ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​ស្រុក​ព្រៃកប្បាស ចាប់​ក្រុម​ជន​តាំងខ្លួន​ជា​បុត្រា ដើរ​ឆបោក​លក់​វត្ថុ​ស័ក្តិសិទ្ធិ

8 ឆ្នាំ មុន

ខេត្តតាកែវ ៖ ប៉ូលិស​ស្រុក​ព្រៃកប្បាស​បាន​ឃាត់ខ្លួន​ជន​២​នាក់ រួម​ជាមួយ​វត្ថុ​តាង​ជាក់ស្តែង ខណៈ​ពេល​ក្រុម​ជន​នេះ​បាន​យក​សែ​រាជវង្ស ដោយ​តាំងខ្លួន​ជា​បុត្រា​របស់​សម្តេចឪ ព្រះ​បរម​រតន​កោដ្ឋ មក​ផ្សព្វផ្សាយ​ឱ្យ​មនុស្ស​គ្រប់​គ្នាធ្លាក់​ក្នុង​ឧបាយកល​ឆបោក​

ខេត្តតាកែវ ៖ ប៉ូលិស​ស្រុក​ព្រៃកប្បាស​បាន​ឃាត់ខ្លួន​ជន​២​នាក់ រួម​ជាមួយ​វត្ថុ​តាង​ជាក់ស្តែង ខណៈ​ពេល​ក្រុម​ជន​នេះ​បាន​យក​សែ​រាជវង្ស ដោយ​តាំងខ្លួន​ជា​បុត្រា​របស់​សម្តេចឪ ព្រះ​បរម​រតន​កោដ្ឋ មក​ផ្សព្វផ្សាយ​ឱ្យ​មនុស្ស​គ្រប់​គ្នាធ្លាក់​ក្នុង​ឧបាយកល​ឆបោក​ដើម្បី​លក់​វត្ថុ​ស័ក្តិសិទ្ធិ​ឱ្យ​ប្រជាពលរដ្ឋ​មាន ចិញ្ចៀន ចែកាច់ និង​វត្ថុ​ផ្សេង​ៗ​ជា​ច្រើន​ទៀត ។ បុរស​វ័យ​ចំណាស់​ទាំង​២​នាក់ ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​២៣ ឧសភា វេលា​ម៉ោង​១១​ព្រឹក នៅ​ភូមិ​រកា ឃុំ​ស្នោ ស្រុក​ព្រៃកប្បាស ។

លោក ជុំ ឈឿ​ន អធិការ​នគរបាល​ស្រុក​ព្រៃកប្បាស​ឱ្យ​ដឹង​ថា ជន​ទាំង​២​នាក់​ដែល​ត្រូវ​បាន​ឃាត់ខ្លួន​នេះ ម្នាក់​អះអាង​ថា ឈ្មោះ នរោត្តម រ​ដ្ឋា អាយុ​៦២​ឆ្នាំ រស់នៅ​ភូមិ​ដើម​មៀន សង្កាត់​ដើម​មៀន ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ជា​អ្នក​ផ្សព្វផ្សាយ និង​ម្នាក់​ទៀត​ឈ្មោះ ជឹ​ម ភាន់ អាយុ​៥៥​ឆ្នាំ រស់នៅ​ភូមិ​កំពង់​ពោធិ៍ ឃុំ​ក្រាំង​យូ​៉​វ ស្រុក​ស្អាង ខេត្តកណ្តាល​។ នៅ​ពេល​ផ្សាយ​លក់​នោះ ជន​ទាំង​២​នាក់​បាន​តាំងខ្លួន​ជា​បុត្រា​របស់​សម្តេចឪ និង​ជាប់​សែ​រាជវង្ស​ផ្សេង​ទៀត ដោយ​អួតអាង​និង​ឆបោក​ប្រជាពលរដ្ឋ ជា​ពិសេស​លោកតា លោកយាយ ។

លោក​អធិការ​បន្ត​ថា វត្ថុ​តាង​ជាក់ស្តែង​ដែល​ក្រុម​ជន​នេះ​យក​មក​បង្ហាញ​ប្រជាពលរដ្ឋ​នោះ​មាន ចិញ្ចៀន​ពណ៌​ស​ដាំ​ត្បូង​៥​វង់ ចែកាច់​ចំនួន​៩ ត្បូង​ពណ៌​ស​តូច​ចំនួន​៥ ទូរស័ព្ទ​៣​គ្រឿង និង​វត្ថុ​តាង​ជា​ច្រើន​ទៀត ហើយ​នៅ​ក្នុង​ប័ណ្ណសម្គាល់ខ្លួន គេ​បាន​សរសេរ​ដោយ​ខ្លួនឯង​ថា ប្រើ​បាន​២៦​ខេត្ត​-​ក្រុង ។ ជាមួយនឹង​ការ​ចាប់​ឃាត់ខ្លួន​នេះ សមត្ថកិច្ច​ក៏​បាន​ដកហូត​ម៉ូតូ​ម៉ាក​គុប​មូល ពណ៌​ស្លែ​មួយ​គ្រឿង ពាក់​ស្លាក​លេខ​កណ្តាល 1N-7612 ផង​ដែរ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ក្រុម​ជន​នេះ​មិន​បាន​សារភាព​អ្វី​ទេ ហើយ​និយាយ​ថា វត្ថុ​ស័ក្តិសិទ្ធិ​ទាំង​អស់នេះ គឺ​សម្តេច​យាយ​ឱ្យ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ជាវ​យក​ទៅ​រកស៊ី​មានបាន​ត្រជាក់ត្រជំ​នៅ​ក្នុង​គ្រួសារ ។ ជន​ទាំង​២​នាក់ និង​វត្ថុ​តាង​ត្រូវ​បាន​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ៕