ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លទ្ធផល​នៃ​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​ក្រោម​អធិបតីភាព​សម្តេច​តេ​ជោ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ថ្ងៃ​ទី​២២ ឧសភា ឆ្នាំ​២០១៥ វេលា​ម៉ោង​៨​និង​៣០​នាទី នៅ​វិមាន​សន្តិភាព មាន​បើក​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់់​បំផុត​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា

រាជធានី​ភ្នំពេញ ៖ ថ្ងៃ​ទី​២២ ឧសភា ឆ្នាំ​២០១៥ វេលា​ម៉ោង​៨​និង​៣០​នាទី នៅ​វិមាន​សន្តិភាព មាន​បើក​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់់​បំផុត​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​អាណត្តិ​ទី​៥​ដើម្បី​ឆ្លង ៖

១-​សេចក្តី​ព្រាង​អនុក្រឹត្យ​ស្តី​ពី​លក្ខខណ្ឌ និង​នីតិវិធី​នៃ​ការ​ស្នើ​សុំ​អាជ្ញាប័ណ្ណ​ប្រកប​អាជីវកម្ម​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ ការ​ថែទាំ​ផ្លូវថ្នល់ និង​ការ​បើក​មន្ទីរពិសោធន៍​វិស័យ​ផ្លូវថ្នល់​។

២-​សេចក្តី​ព្រាង​របាយការណ៍​ស្វ័​យ​វាយតម្លៃ ស្តី​ពី​ការ​ត្រួតពិនិត្យ​ឡើង​វិញ​នៃ​ការ​អនុវត្ត​អនុសញ្ញា​អង្គការសហប្រជាជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ​(​អ៊ុ​ន​កាក់ ឬ UNCAC ) នៅ​កម្ពុជា ។

៣-​បញ្ហា​ផ្សេង​ៗ ។

ក្រោយ​ពី​បាន​ស្តាប់​របាយការណ៍ និង​មតិ​ពិភាក្សា​ផ្លាស់​ប្តូរ​យោបល់​រួច​មក កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​បាន​សម្រេច​អនុម័ត ៖
១-​សេចក្តី​ព្រាង​អនុក្រឹត្យ ស្តី​ពី​លក្ខខណ្ឌ និង​នីតិវិធី​នៃ​ការ​ស្នើ​សុំ​អាជ្ញាប័ណ្ណ​ប្រកប​អាជីវកម្ម​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ ការ​ថែទាំ​ផ្លូវថ្នល់ និង​ការ​បើក​មន្ទីរពិសោធន៍​វិស័យ​ផ្លូវថ្នល់
កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី បាន​អនុម័ត​គាំទ្រ​គោលការណ៍​ចំពោះ​សេចក្តី​ព្រាង​អនុក្រឹត្យ​ស្តី​ពី​លក្ខខណ្ឌ និង​នីតិវិធី​នៃ​ការ​ស្នើ​សុំ​អាជ្ញាប័ណ្ណ​ប្រកប​អាជីវកម្ម​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ ការ​ថែរក្សា​ផ្លូវថ្នល់ និង​ការ​បើក​មន្ទីរពិសោធន៍​វិស័យ​ផ្លូវថ្នល់ ដោយ​គ្រាន់តែ​ស្នើ​សុំ​ឱ្យ​ធ្វើការ​សម្រួល​ពាក្យ​តាម​អនុសាសន៍ សម្តេច​អគ្គមហាសេនាបតី​ត​តេ​ជោ ហ៊ុន សែន ចំនួន​ពីរ​ចំណុច ។
១-​អង្គភាព​រដ្ឋ ឬ​ក្រុមហ៊ុន​ឯកជន ដែល​ធ្វើ​សកម្មភាព​ក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ តម្រូវ​ឱ្យ​មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ​មុន​នឹង​ប្រកប​អាជីវកម្ម ។
២-​សមត្ថកិច្ច​ទទួលខុសត្រូវ​ក្នុង​ការ​ចេញ​អាជ្ញាប័ណ្ណ គឺ​មាន​តែ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​តែ​ប៉ុណ្ណោះ ។
រាជរដ្ឋាភិបាល ក្រោម​ការ​ដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ខិតខំ​ប្រឹងប្រែង​ស្តារ សាងសង់ និង​អភិវឌ្ឍ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ បាន​យ៉ាងច្រើន​សន្ធឹកសន្ធាប់​គ្រប់​ខេត្ត​-​ក្រុង ទូ​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា បាន​ត​ភ្ជាប់​ជាមួយនឹង​រាជធានី​ភ្នំពេញ ឬ​មជ្ឈមណ្ឌល​នយោបាយ សេដ្ឋកិច្ច អប់រំ វប្បធម៌ និង​ទេសចរណ៍​នានា ដោយ​កសាង​ស្ថាបនា​បាន​ផ្លូវថ្នល់​ចាក់​កៅស៊ូ​ដើម្បី​បំពេញតម្រូវការ​ដឹក​ជញ្ជូន​ទំនិញ និង​មនុស្ស និង​សម្រួល​ដល់​ការ​ចែកចាយ​ផលិតផល​ក​សិ​-​ឧស្សាហកម្ម ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​ទៅ​កាន់​មណ្ឌល​សុខភាព សាលារៀន ឬ​ទីតាំង​ផ្តល់​សេវា​សាធារណៈ និង​ឯកជន​ផ្សេង​ទៀត និង​បាន​រួមចំណែក​ទ្រទ្រង់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គមកិច្ច យ៉ាង​ឆាប់រហ័ស​តាម​រយៈ​ការ​ធ្វើ​សមាហរណកម្ម​ជាតិ កា​រត​ភ្ជាប់​ជាមួយ​ប្រទេស​ជិតខាង តំបន់ និង​សាកលលោក ហើយ​ក៏​ឆ្លើយ​តប​ចំពោះ​ការ​ត្រៀមខ្លួន​ចូល​ក្នុង​សហគមន៍​ប្រជាជាតិ​អាស៊ាន​ឆ្នាំ​២០១៥​នេះ​ដែរ ។

សេចក្តី​ព្រាង​អនុក្រឹត្យ ស្តី​ពី​លក្ខខណ្ឌ និង​នីតិវិធី​នៃ​ការ​ស្នើ​សុំ​អាជ្ញាប័ណ្ណ​ប្រកប​អាជីវកម្ម​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ ការ​ថែទាំ​ផ្លូវថ្នល់ និង​ការ​បើក​មន្ទីរពិសោធន៍​វិស័យ​ផ្លូវថ្នល់​នេះ ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន មាន​គោលបំណង និង​គោលដៅ​ដូច​តទៅ ៖
១-​លើកកម្ពស់​គុណភាព​ការ​សាងសង់ ការ​ជួសជុល ការ​ថែទាំ និង​ការ​អភិវឌ្ឍ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ឱ្យ​មាន​ចីរភាព និង​ធានា​បានការ​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព តាម​រយៈ​ការ​ធ្វើ​ឱ្យ​មាន​តម្លាភាព សុចរិត​ភាព គណនេយ្យ​ភាព និង​សមភាព ក្នុង​ការ​ចូលរួម​ដេញថ្លៃ ការ​សាងសង់ ការ​ជួសជុល​ថែទាំ និង​ការ​ផ្តល់​សេវា​ទីប្រឹក្សាបច្ចេកទេស​សំណង់​ផ្លូវថ្នល់​ឱ្យ​សម​ស្រប​តាម​ច្បាប់​ស្តី​ពី​ផ្លូវថ្នល់ ។
២-​ដាក់​ចេញ​នូវ​គោលការណ៍​លក្ខខណ្ឌ និង​នីតិវិធី​នៃ​ការ​ស្នើ​សុំ​អាជ្ញាប័ណ្ណ​ប្រកប​អាជីវកម្ម​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ ការ​ថែទាំ​ផ្លូវថ្នល់ និង​ការ​បើក​មន្ទីរពិសោធន៍​វិស័យ​ផ្លូវថ្នល់ សំដៅ​ពង្រឹង​ឧត្តមភាព​ជំនាញ​វិស្វកម្ម​កម្ពុជា ឱ្យ​ឆ្លើយ​តប​នឹង​ការ​ធ្វើ​សមាហរណកម្ម​អាស៊ាន​ឆ្នាំ​២០១៥ និង​សកលភាវូបនីយកម្ម ។

២-​សេចក្តី​ព្រាង​របាយការណ៍​ស្វ័​យ​វាយតម្លៃ ស្តី​ពី​ការ​ត្រួតពិនិត្យ​ឡើង​វិញ នៃ​ការ​អនុវត្ត​អនុសញ្ញា​អង្គការសហប្រជាជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ (​អ៊ុ​ន​កាក់ ឬ UNCAC) នៅ​កម្ពុជា 

រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការ​ដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី បាន​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​ក្នុង​ការ​ប្រឆាំង​អំពើ​ពុក​រលួយ​តាំងពី​នីតិកាល​មុន​ៗ ក៏​ដូច​ជា​នីតិកាល​ទី​៥ នៃ​រដ្ឋសភា ។

សេចក្តី​ព្រាង​របាយការណ៍​ស្វ័​យ​វាយតម្លៃ ស្តី​ពី​ការ​ត្រួតពិនិត្យ​ឡើង​វិញ​នៃ​ការ​អនុវត្ត​អនុសញ្ញា​អង្គការ​សហ​ប្រជា​តិ​ប្រឆាំង​អំពើ​ពុក​រលួយ​(​អ៊ុ​ន​កាក់ ឬ​UNCAC) នៅ​កម្ពុជា ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ។

ដើម្បី​ឆ្លើយ​សំណួរ​ក្នុង​តារាង​ស្វ័​យ​វាយតម្លៃ (Selt -Assessment Checklist) រាជរដ្ឋាភិបាល​កម្ពុជា បាន​បើក​ទូលាយ​ឱ្យ​តួអង្គ​ពាក់ព័ន្ធ​ជា​ច្រើន​ចូលរួម ដូច​ជា​តំណាង​រដ្ឋសភា ព្រឹទ្ធសភា ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួន (​ក្រសួងយុត្តិធម៌ ក្រសួងមហាផ្ទៃ ក្រសួង​ព័ត៌មាន ធនាគារជាតិ​នៃ​កម្ពុជា អាជ្ញាធរ​សវន​កម្ម​ជាតិ គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​) ស្ថាប័ន​តុលាការ គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា វិស័យ​ព័ត៌មាន អង្គការ​មិនមែន​រដ្ឋាភិបាល ផ្នែក​សិក្សាធិការ និង​វិស័យ​ឯកជន តាម​រយៈ​សេចក្តីសម្រេច​លេខ​៣៧ សសរ ចុះ​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០១៤  ស្តី​ពី​ការ​បង្កើត​គណៈកម្មាធិការ​ដឹកនាំ​ការ​ត្រួតពិនិត្យ​ឡើង​វិញ​នូវ​ការ​អនុវត្ត UNCAC នៅ​កម្ពុជា ដែល​មាន​តួនាទី និង​ភារកិច្ច​ក្នុង​ការ​ដឹកនាំ គ្រប់គ្រង និង​ត្រួតពិនិត្យ​ដំណើរការ​ការងារ​នេះ ។

UNCAC ជា​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​អន្តរជាតិ ដែល​មាន​សារសំខាន់​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ​កម្រិត​សាកលលោក ។  UNCAC ត្រូវ​បាន​អនុម័ត​ដោយ​មហាសន្និបាត​អង្គការសហប្រជាជាតិ​កាលពី​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០០៣ ហើយ​បាន​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​២០០៥ ។ រហូត​មក​ដល់​ពេល​នេះ UNCAC មាន​រដ្ឋ​សមាជិក​ចំនួន​១៧៥ ហើយ​ប្រទេស​កម្ពុជា​បាន​ចូល​ជា​សមាជិក​នៅ​ថ្ងៃ​ទី​៥ ខែកញ្ញា ឆ្នាំ​២០០៧ ។

៣-​បញ្ហា​ផ្សេង​ៗ

សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន បាន​ផ្តាំផ្ញើ​សួរសុខទុក្ខ​ដល់​កងកម្លាំងប្រដាប់អាវុធ​ទូ​ទាំង​ប្រទេស និង​បាន​ក្រើនរំលឹក​ចំពោះ​អង្គភាព​យោធា​នានា អំពី​ការ​ចែក​ជូន​យុទ្ធ​ជន នូវ​អាវ​ភ្លៀង ក៏​ដូច​ជា​ការ​បើកប្រាក់​បៀវត្ស ខែឧសភា ជូន​ផង​ដែរ ៕