ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Union Pay ឧបត្ថម្ភ​ប្រតិភូ​កីឡា​កម្ពុជា​ចេញ​ទៅ​ប្រកួត​ស៊ី​ហ្គេ​ម​នៅ​ប្រទេស​សិង្ហ​បុរី

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ស្នាក់​ការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា (NOCC) កាលពី​ថ្ងៃ​ទី​២៦ ឧសភា មាន​រៀបចំ​ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ​ស្តី​ពី​ការ​ឧបត្ថម្ភ​របស់​ក្រុមហ៊ុន​ថ្មី​មួយ​ឈ្មោះ Union Pay

រាជធានី​ភ្នំពេញ ៖ នៅ​ស្នាក់​ការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា (NOCC) កាលពី​ថ្ងៃ​ទី​២៦ ឧសភា មាន​រៀបចំ​ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ​ស្តី​ពី​ការ​ឧបត្ថម្ភ​របស់​ក្រុមហ៊ុន​ថ្មី​មួយ​ឈ្មោះ Union Pay ដល់​ក្រុម​ប្រតិភូ​កីឡា​កម្ពុជា​ដែល​ត្រូវ​ចេញ​ទៅ​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​២៨ នៅ​ប្រទេស​សិង្ហ​បុរី ។ សន្និសីទ​សារព័ត៌មាន​នេះ​បានការ​អញ្ជើញ​ចូលរួម​ពី​លោក​ព្រុំ ប៊ុ​ន​យី អគ្គនាយករង​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា​, លោក​វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា ។

លោក​វ៉ា​ត់ ចំរើន បាន​មាន​ប្រសាសន៍​ក្នុង​ឱកាស​នោះ​ថា ពេល​នេះ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ទទួល​បាន​ដៃគូ​ឧបត្ថម្ភ​ថ្មី​មួយទៀត​ហើយ ។ ដៃគូ​ថ្មី​មួយ​នេះ​បាន​ជួយ​ឧបត្ថម្ភ​ជា​លើក​ដំបូង​ដល់​ប្រតិភូ​កីឡា​កម្ពុជា​ដែល​ត្រូវ​ចេញ​ទៅ​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​២៨ នៅ​ប្រទេស​សិង្ហ​បុរី ។ លោក​បាន​បន្ត​ទៀត​ថា ក្នុង​ចំនួន​ទឹកប្រាក់​ឧបត្ថម្ភ​ទាំង​១២.៨០០​ដុល្លារ​នេះ​នឹង​ត្រូវ​ធ្វើការ​បែងចែក​ជា​៣​ចំណែក ក្នុង​នោះ​ទឹកប្រាក់​ចំនួន​៤.៨០០​ដុល្លារ​សម្រាប់​ទុក​ចែក​ដល់​កីឡាករ​-​កីឡាការិនី​ចំនួន​១២​នាក់​ដំបូង​ដែល​ទទួល​បាន​មេដាយ ។ ទឹកប្រាក់​ចំនួន​៣.០០០​ដុល្លារ​នឹង​ត្រូវ​ផ្តល់​ទៅ​ឱ្យ​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ និង​នៅ​សល់​៥.០០០​ដុល្លារ​នឹង​ត្រូវ​ផ្តល់​ជូន​ទៅ​ដល់​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​សម្រាប់​ការ​ចំណាយ​ផ្សេង​ៗ ។ លោក​បញ្ជាក់​ថា ក្រុមហ៊ុន​ថ្មី​មួយ​នេះ​គឺជា​ក្រុមហ៊ុន​ចិន​ដែល​មក​ធ្វើការ​បណ្តាក់ទុន​រកស៊ី​នៅ​ក្នុង​ប្រទេស​កម្ពុជា​លើ​ផ្នែក​ហិរញ្ញវត្ថុ ដែល​សព្វថ្ងៃ​មាន​សាខា​ជា​ច្រើន​នៅ​លើ​ពិភពលោក ។ ក្រុមហ៊ុន​ចិន​មួយ​នេះ​គេ​មាន​ឆន្ទៈ​ចង់​ជួយ​ដល់​វិស័យ​កីឡា​នៅ​កម្ពុជា មិន​ថា​ប្រភេទ​កីឡា​អ្វី​នោះ​ទេ បុ​៉​ន្តែ​ជំហាន​ដំបូង​គេ​ធ្វើ​បាន​តែ​បុ​៉​ណ្ណឹ​ង​ដោយ​សន្យា​ថា គេ​នឹង​បន្ត​ជួយ​ដល់​រាល់​ការ​ចេញដំណើរ​របស់​អត្ត​ព​លិ​ក​កម្ពុជា​ទៅ​ចូលរួម​ប្រកួត​នៅ​លើ​ឆាក​អន្តរជាតិ​ទាំង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក ទាំង​ព្រឹត្តិការណ៍​កីឡា​អាស៊ី​ហ្គេ​ម​ជាដើម ។

លោក​វ៉ា​ត់ ចំរើន មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ចំពោះ​ការ​ទទួល​បាន​ដៃគូ​ឧបត្ថម្ភ​ថ្មី​មួយ​នេះ ។ កន្លង​មក​យើង​មាន​ដៃគូ​ឧបត្ថម្ភ​ធំ​ៗ​មួយ​ចំនួន​ដែល​គេ​បាន​ចូលរួម​ចំណែក​ជួយ​ដល់​កីឡាករ​-​កីឡាការិនី​នៅ​រាល់​ព្រឹត្តិការណ៍​នៃ​ការ​ប្រកួត​នៅ​លើ​ឆាក​អន្តរជាតិ ។ នៅ​ពេល​នេះ​យើង​មាន​ដៃគូ​ថ្មី​មួយទៀត​ដែល​គេ​មាន​ឆន្ទៈ​ចូល​មក​ជួយ​ដល់​វិស័យ​កីឡា​ខ្មែរ​យើង ។ លោក​សង្ឃឹមថា វិស័យ​កីឡា​នៅ​កម្ពុជា​នឹង​កាន់តែ​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​តាម​រយៈ​ការ​យកចិត្តទុកដាក់​ពី​រាជរដ្ឋាភិបាល និង​ដៃគូ​ឧបត្ថម្ភ​នានា​ដែល​មាន​ចំនួន​កាន់តែច្រើន​ឡើងជា​លំដាប់ ៕