ខេត្តកំពង់ចាម ៖ ជនរងគ្រោះដោយខ្យល់កន្ត្រាក់នៅភូមិព្រៃចក្រី ឃុំអូរស្វាយ ស្រុកកំពង់សៀម បានទទួលអំណោយសង្គ្រោះបន្ទាន់របស់កាកបាទក្រហមខេត្ត កាលពីព្រឹកថ្ងៃទី២៤ ឧសភា ២០១៥ ក្រោមអធិបតីភាពលោកស្រី ស៊ី វណ្ណថា អភិបាលរងខេត្តអមដំណើរដោយលោកវេជ្ជបណ្ឌិតគីម សួរភិរុណ អនុប្រធានគណៈកម្មាធិការសាខាប្រចាំការខេត្ត ព្រមទាំងសហការីជាច្រើនទៀត ។
លោកវរសេនីយ៍ទោ ប៉ាក ជាតិ អធិការនគរបាលស្រុកកំពង់សៀមប្រាប់ឲ្យដឹងថា កាលពីល្ងាចថ្ងៃទី២២ ឧសភា កន្លងទៅ ខ្យល់កន្ត្រាក់បានបោកបក់យ៉ាងខ្លាំងធ្វើឲ្យលំនៅឋានរបស់ប្រជាពលរដ្ឋរងការខូចខាត ដោយខ្លះត្រូវបានប៉ើងធ្លាក់ពីលើជើងតាង របើកដំបូលជ្រុះរប៉ាត់រប៉ាយមកដី របើកជញ្ជាំង តែមិនមានសេចក្តីរាយការណ៍ថាមានមនុស្សស្លាប់ទេ ។
លោកវរសេនីយ៍ទោ ប៉ាក ជាតិ អធិការនគរបាលស្រុកកំពង់សៀម ប្រាប់បន្តថា ក្រោយពីមានហេតុការណ៍នេះលោកស្នងការនគរបាលខេត្ត ក៏ដូចជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តនៅព្រឹកថ្ងៃទី២៣ ឧសភា
បានចុះទៅជួយអន្តរាគមន៍ដល់ប្រជាពលរដ្ឋនៅភូមិព្រៃចក្រី ឃុំអូរស្វាយ រួមជាមួយនឹងអាជ្ញាធរនៅមូលដ្ឋាន ។
ឆ្លើយតបនឹងស្ថានភាពដែលកំពុងតែជួបគ្រោះថ្នាក់ធម្មជាតិនេះ នៅព្រឹកថ្ងៃទី២៤ ឧសភា លោកអភិបាលខេត្តបានចាត់ឲ្យលោកស្រី ស៊ី វណ្ណថា ចុះចែកអំណោយដល់ប្រជាពលរដ្ឋចំនួន៧៤គ្រួសារ ក្នុងនោះ៧គ្រួសារដែលរលំផ្ទះ របើកដំបូលធ្ងន់ធ្ងរ ទទួលបានដែកស័ង្កសី ១៥សន្លឹក អង្ករ២៥គីឡូក្រាម មុង១ ក្រមា១ សារុង១ និងថវិកាចំនួន១០ម៉ឺនរៀល ។
អំណោយមនុស្សធម៌២គ្រួសារដែលរបើកសំយាបរោង ១គ្រួសារទទួលបាន ស័ង្កសី៦សន្លឹក អង្ករ២៥គីឡូក្រាម សារុង១ មុង១ ក្រមា១ និងថវិកា៥ម៉ឺនរៀល ចំណែក៦៥គ្រួសារទៀតដែលរងផលប៉ះពាល់ស្រាល ទទួលបានក្នុង១គ្រួសារៗ ស័ង្កសី៥សន្លឹក អង្ករ២៥គីឡូក្រាម មុង១ ក្រមា១ សារុង១ និងថវិកាចំនួន៥ម៉ឺនរៀលផងដែរ ។
ដោយឡែកនៅព្រឹកថ្ងៃដដែលរូបលោកយូ ស្រ៊ុន បាននាំអំណោយជាអង្ករ៥០គីឡូក្រាម និងថវិកាចំនួន៦០ម៉ឺនរៀលផងដែរ ទៅផ្តល់ជូនដល់គ្រួសាររងគ្រោះដោយរន្ទះបាញ់ស្លាប់ម្នាក់ឈ្មោះ យិន ឆៃឡន់ ភេទស្រី អាយុ៤៧ឆ្នាំ នៅភូមិកេះ ឃុំមៀន ស្រុកព្រៃឈរ ៕
ចែករំលែកព័តមាននេះ