ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​ទូ​ហ្គេ​ម​ និង​ហ្គេម​បា.ញ់​ត្រី​ នៅ​ខេត្ត​សៀម​រាប

8 ឆ្នាំ មុន

ខេត្តសៀមរាប​ ៖​សមត្ថ​កិច្ច​ចម្រុះ​ខេត្ត​សៀមរាប​បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​កន្លែង​ទូហ្គេម និងកន្លែង​ហ្គេម​ជ្រក​ក្រោម​ស្លាក​យីហោ អិុនធឺណេត ចំនួន​២​កន្លែង​នៅ​ក្រុង​សៀម​រាប​កាល​ពី​រាត្រី​ថ្ងៃ​ទី​២៧ មិថុនា ២០១៥ ដោយ​ដក​ហូត​​​បាន​​ម៉ា​ស៊ី​កុំព្យូទ័រ​ចំនួន​២៥​គ្រឿង

ខេត្តសៀមរាប​ ៖​សមត្ថ​កិច្ច​ចម្រុះ​ខេត្ត​សៀមរាប​បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​កន្លែង​ទូហ្គេម និងកន្លែង​ហ្គេម​ជ្រក​ក្រោម​ស្លាក​យីហោ អិុនធឺណេត ចំនួន​២​កន្លែង​នៅ​ក្រុង​សៀម​រាប​កាល​ពី​រាត្រី​ថ្ងៃ​ទី​២៧ មិថុនា ២០១៥ ដោយ​ដក​ហូត​​​បាន​​ម៉ា​ស៊ី​កុំព្យូទ័រ​ចំនួន​២៥​គ្រឿង និង​ទូ​ហ្គេ​ម​បាញ់​ត្រី​៤​គ្រឿង និង​ទូ​ហ្គេ​ម​តុក្កតា​៦​គ្រឿង ។

ប្រតិបត្តិការបង្ក្រាប​នេះ​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯកស្រី យូ​រ៉ា មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត និង​ជា​ប្រធាន​មន្ទីរ​ស្រាវជ្រាវ និង​យុត្តិធម៌ សហការ​ជាមួយ​កងរាជអាវុធហត្ថ​ក្រុង​សៀម​រាប ដើម្បី​លុប​បំបាត់​ល្បែង​ស៊ី​សង​នៅ​ក្នុង​ក្រុង​ ឲ្យ​ស្រប​តាម​គោលនយោបាយ​ភូមិ​-ឃុំ​មាន​សុវត្ថិភាព និង​ដើម្បី​រក្សា​នូវ​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ​ជូន​ដល់​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ ដែល​ចូល​មក​ទស្ស​នា​កម្សាន្ត​នៅ​ខេត្តសៀមរាប ។​ ក្រោម​បទបញ្ជា​របស់​លោក​ឃឹម ប៊ុ​ន​សុង ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត និង​ជា​អភិបាល​ នៃ​គណៈ​អភិ​បាល​ខេត្ត ដោយ​មាន​ការ​ចង្អុលបង្ហាញ​ពី​លោក​ឧត្តមសេនីយ៍ត្រី​ប៉ោ វណ្ណ​និ​ត មេ​បញ្ជា​ការ​កងរាជអាវុធហត្ថ​ខេត្ត​សៀម​រាម ដែល​ទើប​ឡើង​កាន់​តំណែង​ថ្មី​ ​។

លោក​វរៈសេនីយ៍ឯកស្រី យូ​រ៉ា មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត​បាន​ប្រាប់​«កោះសន្តិភាព»​នៅ​ល្ងាច​ថ្ងៃ​ទី​២៨​មិថុនា​ នេះ​ថា ក្នុង​យុទ្ធនាការ​ចុះ​បង្ក្រាប​ទូ​ហ្គេ​ម​ជ្រក​ក្រោម​ស្លាក​យីហោ អិុនធឺ​ណេត​នៅ​យប់​នោះ គឺជា​ការ​ក្រើន​រំ​លឹ​ក​ដល់​បងប្អូន​ដែល​បាន​ធ្វើ​អាជីវកម្ម​អិុន​ធឺ​ណេ​ត​ដោយ​បង្កប់​​ល្បែងស៊ីសង​ និង​កន្លែង​ទូ​ហ្គេ​ម ដើម្បី​ធ្វើ​កិច្ចសន្យា​ជាមួយ​សមត្ថកិច្ច ដើម្បី​បញ្ឈប់​ការ​បម្រើ​នូវ​ល្បែង​តាម​ប្រព័ន្ធ​អេ​ឡិ​ត្រូ​និ​ចនេះតទៅ​ទៀត​។

លោក​បាន​បន្ត​ថា ដោយសារ​បញ្ហា​ប្រភេទ​ហ្គេ​ម​ល្បែងស៊ីសង​នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​សិស្សានុសិស្ស​ និង​យុវវ័យ​មួយ​​ចំនួន​បាន​លះបង់​ការ​សិក្សា​ចូល​ទៅ​លេង​ហ្គេ​ម បំផ្លាញ​លុយ និង​ទ្រព្យសម្បត្តិ​របស់​ឪពុក ម្ដាយ ព្រមទាំង​ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​ សន្តិសុខ​សង្គម តាម​រយៈ​លេង​ហ្គេ​ម​ចាញ់​អស់​លុយ និង​ធ្វើ​ឲ្យ​សិស្សា​នុសិស្ស ក្រុម​យុវវ័យ​ទាំងនោះ អាច​ប្រព្រឹត្ត​នូវ​អំពើ​អនាចារ លួច​ ​ឆក់​ ​ប្លន់​ បង្ក​អសន្តិសុខ​ដល់​សង្គម​ជាដើម ។

លោក​មេ​បញ្ជាការ​រង​កង​រាជ​អាវុធ​ហត្ថ​បាន​បន្ថែម​ថា ដោយ​សារ​បញ្ហា​ទាំងនេះ​ហើយ ទើប​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​របស់​រដ្ឋបាល​សាលាខេត្ត​ត្រូវ​តែ​មាន​វិធានការ​ទប់ស្កាត់ និង​បង្ក្រាប​​ហ្គេ​ម​ល្បែងស៊ីសង​ទាំងនោះ ។ ម្យ៉ាង​ទៀត​ការ​ធ្វើ​អាជីវកម្ម​នេះ មួយ​ចំនួន​មាន​ច្បាប់​អនុញ្ញាត ប៉ុន្តែ​ការ​ប្រកប​អាជីវកម្ម​ខុសច្បាប់​មួយ​ចំនួន​ទៀត​គ្មាន​ច្បាប់ ដែល​ពួក​គេ​បើក​លេង​ទាំង​យប់​ទាំង​ថ្ងៃ ដែល​រំខាន​ដល់​ប្រជាពលរដ្ឋ​នៅ​ជិតខាង​ផង​ដែរ ។

លោក​បន្ថែម​ទៀត​ថា ប្រតិបត្តិការ​ចុះ​បង្ក្រាប​ទូ​ហ្គេ​ម​នៅ​យប់​នោះ​ត្រូវ​បាន​បែក​ការណ៍​ដោយ​មាន​ម្ចាស់​អាជីវកម្ម​មួយ​ចំនួន​ហាក់ដូចជា​ដឹង​មុន​ ។ ទូ​ហ្គេ​ម​ទាំងនោះ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​តា​ភុល សង្កាត់​ស្វាយ​ដង្គំ និង​ពីរ​ទីតាំង​ទៀត​ស្ថិត​នៅ​ភូមិ​ទក្សិណ​ខាងត្បូង សង្កាត់​គោក​ចក ដែល​មាន​លិខិតអនុញ្ញាត​​ឲ្យ​ធ្វើ​អាជីវកម្ម​អិុន​ធឺ​ណេ​ត ដោយ​បង្កប់​ទៅ​ដោយ​ល្បែង​ហ្គេ​ម ដែល​មាន​ម៉ា​ស៊ី​កុំព្យូទ័រ​ចំនួន​២៥​គ្រឿង  និង​មួយទៀត​នៅ​ផ្សារ​រាត្រី​ទល់មុខ​ផ្សារ​ត្រីកោណ ដែល​ជា​កន្លែង​ទូ​ហ្គេ​ម​បាញ់​ត្រី​ចំនួន​០៤​គ្រឿង និង​ទូ​ហ្គេ​ម​តុក្កតា​​៦​គ្រឿង ដែល​ភាគច្រើន​បាន​អនុញ្ញាតិ​ឲ្យ​ក្មេង​ៗ​មនុស្ស​ចាស់​ចូល​លេង​ដោយ​សេរី  ដែល​ជា​ផ្នែក​មួយ​ធ្វើ​ឲ្យ​ក្មេង​ធ្វើការ​បោះបង់​ការ​សិក្សា​រៀនសូត្រ​។

គួរ​រំលឹក​ផង​ដែរ​ថា ការ​បើក​យុទ្ធនាការ​យប់​ថ្ងៃ​ទី​២៧​ មិថុនា​ នោះ​ត្រូវ​បាន​ពលរដ្ឋ ដែល​រស់នៅ​ជិត​ទីតាំង​ហ្គេ​ម ទាំង​​២​សង្កាត់​នោះ និង​​អាណាព្យាបាល​សិស្ស​ ធ្វើការ​សាទរ​នូវ​រាល់​ចំណាត់ការ​របស់​គណៈ​អភិបាលខេត្ត​សៀម​រាប និង​កង​រាជ​អាវុធហត្ថ​ខេត្ត ដែល​បាន​ចុះ​បង្ក្រាប​ទូ​ហ្គេ​ម​ទាំងនោះ​ដើម្បី ការពារ​សុវត្ថិភាព សន្តិសុខ​ជូន​ប្រជា​ពលរដ្ឋ​ទូ​ទាំង​ក្រុង​សៀមរាប​ផង​ដែរ ​៕​