ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បទ «ខ្យង​ក្តក់» ជាប់​អនុស្សាវរីយ៍​ជាមួយ​លោក​ស៊ី​ន ស៊ី​សា​មុត អំឡុង​ពេល​ពួក​ខ្មែរក្រហម​ជម្លៀស​ចេញពី​ទីក្រុង​ភ្នំពេញ

8 ឆ្នាំ មុន

យោង​តាម​សៀវភៅ «​ចម្រៀង​ចង.ក្រង​ឡើង​វិញ​» របស់​សមាគម​ស៊ី​ន ស៊ី​សា​មុត អត្ថាធិប្បាយ​ថា បទ​ចម្រៀង​របស់​កវី​ស្វាយ សំ​អឿ ភាគច្រើន​រៀបរាប់​ពាក់ព័ន្ធ​នឹង​ធម្មជាតិ​បែប​ស្រុកស្រែ ចម្ការ តួ​យ៉ា​ង​ដូច​ជា​បទ

យោង​តាម​សៀវភៅ «​ចម្រៀង​ចងក្រង​ឡើង​វិញ​» របស់​សមាគម​ស៊ី​ន ស៊ី​សា​មុត អត្ថាធិប្បាយ​ថា បទ​ចម្រៀង​របស់​កវី​ស្វាយ សំ​អឿ ភាគច្រើន​រៀបរាប់​ពាក់ព័ន្ធ​នឹង​ធម្មជាតិ​បែប​ស្រុកស្រែ ចម្ការ តួ​យ៉ា​ង​ដូច​ជា​បទ «​ខ្យង​ក្តក់​» ជាដើម ។ ធាតុ​ពិត​នៃ​ចម្រៀង​នេះ គឺ​រៀបរាប់​តែ​ពី​ទឹក​ព្រែក សត្វ​ខ្យង កង្កែប ត្រី ជុច រុក្ខជាតិ​ដូច​ជា គុម្ព​ឫស្សី ទំពាំង ស្រាំងទិច … សុទ្ធសឹងតែ​សម្បត្តិ​ធម្មជាតិ​នៃ​ទឹកដី​ជនបទ​របស់​មាតុភូមិ​យើង ។ កាលណា​កាយ​កាន់តែ​ឃ្លាត ចិត្ត​កាន់តែ​នឹករលឹក ហើយ​នាំ​ឱ្យ​បេះដូង​កាន់តែ​ដក់​ស្រលាញ់​ស្រុក​ទេស​គ្មាន​ថ្ងៃ​បំភ្លេច​បាន ។ មាន​បទ ល្បី​ៗ​ជា​ច្រើន​ទៀត​របស់​កវី ស្វាយ សំ​អឿ ដូច​ជា​បទ «​សេកសោម​» បទ «​នោ​អើយ​ស្រី​នោ​» បទ​«​កណ្តូបបុកស្រូវ​» បទ​«​ចៅ​ដក​» បទ​«​ឱ​!​សំណព្វចិត្ត​» បទ​«​ស្រស់​នេះ​ស្រស់​ពោះ​ម៉ាយ​ហ៊ឺ​ហា​» ជាដើម។

ជាង​នេះ​ទៀត អ្នក​ស្រាវជ្រាវ​បាន​ទទួល​ព័ត៌មាន​ថា បទ​«​ខ្យង​ក្តក់​»​ជា​បទ​ដែល​មាន​អនុស្សាវរីយ៍​ខ្លោចផ្សា​មួយ​របស់​លោក ស៊ី​ន ស៊ី​មុត នា​ក្រោយ​ថ្ងៃ​១៧ ខែមេសា ឆ្នាំ​១៩៧៥ គឺ​នៅ​ម្តុំ​វត្ត​ច​ម្ប៉ា ឃុំ​ព្រែក​ឯង កន្លែង​ដែល​គាត់​ទៅ​ស្នាក់​នៅផ្ទះ​មួយ​ពេល​គេ​ជម្លៀស​ចេញពី​ទីក្រុង​នោះ​។ រៀង​រាល់​ល្ងាច​គឺជា​ពេល​ដែល​លោក​ស៊ី​ន ស៊ី​សា​មុត តែងតែ​បើករថយន្ត​ចេញ​ទៅ​កម្សាន្ត​តាម​មាត់ទន្លេ ឬ​ក៏​ទៅ​ជួប​បណ្តា​មិត្តភក្តិ​ជា​អ្នកនិពន្ធ ជា​តន្ត្រីករ​នោះ តែ​ពេល​ដែល​ប្រទេស​បែរជា​ត្រូវ​វឹកវរ ផ្លាស់​ប្តូរ​របប ជម្លៀស​ប្រជាជន​ចេញពី​ទីក្រុង​បែប​នោះ អារម្មណ៍​គាត់​តប់ប្រមល់​រក​អ្វី​ថ្លែង​មិន​បាន​ឡើយ​។ ម្ល៉ោះហើយ​ក្នុង​កាលៈទេសៈ​នោះ លោក​ស៊ី​ន ស៊ី​សា​មុត តែង​គេចខ្លួន​ចូល​ទៅ​ក្នុង​រថយន្ត​របស់​គាត់ ដែល​យក​ទៅ​ជាប់​ជាមួយ ហើយ​គាត់​ចាក់​កាស្សែត​បទ «​ខ្យង​ក្តក់​» ស្តាប់​តែ​ម្នាក់ឯង​ជា​រៀង​រាល់ពេល​រហូត​ដល់​ពេល​គាត់​ត្រូវ​អង្គការ​អាវ​ខ្មៅ​ចាប់​បញ្ជូន​យក​ទៅ​ដាក់​នៅ​មន្ទីរឃុំឃាំង​ឯ​កោះធំ ហើយ​ក្រោយមក​ជីវិត​គាត់​បាន​បាត់​រលត់​ពីលើ​លោក​នេះ​ទៅ​ជា​រៀង​រហូត លែង​វិល​វិញ មិន​ខុស​ពី​ម្ចាស់​បទ «​ខ្យង​ក្តក់​» កវី​ស្វាយ សំ​អឿ ឡើយ ។

បទ «​ខ្យង​ក្តក់​» និពន្ធ​ទំនុកច្រៀង និង​បទ​ភ្លេង​ដោយ​លោក​ស្វាយ សំ​អឿ សម្រួល​តន្ត្រី​ដោយ​លោក​មែរ ប៊ុ​ន និង​ច្រៀង​ដោយ​លោក​ស៊ី​ន ស៊ី​សា​មុត ។ បទ​នេះ​រាយ​ទំនុក​ថា ៖

១-​ខ្យង​ក្តក់​ទឹក​ជន់ ព្រលឹង​បង​អើយ ខ្យង​ក្តក់​ទឹក​ជន់ (​ពីរ​ដង​) ភ្លៀង​ផ្គរ​បន្ទរ​ទឹកជំនន់ (​ពីរ​ដង​) ទីទុយ​គយគន់​ទាំង​ឱ​ភ័យភិត ។
២-​ទឹកជោរ​ហើយ​នាច​ក្រមុំ​បង​អើយ រាច​ពេញ​ព្រឹក្ស​ព្រៃ (​ពីរ​ដង​) ត្រី​ឆ្តោ​ស្ទុះ​ធ្លោ​ឃើញ​ចំណី (​ពីរ​ដង​) ផុងខ្លួន​ស្ទើរ​ក្ស័យ​នៅ​ឱ​ក្នុង​ជុច ។
៣-​ខ្យង ក្តក់​ៗ​ហៅ​ក្រមុំ​បង​អើយ ហៅរក​ទឹកភ្លៀង (​ពីរ​ដង​) កង្កែប​ចេញ​វាល​ហើយ​ស្រែកច្រៀង (​ពីរ​ដង​) ភ្នែក​ដៀង​សម្លឹង​ទាំង​ក្តី​ស្រមៃ ។
៤-​បងហែល​ឆ្លង​ព្រែក​សម្លាញ់​ចិត្ត​អើយ ជួប​គុម្ព​ឫស្សី (​ពីរ​ដង​) ឃើញ​ទំពាំង​ម៉ុម​អើយ​ទុល​ដី (​ពីរ​ដង​) ស្រាំងទិច​បង​ភ័យ​ហែល​ឱ​ហួស​ទៅ ៕