ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំណូល​ពន្ធដារ​ក្នុង​ខែមេសា​ឆ្នាំ​2015​ទទួល​បាន​204,25​លាន​ដុល្លារ​អា​មេ​រិ​ក

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អគ្គនាយកដ្ឋាន​ពន្ធដារ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ឱ្យ​ដឹង​ថា នៅ ក្នុង​ខែមេសា ឆ្នាំ​២០១៥ អគ្គនាយកដ្ឋាន​ប្រមូល និង​បង់ពន្ធ​ចូល​ថវិកាជាតិ បាន​ចំនួន​៨១៧.០០១​លាន​រៀល ប្រមាណ​ជា​២០៤,២៥​លាន​ដុល្លារ​អា​មេ​រិ​ក

រាជធានី​ភ្នំពេញ ៖ អគ្គនាយកដ្ឋាន​ពន្ធដារ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ឱ្យ​ដឹង​ថា នៅ ក្នុង​ខែមេសា ឆ្នាំ​២០១៥ អគ្គនាយកដ្ឋាន​ប្រមូល និង​បង់ពន្ធ​ចូល​ថវិកាជាតិ បាន​ចំនួន​៨១៧.០០១​លាន​រៀល ប្រមាណ​ជា​២០៤,២៥​លាន​ដុល្លារ​អា​មេ​រិ​ក បើ​ប្រៀបធៀប​ទៅ​នឹង​ខែមេសា​ឆ្នាំ​២០១៤ គឺ​មានការ​កើនឡើង​ស្មើនឹង​៤០,៩១%​។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​នៃ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ប្រមូល​ចំណូល​ពន្ធ​ប្រចាំ​ខែមេសា ឆ្នាំ​២០១៥ ឱ្យ​ដឹង​ថា កិច្ចប្រជុំ​ដែល​ប្រព្រឹត្ត​ទៅ​នៅ​អគ្គនាយកដ្ឋាន​ពន្ធដារ នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០១៥ ក្រោម​អធិបតីភាព​លោក គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយក ដ្ឋា​ន​ពន្ធដារ បានឱ្យ​ដឹង​ថា នៅ​ក្នុង​រយៈពេល​៤​ខែ​ឆ្នាំ​២០១៥ ចំណូល​ពន្ធ​-​អាករ​សរុប​មាន​ចំនួន​ស្មើនឹង​៤៥,៥១% នៃ​គោលដៅ​កំណត់​ក្នុង​ច្បាប់​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០១៥ ក្នុង​នោះ​មាន​ថវិកាជាតិ​ប្រមូល​បាន​ស្មើនឹង ៤៧,២១% និង​ថវិកា​ថ្នាក់​ក្រោម​ជាតិ​ប្រមូល​បាន​ស្មើនឹង​៣៤,៦២% ។

នៅ​ក្នុង​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០១៤ និង​ឆ្នាំ​២០១៥ ឃើញ​ថា មានការ​កើនឡើង​នូវ​ចំណូល​ពន្ធ​តាម​ប្រភេទ​ពន្ធ​សំខាន់​ៗ​មួយ​ចំនួន​ដូច​ជា ពន្ធលើប្រាក់ចំណេញ​មានការ​កើនឡើង​ប្រមាណ​៥០,៤% ពន្ធលើប្រាក់បៀវត្ស​រ៍​មានការ​កើនឡើង​ប្រមាណ​៣១,៦% អាករ​លើ​តម្លៃបន្ថែម​មានការ​កើនឡើង​ប្រមាណ​៣៩,៧% និង​អាករ​ពិសេស​មានការ​កើនឡើង​ប្រមាណ​៣០,៨% ។

បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០១៤ និង​ឆ្នាំ​២០១៥ ចំណូល​ពន្ធ​តាម​សកម្មភាព​អាជីវកម្ម​មានការ​កើនឡើង​ស្ទើរតែ​ទាំងអស់ ក្នុង​នោះ​រួម​មាន ផ្នែក​ផលិត​ភេសជ្ជៈ​កើនឡើង​ប្រមាណ​២២,៩% ផ្នែក​សេវា​ហិរញ្ញវត្ថុ​កើនឡើង​ប្រមាណ​៣៩,០% ផ្នែក​ទូរគមនាគមន៍​កើនឡើង​ប្រមាណ​២៣,៣% ផ្នែក​នីហរ័ណ អាហរ័ណ​កើនឡើង​ប្រមាណ​១៧,១% ផ្នែក​ផលិត​គ្រឿង​ប្រើប្រាស់​កើនឡើង​ប្រមាណ​៣,៩% ផ្នែក​សណ្ឋាគារ និង​ផ្ទះសំណាក់​កើនឡើង​ប្រមាណ​១១,៥% ផ្នែក​ផលិត​ថ្នាំជក់​កើនឡើង​ប្រមាណ​៩៥,៤% ផ្នែក​ដឹក​ជញ្ជូន និង​ទេសចរណ៍​កើនឡើង​ប្រមាណ​៧,២% ផ្នែក​អាកាសយានដ្ឋាន និង​កំពង់​ផែ​កើនឡើង​ប្រមាណ​១១,៧% ,៧% ផ្នែក​លក់​ភេសជ្ជៈ​កើនឡើង​ប្រមាណ​៥២,២% ផ្នែក​ផលិត​យានយន្ត​កើនឡើង​ប្រមាណ​១៨១,៥% ផ្នែក​ផលិត​ម្ហូបអាហារ​កើនឡើង​ប្រមាណ​២៦,០% និង​ផ្នែក​ផលិត​គ្រឿងចក្រ​កើនឡើង​ប្រមាណ​៥៩,៧% ។

សេចក្តី​ប្រកាស​ព័ត៌មាន​បានឱ្យ​ដឹង​ទៀត​ថា នៅ​ក្នុង​កិច្ចប្រជុំ​នោះ លោក គង់ វិបុល ស្នើ​ឱ្យ​មានការ​ផ្តោត​លើ​ចំណុច​សំខាន់​ៗ​មួយ​ចំនួន រួម​មាន ពិនិត្យ​និង​ពិភាក្សា​លើ​របាយការណ៍​លទ្ធផល​ប្រមូល​ចំណូល​ពន្ធ​ប្រចាំ​ខែមេសា ឆ្នាំ​២០១៥ របស់​អង្គភាព​នីមួយ​ៗ ។ វឌ្ឍនភាព​នៃ​ការ​ចាត់​បញ្ចូល​អាជីវ​កម្មដ្ឋាន​ជាប់ពន្ធ​តាម របប​ម៉ៅ​ការ​ទៅ​របប​ស្វ័​យ​ប្រកាស ។ ពិភាក្សា​លើ​លិខិត​ប្រកាស​ពន្ធ ការ​ធ្វើ​សវន​កម្ម​ពន្ធ និង​ការ​គ្រប់គ្រង​បំណុល​ពន្ធ ។ ពិភាក្សា​អំពី​យន្តការ​នៃ​ការ​បង្វិល​សង ។ ការ​ត្រួតពិនិត្យ​ការ​ប្រមូល​ពន្ធ​លើ​មធ្យោបាយ​ដឹក​ជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ​សម្រាប់​ឆ្នាំ​២០១៤ និង​ពន្ធ​លើ​អចលនទ្រព្យ​ឆ្នាំ​២០១៥ ។ ការ​ចុះបញ្ជី​សហគ្រាស​តាម​ប្រព័ន្ធ​ថ្មី និង​ការ​ធ្វើ​បច្ចុប្បន្នភាព​សហគ្រាស​។ វឌ្ឍនភាព​ការងារ​កែទម្រង់​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ និង​ត្រួតពិនិត្យ​ការ​អនុវត្ត​យុទ្ធសាស្ត្រ កៀរគរ​ចំណូល​រយៈពេល​មធ្យម​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​ឆ្នាំ​២០១៤-២០១៨ ។

លោក​អគ្គនាយក បាន​សម្តែង​នូវ​ការ​អបអរសាទរ​ជាមួយ​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ពន្ធដារ​គ្រប់​ជាន់ថ្នាក់ ចំពោះ​លទ្ធផល​ការងារ​ប្រមូល​ចំណូល​ពន្ធដារ ដែល​សម្រេច​បាន​ប្រចាំ​ខែមេសា ឆ្នាំ​២០១៥ និង​បាន​ជំរុញ​លើកទឹកចិត្ត​ឱ្យ​បន្ត ខិតខំ​ជម្នះ​ការ​លំបាក និង​បញ្ហា​ប្រឈម​នានា ក្នុង​ការ​អនុវត្ត​ភារកិច្ច​ប្រមូល​ចំណូល​ពន្ធ​គ្រប់​ប្រភេទ​ឱ្យ​បាន​សម្រេច​តាម​គោលដៅ​កំណត់​ក្នុង​ច្បាប់​ស្តី​ពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០១៥ តាម​រយៈ​ការ​បង្កើន​ការ​ផ្តល់​សេវា​ដល់​អ្នក​ជាប់ពន្ធ​ឱ្យ​បាន​ប្រសើរ ងាយស្រួល ឆាប់រហ័ស​នៅ​គ្រប់​ទីកន្លែង និង​អនុវត្តន៍​វិធានការ​នានា​សំដៅ​ធ្វើ​ឱ្យ​បាន​សម្រេច​គោលដៅ​ចំណូល​ឆ្នាំ​២០១៥ ៕