ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចៅក្រមសាលាដំបូងខេត្តរតនគិរី ចេញដីកា​ឃាត់ខ្លួនបុរសម្នាក់​តាំងខ្លួនជាឧកញ៉ា

8 ឆ្នាំ មុន

ខេត្តរតនគិរី​៖ ចៅក្រម​សាលាដំបូង​ខេត្ត លោកស្រី ជ័យ មាលា បាន​ចេញ​ដីកា​ឃាត់ខ្លួន​បុរស​ម្នាក់​ដែល​តាំង​ខ្លួនឯង​ជា​ឧកញ៉ា ​​កាលពី​ព្រឹក​ថ្ងៃ​ទី​២៧ ឧសភា ឆ្នាំ​២០១៥

ខេត្តរតនគិរី​៖ ចៅក្រម​សាលាដំបូង​ខេត្ត លោកស្រី ជ័យ មាលា បាន​ចេញ​ដីកា​ឃាត់ខ្លួន​បុរស​ម្នាក់​ដែល​តាំង​ខ្លួនឯង​ជា​ឧកញ៉ា ​​កាលពី​ព្រឹក​ថ្ងៃ​ទី​២៧ ឧសភា ឆ្នាំ​២០១៥ ស្ថិត​នៅ​ភូមិ​ទេស​អន្លុង សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ។ យោង​តាម​កំណត់ហេតុ កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​បាន​លុង​បាន​ឲ្យ​ដឹង​ថា បុរស​ដែល​តាំងខ្លួន​ជា​ឧកញ៉ា ជាប់ចោទ​ករណី​ឆបោក និង​ក្លែងបន្លំ​ឯកសារ​សាធារណៈ ។

លោក​វរសេនីយ៍ត្រី ហៃ​ វណ្ណា​រ៉ា មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​បាន​លុង ប្រាប់​ឲ្យ​ដឹង​ថា កម្លាំង​របស់​លោក​អនុវត្តតាម​ដីកា​ដែលចេញ​ដោយ​លោកស្រី​ ជ័យ មាលា ចៅក្រម​សាលាដំបូង​ខេត្ត បង្គាប់​ឲ្យ​ចាប់ខ្លួន​បុរស​ឈ្មោះ ធី ហួត អាយុ​៣៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មានស្រុក​កំណើត នៅ​ឃុំ​មេ​មង ស្រុក​មេ​មុត ខេត្ត​ត្បូងឃ្មុំ ។

លោក ហៃ វ​ណ្ណា​រ៉ា បាន​បន្ត​ថា ជនសង្ស័យ​​រូប​នេះ​បាន​ដើរតួ​ជា​ឧកញ៉ា​បង្អួត​​គេ​ឯង​​ក្នុង​​ខេត្ត​​ជា​យូរ​មក​ហើយ ប៉ុន្តែ​កន្លង​មក ​មិន​ទាន់​ស៊ើប​ដឹង​ការ​ពិត ទើប​មិន​ទាន់​ឈាន​ដល់​ការ​ចាប់ខ្លួន លុះដល់​មាន​ដីកា​ចេញ​ដោយ​​ចៅក្រម​សាលាដំបូង​ខេត្ត ទើប​មាន​វិធានការ​ចុះ​អនុវត្តដីកា​​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​នេះ​ ។

សូម​បញ្ជាក់​ថា​ ជនសង្ស័យ​​ដែល​តាំងខ្លួន​ជា​ឧកញ៉ា​នេះ សមត្ថកិច្ច​មិន​បាន​បញ្ជាក់​ប្រាប់​អ្នក​សារព័ត៌​មាន​ថា​ ឆបោក​អ្នក​ណាខ្លះ​​ និង​សម្ភារ​អ្វីខ្លះ​នោះ​ឡើយ​ ។

​ជនសង្ស័យ​ត្រូវ​បាន​ចៅក្រម​​បញ្ជា​ឱ្យ​ឃុំខ្លួន​​ជាបណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ភ្នំ​ស្វាយ​ នៅ​ព្រឹក​ថ្ងៃ​ដដែល​ (​​២៧ ​ឧសភា​) ដើម្បី​ស្រាវជ្រាវ​រក​ស្ថាន​ទម្ងន់ទោស​បន្ថែម​ចោទ​លើ​ជននេះ​ទៅ​តាម​ផ្លូវច្បាប់​ ៕