ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្នុង​ពិធី​មង្គលការ ឬ​ជប់លៀង ម្ចាស់​កម្មវិធី​ចំណាយ​ប៉ុន្មាន​ទៅ​លើ​គ្រឿង​ស្រវឹង ?

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បច្ចុប្បន្ន​នេះ គ្រឿង​ស្រវឹង​បាន​ក្លាយជា​របស់​ដែល​ពេញ​និយម​ទៅ​ហើយ​សម្រាប់​មនុស្ស​ទូទៅ នៅ​ពេល​មានកម្ម​វិធី​ជួប​គ្នា ឬ​បែក​គ្នា សម្រាប់​កំដរ​ការ​ជជែក​ពិភាក្សា​។ ចំពោះ​កម្ពុជា

រាជធានី​ភ្នំពេញ ៖ បច្ចុប្បន្ន​នេះ គ្រឿង​ស្រវឹង​បាន​ក្លាយជា​របស់​ដែល​ពេញ​និយម​ទៅ​ហើយ​សម្រាប់​មនុស្ស​ទូទៅ នៅ​ពេល​មានកម្ម​វិធី​ជួប​គ្នា ឬ​បែក​គ្នា សម្រាប់​កំដរ​ការ​ជជែក​ពិភាក្សា​។ ចំពោះ​កម្ពុជា អ្នក​ប្រើប្រាស់​គ្រឿង​ស្រវឹង​បាន​កើន​ឡើងជា​បន្តបន្ទាប់ មិន​ថា​នៅ​តាម​ទី​ជនបទ ឬ​ទីក្រុង​នោះ​ទេ រាល់ពេល​មានកម្ម​វិធី​ម្ដង​ៗ​ពួក​គេ​តែងតែ​មិន​ភ្លេច​ទេ​គឺ​គ្រឿង​ស្រវឹង​។ បើ​នៅ​ជនបទ​ដាច់​ស្រយាល យ៉ាង​ហោច​ណាស់​ក៏​មាន​ស្រា​.​ស ឬ​ស្រាថ្នាំ​សម្រាប់​ញ៉ាំង​ឲ្យ​កម្មវិធី​មាន​ភាព​អធិកអធម​ដែរ ។ តែបើ​នៅ​ទីក្រុង​វិញ ចំពោះ​អ្នកមាន​ជីវភាព​ធ​ម្យ​ម យ៉ាង​ហោច​ក៏​មាន​ស្រា​បៀរ​ដែរ តែ​ចំពោះ​អ្នកមាន​ជីវភាព​ធូរធារ គេ​នឹង​ទទួលភ្ញៀវ​នូវ​គ្រឿង​ស្រវឹង​ណា​ដែល​មាន​តម្លៃ​ខ្ពស់​រហូត​ដល់​រាប់រយ​រាប់​ពាន់​ដុល្លារ​ក៏​មាន​ដែរ ។ ទន្ទឹម​នឹង​នោះ ការ​សេព​គ្រឿង​ស្រវឹង​ហួសប្រមាណ ក៏​ជា​កង្វល់​មួយ​របស់​រាជរដ្ឋាភិបាល​ផង​ដែរ ដោយសារ​តែ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ពេល​អ្នក​សេព​គ្រឿង​ស្រវឹង​បញ្ជា​យានយន្ត​របស់​ខ្លួន ។

ចំពោះ​គ្រឿង​ស្រវឹង​នេះ​បើ​និយាយ​ពី​ពិធីជប់លៀង​ផ្សេង​ៗ រាប់​ទាំង​ពិធី​មង្គលការ​ផង​ឃើញ​ថា​ម្ចាស់​កម្មវិធី​បាន​ចំណាយ​ទៅ​លើ​គ្រឿង​ស្រវឹង​នេះ​ច្រើន​គួរសម​ដែរ ដែល​គិត​ជា​មធ្យម​ប្រមាណ​ពី​២០​ទៅ​៥០%​នៃ​ការ​ចំណាយ​ទៅ​លើ​អាហារ​នៅ​លើ​តុ ទៅ​តាម​កម្រិតជីវភាព​របស់​ម្ចាស់​កម្មវិធី ។ សម្រាប់​កម្មវិធី​នៅ​តាម​ជនបទ​ស្រុកស្រែ​ចម្ការ ការ​ចំណាយ​លើ​គ្រឿង​ស្រវឹង​សម្រាប់​ភ្ញៀវ​ឧទាហរណ៍​ថាបើ​៥០​តុ ម្ចាស់​កម្មវិធី​ត្រូវ​ចំណាយ​លើ​គ្រឿង​ស្រវឹង​ប្រមាណ​ពី​៥០​ទៅ​១០០​កេស បើ​គិត​ជា​ទឹកប្រាក់ អស់​ប្រមាណ​ពី​៥០០​ទៅ​១.០០០​ដុល្លារ ។ នេះ​គ្រាន់តែ​ជា​ស្រា​បៀរ​តម្លៃ​ធម្មតា​ប៉ុណ្ណោះ តែបើ​យក​ស្រា​បៀរ​ដែល​មាន​តម្លៃ​ថ្លៃ​អាច​អស់​ចន្លោះ​ពី ៧០០​ទៅ​១.៥០០​ដុល្លារ​អា​មេ​រិ​ក ។

លោក ជា ដែល​ទើបតែ​រៀប​មង្គលការ​ប្អូនស្រី​រួច បាន​និយាយ​ថា មង្គលការ​ប្អូនស្រី​របស់​លោក​បាន​អញ្ជើញ​ភ្ញៀវ​ចំនួន​៥០​តុ សរុប​៥០០​នាក់ ដោយ​បាន​ទិញ​ស្រា​បៀរ​ចំនួន​៩០​កេស ក្នុង​១​កេស​តម្លៃ​១១​ដុល្លារ សរុប​ជា​ទឹកប្រាក់​ជិត​១​ពាន់​ដុល្លារ ។ លោក​ថា ចំពោះ​ភ្ញៀវ​ដែល​អញ្ជើញ​មក អ្វី​ដែល​ម្ចាស់​ដើមការ​មើលថែ​បំផុត​នោះ គឺ​ស្រា​បៀរ បើ​ជិត​អស់​គឺ​ត្រូវ​ថែម​ជូន​ពួក​គាត់ តែបើ​ម្ហូប​វិញ យើង​មិនសូវ​ខ្វល់​ទេ សំខាន់​ឲ្យ​តែ​បាន​ដាក់​គ្រប់​តុ គឺ​បាន​ហើយ ។

លោក​រឹទ្ធិ ទើបតែ​រៀប​មង្គលការ​ហើយ​ថ្មោងថ្មី​ក៏​បាន​បញ្ជាក់​ដែរ​ថា ក្នុង​ពិធី​មង្គលការ​របស់​លោក បាន​ទិញ​ស្រា​បៀរ​ប្រមាណ​១០០​កេស សម្រាប់​ភ្ញៀវ​៨០​តុ ក្នុង​នោះ​ភ្ញៀវ​ខាង​លោក​ដែល​ជា​មិត្តភក្តិ​ជិត​ស្និទ្ធ​ចំនួន​១៥​តុ ត្រូវ​ចំណាយ​ស្រា​បៀរ​អស់​២០​កេស ដែរ ។

មានការ​កត់​សម្គាល់ថា នៅ​រាល់ពេល​មានបុណ្យ​ជាតិ​ធំ​ៗ​ម្ដង​ៗ ជា​ពិសេស​បុណ្យចូលឆ្នាំ​ខ្មែរ និង​បុណ្យ​ភ្ជុំបិណ្ឌ ប្រជាពលរដ្ឋ​គ្រប់​រូប​បាន​ឈប់​សម្រាក​ពី​ការងារ និង​ត្រឡប់​ទៅ​ស្រុក​កំណើត​ជួបជុំ​បងប្អូន​ដែល​បែក​គ្នា​អស់​ពេល​ច្រើន​ខែ ឬ ទៅ​កម្សាន្ត​នៅ​តំបន់​រមណីយដ្ឋាន​នានា ។ ជាមួយ​គ្នា​នេះ​គេ​តែង​សង្កេត​ឃើញ ភាគច្រើន ឬ​ស្ទើរតែ​ទាំងអស់ តែង​យក​គ្រឿង​ស្រវឹង​ដើម្បី​បង្ក​បរិយាកាស​ឲ្យ​កាន់តែ​អ៊ូអរ និង​សប្បាយ​រីករាយ​។ ទោះជា​យ៉ាងណា បន្ទាប់​ពី​ពិធីបុណ្យ​ធំ​ៗ​នេះ​ចប់ បណ្ដាញសារព័ត៌មាន​ក្នុងស្រុក​ជា​ច្រើន ក៏​បាន​ចុះ​ផ្សាយ​ផង​ដែរ អំពី​ករណី​គ្រោះថ្នាក់​ចរាចរណ៍ អ្នក​ស្លាប់ និង​របួស​ក្នុងអំឡុងពេល​ឈប់​សម្រាក​នោះ ហើយ​មួយ​ចំនួន​ធំ​នៃ​ករណី​គ្រោះថ្នាក់ គឺ​បណ្ដាល​មក​ពី​ពិសា​គ្រឿង​ស្រវឹង​ហើយ​បើកបរ ដូច​ជា​ម៉ូតូ និង​រថយន្ត​ជាដើម ។

ដើម្បី​ជា​ការ​ដាស់តឿន​ដល់​អ្នក​ពិសា​គ្រឿង​ស្រវឹង​ទាំងអស់ ម្ចាស់​ក្រុមហ៊ុន​ផលិត​គ្រឿង​ស្រវឹង ឬ​ក្រុមហ៊ុន​នាំ​ចូល​គ្រឿង​ស្រវឹង​តែង​ដាក់​ពាក្យស្លោក​មួយ​នៅ​ខាងក្រោម​ផ្ទាំង​ផ្សព្វផ្សាយ ឬ​ចុងបញ្ចប់​នៃ​ស្ព​ត​ផ្សព្វផ្សាយ​តាម​វិទ្យុ ឬ​ទូរទស្សន៍ ថា «​បើ​ពិសា​គ្រឿង​ស្រវឹង សូមកុំ​បើកបរ​» ឬ​«​ពិសា​ដោយ​ការ​ទទួលខុស​ត្រូវ​» ដើម្បី​ឲ្យ​អ្នក​ទទួលទាន ដឹង​ពី​កម្រិត​ប៉ុនណា​ដែល​ខ្លួន​អាច​ទទួលយក​បាន  ៕