ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឃុំខ្លួន​មន្ត្រី​ប៉េ​អឹ​ម​ស្រវឹង​ធ្លាក់​ភ្នែក​ម្នាក់​ ដែល​បើករថយន្ត​បុក​មនុស្ស​​ស្លា.ប់​២​​នាក់

8 ឆ្នាំ មុន

ខេត្តបាត់ដំបង​ ៖ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​ម្នាក់ កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​២១ ​ឧសភា ២០១៥ បន្ទាប់​ពី​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត ​រក​ឃើញ​កំហុស​ចំនួន​៣​ករណី ពាក់ព័ន្ធ​ក្នុង​

ខេត្តបាត់ដំបង​ ៖ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​ម្នាក់ កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​២១ ​ឧសភា ២០១៥ បន្ទាប់​ពី​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត ​រក​ឃើញ​កំហុស​ចំនួន​៣​ករណី ពាក់ព័ន្ធ​ក្នុង​សំណុំរឿង​បង្ក​គ្រោះថ្នាក់​ចរាចរ​ណ៏​សម្លាប់​មនុស្ស​២​នាក់​។

លោក​ម៉ែ​ន បូ​រី នាយ​ផ្នែក​ដំណោះស្រាយការិយាល័យ​ចរាចរ​ណ៍ជើង​គោកនៃ​ស្នងការ​ដ្ឋានខេត្ត​បាន​ប្រាប់​កោះសន្តិភាព​ថា ជន​សង្ស័យ​ឈ្មោះ​ថាវ ឡុ​ង អាយុ​៤៥​ឆ្នាំ ជា​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត ត្រូវ​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​រក​ឃើញ​កំហុស និង​ធ្វើការ​ចោទប្រកាន់​ចំនួន​៣​ករណី ដែល​ពាក់ព័ន្ធ​នឹង​ករណី​បង្ក​គ្រោះថ្នាក់​ចរាចរ​ណ៏​ធ្ងន់ធ្ងរ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​២​នាក់​។

លោក​ថា ពិរុទ្ធជន​រូប​នេះ ​បាន​រង​ការ​ចោទ​ពី​បទ​១-​ប្រើប្រាស់​ស្លាក​លេខ​រថយន្ត​ក្លែងក្លាយ ២-​បើកបរ​ពេល​ស្រវឹង និង​៣-​បង្ក​គ្រោះថ្នាក់​ចរាចរ​ណ៏​បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស​។ លោក​ម៉ែ​ន បូ​រី បញ្ជាក់​ថា បន្ទាប់​ពី​តំណាង​អយ្យការ​ធ្វើការ​ចោទប្រកាន់ លោក​ចៅក្រម​ស៊ើបសួរ​បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​ជន​នេះ​បណ្ដោះ​នៅ​ក្នុង​ពន្ធនាគារ​ហើយ ក្រោយ​បញ្ចប់​ការ​ពិនិត្យ​សំណុំរឿង ដើម្បី​បើក​ការ​ស៊ើបអង្កេត​បន្ត​។

សូម​បញ្ជាក់​ថា ពិរុទ្ធជន​ឈ្មោះ​ថាវ ឡុ​ង អាយុ​៤៥​ឆ្នាំ ជា​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត បាន​បើករថយន្ត​ម៉ាក​ឡិច​ស៊ី​ស​RX300​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ​របស់​ខ្លួន​​បុក​រះ​អ្នក​ជិះ​កង់ ​និង​ជិះ​ម៉ូតូ​ពីក្រោយ​ពេញទំហឹង បណ្ដាល​ឲ្យ​ស្ត្រី​ឈ្មោះ​ជួន សា​រិ​ន អាយុ​៥៤​ឆ្នាំ​ជិះ​ម៉ូតូ និង​កុមា​រា​ឈ្មោះ​ចិត្ត ណាត អាយុ​១៤​ឆ្នាំ​ជិះ​កង់ ស្លាប់​ទាំង​២​នាក់ កាលពី​ល្ងាច​ថ្ងៃ​ទី​១៩ ​ឧសភា ស្ថិតនៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥៧ ត្រង់​ចំនុច​ភូមិ​គោក​ពន្លៃ សង្កាត់​អូរ​ម៉ា​ល់ ក្រុង​បាត់ដំបង ខណៈ​ពិរុទ្ធជន​រូប​នេះ​បើកបរ​ទាំង​ខ្លួន​ស្រវឹងស្រា​ជោក
ជាំ​។

ឧប្បតិ​ហេតុនេះ​បាន​កើតឡើង ក្នុង​គ្រា​ដែល​រថយន្ត​ជន​បង្ក និង​ជន​រង​គ្រោះ​ទាំង​២​នាក់​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​ពី​កើត​ទៅ​លិច​។ បន្ទាប់​ពី​បង្ក​គ្រោះថ្នាក់​អ្នកបើកបរ​រថយន្ត​ក៏​ត្រូវ​សមត្ថកិច្ច​មូល​ដ្ឋា​ន​ចាប់​វាយ​ខ្នោះដៃ​ភ្លាម​ៗ​ដែរ បើ​ទោះជា​ជន​បង្ក​រូប​នេះ​ព្យាយាម​អះអាង​ប្រាប់​គេ​ថា ខ្លួន​ជា​មន្ត្រី​ប៉េ​អឹ​ម​ខេត្ត​ក្ដី​។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព