ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​២៦​គ្រួសារ​ព្រួយ​បារ​ម្ភ​គ្មាន​ដី​សង់​ជ​ម្រក ខ​ណៈ​អាជ្ញាធរ​គ្រោង​អភិវឌ្ឍន៍​ផ្លូវ

8 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖​ ពលរដ្ឋ​ប្រមាណ​២៦​គ្រួ​សារបាន​នាំ​គ្នា​កាន់​រូបថត​សម្ដេច​តេ​ជោ​ និង​លោក​ជំទាវ​កិត្តិ​​ព្រឹទ្ធ​បណ្ឌិត​ប៊ុ​ន​រ៉ា​នី​ ហ៊ុន​សែន​ ហើយ​អំពាវនាវ​រក​យុ​ត្តិ​ធ​ម៌​ចង់បាន​គោលនយោបាយ​សមរម្យ​មួយ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖​ ពលរដ្ឋ​ប្រមាណ​២៦​គ្រួ​សារបាន​នាំ​គ្នា​កាន់​រូបថត​សម្ដេច​តេ​ជោ​ និង​លោក​ជំទាវ​កិត្តិ​​ព្រឹទ្ធ​បណ្ឌិត​ប៊ុ​ន​រ៉ា​នី​ ហ៊ុន​សែន​ ហើយ​អំពាវនាវ​រក​យុ​ត្តិ​ធ​ម៌​ចង់បាន​គោលនយោបាយ​សមរម្យ​មួយ​ បន្ទាប់​ពី​មាន​ព័​ត៌មាន​ថា​ អាជ្ញា​ធរមាន​គម្រោង​ឲ្យ​ពួក​គាត់​រុះរើ​សំណង់​ដែល​កំពុង​រស់នៅ​លើ​ដី​ចំណី​ផ្លូវ​។​

ហេតុការណ៍​ខាងលើ​បាន​កើតឡើង​កាលពី​វេលា​ម៉ោងជាង​៥​ល្ងាច​ ថ្ងៃ​ទី​២៨​ ឧសភា​ ២០១៥​ នៅ​ភូមិ​ក្បាលស្ពាន​០១​ សង្កាត់​ និង​ក្រុង​ប៉ោយ​ប៉ែ​ត​។​ នៅ​កន្លែង​កើតហេតុ​គេ​ឃើញ​លំនៅ​ឋា​ន​លើ​ដី​ចំណី​ផ្លូវ​ជា​ច្រើន​ខ្នង​ធ្វើ​ឲ្យ​ដងផ្លូវ​ទៅ​ជា​តូច​ចង្អៀត ​ប៉ុន្តែ​ករណី​នេះ​បាន​កើត​មាន​ជា​យូរ​ឆ្នាំ​មក​ហើយ​។​

ក្រុម​ពលរដ្ឋ​បាន​លើក​ឡើង​ថា​ ពួក​គាត់​បាន​រស់នៅ​លើ​ដី​ចំណី​ផ្លូវ​នេះ​តាំងពី​ឆ្នាំ​១៩៩៩​ និង​អ្នកមួយ​ចំនួន​រស់នៅ​ក្នុង​ឆ្នាំ​២០០០​។​ ពួក​គាត់​បន្ត​ថា​ ការ​រស់នៅ​លើ​ដី​ចំណី​ផ្លូវ​ គឺ​ដោយសារ​គ្រានោះ​ពួក​គាត់​គ្មាន​ដី​រស់នៅ​។​បុរស​ឈ្មោះ​ចាន់​ ស៊ី​ថា​ អាយុ​៥៤​ឆ្នាំ ​មុខរបរ​ជា​អ្នក​រត់​ម៉ូតូ​ឌុប​ដែល​គាត់​ក៏​ជា​គ្រួសារ​មួយ​រស់នៅ​លើ​ដី​ចំណី​ផ្លូវ​ដែរ​នោះ​បាន​ប្រាប់​ថា ​កន្លង​ទៅ​ថ្មី​ៗ​នេះ​មានផ្ទះ​មួយ​ចំនួន​ខូច​ទ្រុឌ​ទ្រម​ត្រូវ​ជួសជុល​ ព្រោះ​ជិត​ដល់​រដូវភ្លៀង​ធ្លាក់​ទៅ​ហើយ​តែ​ត្រូវ​បាន​អាជ្ញាធរ​ហាមឃាត់​ ម្យ៉ាង​កាលពី​ថ្ងៃ​ទី​១១​ ឧសភា​កន្លង​ទៅ​ថ្មី​ៗ​នេះ​នៅ​ពេល​ដែល​គាត់​ទៅ​កាន់​ផ្ទះ​លោក​អ៊ា​ន​ សា​រឿ​ន ​មេ​ភូមិ​ក្បាលស្ពាន​០១​ ដើម្បី​ស្រាវជ្រាវ​អត្តសញ្ញាណ​ប័ណ្ណ​ឲ្យ​កូន​មេ​ភូមិ​រូប​នេះ​ប្រាប់​គាត់​ថា​ អាជ្ញាធរ​នឹង​ធ្វើការ​អភិវឌ្ឍន៍​ផ្លូវ​ចំណុច​ដែល​គាត់​រស់នៅ​ ហើយ​ហាមឃាត់​រាល់​សំណង់​ចាស់​រើ​ធ្វើ​ថ្មី​ និង​ជួសជុល​ ព្រោះ​ត្រូវ​អនុវត្តន៍​សាលក្រម​របស់​តុលាការ​។

​​​មេ​ភូមិ​រូប​នោះ​បន្ត​ថា​ ការ​អនុវត្តន៍​សាលដីការបស់​តុលាការ​នេះ​នឹង​មិន​មាន​សំណង​ ​មិន​មានការ​ដោះ​ដូរ​នោះ​ទេ​។ ​ក្រុម​ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ថា ​ពួក​គាត់​មិន​ប្រឆាំង​ទៅ​នឹង​ការ​អភិវឌ្ឍន៍​របស់​អាជ្ញាធរ ​ឬ​រាជ​រដ្ឋ​ភិ​បាល​នោះ​ទេ ​ប៉ុន្តែ​សំណូមពរ​សុំ​ឲ្យ​មានការ​ដោះស្រាយ​គោលនយោបាយ​ឲ្យ​បាន​សមរម្យ​ណាមួយ​ដល់​ពួ​កគាត់ ​ដោយ​ពួក​គាត់​លើក​ឡើង​ថា​ រស់នៅ​ចំណុច​កើតហេតុ​រាប់​ឆ្នាំ​មក​ហើយ​។

​ជុំវិញ​ព័​ត៌មាន​ខាងលើ​លោក​នុ​ត ​លី ​ចៅសង្កាត់​ប៉ោយ​ប៉ែ​ត​ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​ថា​ អាជ្ញាធរ​មិន​មាន​គម្រោង​បណ្ដេញ​ពលរដ្ឋ​ទាំង​២៦​គ្រួសារ​ចេញពី​ដី​ចំណី​ផ្លូវ​ដោយ​គ្មាន​សំណង ​ឬ​គោលនយោបាយ​ដូច​ការ​លើក​ឡើង​របស់​ពលរដ្ឋ​នោះ​ទេ​។

​លោក​ចៅសង្កាត់​បន្ត​ថា​ អាជ្ញាធរ​គ្រាន់តែ​មាន​គម្រោង​អភិវឌ្ឍន៍ ​ហើយ​ជូនដំណឹង​ឲ្យ​ពួក​គាត់​ដឹង​ជា​មុន​តែ​ប៉ុណ្ណោះ​។​ លោក​បន្ត​ថា ​ពេល​នេះ​អាជ្ញាធរ​កំពុង​ច​ចារ​ជាមួយ​ម្ចាស់​ដី​ដែល​ពលរ​ដ្ឋទាំង​២៦​គ្រួសារ​រស់នៅ​បាំង​ពីមុខ​ដើម្បី​ដោះស្រាយ​ទាំង​ការ​រុះរើ​ និង​រក​ទិញ​ដី​ដោះស្រាយ​មុន​ឲ្យ​ពួក​គាត់​ចាក​ចេញពី​ចំណុច​កើតហេតុ​។​

ទោះជា​យ៉ាងណា​យោង​លើ​ឯកសារ​មួយ​ច្បាប់​របស់​សាលាក្រុង​ប៉ោយ​ប៉ែ​ត​ចុះ​ថ្ងៃ​ទី​១៩​  ឧសភា ២០១៥​ ជម្រាប​ជូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​លើ​ដី​ចំណី​ផ្លូវ​សា​ធារ​ណៈរបស់​រដ្ឋ​ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​០១ ​ស្ដី​ពី​ការ​រុះរើ​សំណង់​,​ តូប​, ​រោង ​និង​សំ​យ៉ាប​ផ្ទះ​លើ​ផ្លូវ​សា​ធារ​ណៈ​។​

រដ្ឋបាល​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ស្នើឲ្យ​ពលរដ្ឋ​ដែល​មាន​លំនៅ​ឋា​ន​,​ តូប​,​ សំ​យ៉ាប​ផ្ទះ​លើ​ដី​ចំណី​ផ្លូវ​ចំនួន​២​ខ្សែ​រុះរើ​ឲ្យ​បាន​មុន​ថ្ងៃ​ទី​៣១​ ឧសភា​ ២០១៥ ​ដោយ​ក្នុង​ឯកសារ​បាន​លើក​ឡើង​ថា ​ករណី​មិន​រុះរើ​រដ្ឋបាល​ក្រុង​នឹង​ចាត់​ឲ្យ​គ​ណៈ​កម្ម​ការ​ចុះ​រុះរើ​ដោយ​មិន​ទទួលខុសត្រូវ​រាល់​ការ​ខូចខាត​នូវ​ទ្រព្យ​សម្បត្តិ​ផលប្រយោជន៍​ផ្សេង​ៗ​ឡើយ​។

​ដើម្បី​កែ​លម្អ​សោភ័ណ​ភាព​ក្រុង ​ក្រៅពី​សំណង់​លើ​ដី​ចំណុច​ផ្លូវ​របស់​ប្រជាពលរដ្ឋ​សង្ឃឹមថា​ អាជ្ញាធរ​នឹង​ចាត់វិធានការ​លើ​សំណង់​បិទផ្លូវ​ជា​ច្រើន​កន្លែង​ក្នុង​ក្រុង​ ដែល​កន្លែង​ខ្លះ​ជា​ឃ្លាំង​ កន្លែង​ខ្លះ​ផ្ទះថ្ម​ និង​កន្លែង​ខ្លះ​ជា​ផ្ទះ​ជួល​ និង​កន្លែង​ខ្លះ​ជា​ក្លិប​កំសាន្ត​ខារ៉ាអូខេ​យីហោ​(​អ៊ិ​ច​ស្តារ​)​ជាដើម​៕​​