ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​បើក​វគ្គ​បំប៉ន​ដល់​គ្រូ គ្រូ​ជំនួយ​ និង​អត្ត​ព​លិ​ក​មុន​ពេល​ទៅ​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​នៅ​សិង្ហ​បុរី

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា កាលពី​ល្ងាច​ថ្ងៃ​ទី​២០ ឧសភា បាន​បើក​វគ្គ​បំប៉ន​មួយ​ដល់​មន្ត្រី​ដឹកនាំ គ្រូបង្វឹក គ្រូ​ជំនួយ កីឡាករ និង​កីឡាការិនី ដែល​ត្រូវ​ទៅ​ចូលរួម​ប្រកួត​

រាជធានី​ភ្នំពេញ ៖ មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា កាលពី​ល្ងាច​ថ្ងៃ​ទី​២០ ឧសភា បាន​បើក​វគ្គ​បំប៉ន​មួយ​ដល់​មន្ត្រី​ដឹកនាំ គ្រូបង្វឹក គ្រូ​ជំនួយ កីឡាករ និង​កីឡាការិនី ដែល​ត្រូវ​ទៅ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​លើក​ទី​២៨ នៅ​ប្រ​ទេ​សិង្ហ​បុរី នា​ដើមខែ​ក្រោយ​នេះ ។

វាគ្មិន​សំខាន់​ៗ​ក្នុង​វគ្គ​នេះ​មាន​លោក អ៊ុ​ក សិទ្ធិ​ជាតិ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អប់រំ​កាយ និង​កីឡា ឧទ្ទេសនាម​ពី​ផែនការ​នៃ​ការ​ចេញដំណើរ​របស់​ប្រតិភូ​កម្ពុជា ។ លោក​វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា ឧទ្ទេសនាម​ពី​ការ​ត្រៀមខ្លួន​ចូលរួម​ប្រកួត​, លោក​វេជ្ជបណ្ឌិត ស្តើង ជា ប្រធាន​អនុ​គណៈកម្មការ​វេជ្ជសាស្ត្រ​អម​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា ឧទ្ទេសនាម​ពី​វិជ្ជាជីវៈ​សង្គ្រោះ​បឋម ការ​ញ៉ាំ​អាហារ និង​ការ​ប្រឆាំង​ការ​ប្រើប្រាស់​សារធាតុ​លើក​កម្លាំង​ដែល​ហាមឃាត់​ក្នុង​កីឡា (​ដូ​ពីង​) លោក អុ​ិ​ត ឡេ​ង មន្ត្រី​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​ឧទ្ទេសនាម​ពី​ការ​គ្រប់គ្រង​លទ្ធផល​ប្រកួត និង​លោក កែវ សា​រ៉េ​ត នាយ​រង​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា តំណាង​លោក​បុ​៉​ន សុខ នាយក​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា ឧទ្ទេសនាម​ពី​ការ​លេង​ដោយ​យុត្តិធម៌ (Fair-Play) ។

វគ្គ​នេះ​នឹង​បញ្ចប់​នៅ​ថ្ងៃ​ទី​២២ ឧសភា ហើយ​សិក្ខាកាម​សរុប​មាន​ចំនួន​២១៩​នាក់ ក្នុង​នោះ​គ្រូបង្វឹក​៤៤​នាក់ និង​កីឡាករ​-​កីឡាការិនី​១៧៥​នាក់​លើ​២២​ប្រភេទ​កីឡា​ដែល​ត្រូវ​ទៅ​ប្រកួត​ស៊ី​ហ្គេ​ម​មាន តេ​ក្វា​ន់​ដូ (WTF), ប៉េតង់​, សី​ប៉ាក់​តា​ក្រ (​ឈិ​ន​ឡូ​ន​), ប្រណាំងទូក​ប្រពៃណី (​កា​នូ​), វូ​ស៊ូ​, យូ​ដូ​, ប្រដាល់​សាកល​, វាយ​កូន​បាល់​, បាល់ទះ​ក្នុង​សាល​, បាល់ទាត់ (U23), អត្តពលកម្ម​, កាយសម្ព័ន្ធ​, ហែល​ទឹក​, ទ្រី​យ៉ា​ត្លុង​, បាល់បោះ​, វាយ​កូន​ឃ្លី​លើ​តុ​, វាយ​សី​, គុន​ដាវ​, ជិះសេះ​, វាយកូនគោល និង​បាល់អោប ។ កីឡាករ​-​កីឡាការិនី​ទាំងអស់​សុទ្ធតែ​ឆ្លងកាត់​ការ​ហ្វឹកហាត់​រយៈពេល​៥​ខែ​ស្មើនឹង​១៥១​ថ្ងៃ ត្រូវជា​៥៣០​ម៉ោង ដោយ​ក្នុង​មួយ​ថ្ងៃ​ហាត់​៥​ម៉ោង ។

ការ​ទៅ​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​នេះ កម្ពុជា​នៅ​មិន​ទាន់​ដឹង​ថា អាច​រក្សា​មេដាយមាស​ចំនួន​៨ ឱ្យ​នៅ​ដដែល​ឬ​អត់​នោះ​ទេ ខណៈ​ដែល​វិញ្ញាសា​ដែល​មាន​សក្តានុពល​មួយ​ចំនួន​ត្រូវ​ម្ចាស់ផ្ទះ​មិន​ដាក់​បញ្ចូល​នៅ​ក្នុង​កម្មវិធី​ប្រកួត​របស់​គេ​ឡើយ ។ ទោះបីជា​យ៉ាងណា លោក​ថោ​ង ខុន ប្រធាន​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា ធ្លាប់​មាន​ប្រសាសន៍​រួច​មក​ហើយ​ថា យើង​ត្រូវ​តែ​មាន​ជំនឿ​ចិត្ត និង​ខិតខំ​ប្រឹងប្រែង​ប្រកួត​ឱ្យ​អស់ពី​សមត្ថភាព ដូច្នេះ​យើង​នៅ​តែ​មាន​ភាព​សង្ឃឹម​ច្រើន​ក្នុង​ការ​ដណ្តើម​មេដាយ ។ យើង​នៅ​មាន​វិញ្ញាសា​ដែល​មាន​សក្តានុពល​ដូច​ជា​កីឡា​ប៉េតង់​ជាដើម ដែល​ជា​ប្រភេទ​កីឡា​ធ្លាប់​ដណ្តើម​បាន​មេដាយ​ច្រើន​ជាងគេ​នៅ​រាល់​ព្រឹត្តិការណ៍​ប្រកួត​កន្លង​មក ៕