ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ​ន ផល្លា សាក​កម្លាំង​ជើង​ខ្លាំង ជុន សា​វុ​ធ នៅ SEA-TV ថ្ងៃខានស្អែក

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តាំងពី​មានឈ្មោះ​ល្បីល្បាញ កីឡាករ​ផ​ន ផល្លា ដែល​មនុស្ស​ភាគច្រើន​ស្គាល់ឈ្មោះ​ចាស់​ថា គង់ វង្ស​រាជ មិន​ដែល​បាន​សាក​កម្លាំង​ជាមួយ​កីឡាករ​ជើង​ខ្លាំង ជុន សា​វុ​ធ នោះ​ទេ ។

រាជធានី​ភ្នំពេញ ៖ តាំងពី​មានឈ្មោះ​ល្បីល្បាញ កីឡាករ​ផ​ន ផល្លា ដែល​មនុស្ស​ភាគច្រើន​ស្គាល់ឈ្មោះ​ចាស់​ថា គង់ វង្ស​រាជ មិន​ដែល​បាន​សាក​កម្លាំង​ជាមួយ​កីឡាករ​ជើង​ខ្លាំង ជុន សា​វុ​ធ នោះ​ទេ ។ ប៉ុន្តែ​នៅ​ថ្ងៃ​សៅរ៍ ទី​៣០ ឧសភា ស្អែក អ្នក​ទាំង​ពីរ​បាន​ប៉ះ​គ្នា​ហើយ​ដើម្បី​សាកល្បង​កម្លាំង​រៀងខ្លួន ។ ការ​ប្រកួត​រវាង​កីឡាករ​ទាំង​២ នឹង​ធ្វើ​ឡើង​នៅ​លើ​សង្វៀន​ទូរទស្សន៍ SEA-TV ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ពេល​រសៀល ។

អ្នក​ទាំង​ពីរ​នេះ​នឹង​ត្រូវ​ប៉ះ​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម ដែល​ជា​ការ​ប៉ះ​គ្នា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​បន្ទាប់​ពី​ភាគី​ម្ខាង​ៗ​មានឈ្មោះ​បោះ​សំឡេង​នៅ​ក្នុង​ពិភព​ប្រដាល់​នោះ​ផង​ដែរ ។ យោង​តាម​ប្រវត្តិ ផ​ន ផល្លា គឺជា​អ្នក​ប្រដាល់​ជើង​ចាស់​ដែល​មាន​ស្នៀត​ប្រដាល់​មុត​ស្រួច ហើយ​អាច​និយាយ​បាន​ថា ក្នុង​ចំណោម​កីឡាករ​ដែល​មាន​ប្រភេទ​ទម្ងន់​ប្រហែល​គ្នា និង​មាន​វ័យ​ស្របាល​គ្នា គឺ​ពិបាក​វាយ​ស៊ី​គេ​ណាស់ ។ ប៉ុន្តែ ជុន សា​វុ​ធ ឯណោះ​វិញ ក៏​មិន​ណ​យ​នោះ​ដែរ​ដោយសារ​តែ​គេ គឺជា​កីឡាករ​ចាស់វស្សា​ដែល​ក្រៅពី​មានបទពិសោធន៍​ពេញ​ខ្លួន ក៏​នៅ​មាន​កម្លាំង​ស៊ុ​ហ្វ​ខ្លាំង និង​មាន​ថាមពល​មិន​ទាន់​ចុះ​ខ្សោយ​នៅឡើយ ។ ជុន សា​វុ​ធ គឺជា​ជើង​ខ្លាំង​ម្នាក់​ដែល​កីឡាករ​ស្របាល​គេ ឬ​ជើង​ចាស់​មុន​ជំនាន់​សុទ្ធតែ​មិន​អាច​មើល​ស្រាល​ដោយសារ​ការ​ប្រើ​ក្បាច់គុន និង​កម្រិត​វាយលុក​របស់​គេ​នៅ​តែ​ល្អ​ដែល​អាច​និយាយ​បាន​ថា នៅ​មាន​កម្លាំង​ពេញ​នៅឡើយ ។ បើ​ទោះជា​មួយ​រយៈ​ចុង​ក្រោយ​គេ​បាន​រយាល​ពី​ការ​ឡើង​រេញ ក៏​សន្ទុះ​នៃ​ការ​សម្រេច​ផល​នៅ​តែ​ល្អ​ធ្វើ​ឱ្យ​អ្នកគាំទ្រ​ពេញចិត្ត​។ ទោះបី​យ៉ាងណា គេ​ក៏​មិន​អាច​ប្រដូច​នឹង​លទ្ធផល​ប្រកួត​ដែល​កីឡាករ​រូប​នេះ​ធ្លាប់​សម្រេច​បាន​កាលពី​មួយ​រយៈ​មុន​នោះ​ដែរ ដោយសារ​តែ​វ័យ​ក៏​កាន់តែ​ជ្រេ ហើយ​ការ​ចូលខ្លួន​ហ្វឹកហាត់​ក៏​មិនសូវ​សស្រាក់សស្រាំ ។ ជុន សា​វុ​ធ ជា​កីឡាករ​នៅ​មាន​កណ្ដាប់ដៃ និង​ជើង​ធ្ងន់ ហើយ​បើ​ទោះជា​ការ​វាយ​ចេញ​ហាក់​មិនសូវ​ច្បាស់​បន្តិច​មែន ក៏​អ្នក​ទស្សនា​មើលឃើញ​ថា ការ​ប្រើ​កម្លាំងបាយ​របស់​គេ​នៅ​ទទួល​បាន​ផ្លែផ្កា​ជា​ជាង​ការ​ប្រើ​បច្ចេកទេស​នោះ​ទៅ​ទៀត ។ កីឡាករ​នេះ​បើ​គិត​ពី​ស្នាដៃ​អតីតកាល គេ​ល្អ​ជាង ផ​ន ផល្លា និង​ជា​រៀមច្បង​ល្អ​ម្នាក់ ទើប​អ្នក​ណា​ក៏​យល់​ថា ការ​ប៉ះ​ប្រកួត​របស់​អ្នក​ទាំង​ពីរ​នៅ​វេលា​រសៀល​ថ្ងៃស្អែក គឺ​ការ​សាក​កម្លាំង​របស់ ផ​ន ផល្លា ទៅ​លើ​ជើង​ចាស់ និង​ជា​ជើង​ខ្លាំង ជុន សា​វុ​ធ ។

លោក​ញាណ សុធី អ្នក​រៀបចំ​ការ​ប្រកួត​ប្រចាំ​ស្ថានីយទូរទស្សន៍​អាស៊ី​អាគ្នេយ៍​ប្រាប់​ថា កីឡាករ​ជុន សា​វុ​ធ ទើបតែ​បាន​បង្ហាញខ្លួន​ឡើង​ប្រកួត​នៅ​លើ​សង្វៀន​ទូរទស្សន៍​របស់​លោក​២​លើក​ទាំង​លើក​ហ្នឹង​ប៉ុណ្ណោះ ដោយ​ការ​ប្រកួត​លើក​មុន គេ​បាន​ឈ្នះ​កីឡាករ​វ័យក្មេង និង​ជើង​ខ្លាំង ចាន់ គង់​រាជ មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ​ដោយ​ពិន្ទុ ។ ប៉ុន្តែសម្រាប់​ប៉ុស្ដិ៍​ផ្សេង កីឡាករ​រូប​នេះ​ឡើង​រេញ​ស្ទើរ​រាប់​ភ្លេច​ទៅ​ហើយដោយ​ការ​ឡើង​រេញ​របស់​គេ គឺ​មិនសូវ​ជា​ធ្វើ​ឱ្យ​អ្នក​ទស្សនា​ខកចិត្ត​ឡើយ​។ លោក​មាន​ជំនឿ​ថា នេះ​ជា​ការ​ប្រកួត​ដែល​ធ្វើ​ឱ្យ ផ​ន ផល្លា ហ៊ឹង​ត្រចៀក ដោយសារ​តែ ផ​ន ផល្លា បើ​ទោះជា​អាច​ឈ្នះ​បាន ក៏​ត្រូវ​ប្រថុយ​ដោយ​សាច់​ស្រស់ ឈាម​ស្រស់ ហើយ​ស្រួល​មិន​ស្រួល​អាច​មាន​របួស ឬ​អាច​នឹង​ចាញ់​ក្នុង​ការ​តស៊ូ​នោះ​ផង ។ លោក​មើលឃើញ​ថា កីឡាករ​ទាំង​ពីរ​មិន​ស៊ីសង​គ្នា​នោះ​ទេ ប៉ុន្តែ​សម្រាប់​អ្នក​ទស្សនា​គឺ​ពិតជា​ជ្រើស​យក ផ​ន ផល្លា ច្រើន​ជាង ដោយសារ​តែ ផ​ន ផល្លា គេ​ជា​កីឡាករ​វ័យក្មេង និង​នៅ​មាន​កម្លាំង​ប្រយុទ្ធ​មុត​ជាង ។ គាប់​ជួន​ជា​ជុន សា​វុ​ធ ត្រូវ​គេ​មើលឃើញ​ថា មិនសូវ​រឹងប៉ឹង​សម្រាប់​ជំហរ និង​អន់​ជើង​ក្រោម​ផង ទើប​អ្នក​ស្នេហា​វិស័យ​ប្រដាល់​ថ្លែង​ការ​ចាប់អារម្មណ៍​ច្រើន​ជាង​គូប្រកួត ។ បើ​ទោះជា ជុន សា​វុ​ធ សម្បូរ​ល្បិច និង​មាន​បច្ចេកទេស​ពិបាក​មើល​ស្រាល ក៏​ការ​ប្រកួត​ចាញ់ ចាន់ ស៊ី​ណាត មក​ពី​ក្លិប​និរោធ​មាន​ជ័យ​ក្នុង​ទឹក​ទី​៤ កាល​លើក​ចុង​ក្រោយ​ធ្វើ​ឱ្យ​អ្នកគាំទ្រ​មាន​មន្ទិល​សម្រាប់​ការ​ប្រកួត​លើក​នេះ​ដែរ ។ អ្នក​ស្នេហា​ការ​ប្រដាល់​ទាយ​ថា គូ​នេះ ផ​ន ផល្លា នឹង​ឈ្នះ បើ​ទោះជា​ឈ្នះ​ដោយ​តានតឹង​បន្តិច​ក្ដី ។ ប៉ុន្តែ​ក៏​មាន​អ្នក​បង្ហាញ​ការ​មិន​ជឿជាក់​លើ​ភាគី​ណា​ម្នាក់​ផង​ដែរ​ដោយសារ​តែ ផ​ន ផល្លា ក៏​បាន​ចាញ់​កីឡាករ​ហេង វាសនា មក​ពី​ក្លិប​ព្រៃ​ទទឹង​ខេត្តបាត់ដំបង​ក្នុង​ទឹក​ទី​៣ ក្នុង​ការ​ប្រកួត​លើក​ចុង​ក្រោយ​ដូច​គ្នា ។

នៅ​ក្នុង​ព្រឹត្តិការណ៍​នោះ​ដែរ កីឡាករ​ល្អ និង​មាន​សមត្ថភាព​ផ្សេង​ទៀត ក៏​បាន​បង្ហាញខ្លួន​មុន​ការ​ប៉ះ​ប្រកួត​របស់​កីឡាករ​ទាំង​២​ផង​ដែរ​ដើម្បី​ញ៉ាំង​កម្មវិធី​ប្រដាល់​នា​ពេល​រសៀល​នោះ​ឱ្យ​មើលទៅ​ទាក់ទាញ និង​ប្រកបដោយ​ភាព​ជក់ចិត្ត​។ ការ​ប្រកួត​នោះ​រួម​មាន កីឡាករ​រិ​ទ្ធ ប្រាក់​ប៊ិ​ន មក​ពី​ក្លិប​កងពលតូច​លេខ​៧០ ប៉ះ​ប្រកួត​ជាមួយ​កីឡាករ​ថា​ន រ៉ា​ឌី មក​ពី​ក្លិប​សម្រែក​រាជសីហ៍​បង្ក្រាប​គ្រឿងញៀន​ក្នុង​នាម​ជា​គូ​សងសឹក ។ គូ​នេះ កាលពី​២​ស​ប្ដា​ហ៍​មុន កីឡាករ​រិ​ទ្ធ ប្រាក់​ប៊ិ​ន វាយ​ឈ្នះ រ៉ា​ឌី ទាំង​ត្រដាបត្រដួស ទើប​គេ​រង់ចាំ​មើល​ថា តើ​អ្នក​ធ្លាប់​ចាញ់​ពី​មុន​នឹង​សងសឹក​បាន ឬ​ក្លាយជា​អ្នក​ចាញ់​ទៀត ? គូ​បន្ទាប់​រួម​មាន ខឹ​ក សុ​ខឿន មក​ពី​ក្លិប​កងពលតូច​ទ័ព​ឆត្រយោង​៩១១ ជួប​សងសឹក​ដូច​គ្នា​ជាមួយ​កីឡាករ​ស៊ឹ​ម ប៊ុ​ន​ឆៃ មក​ពី​ក្លិប​ព្រៃ​ទទឹង​ខេត្តបាត់ដំបង ។ គូ​នេះ​កាល​ប្រកួត​លើក​មុន​មាន​សភាព​ល្អមើល​ណាស់ ហើយ​ក៏​ទទួល​បាន​ភាព​ទាក់ទាញ​ខ្លាំង​ណាស់​ដែរ​។ គូ​បន្ទាប់ គឺ​ការ​ប៉ះ​គ្នា​រវាង​កីឡាករ​រស់ វិបុល មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា ឡើង​សងសឹក​ដូច​គ្នា​ជាមួយ​កីឡាករ គង់ ហ៊ូ​វ មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ៕