ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេប៉េអឹម​ខេត្ត​​សៀមរាបបញ្ជា​​​ឱ្យ​សង់​​ខ្លោងទ្វារចេញ-ចូល​បែរមុខ​ទៅ​​​ទិស​ខាង​កើត​វិញ

8 ឆ្នាំ មុន

ខេត្តសៀមរាប​ ៖​ មន្ត្រី​កងរាជអាវុធហត្ថ​មួយ​រូប​បាន​បង្ហើប​ថា​ ​ដោយសារ​តែ​មាន​ជំនឿ​​ដ៏ង៉ុប​ង៉ុល​លើ​គ្រូ​ចិន​សែ​​​មក​ពី​ប្រទេស​ថៃ

ខេត្តសៀមរាប​ ៖​ មន្ត្រី​កងរាជអាវុធហត្ថ​មួយ​រូប​បាន​បង្ហើប​ថា​ ​ដោយសារ​តែ​មាន​ជំនឿ​​ដ៏ង៉ុប​ង៉ុល​លើ​គ្រូ​ចិន​សែ​​​មក​ពី​ប្រទេស​ថៃ «ខ្លោងទ្វារ​ចេញ​-​ចូល​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ បច្ចុប្បន្ន​បែរមុខ​ទៅ​ទិស​ខាងលិច ​​ត្រូវ​វាយ​កម្ទេច​ចោល ហើយ​បង្វែ​រទៅ​​រក​ទិស​ខាងកើត​ក្រោយ​ព្រះរាជ​ដំណាក់​វិញ​ម្តង​» ​។ នេះ​ជា​ការ​សម្រេច​ចិត្ត​របស់​លោក​វរ​សេនីយ៍​ឯក ​ប៉ោ វណ្ណ​និ​ត ​​​ដែល​​​គិត​ថា​ ជា​ការពង្រឹង​​​អានុភាព​ដឹកនាំ​របស់​គាត់​ឲ្យ​ដល់​កម្រិត​កំពូល​ ។   

​មន្ត្រី​កងរាជអាវុធហត្ថ​ដែល​​សុំ​មិន​បញ្ចេញ​ឈ្មោះ​ម្នាក់​​បាន​ឱ្យ​ដឹង​ថា​ «​បើ​គ្មាន​អ្វី​ប្រែប្រួល​ទេ ផែនការ​វាយ​កម្ទេច​ខ្លោងទ្វារ​នឹង​ត្រូវ​ចាប់ផ្តើម​នៅ​ថ្ងៃ​​ស្អែក ថ្ងៃទី​៣០ ឧសភា ​​​តំណាលគ្នា​​នេះដែរ ក៏​ត្រូវ​វាយ​បំផ្លាញ​អគារ​ល្វែង​ខាងកើត​ចំនួន៤​ម៉ែត្រ ទម្លុះ​របង​ដើម្បី​រៀបចំ​ខ្លោងទ្វារ​ថ្មី​»​ ។ ​ ​ការ​សម្រេចចិត្ត​បង្វែ​រខ្លោងទ្វារ​ចេញ​-​ចូល​បញ្ជាការដ្ឋាន​​​ធ្វើ​ឡើង​តាម​ការ​ចង្អុលបង្ហាញ​របស់​គ្រូ​ចិន​សែ​មួយ​រូប ​ដែល​​​លោក ប៉ោ វណ្ណ​និ​ត ​ជួល​មក​ពី​ប្រទេស​ថៃ ដើម្បី​ប្រ​មើលមើល​ទីតាំង​ភូមិសាស្ត្រ​ (​ហុង​ស៊ុ​យ​) ​នៅ​ក្នុង​បរិវេណ​​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ ។

​​គ្រូ​​ចិន​សែ​បាន​អះអាង​ថា​ ខ្លោងទ្វារ​ប​ច្ចុ​ប្បន្ន​​បែរ​ខុស​ទិស គឺ​បែរមុខ​ទៅ​ទិស​ខាងលិច​ជា​ទិស​ខ្មោច ​​​​​ផ្លូវ​បែក​ជា​បួន ​​ភូមិសាស្ត្រ​មិនល្អ ដែល​អាច​នាំ​មក​នូវ​ភាព​ច​ម្រូង​ចម្រាស​ពិបាក​ក្នុង​ការ​ដឹកនាំ​កងកម្លាំង ទាំង​ក្នុង​ពេល​បច្ចុប្បន្ន និង​អនាគត ដូច្នេះ​បើ​ចង់​ពង្រឹង​អំណាច​ឲ្យ​កូនចៅ​ថ្នាក់​ក្រោម​គោរព​ស្រឡាញ់ រាប់អាន ព្រមទាំង​ស្តាប់បង្គាប់ ថែម​ទាំង​មាន​សេចក្តីសុខ ត្រូវ​តែ​សង់​ខ្លោងទ្វារ​បែរមុខ​ទៅ​រកទិស​ខាងកើត​វិញម្តង ​។

ទោះបីជា​បែប​នេះ​ក្តី​ មន្ត្រី​កង​រាជ​អាវុធហត្ថ​ខ្លះ​ក៏​បាន​សម្តែង​​ការ​មិន​ពេញចិត្ត​ចំពោះ​គម្រោង​​វាយ​កម្ទេច​ខ្លោងទ្វារ​ចាស់​​​ ដោយ​​​អះអាង​ថា​ គម្រោងការ​​នេះមិន​បាន​​​​​ធ្វើ​សេចក្តី​​ជូនដំណឹង​ទៅ​​ក្រសួង​ការពារជាតិ ឬ​ក៏​ពិភាក្សា​ជាមួយ​មន្ត្រី​ថ្នាក់​ក្រោម​អ្វី​ទាំងអស់ គឺជា​គំនិត​របស់​លោក​មេបញ្ជាការ​តែ​ម្នាក់​គត់ ​។ ​បញ្ជា​ការ​ដ្ឋាន​កង​រាជ​អាវុធ​ហត្ថ​​ខេត្ត​នេះ មិនមែន​ជា​កម្មសិទ្ធិ​ផ្តាច់មុខ​របស់​​បុគ្គល​ណា​ម្នាក់​ឡើយ ។

​គួរ​បញ្ជា​ក់ថា​ ​លោក​​ ប៉ោ វណ្ណ​និ​ត ​ជា​កូនប្រសារ​បស់​​លោក​ឧត្តមសេនីយ​ផ្កាយ​៤ ​សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ត្រូវជា​កូន​បង្កើត​របស់ លោក ប៉ោ វណ្ណៈ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ដបាត់ដំបង​​  ត្រូវ​បាន​ប្រកាស​តែងតាំង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ដសៀមរាប កាលពី​ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ​​២០១៥ ​កន្លង​ទៅ  ​ជំនួស​លោក​ឧត្ដមសេនីយ៍ត្រី ម៉​ន សា​ម៉ុ​ន ដែល​បាន​កាន់​តំណែង​ជា​មេបញ្ជាការ​ខេត្ដ​នេះ​អស់​រយៈពេល​២១​ឆ្នាំ​កន្លង​មក ​។

​ទោះបី​ជា​យ៉ាងណាក្តី​ នៅ​រសៀល​ថ្ងៃ​​ទី២៩ ឧសភា គេ​មិន​អាច​ស្វែង​ជួប​លោក​វរ​សេនីយ៍ឯក ប៉ោ វណ្ណ​និ​ត មេបញ្ជាការ​កងរាជអាវុធហត្ថខេត្ត ដើម្បី​សុំ​បំភ្លឺ​ជុំវិញ​ព័​ត៌មាន​ខាងលើនេះ​បាន​ឡើយ ​៕

ព័ត៌​មាន​ពិស្តារ​​មាន​ផ្សាយជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព​