ធ្លាយដំណឹងថៃរៀបស៊ី ឡុង សុវណ្ណឌឿន និង ឡៅ ស៊ីណាត
រាជធានីភ្នំពេញ ៖ រយៈពេល២សប្ដាហ៍មកហើយដែលព្រឹត្តិការណ៍ប្រដាល់អន្តរជាតិនៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ត្រូវគេកត់សម្គាល់ថា ភាគីខាងថៃជាអ្នកមានប្រៀបជាប់រហូត ។
រាជធានីភ្នំពេញ ៖ រយៈពេល២សប្ដាហ៍មកហើយដែលព្រឹត្តិការណ៍ប្រដាល់អន្តរជាតិនៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ត្រូវគេកត់សម្គាល់ថា ភាគីខាងថៃជាអ្នកមានប្រៀបជាប់រហូត ។
រាជធានីភ្នំពេញ ៖ រយៈពេល២សប្ដាហ៍មកហើយដែលព្រឹត្តិការណ៍ប្រដាល់អន្តរជាតិនៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ត្រូវគេកត់សម្គាល់ថា ភាគីខាងថៃជាអ្នកមានប្រៀបជាប់រហូត ។ នោះគឺបន្ទាប់ពីអ្នកបញ្ជូនកីឡាករថៃឲ្យមកប្រកួតមានបំណងរៀបឲ្យថៃស៊ីជើងខ្លាំងកម្ពុជាផ្ទួនៗ ។ សម្រាប់ការប្រកួតនៅថ្ងៃស្អែកនេះ ក៏មានការទម្លាយចេញបែបហ្នឹងដែរ បើទោះជា ឡុង សុវណ្ណឌឿន ដែលជ្រកក្នុងក្លិបសាលវ័ន្តកីឡា និងកីឡាករឡៅ ស៊ីណាត មកពីក្លិបកងពលតូចទ័ពឆត្រយោង៩១១ ប្រកាសថា មិនខ្លាចក្តី ។
មនុស្សកាន់តែច្រើនបានបង្ហាញអារម្មណ៍ស្រពេចស្រពិលចំពោះសំណាងរបស់កីឡាករកម្ពុជា បន្ទាប់ពីលោកថៃ អ៊ូ ជាអ្នកដឹកនាំកីឡាករថៃ ស្រាប់តែប្ដូរយុទ្ធសាស្ត្រយកតែកីឡាករថៃដែលមានសមត្ថភាពល្អឲ្យឡើងមកស៊ីកីឡាករកម្ពុជាផុយៗបែបនេះ ។ ក្នុងរង្វង់២សប្ដាហ៍នេះ កីឡាករកម្ពុជាដែលធ្លាប់តែមានអំនួតក្រោយពេលប្រកួតបានក្លាយជាអ្នកចាញ់មិនគួរឲ្យជឿ ដោយសូម្បីតែអ្នកទាំងនោះ សុទ្ធតែឡើងកូដ និងជាម្ចាស់ខ្សែក្រវាត់ល្បីឈ្មោះក្តី ។ ជាក់ស្ដែងកីឡាករ ម៉ន សាម៉េត, ឈិន ក្វាន់ង៉ុយ, ង៉ែត រដ្ឋា និងកីឡាករខ្លាំងល្អៗផ្សេងទៀតក្លាយជាអ្នកចាញ់បន្តគ្នា មិនខុសពីការលើកឡើងថាថៃបញ្ជូនជើងខ្លាំងឲ្យមកស៊ីកីឡាករកម្ពុជានោះទេ ។
លោក ថៃ អ៊ូ បានអះអាងថា ដើម្បីកុំឲ្យបាក់មុខភាគីខាងថៃបញ្ជូនកីឡាករ២រូបឱ្យមកប្រកួតជាមួយកីឡាករឡុង សុវណ្ណឌឿន និងកីឡាករឡៅ ស៊ីណាត នៅរសៀលថ្ងៃអាទិត្យស្អែកនេះ ក៏ជាជើងខ្លាំងដូចគ្នា ដែលខាងសហព័ន្ធកីឡាប្រដាល់ថៃកំណត់ឲ្យលោកបញ្ជូនមករៀបស៊ីភាគីកម្ពុជាទាំងពីរ ។ លោកបានបង្ហើបថា ៖ «អាពីរនាក់ (កីឡាករថៃ) ដែលមកប្រកួតថ្ងៃហ្នឹង ប្រហែលស៊ីអាឌឿន និងស៊ីណាតទៀតហើយ ព្រោះខាងសហព័ន្ធថៃគាត់ថា២នាក់ហ្នឹង បានអាចប៉ះជាមួយអាឌឿន និងស៊ីណាតបាន ហើយបើតាមខ្ញុំមើល គឺអាចអញ្ចឹងមែនមានតែចាំមើលទេ!» ។ តាមរយៈការអះអាង មានការបុកពោះភ្លាមៗ បើទោះជាកីឡាករឡុង សុវណ្ណឌឿន ដែលអ្នកណាក៏ស្គាល់ថា ជាពិធីករទូរទស្សន៍ក្នុងកម្មវិធីកីឡាប្រដាល់របស់ CTN និងកីឡាករឡៅ ស៊ីណាត សុទ្ធតែជាជើងខ្លាំង និងល្បីឈ្មោះកក្រើកពិភពប្រដាល់ក្នុងស្រុកនោះទៅហើយក្តី។
បើដូចអ្វីដែលលោកថៃ អ៊ូ បានបង្ហើបនោះមានន័យថា កីឡាករកម្ពុជាទាំង២ នឹងក្លាយជាអ្នកចំណូលថ្មីទៀតហើយដែលត្រូវយកឈ្នះតាមរយៈការបញ្ជូនមករបស់លោកថៃ អ៊ូ ដែលធ្វើឲ្យគេជឿជាក់នាពេលចុងក្រោយនោះ។ ឆ្លើយតបនឹងការទម្លាយចេញនេះ កីឡាករទាំងពីរបានអះអាងថាមិនខ្លាចភាគីថៃនោះទេ ។ ប្រភពពីគ្រូបង្វឹក ឡុង សុវណ្ណឌឿន បញ្ជាក់ថា ការប្រកួតត្រូវតែមានចាញ់មានឈ្នះ។ ប៉ុន្តែសម្រាប់ការប្រកួតនៅរសៀលស្អែកនេះ កូនសិស្សរបស់លោកដាច់ខាតមិនចាញ់នោះទេ ដោយសារតែការត្រៀមទុកនៅមុនការប្រកួតគឺមានភាពច្បាស់លាស់ ។ លោកឡុង សាលវ័ន្ត បង្ហើបប្រាប់អ្នកជិតស្និទ្ធថា សុវណ្ណឌឿន មានការហ្វឹកហាត់ដិតដល់ និងអះអាងថា បើបានប៉ះកីឡាករថៃល្អដូចការប្រកាសមែន នោះមានន័យថាពិតជាជួយបង្កើនក្រេឌីតឲ្យកូនសិស្សលោកទទួលបានភាពល្បីល្បាញ ក្រោយពេលប្រកួតឈ្នះមិនខាន ។ យោងតាមកំណត់ត្រា កីឡាករថៃដែលត្រូវមកប្រកួតជាមួយគឺមានឈ្មោះថា ណុប ប៉ាកាវ ដោយមានអ្នកតាមដានកម្ពុជាបានស្គាល់ពីសមត្ថភាព និងកេរ្តិ៍ឈ្មោះរបស់កីឡាកររូបនេះរួចហើយ។
អ្នកទាំងពីរត្រូវប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៩គីឡូក្រាម ខណៈដែលកីឡាករណុប ប៉ាកាវ ធ្លាប់មកប្រកួតនៅលើសង្វៀនទូរទស្សន៍ SEA-TV ៤លើកមកហើយ ដោយឈ្នះ៣លើក ចាញ់១លើកធ្វើឲ្យអ្នកតាមដានស្គាល់ច្បាស់ដូចថ្ងៃ ។ ការប្រកួតលើកទី១ គេឈ្នះ ពេជ្រ អារុណ មកពីក្លិបតាព្រហ្មមានជ័យ លើកទី២ឈ្នះ លៀង ស៊ីពេជ្រ មកពីក្លិបខេត្តកោះកុងក្នុងទឹកទី៤ លើកទី៣ ចាញ់ពិន្ទុកីឡាករពុទ្ធ ហ៊ុច មកពីក្លិបពុទ្ធសេរីវង្សកីឡា និងការប្រកួតលើកចុងក្រោយ ឈ្នះជើងខ្លាំង ផុន ផាន់ណា មកពីក្លិបអប្សរាគុនខ្មែរដោយពិន្ទុ ។ ដូច្នេះទើបមានការយល់ស្របភ្លាមៗនឹងការទម្លាយចេញរបស់លោកថៃ អ៊ូ ដែលអះអាងថា ការប៉ះប្រកួតរបស់ ឡុង សុវណ្ណឌឿន នៅថ្ងៃស្អែក គឺជារឿងដែលថៃរំពឹងឈ្នះច្រើនជាង ដោយសារតែថៃមានបំណងរៀបស៊ី។ អ្នកតាមដានកាន់តែបង្ហាញភាពមន្ទិលពីការទស្សន៍ទាយទៅលើភាគីទាំងពីរ ។ ប៉ុន្តែអ្វីដែលម្នាក់ៗលើកឡើងដូចគ្នា គឺទាំងកីឡាករកម្ពុជា និងថៃពិតជាបើកឆាកប្រយុទ្ធគ្នាល្អមើលដើម្បីមុខមាត់រៀងខ្លួនមិនខាន ។
ណុប ប៉ាកាវ ធ្លាប់ប្រកួត៩៩លើក ឈ្នះ៧៨លើក ចាញ់១៩លើក និងស្មើ២លើក ។ ដោយឡែក ឡុង សុវណ្ណឌឿន ធ្លាប់ប្រកួត៦៩លើក ឈ្នះ៥៧លើក ចាញ់៩លើក និងស្មើ៣លើក ។ ការប្រកួតលើកចុងក្រោយ ឡុង សុវណ្ណឌឿន ឈ្នះកីឡាករថៃ ថាក់ភុំ គីរីហាវង្ស ដោយពិន្ទុ ។ មិនខុសគ្នាដែរ សម្រាប់ ឡៅ ស៊ីណាត បើទោះជាបានដឹងថាភាគីថៃដែលត្រូវប៉ះជាមួយ ជាកីឡាករដែលអ្នកបញ្ជូនមកប្រាប់ថា ក្នុងបំណងរៀបស៊ី ក៏ជើងខ្លាំងរូបនេះប្រាប់ថាមិនខ្លាច ។ ជាមួយនឹងក្ដីសង្ឃឹមថា ឈ្នះដោយមុតមាំលោកថា មិនជឿរឿងខ្លួនចាញ់គូប្រកួតនៅលើសង្វៀនស្អែកទេ ។ គូប្រកួតរបស់លោកគឺ កីឡាករថៃ រ៉ា ឆានុន ។ កីឡាកររូបនេះត្រូវលោកថៃ អ៊ូ អះអាងថា ខ្លាំងក្លានៅក្នុងប្រទេសថៃ និងជាកីឡាករដែលមានឈ្មោះបោះសំឡេងម្នាក់ ។
គេធ្លាប់ប្រកួត១០៩លើក ឈ្នះ៩៩លើក ចាញ់៨លើក និងស្មើ២លើក ខណៈដែលជើងចាស់របស់កម្ពុជា ឡៅ ស៊ីណាត ធ្លាប់ប្រកួត១១៥លើក ឈ្នះ១០៤លើក ចាញ់១០លើក និងស្មើ១លើក ដែលមានន័យថា ឡៅ ស៊ីណាត ពិតជាត្រូវប៉ះជាមួយដៃគូដែលល្បីថាខ្លាំង ហើយមានបទពិសោធន៍ប្រហែលខ្លួនអញ្ចឹងមែន ។ គូនេះអ្នកចង់គាំទ្រខាងខ្មែរកាន់តែមន្ទិលដោយសារតែ ឡៅ ស៊ីណាត រាងចាស់ទៅហើយ ហើយភ័យខ្លាចលោកមានកម្លាំងស៊ុហ្វមិនដល់ថៃ ក្នុងពេលដែលបទពិសោធន៍ប្រកួតប្រហែលគ្នា រីឯស្ថានភាពរស់នៅ និងការហ្វឹកហាត់របស់កីឡាករថៃ ត្រូវគេដឹងថាល្អជាងកម្ពុជាបែបនេះ។ យ៉ាងណាក៏ដោយ បន្ទាប់ពី ឡៅ ស៊ីណាត ចេញមុខអះអាងពីភាពជឿជាក់ធ្វើឲ្យម្នាក់ៗធូរចិត្តជាងមុន និងងាកមកគាំទ្រលោកសម្រាប់ថ្ងៃស្អែកមិនតិចទេ ។ ការប្រកួតលើកចុងក្រោយ ឡៅ ស៊ីណាត ឈ្នះអ្នកប្រដាល់ថៃឈ្មោះ ប៉ាយ៉ាទ័រ ទ័រហួយ ដោយពិន្ទុ ។
ចាំមើលតើ ឡុង សុវណ្ណឌឿន និងឡៅ ស៊ីណាត នឹងក្លាយជាអ្នកចំណូលថ្មីត្រូវចាញ់ថៃដូច២សប្ដាហ៍កន្លងទៅ ឬក្លាយជាអ្នកបំបាក់ថៃធ្វើឲ្យសហព័ន្ធថៃក្ដៅស្លឹកត្រចៀក ?
ចែករំលែកព័តមាននេះ