុណ​៧​ម៉ែត្រ​ដួល​រាប​ដល់​ដី និង​២​ខ្នង​ទៀត​ខ្យល់​ប៉ើង​ដំបូល​អស់ កាលពី​វេលា​ម៉ោង​២ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២៩ ​មិថុនា ២០១៥ នៅ​ភូមិ​ប្រាសាទ និង​ភូមិ​ត្បែង ឃុំ​ពោធិ៍​រាជ ស្រុក​ស្វាយ​ជ្រំ ខេត្តស្វាយរៀង ។

បើ​តាម​លោក​មេឃុំ​ពោធិ៍​រាជ​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​២ និង​៣០​នាទី​រសៀល មាន​ភ្លៀង ផ្គរ រន្ទះ លាយឡំ​ខ្យល់​កន្ត្រាក់​យ៉ាង​ខ្លាំង​បណ្តាល​ឲ្យ​រលំ​ផ្ទះ​១​ខ្នង​ទំហំ​៦​ម៉ែត្រ​គុណ​៧​ម៉ែត្រ​ សង់​ពី​ឈើ​២​ខ្នង ជញ្ជាំង​សង្ក​សី ដំបូល​ប្រក់​ស៊ី​ប្រូ​ស៊ីម៉ង់ត៍ រលំ​រាប​ដល់​ដី ដែល​មាន​ម្ចាស់ផ្ទះ​ឈ្មោះ​ទេព សា​រ៉ាត ភេទ​ស្រី អាយុ​៤៥​ឆ្នាំ ជា​ស្ត្រី​មេម៉ាយ មានកូន​៥​នាក់ ស្រី​៣​នាក់ បណ្តាល​ឱ្យ​ផ្ទះ​ខូចខាត​ទាំងស្រុង រួម​ទាំង​ស្រូវ និង​សម្ភារៈ​មួយ​ចំនួន ។

ហើយ​អ្វី​ដែល​គួរ​ឲ្យ​អាណិតអាសូរ​ទៀត​នោះ ស្ត្រី​រង​គ្រោះ​បាន​រៀបរាប់​ទាំង​ទឹកភ្នែក​ថា ផ្ទះ​នេះ​បាន​សង់​រួច​កាលពី​ខែធ្នូ ឆ្នាំ​២០១៣ គឺ​បាន​ខ្ចីប្រាក់​ពី​ធានា​គារ​យក​មក​សង់ផ្ទះ បច្ចុប្បន្ន​នៅ​ជំពាក់​ធានា​គារ​៣៥០០​ដុល្លារ​ទៀត ។

ចាប់​តាំ​ពី​សង់ផ្ទះ​នេះ​រួច​មក គឺ​ម្តាយ​របស់​គាត់​ឈ្មោះ​ប្រាក់ សី អាយុ​៧៧​ឆ្នាំ ចាប់​មាន​ជម្ងឺ​រ៉ាំរ៉ៃ​រហូត​បាន​ស្លាប់​នៅ​ថ្ងៃ​ទី​៩ មេ​សា ២០១៥ ។ ធ្វើ​បុណ្យសព​ម្តាយ​៧​ថ្ងៃ​រួច ប្តី​របស់​គាត់​ឈ្មោះ​ឃ្លាំង ស៊ា អាយុ​៤៤​ឆ្នាំ នៅ​ថ្ងៃ​១៦ មេ​សា ២០១៥ មិនដឹង​កើត​ជម្ងឺ​អ្វី គឺ​ស្រាប់តែ​ទន់ដៃទន់ជើង​ ដួល​ដើរ​លែង​រួច ​ហើយ​ក៏​ស្លាប់​ចោល​ប្រពន្ធ​កូន​ទៀត ។ អ្នកស្រុក និង​អាជ្ញាធរ​ឃុំ​បាន​រៃ​អង្គាសប្រាក់​ធ្វើបុណ្យ​បន្ត​ទាំង​មិន​ទាន់​រើ​រោង​បុណ្យ​ផង ។ តើ​អ្នក​ណា​មិន​រន្ធត់​ចិត្ត ទុក្ខ​លើ​ទុក្ខ ហើយ​ឥឡូវ​មិន​ទាន់​បាន​ធ្វើបុណ្យ​១០០​ថ្ងៃ​ឲ្យ​ម្តាយ និង​ប្តី​ផង ស្រាប់តែ​ខ្យល់​កន្ត្រាក់​រលំ​ផ្ទះ​អស់​ទៀត តើ​ស្រី​ណា​មិន​យំ កូន​ណា​មិន​ទឹកភ្នែក មិនតែប៉ុណ្ណោះ​ជំពាក់​ប្រាក់​ធានា​គារ​ទៀត ពិតជា​ទុក្ខ​ជាន់​លើ​ទុក្ខ​មែន ។

ក្រោយមក​លោក​មេឃុំ មេ​ភូមិ មន្ត្រី​នគ​បាល និង​ប្រជាពលរដ្ឋ​នាំ​គ្នា​ជួយ​រើ​ផ្ទះ និង​រើ​យក​អីវ៉ាន់​ ស្រូវ​អង្ករ​ចេញពី​ក្នុងផ្ទះ​បាក់បែក​ក្រែង​មាន​សល់​ខ្លះ ។

ចំណែក​នៅ​ឯ​ភូមិ​ត្បែង ឃុំ​ពោធិ៍​រាជ ខ្យល់​កន្ត្រាក់​បាន​បំ​ប៉ើង​ដំបូលផ្ទះ​២​ខ្នង ​ម្ចាស់ផ្ទះ​ទី​១ ឈ្មោះ​ប្រាក់ មា​ណ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ផ្ទះ​ទំហំ​៦​ម៉ែត្រ​គុណ​៧​ម៉ែត្រ ដំបូល​ប្រក់ស័ង្កសី របើក​ដំបូល​អស់​១​ខ្នង​មុខ និង​ម្ចាស់ផ្ទះទី​២ ​ឈ្មោះ​ប្រាក់ វ​ណ្ណា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ផ្ទះ​ទំហំ​៦​ម៉ែត្រ​គុណ​៧​ម៉ែត្រ ដំបូល​ប្រក់​ស័ង្កសី របើក​ដំបូល​អស់​៧​សន្លឹក ៕