ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លទ្ធផល​ជុំ​ទី​5 ធ្វើ​ឱ្យ​ក្រឡាប់ចាក់​គូប្រជែង​នៅ SEA TV

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ដ៏​ស្វិតស្វាញ​នៅ​ក្នុង​ព្រឹត្តិការណ៍ K-Cement កាលពី​ថ្ងៃ​សៅរ៍ ទី​២៣ ឧសភា ម្សិលម្ង៉ៃ ធ្វើ​ឱ្យ​អ្នក​ទស្សនា​ជក់ចិត្ត​ទាំង​៣​គូ​តែ​ម្ដង​សម្រាប់​ការ​ប្រកួត​សន្សំ​ពិន្ទុ​របស់​គូ

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ដ៏​ស្វិតស្វាញ​នៅ​ក្នុង​ព្រឹត្តិការណ៍ K-Cement  កាលពី​ថ្ងៃ​សៅរ៍ ទី​២៣ ឧសភា ម្សិលម្ង៉ៃ ធ្វើ​ឱ្យ​អ្នក​ទស្សនា​ជក់ចិត្ត​ទាំង​៣​គូ​តែ​ម្ដង​សម្រាប់​ការ​ប្រកួត​សន្សំ​ពិន្ទុ​របស់​គូប្រជែង​ដណ្ដើម​យក​ខ្សែក្រវាត់​ទាំង​៦​នាក់ ។ កីឡាករ​សូត្រ ប៊ុ​ន​ធី បាន​ក្លាយជា​អ្នក​ស្គាល់​ចាញ់​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ក្រោម​ដៃ ឃី​ម បូ​រ៉ា ខណៈ​ដែល​កីឡាករ​៣​រូប​ទៀត ក៏​អាច​កែប្រែ​ជោគវាសនា​ខុស​ពី​ការ​គ្រោងទុក​ផ្ទុយ​ពី​ការ​ទស្សន៍​ទាយ​នៅ​មុន​ប្រកួត ។

សម្រាប់​គូប្រកួត ឃី​ម បូ​រ៉ា និង សូត្រ ប៊ុ​ន​ធី មិន​មាន​មនុស្ស​ច្រើន​ប៉ុន្មាន​ទេ ជឿ​ថា​កីឡាករ​ដែល​ធ្លាប់​ចាញ់​កាលពី​វគ្គ​១​រូប​នេះ​នឹង​ឈ្នះ​គូ​សងសឹក​ដែល​មាន​ពិន្ទុ​លំដាប់​កំពូល​នៅ​៣​ប្រកួត​ក្នុង​វគ្គ​២ ។ កាល​ប៉ះ​គ្នា​ដំបូង សូត្រ ប៊ុ​ន​ធី ធ្វើ​ឱ្យ ឃី​ម បូ​រ៉ា ចាញ់​ពិន្ទុ​យ៉ាង​អាម៉ាស់ បើ​ទោះជា​ក្នុង​វគ្គ​នោះ​អ្នក​ទាំង​ពីរ​ជា​ជើង​ខ្លាំង​ស្មើគ្នា​។ កីឡាករ​សូត្រ ប៊ុ​ន​ធី ស្គាល់​ចាញ់​តែ​ម្ដង​គត់​ក្រោម​ដៃ​របស់ មាស ច័ន្ទ​មាន ឬ សា​រឹម ង៉ា កាលពី​វគ្គ​១​នោះ ។ គាប់​ជួន​ជា​ជុំ​ទី​២ កីឡាករ​រូប​នេះ​បើក​ឆាក​ឈ្នះ មាស ច័ន្ទ​មាន ដែល​ជា​គូប្រជែង​ដ៏​ខ្លាំង​របស់​ខ្លួន​ធ្វើ​ឱ្យ​គេ​មើលឃើញ​ភាព​ខ្លាំងក្លា​ផង ទើប​មានការ​ប៉ាន់ស្មាន​ភ្លាម​ថា កីឡាករ​៤​រូប​ផ្សេង​ទៀត​មិនមែន​ជា​ដៃគូ​របស់  សូត្រ ប៊ុ​ន​ធី ឡើយ បូក​រួម​ទាំង​ការ​ប៉ះ​គ្នា​លើក​ទី​២ ជាមួយ ឃី​ម បូ​រ៉ា នោះ​ផង ។ អ្នក​ទស្សនា​ភាគច្រើន​បាន​បង្ហាញ​ការ​ចាប់អារម្មណ៍ ដែល​ការ​ប្រកួត​សន្សំ​ពិន្ទុ​ក្នុង​ជុំ​ទី​៤ កាលពី​រសៀល​ម្សិលម្ង៉ៃ កែប្រែ​ជោគវាសនា​របស់​កីឡាករ​ទាំង​ពីរ ដោយ​សូត្រ ប៊ុ​ន​ធី គឺជា​អ្នក​ចាញ់ ឃី​ម បូ​រ៉ា ម្ដង​។ ឃី​ម បូ​រ៉ា ដែល​មាន​មនុស្ស​មិន​តិច​គិត​ថា នឹង​ចាញ់​ខុស​ពី​ពេល​មុន​បាន​បើក​ប្រវត្តិសាស្ត្រ​វាយ​សន្ធាប់​យ៉ាង​ជក់ចិត្ត​ទៅ​លើ​គូ​សងសឹក ហើយ​ធ្វើ​ឱ្យ​លទ្ធផល​ចុង​ក្រោយ​បាន​ឈរ​ចំណាត់ថ្នាក់​កំពូល​ជា​បណ្ដោះអាសន្ន​ក្រោយ​ចប់​៤​ប្រកួត​នេះ ។ កាលពី​វគ្គ​១ ឃី​ម បូ​រ៉ា មានសំណាង​បាន​អង្គុយ​ត្រឹម​កៅអី​លេខ​រៀង​ទី​៣​ប៉ុណ្ណោះ ដោយ មាស ច័ន្ទ​មាន ឈរ​ចំណាត់ថ្នាក់​លេខ​១ និង សូត្រ ប៊ុ​ន​ធី ឈរ​លេខ​២ ។ ប៉ុន្តែ​សម្រាប់​វគ្គ​នេះ​ទំនងជា ឃី​ម បូ​រ៉ា នឹង​ឈរ​លេខ​មួយ​ហើយ បើ​ទោះជា​នៅ​សល់​មួយ​ប្រកួត​ម្នាក់​នៅ​២​ស​ប្ដា​ហ៍​ក្រោយ ។ លទ្ធផល​កាលពី​ជុំ​ទី​៤​នោះ មិន​ត្រឹមតែ​ធ្វើ​ឱ្យ​កីឡាករ​ទាំង​ពីរ​ផ្លាស់​ប្ដូរ​កៅអី​គ្នា​អង្គុយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជោគវាសនា​របស់​កីឡាករ​ផ្សេង​ទៀត​ត្រូវ​កែប្រែ​ផង​ដែរ ពិសេស​គឺ​កីឡាករ​ថុ​ល មក​រា និង​លាស់ យី​ន ដែល​ជា​គូប្រកួត​ក្នុង​ជុំ​ផ្ដាច់ព្រ័ត្រ​របស់​អ្នក​ទាំង​ពីរ ។ 

យោង​តាម​ការ​វិភាគ នៅ​ជុំ​ចុង​ក្រោយ​កីឡាករ​ឃី​ម បូ​រ៉ា ពិតជា​បើកដៃ​ឱ្យ ថុ​ល មក​រា យកឈ្នះ​ដើម្បី​ទម្លាក់ មាស ច័ន្ទ​មាន ប៉ុន្តែ​ផ្អែក​តាម​លទ្ធផល​ដែល​បាន​បញ្ចប់​កាលពី​ថ្ងៃ​ម្សិលម្ង៉ៃ ស្ថានភាព​នោះ​មិន​អាច​កើតឡើង​ទៀត​ទេ ដូច​គ្នា​ដែរ​កីឡាករ​លាស់ យី​ន ដែល​ពិតជា​ប្រឹង​យកឈ្នះ សូត្រ ប៊ុ​ន​ធី ឱ្យ​បាន​ដាច់ខាត ក៏​លែង​ខ្វល់​ពី​ការ​ស្ទុះស្ទា​ទៀត​ដែរ ។ នោះ​គឺ​ដោយសារ​កីឡាករ​លាស់ យី​ន បាន​យកឈ្នះ​កីឡាករ​ឱម សំរេច ធ្វើ​ឱ្យ​គេ​ដណ្ដើម​បាន​ជ័យជម្នះ​៣​ប្រកួត ក្នុង​ចំណោម​៤​ប្រកួត ហើយ​បាន​ឡើង​ដោយ​ស្វ័យប្រវត្តិ ដែល​មាន​ន័យ​ថា ទោះជា​ការ​ប្រកួត​ជាមួយ សូត្រ ប៊ុ​ន​ធី មាន​លទ្ធផល​ដូច​ម្ដេច ក៏​គ្មាន​បញ្ហា ។ មិន​ខុស​គ្នា​ដែរ កីឡាករ​មាស​ច័ន្ទ​មាន ដ្បិតថា​ទើបតែ​ឈ្នះ ថុ​ល មក​រា ក្នុង​ចំណោម​៤​ប្រកួត ប៉ុន្តែ​លទ្ធភាព​ដែល​ផ្ដួល​ថុ​ល មក​រា ក្នុង​ទឹក​ទី​២ កាលពី​ម្សិលម្ង៉ៃ ក៏​ធ្វើ​ឱ្យ​គេ​បាន​ឡើង​ដោយ​ស្វ័យប្រវត្តិ​ផង​ដែរ ។ នោះ​គឺ​ដោយសារ​តែ​ក្នុង​ជុំ​ចុង​ក្រោយ គេ​ត្រូវ​ប្រកួត​ជាមួយ​កីឡាករ​ឱម សំរេច ដែល​ធ្លាក់​ដោយ​ស្វ័យប្រវត្តិ និង​ជា​កីឡាករ​មិន​មាន​សមត្ថភាព​ក្នុង​ចំណោម​៦​រូប​ដែល​មានឱកាស​ឡើង​មក​កាន់​វគ្គ​២​នេះ ។ បើ​គ្មាន​២​នាក់​ក្នុង​វគ្គ​១ បោះបង់​ការ​ប្រកួត និង​មាន​របួស​ប្រកួត​មិន​បាន ឱម សំរេច ត្រូវ​គេ​មើលឃើញ​ជ្រុះ​តាំងពី​មុនគេ​ម្ល៉េះ ។ ត្រង់​ហ្នឹងហើយ​ដែល​ការ​ប៉ះ​គ្នា​ជាមួយ មាស ច័ន្ទ​មាន គឺ​ពិតជា ឱម សំរេច មិន​ប្ដូរ​ឈឺ​សាច់​នោះ​ឡើយ ពិតជា​លែង​វាយ​ក្នុង​ទឹក​ណាមួយ​ដោយ​សំអាង​ថា ខ្លួន​ទៅ​មិន​រួច​ជាមួយ មាស ច័ន្ទ​មាន​ផង ។ បើ​ការ​ប្រកួត​កាលពី​ម្សិលម្ង៉ៃ ថុ​ល មក​រា ចាញ់​ត្រឹម​ពិន្ទុ​នោះ ឃី​ម បូ​រ៉ា នឹង​បើកដៃ​ឱ្យ ថុ​ល មក​រា វាយ​សន្លប់​ក្នុង​ទឹក​ណាមួយ​ដើម្បី​ទម្លាក់​មាស ច័ន្ទ​មាន ។ ប៉ុន្តែ​ដល់​ពេល ថុ​ល មក​រា ជា​អ្នក​សន្លប់​ក្នុង​ទឹក​ទី​២​បែប​នេះ គឺ​ទោះជា ឃី​ម បូ​រ៉ា យល់ព្រម​ធ្វើ​សន្លប់​ក្នុង​ទឹក​ទី​២ ក៏ ថុ​ល មក​រា មិន​បាន​ឡើង​នោះ​ដែរ​ដោយសារ​មាស ច័ន្ទ​មាន ដែល​ឈ្នះ ឱម សំរេច គឺ​ពិតជា​ឈ្នះ​ដោយ​វាយ​ឱ្យ​សន្លប់​ដែល​មាន​ន័យ​ថា នឹង​មាន​ក្រេ​ឌី​ត​ល្អ​ជាង ថុ​ល មក​រា បើ​ទោះជា​អ្នក​ទាំង​ពីរ​ស្គាល់​ឈ្នះ​២​ម្នាក់​ដូច​គ្នា ។ ដូច្នេះ​មាន​ន័យ​ថា ថុ​ល មក​រា នឹង​ធ្លាក់​ដោយ​ស្វ័យប្រវត្តិ ដោយសារ​តែ​ឃី​ម បូ​រ៉ា មិន​អាច​បើកដៃ​ឱ្យ​ឈ្នះ​ទៀត​ទេ គឺ​មាន​តែ​ផ្ដួល​ឱ្យ​ឈ្នះ​ដើម្បី​យក​ក្រេ​ឌី​ត​ឈរ​លេខ​១​វិញ ដោយសារ​តែ​ទោះ​ឱ្យ​ឈ្នះ​ក៏​ឡើង​ទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​មិន​រួច ។

អ្នក​តាមដាន​ព្រឹត្តិការណ៍​ប្រដាល់​នេះ​សុទ្ធតែ​មើលឃើញ​ថា ការ​ប្រកួត​កាលពី​ម្សិលម្ង៉ៃ​បាន​កែប្រែ​ជោគវាសនា​របស់​កីឡាករ​ទាំងនេះ​ស្ទើរ​ទាំង​អស់ខុស​ពី​ការ​ទស្សន៍​ទាយ ។ ឃី​ម បូ​រ៉ា ដែល​ត្រូវ​គេ​គិត​ដូច​គ្នា​ថា នឹង​ពិបាក​ឈ្នះ សូត្រ ប៊ុ​ន​ធី បាន​ក្លាយជា​អ្នក​ឈរ​ចំណាត់ថ្នាក់​លេខ​១​ក្នុង​ពូ​ល ។ កីឡាករ​លាស់ យី​ន ដែល​គេ​បារម្ភ​ថា បើ​ភ្លាត់​ចាញ់ ឱម សំរេច នឹង​ត្រូវ​ប្រទាញប្រទង់​ជាមួយ​កីឡាករ​ដែល​មាន​ពិន្ទុ​ស្មើ​ដែល​អាច​ប្រឈម​ធ្លាក់ ក៏​បាន​ឡើង​ដោយ​ស្វ័យ​ប្រវត្តិ ។ កីឡាករ​មាស ច័ន្ទ​មាន ដែល​មនុស្ស​ភាគច្រើន​អ្នក​ណា​ក៏​ថា នឹង​ធ្លាក់​បើ​ចាញ់​ថុ​ល មក​រា ឬ​ត្រឹម​ឈ្នះ ថុ​ល មក​រា ដោយ​ពិន្ទុ បែរជា​មានសំណាង ។ រីឯ​កីឡាករ​ថុ​ល មក​រា ដែល​មានការ​ប៉ាន់​ស្មានថា នឹង​ត្រូវ ឃី​ម បូ​រ៉ា បើកដៃ​ឱ្យ​ឈ្នះ​ដើម្បី​ទម្លាក់ មាស ច័ន្ទ​មាន ក៏​ត្រូវ ឃី​ម បូ​រ៉ា ប្ដូរ​ចិត្ត​លែង​ជួយ ដោយ​សារ​តែ​ជួយ​ក៏​ទៅ​មិន​រួច ។ សរុប​មក ទោះជា​ការ​ប្រកួត​ទាំងមូល​នៅ​មួយ​ជុំ​ចុង​ក្រោយ ក៏​ព្រឹត្តិការណ៍​នេះ ធ្វើ​ឱ្យ​គេ​មើលឃើញ​បាត់​ទៅ​ហើយ​ថា ឃី​ម បូ​រ៉ា នឹង​ឈរ​ចំណាត់ថ្នាក់​លេខ​១ សូត្រ ប៊ុ​ន​ធី បាន​ត្រឹម​ចំណាត់ថ្នាក់​លេខ​២ លាស់ យី​ន នឹង​ឈរ​ចំណាត់​លេខ​៣ និង មាស ច័ន្ទ​មាន នឹង​បាន​ឡើង​ជាន់ពន្លិច ថុ​ល មក​រា ដោយ​មិន​ពិបាក ដើម្បី​បន្ត​ឱកាស​ទៅ​កាន់​វគ្គ​បន្ទាប់ ៕