ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ជំនាញ​ព្រួយបារម្ភ​ពី​បំរែបំរួល​អាកាសធាតុ​​ ខណៈត្រី​ជិត​២០០តោន​​បានងាប់នៅ​តំបន់​អភិរក្ស​ទន្លេ​ឆ្មា​

8 ឆ្នាំ មុន

ខេត្ត​កំពង់​ធំ​ ៖ ខណៈ​ដែល​ត្រី​គ្រប់​ប្រភេទ​ប្រមាណ​ជិត​២០០​តោន នៅ​តំបន់​អភិរក្សទន្លេ​ឆ្មា ក្នុងភូមិ​សាស្ត្រ​ឃុំ​ពាម​បាង ស្រុក​ស្ទោង ខេត្តកំពង់ធំ បាន​ងាប់​ជាបន្តបន្ទាប់ បន្ទាប់​ពី​មាន​ខ្យល់ព្យុះ​បោកបក់នា​ដើមរដូវ​វស្សា​

ខេត្ត​កំពង់​ធំ​ ៖ ខណៈ​ដែល​ត្រី​គ្រប់​ប្រភេទ​ប្រមាណ​ជិត​២០០​តោន នៅ​តំបន់​អភិរក្សទន្លេ​ឆ្មា ក្នុងភូមិ​សាស្ត្រ​ឃុំ​ពាម​បាង ស្រុក​ស្ទោង ខេត្តកំពង់ធំ បាន​ងាប់​ជាបន្តបន្ទាប់ បន្ទាប់​ពី​មាន​ខ្យល់ព្យុះ​បោកបក់នា​ដើមរដូវ​វស្សា​តាំង​ពី​ថ្ងៃ​ទី២៣ដល់​​​ថ្ងៃ​ទី២៦ ឧសភា  ២០១៥ កន្លង​ទៅ​នេះ មន្ត្រី​ជំនាញបាន​សំដែង​ការ​ព្រួយបារម្ភ​​យ៉ាង​ខ្លាំង ពិសេស​ទៅ​លើ​បញ្ហា​បំរែបំរួលនៃ​អាកាសធាតុ ។

ប៉ុន្មាន​នាទី​តាម​ប្រព័ន្ធ​ទូរស័ព្ទ នា​រសៀល​ថ្ងៃ​ទី​២៧ ឧសភា ​​២០១៥ លោក​ អេ​ង ជា​សាន្ត ប្រធាន​រដ្ឋបាល​ជលផលបាន​គូសបញ្ជាក់​ថា លោក​មានការ​ព្រួយបារម្ភ​​​យ៉ាង​ខ្លាំង​ពី​បញ្ហា​សីតុណ្ហ​ភាព កំ​ដៅ​ឡើងខ្លាំង​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​តំបន់​អភិរក្ស​ទន្លេ​ឆ្មា ព្រោះថា​នៅតំបន់​នោះ​ស្ថានភាព​ទឹក​គោក​រាក់​។

លោក​​បាន​បន្ត​ថា ចំពោះ​​បញ្ហា​ប្រឈមមុខ​ ខាង​ជំនាញនឹង​ខិតខំ​រិះរក​វិធីសាស្ត្រថា​ត្រូវធ្វើ​យ៉ាងណា​ដើម្បី​ឲ្យមានទឹក​គ្រប់​គ្រាន់​សំរាប់​ផ្គត់​ផ្គង់​តំបន់​នោះ ដើម្បី​បញ្ចៀស​ផល​ប៉ះពាល់ ។ ម្យ៉ាងទៀតលោក​ក៏​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​កុំ​ចូល​ទៅជិត​តំបន់​នោះ និង​កុំ​ប្រើប្រាស់​ឧ​បករ​ណ៍​ណា​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អាយុជីវិត​មច្ឆា ។ ប៉ុន្តែ​លោកបាន​បញ្ជាក់​ថា ចំពោះ​ស្ថានភាព​ត្រី​ងាប់ គឺ​ប្រជាពលរដ្ឋ​អាចដង​យក​ទៅ​ប្រើ​ការ​តាម​តំរូវការ​ចុះ ។

ជុំវិញ​ការ​បាត់បង់​ធនធាន​មច្ឆ​ជាតិ​ចំនួន​១៧៦​តោន នៅ​តំបន់​អភិរក្ស​ធនធានធម្មជាតិ​អេកូឡូស៊ី ទន្លេ​ឆ្មា ត្រូវ​បាន​លោក ប៉ែន វណ្ណ​រិ​ទ្ធ នាយខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ធំបាន​ឲ្យ​ដឹង​ថា នេះ​មិនមែន​ជា​លើក​ទី​១ នោះ​ឡើយ ដែល​ត្រី​គ្រប់​ប្រភេទនៅ​តំបន់​អភិរក្ស​ទន្លេ​ឆ្មាបាន​ងាប់ ពោលគឺជា​រៀង​រាល់​ឆ្នាំ នៅ​អំឡុង​ខែឧសភា ត្រី​នៅ​តំបន់​នេះ​តែងតែ​ងាប់​រាបរយតោន ។

ទាក់ទង​ស្ថានភាព​ជាក់ស្ដែង លោកនាយ​ខ​ណ្ឌ​បាន​បន្ត​ថា ក្នុង​អំឡុងខែ​នេះ ទឹក​កំពស់​ប្រមាណ​ជា​២​ទៅ​៣​តឹក​តែ​ប៉ុណ្ណោះ និង​មាន​ល្បាប់​ភក់ច្រើន នៅ​ពេល​មាន​ខ្យល់ព្យុះ​ម្ដង​ៗ ​គឺ​បាន​ធ្វើ​ឲ្យ​ទឹក និង​ល្បាប់​ភក់​កករ​ល្អក់ និង​បាន​ធ្វើ​ឲ្យ​បាត់​អុក​ស៊ី​សែន ។

វិធានការ​ចំពោះ​មុខ ​​​​រដូវ​បិទនេសាទ​ជិត​ចូល​មក​ដល់ លោក​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ​​ធ្វើ​យ៉ាង​ណាចូលរួម​អភិរក្ស​ពូជ​ត្រីគ្រប់​ប្រភេទ​ដែល​ជា​ធនធានធម្មជាតិ​របស់​យើង​ទាំងអស់​គ្នា​កុំ​ឲ្យ​បាត់បង់​៕   ​