ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​សម្តែង​ល្បី​ឈ្មោះ​របស់​សិង្ហ​បុរី​ អ្នក​នាង​បូបូ និង​លោក​អែល​វីន អ៊ឹង មក​កម្ពុជា​​សម្ភោធ​រឿង​«​សន្តាន​ចិត្ត​អ្នកមាន​បុណ្យ​»

8 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ តារា​សម្តែង​ល្បីឈ្មោះ​យូរ​ឆ្នាំ​ប្រចាំ​ប្រទេស​សិង្ហបុរី ​អ្នក​នាង​ហ្សូ​អ៊ី​ថេ​ ដែល​ប្រជាជន​កម្ពុជា​ស្គាល់​ច្បាស់​ក្នុង​តួអង្គ​បូបូ​​ បាន​ដឹក​ដៃ​គ្នា​ជាមួយ​តារា​សម្តែង​ប្រុស​រូប​សង្ហា​លោ​កអែល​វិ​ន​ អ៊ឹង​ មក​ប្រទេស​កម្ពុជា

រាជធានីភ្នំពេញ ៖ តារា​សម្តែង​ល្បីឈ្មោះ​យូរ​ឆ្នាំ​ប្រចាំ​ប្រទេស​សិង្ហបុរី ​អ្នក​នាង​ហ្សូ​អ៊ី​ថេ​ ដែល​ប្រជាជន​កម្ពុជា​ស្គាល់​ច្បាស់​ក្នុង​តួអង្គ​បូបូ​​ បាន​ដឹក​ដៃ​គ្នា​ជាមួយ​តារា​សម្តែង​ប្រុស​រូប​សង្ហា​លោ​កអែល​វិ​ន​ អ៊ឹង​ មក​ប្រទេស​កម្ពុជា​ ដើម្បី​ផ្សព្វផ្សាយ​រឿង​ភាគ​ថ្មី​ ដែល​មាន​ចំណងជើង​ថា​ «​សន្តាន​ចិត្ត​អ្នកមាន​បុណ្យ​»​ ជា​ប្រភេទ​រឿង​និយាយ​ពី​ការ​យកចិត្តទុកដាក់​របស់​គ្រូពេទ្យ​ និង​ជា​ប្រភេទ​រឿង​ភាគ​ថ្មី​ដែល​កំពុង​តែ​ល្បីល្បាញ និង​ទទួល​បាន​ការ​ចាប់អារម្មណ៍​ពី​សំណាក់​ប្រជាជន​សិង្ហបុរី ​។​

តារាភាពយន្ត​ពីរ​ដួង​នេះ​បាន​ចូលរួម​ធ្វើ​សន្និសីទ​សារព័ត៌មាន​កាលពី​រសៀល​ថ្ងៃ​ទី​២៣ ខែ​ឧសភា ឆ្នាំ​២០១៥​ នៅ​​សណ្ឋាគារ​រ៉េ​ស៊ី​ដង់​សុខា​ភ្នំពេញ​ ក្រោម​ការ​រៀបចំ​ពី​ក្រុមហ៊ុន​ទូរទស្សន៍​ខ្សែកាប​រាជធានី​ភ្នំពេញ​ភី​ភី​ស៊ី​ធី​វី​​ ដោយ​សហការ​ជាមួយ​ក្រុមហ៊ុន​ Media Crop Singapore​ ។

ខ្សែភាពយន្ត​រឿង​ភាគ​ថ្មី​របស់​​សិង្ហបុរី​ដែល​មាន​ចំណងជើង​ថា​ «​សន្តាន​ចិត្ត​អ្នកមាន​បុណ្យ​» ​នេះ​នឹង​ត្រូវ​ដាក់​បញ្ចាំង​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ខ្សែកាប​រាជធានី​ភ្នំពេញ​ ភី​ភី​ស៊ី​ធី​វី​ ប៉ុ​ស្តី៍​លេខ​៩​ ចាប់ពី​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០១៥​ ខាង​មុខ​នេះ​ ។​ នេះ​ជា​លើក​ទី​២​​ហើយ​ដែល​ក្រុមហ៊ុន​ទូរទស្សន៍​ខ្សែកាប​រាជធានី​ភ្នំពេញ​ភី​ភី​ស៊ី​ធី​វី​​បាន​រួម​សហការ​ជាមួយ​ក្រុមហ៊ុន​ Media Crop Singapore​ ។​

ក្នុង​ដំណើរ​លើក​នេះ​ តារា​ទាំង​២​ដួង​ គឺ​អ្នក​នាង​ហ្សូ​អ៊ី​ថេ​ (Zoe Tay)​ ហៅ​បូ​បូ​ និង​លោ​កអែល​វី​ន ​អ៊ឹ​ង​ (Elvin Ng)​ ក្រៅពី​រៀបចំ​ធ្វើ​កម្មវិធី​សន្និសីទកាសែត​ កម្មវិធី​ជួបជុំ​ តារា​​សិ្ហ​បុរី​ទាំង​២​រូប​នេះ​​ក៏​នឹង​មានការ​ចូលរួម​សកម្មភាព​សប្បុរសធម៌​ ដោយ​នាំ​យក​អំណោយ​ និង​មូលនិធិ​សប្បុរស​របស់​ក្រុមហ៊ុន​ភី​ភី​ស៊ី​ធី​វី​ និង​ក្រុមហ៊ុន​ Media Crop​ ទៅ​ផ្តល់​ជូន​កុមារ​នៅ​មណ្ឌល​ AFESIP​ នៅ​ភូមិ​ថ្លុក​ជ្រៅ​ ឃុំ​ខ្ចៅ​ស្រុក​កងមាស ខេត្តកំពង់ចាម​ ។​ លើស​ពី​នេះ​ក៏​មានការ​ប្រគំ​តន្ត្រី​ផ្សាយ​បន្ត​ផ្ទាល់​នៅ​លើ​កញ្ចក់​ទូរទស្សន៍​កម្ពុជា​ប៉ុ​ស្តិ៍​លេខ​៨ HD​ចាប់ពី​ម៉ោង​៦​ និង​៣០​នាទី​ល្ងាច​ផង​ដែរ​ ក្នុង​នោះ​ក៏​មាន​តារាចម្រៀង​នៃ​ប្រទេស​កម្ពុជា​ចូលរួម​ជា​កិត្តិយស​មួយ​ចំនួន​ដែរ​ ដូច​ជា​អ្នក​នាង​ខាត់ សុ​ឃី​ម​, ស៊ុន ស្រី​ពេជ្រ, កញ្ញា​ស៊ូ ស៊ី​រី​កា កុមារី​អេ​ឡេ​ន​ និង​កុមា​រា​សាន់​នី​ជាដើម​ ។

អ្នក​នាង​ហ្សូ​អ៊ី​ថេ​ ហៅ​បូ​បូ​ ដែល​នៅ​តែ​រក្សា​បាន​តំណែង​តួអង្គ​សំខាន់​ៗ​ក្នុង​វិស័យ​ខ្សែភាពយន្ត​ប្រចាំ​ប្រទេស​សិង្ហបុរី​​តាំងពី​ដំបូង​មក​ទល់​ពេល​នេះ​ បាន​ថ្លែង​ក្នុង​ពិធី​សន្និសីទ​សារព័ត៌មាន​ថា​​ «​ការ​ដែល​អ្នក​នាង​បាន​រក្សា​សកម្មភាព​ថត​ភាពយន្ត​បាន​រយៈពេល​យូរ​ឆ្នាំ​បែប​នេះ​ ដោយសារ​តែ​មក​ពី​ការ​ធ្វើ​សំណូមពរ​របស់​នាង​មិន​មាន​អ្វី​ច្រើន​ ដូចនេះ​ហើយ​នេះ​ជា​​សំណាង​មួយ​ដែល​នាង​ទទួល​បានការ​គាំទ្រ​ពី​មហាជន​តាំងពី​ជំហាន​ដំបូង​រហូត​មក​ទល់​ពេល​នេះ​ ។​ រហូត​មក​ទល់​ពេល​នេះ​ មាន​ខ្សែភាពយន្ត​ច្រើន​ណាស់​ដែល​នាង​បាន​ថត​ដោយ​មិន​ចាំ​តួលេខ​នោះ​ទេ​ ប៉ុន្តែ​អ្វី​ដែ​ល​ដឹង​ច្បាស់​គឺ​មហាជន​បាន​ស្គាល់​នាង​ មិន​ថា​ប្រជាជន​សិង្ហ​បុរី ឬ​​កម្ពុជា​ទេ​ គឺ​រឿង​ដំបូង​ដែល​នាង​មានឈ្មោះ​ថា​បូ​បូ​ ។​ នេះ​ជា​លើក​ទី​៣​ហើយ​ដែល​នាង​បាន​មក​ដល់​ប្រទេស​កម្ពុជា​ ដែល​លើក​នេះ​បានកា​រៀបចំ​ពី​ស្ថានីយ៍​ទូរទស្សន៍​​ភី​ភី​ស៊ី​ធី​វី​ សហការ​ជាមួយ​ក្រុមហ៊ុន​ Media Crop Singapore​​ ។​ លើក​ទី​១​កាលពី​ជាង​១០​ឆ្នាំ​មុន​ បាន​ផ្សព្វផ្សាយ​រឿង​ភាគ​មួយ​ដែល​ចូល​មក​ដល់​ប្រទេស​កម្ពុជា​ លើក​ទី​ពីរ​មក​ជាមួយ​អង្គការ​មួយ ​ដើម្បី​ថត​សកម្មភាព​ការងារ​មួយ​ចំនួន​ ។​ លើក​ទី​៣​មក​​កម្ពុជា​ ​គឺ​ឃើញ​ថា​ ប្រទេស​កម្ពុជា​មានការ​រីក​ចម្រើន​ជា​ខ្លាំង​ ។ ​ក្រៅពី​ក្រុមការងារ​បាន​រៀបចំ​ឲ្យ​ គាត់​នឹង​ឆ្លៀត​ទៅ​មើល​ទីកន្លែង​ផ្សេងៗ​​ទៀត​ដែល​គិត​ថា​ ប្រទេស​កម្ពុជា​មានការ​រីក​ចម្រើន​ ពិសេស​ចង់ទៅ​ទស្សនកិច្ច​នៅ​ប្រាសាទអង្គរវត្ត​ ដែល​ជា​តំបន់​ល្បីឈ្មោះ​សម្រាប់​ពិភពលោក​ ។​

អ្នក​នាង​លើក​ឡើង​ទៀត​ថា​ ចំពោះ​រឿង​«​សន្តាន​ចិត្ត​អ្នកមាន​បុណ្យ​»​ នាង​ជា​តួអង្គ​ប្រធាន​គិលានុបដ្ឋាក​យិ​កា​ ដែល​មាន​អ្នកជំងឺ​ជា​ច្រើន​ ដែល​អ្នកជំងឺ​របស់​គាត់​គឺ​ភាគច្រើន​ជា​ថ្នាក់​កណ្តាល​ចុះ​ក្រោម​ ។​ ដូចនេះ​ហើយ​អ្នកជំងឺ​របស់​គាត់​អាច​ជួប​ប្រទះ​ជាមួយនឹង​ជីវភាព​ខ្វះខាត​ ក៏​ដូច​ជា​វិវាទ​នៅ​ក្នុង​គ្រួសារ​ ។​ មូលហេតុ​នេះ​ហើយ​ ក្នុង​នាម​អ្នក​នាង​ជា​ប្រធាន​គិលានុបដ្ឋាយិកា​ គាត់​​​មិន​ត្រឹមតែ​មើលជំងឺ​នោះ​ទេ​ ថែម​ទាំង​ជួយ​ណែនាំ​ទាំង​ផ្លូវចិត្ត​ថែម​ទៀត​ ។​ ដូចនេះ​ហើយ​អ្នក​នាង​យល់​ថា​ ក្នុង​នាម​ជា​គិលានុបដ្ឋាយិកា​ គឺជា​ការងារ​មួយ​ដែល​មហិមា​មែនទែន​ ត្រូវ​គិត​ និង​ជួយ​សង្គ្រោះ​អ្នកជំងឺ​ជា​សំខាន់​ ។​ ទំនួល​ខុស​ត្រូវ​ចំពោះ​តួនាទី​គិលានុបដ្ឋាយិកា​ត្រូវ​តែ​ព្យាយាម​ក្នុង​ការងារ​ជា​ខ្លាំង​ និង​រក្សា​នូវ​អារម្មណ៍​យ៉ាង​ស្ងៀមស្ងាត់​ និង​រក្សា​ភាព​ម៉ឺង​មាត់​ណាស់ ​មិនតែប៉ុណ្ណោះ​ទេ​ គឺ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​​ចំពោះ​ការងារ​ ពោល​មុន​សម្តែង​រឿង​នេះ​ត្រូវ​ហ្វឹកហាត់​ជា​មុន​ទើប​ស្គាល់​ដឹង​ពី​របៀប​ពេទ្យ​ ។

ចំពោះ​លោ​កអែល​វី​ន អ៊ឹ​ង​ វិញ​បាន​ឲ្យ​ដឹង​ដែរ​ថា​ លោក​ដើរតួ​ក្នុង​រឿង​ជា​គិលានុបដ្ឋាយិកា​ម្នាក់​ដែរ​ ដោយ​មូលហេតុ​ចូល​ធ្វើ​ការងារ​ជា​គ្រូពេទ្យ​ ដោយសារ​តែ​មាន​គ្រោះថ្នាក់​ចរាចរ​មួយ​បណ្តាល​ឲ្យ​មិត្តភក្តិ​របស់​គាត់​បាន​បាត់បង់​ជីវិត​ ដោយសារ​តែ​គាត់​មិន​មានចំណេះ​ដឹង​ខាង​ផ្នែក​សង្គ្រោះ​បន្ទាន់​ ។​ ម្ល៉ោះហើយ​ទើប​សម្រេចចិត្ត​ធ្វើការ​ជា​គ្រូពេទ្យ​ ។​ ចំពោះ​រឿង​នេះ​លោក​បាន​ជួប​គ្នា​ជា​លើក​ទី​២​ជាមួយ​អ្នក​នាង​បូ​បូ​ ព្រោះ​កាលពី​៧​ឆ្នាំ​មុន​​ក៏​​ធ្លាប់​សម្តែង​រឿង​ជាមួយ​គ្នា​ដែរ​ ។​ អ្វី​ដែល​លោក​ដក់អារម្មណ៍​ក្នុង​រឿង​ភាគ​ថ្មី​នេះ គឺ​ត្រង់​កន្លែង​ដែល​អ្នកជំងឺ​បាន​បាត់បង់​ជីវិត​ទៅ​ គឺ​គ្រូពេទ្យ​ត្រូវ​សំអាតខ្លួន​ឲ្យ​សព​ ហើយ​ការ​សំអាតខ្លួន​ក្នុង​តួអង្គ​នោះ​ក៏​មាន​ឪពុក​របស់​លោក​​ដែរ ​។​ សាច់​រឿង​នៅ​កន្លែង​នោះ​ គឺ​រំភើប​ណាស់​ព្រោះ​មុន​ថត​រឿង​នេះ​ ក្រុមការងារ​ក៏​បាន​រៀបចំ​ឲ្យ​តារា​សម្តែង​ទៅ​រៀន​អំពី​ចំណេះ​ដឹង​ខាង​គិលានុបដ្ឋាយិកា​ ក៍​ដូច​ជា​របៀប​ចាក់​ថ្នាំ​ផង​ដែរ​ ។

ទាំងនេះ​ជា​សកម្មភាព​មួយ​ដ៏​ជោគជ័យ​ប្រកបដោយ​ទំនាក់ទំនង​ដ៏​ជិត​ស្និត​របស់​អ្នក​នាង​ហ្សូ​អ៊ី​ ថេ​ និង​លោ​កអែល​វី​ន​ អ៊ឹ​ង​ ដែល​បាន​បង្ហាញ​ពី​ចំណងមិត្តភាព​យ៉ាង​ល្អ​ឈរ​លើ​វិស័យ​សិល្បៈ​ខ្សែភាពយន្ត​ក្នុង​តំបន់​អាស៊ី​ និង​ស្តែង​ចេញពី​ទឹកចិត្ត​មនុស្សធម៌​ ក្នុង​នាម​ជា​សប្បុរ​ជន​ ដែល​បាន​សហការ​ចូលរួម​កិច្ចការ​មនុស្សធម៌​ក្នុង​សង្គម​ជាតិ​ ៕