ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ផ្ទុះ​ការ​រិះ​គន់​កាន់​តែខ្លាំង​រឿង​ជម្រុះ​ វង្ស ណយ​ យក ឡុង​ សុភី​

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​សន្សំ​ពិន្ទុ​នៅ​ក្នុង​ព្រឹ​តិ្ត​ការណ៍​ដណ្ដើម​ខ្សែក្រវាត់​ក្រុមហ៊ុន​ភេសជ្ជៈ​ខា​រ៉ា​បាវ​នៅ​លើ​សង្វៀន​ទូរទស្សន៍​បាយ័ន បាន​ធ្វើ​ឱ្យ​ផ្ទុះ​កំហឹង​កាន់តែ​រីក​រាលដាល

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​សន្សំ​ពិន្ទុ​នៅ​ក្នុង​ព្រឹ​តិ្ត​ការណ៍​ដណ្ដើម​ខ្សែក្រវាត់​ក្រុមហ៊ុន​ភេសជ្ជៈ​ខា​រ៉ា​បាវ​នៅ​លើ​សង្វៀន​ទូរទស្សន៍​បាយ័ន បាន​ធ្វើ​ឱ្យ​ផ្ទុះ​កំហឹង​កាន់តែ​រីក​រាលដាល បន្ទាប់​ពី​លទ្ធផល​បញ្ចប់​វគ្គ​សន្សំ​ពិន្ទុ​បាន​បង្ហាញ​ថា ឡុ​ង សុ​ភី ជា​អ្នក​បាន​ឡើង ឯ វង្ស ណ​យ ជា​អ្នក​ធ្លាក់​ចេញ ។

ក្នុង​ពេល​ប្រកួត​ចប់​ភ្លាម​សម្រែក​រិះគន់​ហាក់​មិនសូវ​ឮ​ខ្លាំងក្លា​ប៉ុន្មាន​ទេ ប៉ុន្តែ​ក្នុង​រង្វង់​ពីរ​បី​ថ្ងៃ​ចុង​ក្រោយ​នេះ សំឡេង​ហែកហួរ​ហាក់​បង្កើន​កម្លាំង​ម៉ាស៊ីន​ធ្វើ​ឱ្យ​ព្រឹត្តិការណ៍​ទាំងមូល​ស្រអាប់​ដោយសារ​ប្រឡូស​ប្រឡាក់​នឹង​សំឡេង​រិះគន់ ។ យ៉ាង​ហោច​ជាង​ពាក់កណ្ដាល​នៃ​អ្នក​តាមដាន​ការ​ប្រកួត​សន្សំ​ពិន្ទុ​នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ ដែល​មាន​កីឡាករ​ថៃ​៤​រូប និង​កីឡាករ​កម្ពុជា​៤​រូប​ចូលរួម បាន​សម្ដែង​ទស្សនៈ​វាយប្រហារ និង​មិន​ពេញចិត្ត​ចំពោះ​លទ្ធផល​ដែល​បាន​លេចឡើង​។

ការ​ប្រកួត​ទាំងមូល​មាន​សភាព​ក្ដៅ​គគុក​តាំងពី​ការ​ប្រកួត​ជុំ​នៅ​មិន​ទាន់​បញ្ចប់​នោះ​ម្ល៉េះ ប៉ុន្តែ​ឈាន​ដល់​វគ្គ​ចុង​ក្រោយ​កាលពី​ថ្ងៃ​ទី​១៧ ឧសភា កំហឹង​ធំ​មួយ​ត្រូវ​បាន​ផ្ទុះ​ឡើង ។ យោង​តាម​លទ្ធផល​ក្នុង​ចំណោម​កីឡាករ​កម្ពុជា និង​ថៃ​៨​រូប​មាន​តែ​៤​រូប​ប៉ុណ្ណោះ​ត្រូវ​បាន​ឡើង​ទៅ​វគ្គ​បន្ត​ដោយ​កីឡាករ​កម្ពុជា​ចំនួន​២​រូប និង​កីឡាករ​ថៃ​ចំនួន​២ ហើយ​មិន​គិត​ពិន្ទុ​ធៀប​គ្នា​រវាង​កីឡាករ​កម្ពុជា និង​ថៃ​នោះ​ទេ ។ មាន​ន័យ​ថា ទោះជា​កីឡាករ​ថៃ​ប្រកួត​ចាញ់​កម្ពុជា​ម្នាក់​ៗ ៤​ប្រកួត​ដូច​គ្នា​ក៏​ដោយ ក៏​នៅ​តែ​មាន​កីឡាករ​ថៃ​២​រូប​ដែល​មាន​លទ្ធផល​ល្អ​ជាង​បាន​ឡើង​ទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ដោយ​ចៀស​មិន​រួច​។ កីឡាករ​ដែល​មានសំណាង​ទាំង​៤​រូប គឺ​កីឡាករ កែវ រំ​ចង់​, ឡុ​ង សុ​ភី​, កីឡាករ​ថៃ Rareung Lukchampacha និង Tilek Pithak ។

មានការ​រិះគន់​យ៉ាង​ខ្លាំង​ថា បើ​ចង់​យក​កីឡាករ​ថៃ​២​នាក់​ឡើង និង​កីឡាករ​កម្ពុជា​២​នាក់​ឡើង​ដោយ​មិន​រាប់​ពិន្ទុ​ខ្ពស់​ទាប​តាម​លំដាប់ ហេតុ​អ្វី​មិន​ឱ្យ​កីឡាករ​ថៃ​ឈរ​ក្នុង​ពូ​ល​មួយ​ក្រុម និង​កីឡាករ​កម្ពុជា​ក្នុង​ពូ​ល​មួយ​ក្រុម​ដើម្បី​ស្វែងរក​អ្នក​ខ្លាំង​២​នាក់​ក្នុង​ក្រុម​នីមួយ​ៗ​ឱ្យ​ឡើង​ប៉ះ​គ្នា ។ ហេតុ​អ្វី​ចាំបាច់​តម្រូវ​ឱ្យ​ថៃ និង​កម្ពុជា​ប្រកួត​គ្នា​ចុះឡើង​ៗ ហើយ​បែរជា​យក​តែ​កម្ពុជា​២​រូប​ឱ្យ​ឡើង បើ​ទោះជា​កីឡាករ​កម្ពុជា​២​រូប​ទៀត​សុទ្ធតែ​មាន​ពិន្ទុ​នាំមុខ​ថៃ​ដែល​បាន​ឡើង​។ ទោះជា​ក្រុម​អ្នក​រៀបចំ​ការ​ប្រកួត​ថា នោះ​ជា​លក្ខខណ្ឌ​ដែល​បាន​ចែង​នៅ​ក្នុង​ការ​ប្រកួត ក៏​លទ្ធផល​ដែល​បាន​កើតឡើង​ធ្វើ​ឱ្យ​ផ្ទុះ​កំហឹង និង​ចោទ​ថា លក្ខខណ្ឌ​ដែល​បាន​ប្រកាស​ឡើង គឺជា​រឿង​មិន​សម​ស្រប ។

មានការ​រិះគន់​ជា​ច្រើន​ថា កម្មវិធី​នេះ​ហាក់​មាន​បំណង​រៀបចំ​ឱ្យ​កីឡាករ​កែវ រំ​ចង់ ធ្វើ​ជា​ម្ចាស់​ខ្សែក្រវាត់​ហើយ​មើលទៅ​បន្ទាប់​ពី​គូប្រកួត​ដ៏​ខ្លាំងក្លា​របស់ កែវ រំ​ចង់ ទាំង​២​គឺ វង្ស ណ​យ និង ម៉ឺន សុភា ត្រូវ​បាន​ទម្លាក់ ។ ការ​ធ្លាក់​របស់​ម៉ឺន សុភា ហាក់​មិន​ធ្វើ​ឲ្យ​មានរឿង​រំជើបរំជួល​នោះ​ទេ ប៉ុន្តែ​សម្រាប់​កីឡាករ​វង្ស ណ​យ ត្រូវ​គេ​ឃើញ​ផ្ទុះ​ឡើង​នូវ​ការ​វិភាគ​ដោយ​សំឡេង​ដៀលត្មះ​ច្រើន ។ ក្រុម​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​និយាយ​ថា ឆ្លង​តាម​ការ​ប្រកួត​កីឡាករ​កែវ រំ​ចង់ ត្រូវ​បាន​គេ​ឱ្យ​ឈ្នះ​ពិន្ទុ​កីឡាករ​ថៃ​ជាប់​រហូត បើ​ទោះជា​ការ​ប្រកួត​ខ្លះ​មើលទៅ​មិន​សម​នឹង​ឱ្យ​ឈ្នះ​ទាល់តែ​សោះ ។ ក្នុង​នោះ​កីឡាករ​កែវ រំ​ចង់ ក៏​ជួប​ឱកាស​ទទួល​បាន​៣​ពិន្ទុ​ដោយ​ស្វ័យប្រវត្តិ​ក្នុង​ជុំ​ទី​៣ ដែល​ហាក់ដូចជា​ការ​រៀបចំ​ឱ្យ​គេ​បាន​សន្សំ​កម្លាំង​គ្រប់គ្រាន់​ទៅ​ប៉ះ​កីឡាករ Tilek Pithak ក្នុង​ជុំ​ទី​៤ ដើម្បី​បាន​ឈ្នះ​ដូច្នេះ​ដែរ ។

ទោះជា​ខាង​មន្ត្រី​ទូរទស្សន៍​បាយ័ន​ប្រកាស​ថា កីឡាករ  SINGHA THORNGNOY មាន​របួស​មិន​អាច​ឡើង​ប្រកួត​បាន ទើប​តម្រូវ​ឱ្យ​រំ​ចង់បាន​៣​ពិន្ទុ ដោយ​មិនបាច់​ប្រកួត ក៏​ក្រុម​អ្នកលេង​ហ្វេ​ស​ប៊ុ​កបាន​លើក​ឡើង​ថា នោះ​ជា​រឿង​ចៃដន្យ​ដែល​មិន​ខុស​ពី​ការ​រៀបចំ​បម្រុង​ទុក ។ ដោយឡែក​សម្រាប់​រវាង​កីឡាករ​ឡុ​ង សុ​ភី និង​កីឡាករ​វង្ស ណ​យ វិញ​អ្នក​ណា​ក៏​មើលឃើញ​ដូច​គ្នា​ថា កីឡាករ​វង្ស ណ​យ នឹង​បាន​ឡើង​ដោយ​មិនបាច់​ប្រឹង​ដោយសារ​តែ​ជុំ​ទី​៤ កីឡាករ​វង្ស ណ​យ ត្រូវ​ប៉ះ​ជាមួយ​កីឡាករ​ថៃ ដែល​មាន​ពិន្ទុ​បាត​តារាង ប៉ុន្តែ ឡុ​ង សុ​ភី ត្រូវ​ប៉ះ​ជាមួយ Rarueng Lukchampachai ដែល​ជា​ជើង​ខ្លាំង​ដាច់​គេ​ក្នុង​ចំណោម​ថៃ​ទាំង​៤ ដែល​មានសំណាង​ឈ្នះ​ទាំង ម៉ឺន សុភា និង វង្ស ណ​យ នោះ ។ អ​ញ្ចឹ​ង​ហើយ​ទើប​ការ​ប្រកួត​កាលពី​ថ្ងៃអាទិត្យ​នោះ​បាន​ផ្ទុះ​នូវ​ការ​រិះគន់​មួយ​ឡើង​ដោយសារ​តែ​កីឡាករ Rareung ដែល​ធ្លាប់តែ​ខ្លាំង ស្រាប់តែ​ប្រកួត​មិន​អស់ដៃ មិន​ខុស​ពី​ការ​រៀបចំ​ឱ្យ ឡុ​ង សុ​ភី បាន​ឡើង ហើយ​ទម្លាក់ វង្ស ណ​យ ។

អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ដែល​បង្ហាញ​ទស្សនៈ​រិះគន់​បាន​លើក​ឡើង​ថា យោង​តាម​សមត្ថភាព Rareung មិន​អាច​ចាញ់​ពិន្ទុ ឡុ​ង សុ​ភី នោះ​ទេ ។ ប៉ុន្តែ​ខ្លាច វង្ស ណ​យ មាន​ពិន្ទុ​លេខ​២ ក្នុង​ចំណោម​ក្រុម​កម្ពុជា ហើយ​ឡើង​ទៅ​ប៉ះ កែវ រំ​ចង់ ធ្វើ​ឱ្យ​មាន​ឧបសគ្គ​ដល់​កីឡាករ​តួឯក​បាយ័ន​រូប​នេះ ទើប​លទ្ធផល​បែប​នេះ​លេចឡើង ។ យោង​តាម​លក្ខខណ្ឌ​នៃ​ការ​ប្រកួត​សម្រាប់​កីឡាករ​ដែល​មាន​ពិន្ទុ​ស្មើគ្នា កីឡាករ​ដែល​មាន​ក្រេ​ឌី​ត​ជាង​នឹង​បាន​បន្ត​ទៅ​កាន់​វគ្គ​ជម្រុះ ខណៈ​ដែល ឡុ​ង សុ​ភី និង វង្ស ណ​យ ចាញ់​មួយ​ប្រកួត​ដូច​គ្នា ប៉ុន្តែ វង្ស ណ​យ ចាញ់​ប្រៀប​ឡុ​ង សុ​ភី ត្រង់​ចាញ់ Rareung  ដោយ​លទ្ធផល​សន្លប់ ។ យ៉ាងណា​ក៏​ដោយ ជ័យជម្នះ​របស់ ឡុ​ង សុ​ភី លើ​កីឡាករ Rareung ត្រូវ​គេ​មើលឃើញ​ថា ជា​ការ​រៀបចំ​ដោយ​ច្បាស់​នឹង​ភ្នែក ខណៈ​ដែល​កីឡាករ​ថៃ​រូប​នេះ​ស្ទើរ​មិន​ចង់​វ៉ៃ​តែ​ម្ដង បើ​ធៀប​នឹង​ការ​ប្រកួត​ជាមួយ វង្ស ណ​យ និង ម៉ឺន សុភា ។

បើ​ទោះ​អ្នកខ្លះ​យល់​ថា មក​ពី Rareung ដឹង​ថា​ខ្លួន​បាន​ឡើង​ដោយ​ស្វ័យប្រវត្តិ​ទើប​មិនសូវ​ខិតខំ ក៏​លទ្ធផល​នោះ​ត្រូវ​គេ​ប៉ាន់​ស្មានថា​ការ​ជា​រៀបចំ​ទុក​ដែរ​។ ក្នុង​ចំណោម​កីឡាករ​កម្ពុជា​ទាំងអស់​មាន​តែ​ឡុ​ង សុ​ភី ម្នាក់​ប៉ុណ្ណោះ​ដែល​ភ្លាត់​ចាញ់​ពិន្ទុ​កីឡាករ Tilek Pithak ដែល​កីឡាករ​កម្ពុជា​ទាំង​៣ សុទ្ធតែ​បាន​យកឈ្នះ អ​ញ្ចឹ​ង​ហើយ​ទើប​ការ​ប្រកួត​ក្នុង​ជុំ​ទី​៤ មិន​មាន​មនុស្ស​ច្រើន​ឡើយ​ជឿ​ថា ឡុ​ង សុ​ភី យកឈ្នះ​ជើង​ខ្លាំង Rareung ហើយ​ជាន់ពន្លិច​ពិន្ទុ​កីឡាករ​វង្ស ណ​យ ។ អ្នក​ប្រើ​បណ្ដាញ​ហ្វេ​ស​ប៊ុ​ក​បន្ត​រិះគន់​ថា ខ្សែក្រវាត់​ជើងឯក និង​ទឹកប្រាក់​៥.០០០​ដុល្លារ​ពី​ព្រឹត្តិការណ៍​នេះ​នៅ​មិន​ឆ្ងាយ​ពី កែវ រំ​ចង់ នោះ​ទេ ដោយសារ​តែ​លទ្ធផល​ដែល​ត្រូវ​គេ​អះអាង​ថា មានការ​រៀបចំ​ទុក គឺ កែវ រំ​ចង់ មាន​សមត្ថភាព​នាំមុខ​គេ បន្ទាប់​ពី​ទម្លាក់​កីឡាករ​វង្ស ណ​យ និង​ម៉ឺន សុភា ជ្រុះ​បាត់ ។ អ្នក​ប្រើ​បណ្ដាញ​ហ្វេ​ស​ប៊ុ​កបាន​ទាំង​ចោទ​ថា នោះ​ជា​ការ​រៀបចំ​ទុក​ដើម្បី​ឱ្យ​កីឡាករ​កែវ រំ​ចង់ ជា​តួឯក​តែ​ម្នាក់​របស់​បាយ័ន​បាន​ល្បី​នោះ​ផង ។

ទោះជា​មានការ​ប្រកាស​ពី​លក្ខខណ្ឌ​ជា​មុនក៏​ក្រុម​អ្នក​រិះគន់​នៅ​តែ​ចោទសួរ​ថា ហេតុ​អ្វី​អ្នក​រៀបចំ​ការ​ប្រកួត​មិន​ឲ្យ​ថៃ និង​កម្ពុជា​ឈរ​ពូ​ល​ផ្សេង​គ្នា ហើយ​ប្រកួត​ជម្រុះ​យក​២​នាក់​ម្ខាង​ឡើង ? ការ​រិះគន់​កំពុង​ផុសផុល​ពេញ​ក្នុង​សង្គម​ហ្វេ​ស​ប៊ុ​ក​បន្ទាប់​ពី​កីឡាករ​ថៃ​ដែល​បាន​ឡើង​បន្ត គឺ​ម្នាក់​បាន​ឈ្នះ​តែ​២​ប្រកួត និង​ម្នាក់​ទៀត​បាន​ឈ្នះ​តែ​មួយ​ប្រកួត​ដែល​មាន​ន័យ​ថា សុទ្ធតែ​ចាញ់​ពិន្ទុ​កីឡាករ​កម្ពុជា ។ ការ​រិះគន់​កាន់តែ​ឮ​ខ្លាំង​ក្រោយ​ពី​កីឡាករ​វង្ស ណ​យ ដែល​អ្នក​ណា​ក៏​មើលឃើញ​ថា គួរតែ​បាន​ឡើង​ទៅ​ជួប​កែវ រំ​ចង់ ត្រូវ​ជំនួស​ដោយ ឡុ​ង សុ​ភី ។ ម្នាក់​ៗ​នៅ​តែ​ថា Rareung ធ្វើ​ចាញ់ ឡុ​ង សុ​ភី ជា​ការ​រៀបចំ ។ ប៉ុន្តែ​ក៏​មាន​អ្នកគាំទ្រ​ថា ឡុ​ង សុ​ភី បាន​ឈ្នះ​ជើង​ខ្លាំង​រូប​នេះ​ដោយសារ​តែ​វាយ​បាន​ល្អ​ជាង​ផង​ដែរ ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ កោះសន្ដិភាព​មិន​ទាន់​ទទួល​បានការ​ឆ្លើយ​បំភ្លឺ​ពី​លោក​នាង ស៊ី​វត្ថា ដែល​ជា​អ្នក​រៀបចំ​ការ​ប្រកួត​ប្រចាំ​ស្ថានីយទូរទស្សន៍​បាយ័ន​នៅឡើយ​ទេ ។ ប៉ុន្តែ​យោង​តាម​ការ​ស្ទាបស្ទង់ បើ​ខ្សែក្រវាត់​ជើងឯក​ជា​របស់ កែវ រំ​ចង់ មែន​នោះ ការ​រិះគន់​ពិតជា​មាន​ប្រសិទ្ធភាព ។ ជា​ពិសេស​នៅ​ពេល​ដែល​គេ​មើលឃើញ​ថា ឱ្យ​តែ​ការ​ប្រយុទ្ធ​មាន​ស្ថានភាព​ប្រដំប្រសង​គ្នា ឬ​ចាញ់​គូប្រកួត​តិចតួច កែវ រំ​ចង់ នៅ​តែ​ត្រូវ​គេ​ឱ្យ​ឈ្នះ​ពិន្ទុ ៕