ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្តល់​អំណោយ​សង្គ្រោះ​បន្ថែម​ដល់​ពលរដ្ឋ​​រង​គ្រោះ​ដោយ​ខ្យល់កន្ត្រាក់​ និង​គ្រួសារ​​ក្រី​ក្រ​សរុប​ចំនួន​៩១គ្រួសារ​ក្នុង​​ស្រុក​កៀន​​ស្វាយ

8 ឆ្នាំ មុន

ខេត្តកណ្តាល៖ ​ប្រជា​ពលរដ្ឋ​ចំនួន​៩១​គ្រួសារ​​ ដែល​មាន​ជីវភាព​​​ក្រី​ក្រ​​ទទួល​អំណោយ​សង្គ្រោះ​បន្ថែម​ពី​សប្បុរស​ជន​​តាម​រយៈ​ក្រុម​ការ​ងារ​​គណៈព​ង្រឹង​មូល​ដ្ឋាន

ខេត្តកណ្តាល៖ ​ប្រជា​ពលរដ្ឋ​ចំនួន​៩១​គ្រួសារ​​ ដែល​មាន​ជីវភាព​​​ក្រី​ក្រ​​ទទួល​អំណោយ​សង្គ្រោះ​បន្ថែម​ពី​សប្បុរស​ជន​​តាម​រយៈ​ក្រុម​ការ​ងារ​​គណៈព​ង្រឹង​មូល​ដ្ឋាន​ និង​ក្រុមការងារ​​​សហ​ភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​ ដើម្បី​ជួយ​សម្រាល​ទុក្ខ​លំបាកដល់​​ជីវ​ភាព​​រស់នៅ​របស់​​​បង​ប្អូន ។

​ស​កម្ម​ភាព​មនុស្ស​ធម៌​ចែក​អំណោយ​ដល់​ពលរដ្ឋ​ទី​ទ័ល​ក្រ និង​​ងាយ​​រង​គ្រោះ​ដោយ​គ្រោះ​​ធម្ម​ជាតិ​​នេះ​បាន​ធ្វើ​ឡើង​​កាលពី​ថ្ងៃទី​២៤ ឧសភា ​។ ​​​​ក្រុមការងារ​​​សហ​ភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​ ដឹក​នាំ​ដោយ​​លោក គឿន សុភ័ត្រា អនុ​ប្រធាន​​​​​​​សហ​ភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា​ខេត្ត និង​តំណាង​ឱ្យ​សមាគម​ម៉ាឡេស៊ី​ បាន​នាំ​យក​អំណោយ​ទៅ​ចែក​ជូន​ដល់ពលរដ្ឋ​ក្រីក្រ​​ចំនួន​៤​ឃុំ​​ ​ក្នុង​​​ស្រុក​កៀន​ស្វាយ ​រួម​មាន ​ឃុំ​គគីរ ឃុំ​ដី​ឥដ្ឋ ឃុំ​បន្ទាយ​​ដែក និង​ឃុំ​សំរោង​ធំ ក្នុង​នោះ​ ក៏មាន​​គ្រួសារ​រង​គ្រោះ​ខ្យល់​កន្ត្រាក់​​​សរុបចំនួន​​៧០​គ្រួសារ​​ ​ដោយក្នុង​មួយ​​គ្រួសារ​​ទទួល​បាន​អង្ក​រ​២៥គីឡូក្រាម ស្ករ​ស​១​គីឡូក្រាម​ ​ទឹក​​ដោះ​គោ​ ត្រី​ខ​កំប៉ុង ប្រេងឆា​​ ទឹកត្រី ​ធុង​ដាក់​​ទឹក​​ចំណុះ​៤៥​លីត្រ ​ឃិត​១​កញ្ចប់ និង​ប្រាក់​​៤​មុឺន​រៀល ។

ដោយ​ឡែក នៅ​ថ្ងៃ​ដដែល​ដែរ ​លោក​​ ម៉ក់ ពេជ្ជរិទ្ធ ប្រធាន​​​គណៈ​ពង្រឹង​ឃុំ​​ភូមិ​ធំ​បាន​ដឹក​នាំ​ក្រុម​ការ​ងារ​​ រួម​ដំណើរ​ដោយ​លោក​​ អ៊ួ ឈាង អភិ​បាល​ស្រុក​កៀន​ស្វាយ ក៏​បាន​យក​អំណោយ​ទៅចែក​ជូន​ដល់​​លំនៅ​ឋាន​​ពលរដ្ឋ​ងាយ​រង​គ្រោះ​​ដោយ​ខ្យល់​កន្ត្រាក់​​​រលំ​ផ្ទះ និង​​​របើក​ដំបូលចំនួន​​២១​ខ្នង​ផ្ទះ ​ក្នុង​ឃុំ​ភូមិ​ធំ ដោយ​គ្រួសារ​រលំ​ផ្ទះ​រាបដល់​ដី​ចំនួន៧គ្រួសារ​ ​ក្នុង​​មួយ​គ្រួសារ​ទទួល​បាន​​ប្រាក់​៥០ម៉ឺន​រៀល និង​ផ្ទះ​របើក​ដំបូល១៤​គ្រួសារ ​​ក្នុង​មួយ​​គ្រួសារ​​១៥​ម៉ឺនរៀល ។

លោក​ អ៊ួ ឈាង ​បាន​លើក​ឡើង​ថា ប្រជា​ពលរដ្ឋ​​​​ដែល​រង​គ្រោះ​ដោយ​ខ្យល់កន្ត្រាក់​​ខូច​ខាត​ផ្ទះ​ចំនួន​៣៦​គ្រួសារ​ ក៏​ទទួល​បាន​អំណោយ​​សង្គ្រោះ​បន្ទាន់​របស់​សាខា​កាក​បាទ​ក្រហម​កម្ពុជា​ខេត្តរួច​ហើយ ក្រោម​ការ​ដឹក​នាំ​របស់​លោក ម៉ៅ ភិរុណ អភិ​បាល​​ខេត្ត​ ។

​​នេះ​ជា​សកម្ម​ភាព​ទី២ហើយ​ ​ដែល​លោក ​គឿន ​សុភ័ត្រា ​​និង​លោក ម៉ក់ ពេជ្ជ​រិទ្ធ ​បាន​ដឹក​នាំ​​ក្រុម​ការ​ងារ​​នាំ​យក​អំណោយ​ រួម​មាន​គ្រឿង​ឧបភោគបរិភោគ និង​ប្រាក់​ទៅ​ចែក​ជូន​បន្ថែម​ដល់​ពលរដ្ឋ​រង​គ្រោះ​​​ដោយ​ធម្ម​ជាតិ និង​ទី​ទ័ល​ក្រសរុប​ចំនួន​៩១​គ្រួសារ​​ ​ដោយ​មិន​ប្រកាន់​និន្នាការ​នយោ​បាយ​អ្វី​ឡើយ ៕