ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របៀប​ទស្សន៍​ទាយ​ទឹកភ្លៀង​បែប​បុរាណ

8 ឆ្នាំ មុន

ដោយ​ផ្សារ​ភ្ជាប់​ជីវិត​ទៅ​នឹង​ការងារ​កសិកម្ម​ដាំ​ដុះ ប្រជា​កសិករ​ខ្មែរ​ត្រូវការ​ទឹកភ្លៀង​ជា​ចាំបាច់​បំផុត ។ ដូច្នេះ​ដើម្បី​តម្រូវ​កិច្ចការ​ភ្ជួរ​រាស់ សាបព្រោះ ដក​ស្ទូង​ឱ្យ​ស៊ីចង្វាក់​គ្នា​នឹង​របប​ទឹកភ្លៀង កសិករ​ខ្មែរ​បុរាណ

ដោយ​ផ្សារ​ភ្ជាប់​ជីវិត​ទៅ​នឹង​ការងារ​កសិកម្ម​ដាំ​ដុះ ប្រជា​កសិករ​ខ្មែរ​ត្រូវការ​ទឹកភ្លៀង​ជា​ចាំបាច់​បំផុត ។ ដូច្នេះ​ដើម្បី​តម្រូវ​កិច្ចការ​ភ្ជួរ​រាស់ សាបព្រោះ ដក​ស្ទូង​ឱ្យ​ស៊ីចង្វាក់​គ្នា​នឹង​របប​ទឹកភ្លៀង កសិករ​ខ្មែរ​បុរាណ​មានចំណេះ​ដឹង និង​បទ​ពិសោធន៍ ខ្លះ​ៗ​ក្នុង​ការ​ទស្សន៍​ទាយ ឬ​ក៏​អាច​ដឹង​ទុកជា​មុន​អំពី​របប​ទឹកភ្លៀង​ក្នុង​រដូវ​នេះ ក៏​ដូច​ជា​រដូវ​ក្រោយ ។ វា​ពិត​ណាស់​ហើយ​ថា ការ​ទស្សន៍​ទាយ តាម​បែប​ពិសោធ​និយម​នេះ មិន​អាច​ត្រឹមត្រូវ​បាន​១០០% ក៏​ពិតមែន ប៉ុន្តែ​ទោះបី​ផ្នែក​ឧតុនិយម​ដែល​មាន​របៀប​ព្យាករ​តាម​បែប​វិទ្យាសាស្ត្រ​ក៏​ទស្សន៍​ទាយ​ធាតុអាកាស​មាន​ខុសឆ្គង​ខ្លះ​ដែរ ។ ដូច្នេះ​ទោះជា​ត្រឹមត្រូវ​ម​កម្រិត​ណា ឬ​មិន​ត្រឹមត្រូវ​ក៏​ដោយ យោង​តាម​សៀវភៅ «​កម្រង​ឯកសារ​ស្ត្រី​ពី​ប្រពៃណី និង​ទំនៀមទម្លាប់​ខ្មែរ​» របស់​ព្រឹទ្ធាចារ្យ​មៀ​ច ប៉ុណ្ណ បាន​លើកយក​របៀប​ទស្សន៍​ទាយ​នេះ បង្ហាញ​ជនានុជន​ជំនាន់​ក្រោយ​បានជា​ពន្លឺ ក្នុង​ការ​សិក្សា​ស្រាវជ្រាវ​អំពី​ជំនឿ​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ​យើង​ពី​បុរាណ​ផង ។

ទស្សន៍​ទាយ​ភ្លៀង​តិច ឬ​ច្រើន
១-​របៀប​ទស្សន៍​ទាយ​ដោយ​មើល​ជើងមេឃ
នៅ​ពេល​ព្រលឹម ស្រាង​ៗ នា​ទិស​ខាងកើត​ជាប់​នឹង​ជើងមេឃ បើកាលណា​គេ​ឃើញ​មាន​ពពក​ខ្មៅ (​គេ​ហៅ​ថា​ភ្នំ​ទឹក ឬ​ភ្នំយោង​ក៏​បាន​) ជា​ជួរ​លាតសន្ធឹង​យ៉ា​ង​វែង ស្រប​នឹង​បន្ទាត់​ជើងមេឃ ឬ​ឃើញ​ដុំ​ពពក​ខ្មៅ​ជា​ផ្ទាំង​ធំ នោះ​ជា​សញ្ញា​ថា ថ្ងៃនេះ​នឹង​មាន​ភ្លៀង​ធំ ពិសេស​ពេល​រសៀល ។

២-​របៀប​ទស្សន៍​ទាយ​តាម​កំ​ដៅ​ធាតុអាកាស
ចាប់ពី​ពេល​ថ្ងៃ​ពេញ​ពន្លឺ រហូត​ដល់​ថ្ងៃ​ជ្រៀលជ្រេ ប្រសិនបើ​ធាតុអាកាស​ក្តៅ​ខ្លាំង ហើយ​ស្អុះស្អាប់ ស្ងប់ ហប់​ខ្យល់ នោះ​គេ​ទាយ​ថា ថ្ងៃនេះ​នឹង​មាន​ភ្លៀង​ធ្លាក់​ច្រើន​ជា​មិន​ខាន ។

៣-​របៀប​ទស្សន៍​ទាយ​ដោយ​ពិនិត្យ​សកម្មភាព​សត្វ
ចាស់ព្រឹទ្ធាចារ្យ​ខ្មែរ​យើង ចេះ​វិធី​សង្កេត​សត្វ​ស្រមោច​ដែល​ធ្វើ​សកម្មភាព​ពាំ​ពង ពាំ​ចំណី​របស់​វា​តម្រៀប​គ្នា​វា​ដង្ហែ​ជា​ជួរ​វែង​ចេញពី​សម្បុក ឬ​ពី​រន្ធ​ក្នុង​ដី​ឡើង​តាម​សសរផ្ទះ ។ សកម្មភាព​បែប​នេះ ធ្វើ​ឱ្យ​គាត់​ដឹង​ថា យា​៉​ង​យូរណាស់​ពីរ​បី​ថ្ងៃ​ទៀត​នឹង​មាន​ភ្លៀង​ធំ​ជា​ប្រាកដ ។ ម្យ៉ា​ង​ទៀត នៅ​ពេល​ថ្ងៃត្រង់ បើ​ព្រះអាទិត្យ​បញ្ចេញ​ចំហាយ​ក្តៅ​យ៉ាង​ខ្លាំង ហើយ​គេ​ឮ​គីង្គក់​យំ «​ក្រ​ត​ៗ» (​ជួនកាល​កូន​ក្អាត់​យំ​នៅ​ក្នុង​ស្រែ ពេល​ថ្ងៃត្រង់​កំពុង​ក្តៅ​ខ្លាំង ក៏​គេ​ទាយ​ថា​នឹង​មាន​ភ្លៀង​ដែរ​) នោះ​គេ​ដឹង​ថា នឹង​មាន​ភ្លៀង​ធ្លាក់​ហើយ ។

៤-​របៀប​ទស្សន៍​ទាយ​ដោយ​ពិនិត្យ​ក្រយៅ​ឈូក
បើ​ភ្លៀង​កំពុង​ធ្លាក់​ពីរ​បី​ថ្ងៃ​ហើយ​គេ​ឃើញ​ក្រយៅ​ឈូក (​គេ​ហៅ​អំបោះ​ឈូក​ក៏​បាន ។ អ្នកស្រុក​កោះធំ​ហៅ​ថា​អំបោះព្រះ​) ធ្លាក់​ពីលើ​មេឃ​នោះ គេ​នឹង​កំណត់​ថា នឹង​រាំងភ្លៀង ។ តែបើ​កំពុង​រាំង ហើយ​ឃើញ​ក្រយៅ​ឈូក​ធ្លាក់ នោះ​គេ​ទាយ​ថា នឹង​មាន​ភ្លៀង​វិញ ។

៥-​របៀប​ទស្សន៍​ទាយ​ដោយ​ពិនិត្យ​ខ្យល់ជំនោរ
នៅ​ពេល​កំពុង​រាំង បើកាលណា​គេ​សង្កេត​ឃើញ​មាន​ខ្យល់ជំនោរ​បក់​មក វឹង​ៗ​ជាប់​គ្នា​ចំនួន​ប៉ុន្មាន​ថ្ងៃ​នោះ គេ​ដឹង​ថា​នៅ​រវាង​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នឹង​មាន «​ភ្លៀងរលឹម​» ចំនួន​ប៉ុណ្ណោះ​ថ្ងៃ​ដែរ ។

៦-​របៀប​ទស្សន៍​ទាយ​ទឹកភ្លៀង​ប្រយោល​ពេល
ក​-​ដោយ​ពិនិត្យ​ផ្កាឈើ
ក្នុង​ចំណោម​រុក្ខជាតិ​ទាំង​ប៉ុន្មាន ចាស់​បុរាណ​លោក​កំណត់​យក​តែ​ផ្កាអំពិល ឬ​ផ្កាស្វាយ​ប៉ុណ្ណោះ​ធ្វើ​ជា​គោល​នៃ​ការ​ពិនិត្យ ។ ធម្មតា​អំពិល​តែង​ចេញ​ផ្កា​នៅ​រដូវ​ដើមឆ្នាំ ។ កាលណា​គេ​ឃើញ​អំពិល​ចេញ​ផ្កា​ច្រើន​ស្គុសស្គាយ​ពេញ​ទាំង​ដើម ហើយ​ចេញ​ផ្កា​ស្រុះគ្នា ពុំ​មាន​រកេតរកូត​ខ្លះ​មុន​ខ្លះ​ក្រោយ នោះ​គេ​សន្មត​ថា ឆ្នាំ​នេះ (​រដូវ​ខាង​មុខ​) នឹង​មាន​ភ្លៀង​ធ្លាក់​យា​៉​ង​បរិបូណ៌ របរ​កសិកម្ម​នឹង​ផ្តល់​ផល​ច្រើន ។ ផ្ទុយ​ទៅ​វិញ​បើ​អំពិល​ចេញ​ផ្កា​បន្តិចបន្តួច​ដោយ​មែក​ខ្លះ​ៗ ជួនកាល​មែក​មុន​ចេញ​ក្តឹប​ទៅ​ហើយ មែក​ក្រោយ​ទើបតែ​ចេញ​ផ្កា​រដាច់រដោច​បន្តបន្ទាប់ បាតុភូត​បែប​នេះ​គេ​ដឹង​ថា ឆ្នាំ​នេះ​ភ្លៀង​ធ្លាក់​តិច ហើយ​មិន​ទៀងទាត់ ។ ដំណាំ​គ្រប់​ប្រភេទ​ច្បាស់​ជា​មិន​ហុច​ផល​ល្អ​ឡើយ ។

ខ​-​តាម​ការ​ពិនិត្យ​សត្វព្រៃ
ជា​ធម្មតា ជនបទ​ភាគច្រើន​នៅ​ស្រុកស្រែ​យើង​តែងតែ​ផ្សារ​ភ្ជាប់​ជីវិត​ទៅ​នឹង​ធម្មជាតិ​ព្រៃ​ភ្នំ​នានា ។ បណ្តា​កសិករ​ចូល​ចិត្ត​ទៅ​ដេញ​សត្វ​បណ្តើរ​ឆ្កែ​តាម​ទ្រូងព្រៃ លើ​ភ្នំ​រក​អណ្តើក ដេញ​ត្រកួត សំពោច ជ្រូកព្រៃ ឈ្លូស ប្រើស ក្តាន់ រមាំង ជាដើម ។ ជួនកាល​ពួក​ថ្មើរជើង​ទាំងនេះ​ដេក​សម្រាក​ដាំបាយ​បរិភោគ​នៅ​ក្នុង​ព្រៃ នោះ​ទៀត​ផង ។ នៅ​ពេល​ដេញ​សត្វ គេ​ច្រើន​តែ​ចាប់​បានកូន​ត្រកួត តូច​ៗ​ដែល​មេ​រត់​ចោល ឬ​ក៏​រអិល​ជើង​ធ្លាក់​ពីលើ​មែកឈើ ។ គេ​យក​កូន​ត្រកួត​មក​ប្រជុំ​គ្នា​ពិនិត្យ​មើល​តាំងពី​គល់​កន្ទុយ (​ដើមឆ្នាំ​) ពាក់កណ្តាល​កន្ទុយ (​ពាក់កណ្តាល​ឆ្នាំ​) ចុងកន្ទុយ (​ចុងឆ្នាំ​) ។ ធម្មតា​កន្ទុយ​ត្រកួត​មាន​ពីរ​ពណ៌​គឺ ខ្មៅ និង​ស ឆ្លាស់គ្នា ដូច​ជា​ចង្កំ​កាំបិត ។ ពណ៌​ខ្មៅ ជា​សញ្ញា​ទឹកភ្លៀង ឯ​ពណ៌​ស ជា​សញ្ញា​រាំងភ្លៀង ។ កាលបើ​ពិនិត្យ​ឃើញ​ថា នៅ​គល់​កន្ទុយ​មាន​ពណ៌​ខ្មៅ​វែង​ជាង​ពណ៌​ស​នោះ ទាយ​ថា នៅ​ដើមឆ្នាំ​មាន​ភ្លៀង​ច្រើន ។ រួច​គេ​ពិនិត្យ​នៅ​ពាក់កណ្តាល​កន្ទុយ និង​ចុងកន្ទុយ​មើល​ឱ្យ​ដឹង​ថា តើ​មាន​ពណ៌​អ្វី​ធំ​ជាង​ពណ៌​អ្វី រួច​ទើប​គេ​ទាយ​តាម​នោះ​ទៅ ។ ឧទាហរណ៍៖ បើ​នៅ​ពាក់កណ្តាល​កន្ទុយ មាន​ចន្លោះ​ពណ៌​ស​ច្រើន​ជាង​ពណ៌​ខ្មៅ គេ​ទាយ​ថា នៅ​ពាក់​កណ្តាល​ឆ្នាំ​មាន​ភ្លៀង​តិច ឬ​រាំងភ្លៀង ។ បើ​នៅ​ចុងកន្ទុយ​មាន​ពណ៌​ខ្មៅ​វែង​ជាង​ពណ៌​ស ឬ​មាន​សុទ្ធតែ​ខ្មៅ​រហូត​ដល់​ចុង​គេ​ទាយ​ថា​នៅ​ចុងឆ្នាំ​នឹង​មាន​ភ្លៀង​ច្រើន ។

គ​-​របៀប​ទស្សន៍​ទាយ​ទឹកភ្លៀង​តាម​ការ​ផ្សង​ទៀន​នៅ​ក្នុង​ពិធី​សំពះ​ព្រះ​ខែ
អាចារ្យ​ដែល​មាន​នាទី​ចាត់ចែង​កម្មវិធី​បុណ្យសំពះព្រះខែ​បាន​បង្គាប់​ឱ្យ​សរសេរ​ដាក់​ឈ្មោះ​ខេត្ត នៅ​លើ​ទៀន នីមួយ​ៗ ។ នៅ​ពេល​ដែល​ទៀន​កំពុង​ឆេះ​គេ​បង្វិល​ឈើ ដែល​បិទ​ទៀន​នោះ​ឱ្យ​ផ្អៀង​ទៅ​ម្ខាង (​ឆ្វេង ឬ​ស្តាំ​) ។ ពេល​នោះ បើ​គេ​ពិនិត្យ​ទៅ​ឃើញ​ថា ទៀន​តំណាង​ខេត្ត​ណា​ស្រក់​ញាប់ (​ច្រើន​ជាងគេ​) គេ​សន្មត​ថា ខេត្ត​នោះ​មាន​ភ្លៀង​ច្រើន ។

ទស្សន៍​ទាយ​អំពី​ការ​អស់​ទឹកភ្លៀង
ក​-​ដោយ​ពិនិត្យ​ផ្កាឈើ
គេ​ច្រើន​ពិនិត្យ​ផ្កា​ទន្ទ្រានខេត្ត និង​ផ្កា​កន្ទ្រាំ​ង​បា​យស (​ស្មៅ​អំបោស​) ក្នុង​ការ​កំណត់​ទំនាយ​។ បើកាលណា​គេ​ឃើញ​ដើម​ទន្ទ្រានខេត្ត និង​ដើម​កន្ទ្រាំ​ង​បា​យស​ចេញ​ផ្កា​ហើយ​នោះ គេ​អាច​នឹង​ដឹង​បាន​ថា លែង​មាន​ភ្លៀង​ទៀត​ហើយ ។ រុក្ខជាតិ​ទាំង​ពីរ​ប្រភេទ​នេះ ចេញ​ផ្កា​ពុំ​មាន​ពេល​កំណត់​ទៀត​ទាត់​ច្បាស់លាស់​ទេ ។ ជួនកាល​វា​ឆាប់​ចេញ​ផ្កា ជួនកាល​វា​ក៏​ចេញ​ផ្កា​យឺត​ពេល ។

ខ​-​ដោយ​ស្តាប់​សម្គាល់​សំឡេង​សត្វ ៖
ក្រោយ​ពេល​ចេញ​វស្សា ចាស់​ៗ​ច្រើន​សង្កេត​សត្វ​ពីរ​ពួក ដើម្បី​កំណត់​សម្គាល់ការ​អស់​ទឹកភ្លៀង​គឺ ៖ កាលណា​គេ​ឮ​សំឡេង​កង្កែប ដែល​ខំ​ស្រែក ដោយ​ត្រូវ​ពស់​លេប​ឮ​សូរ «​វ៉ែ​ប​ៗ» នៅ​ក្បែរ​អណ្តូង ម្តុំ​ភ្លឺស្រែ កៀន​ដំបូក នោះ​គេ​សម្គាល់ថា អស់​ភ្លៀងហើយ ឯ​ទឹកជំនន់ ក៏​ស្រក​ទៅ​វិញ​ផង​ដែរ ។

កាលណា​គេ​ឮ​សូរ​កុកក្រក ដែល​ចុះ​រកស៊ី​ក្នុង​ស្រែ និង​ថ្លុក​ត្រពាំង​បន្លឺ​សំឡេង ក្រក​ៗ នោះ​គេ​ដឹង​ថា រដូវភ្លៀង​នឹង​ចប់​ហើយ ។ នេះ​ក៏​ជា​សញ្ញា​នៃ​រដូវ​ទឹកសម្រក​ផង​ដែរ ។

គ​-​ចំណាំ​លើ​ការ​ប្រែប្រួល​ខ្យល់​រដូវ និង​ធាតុអាកាស
កាលណា​គេ​ឃើញ​មេឃ​ស្រឡះ​ខៀវស្រងាត់ (​រាត្រី​ខែអស្សុជ ឬ​កត្តិក​) ពុំ​មាន​ពពក​សោះ ហើយ​នៅ​ពេល​យប់ ផ្កាយ​ទាំងឡាយ​រះ​យា​៉​ង​ច្បាស់​ក្រឡែត​មើលទៅ​ឃើញ ធំ​ៗ​ជាង​សព្វ​ដងនោះ គេ​ដឹង​ថា​នឹង​អស់​ទឹកភ្លៀង​ហើយ ។

កាលណា​ខ្យល់​រដូវ​ផ្លាស់​ប្តូរ​ទិស គឺ​ត្រឡប់​ជាប​ក់មក​ពី​ទិស​ខាងជើង ឬ​ពី​ឦសាន​វិញ​នោះ គេ​ដឹង​ថា​របប​ទឹកភ្លៀង​ត្រូវ​បាន​បញ្ចប់​ហើយ ។
កាលណា​មាន​ភ្លៀង​ពេល​អធ្រាត្រ​ធ្លាក់​ចុះ​មក​ជា​មេ ធំ​ៗ ភ្លៀង​របៀប​នេះ​គេ​ហៅ​ថា​ភ្លៀង «​លាង​ស្លែ​» ។ នេះ​មិនមែន​ជា​ភ្លៀង​ធម្មតា​ទេ ប៉ុន្តែ​គឺជា​ភ្លៀង «​ផ្តាំ​» ភ្លៀង​ចុង​ក្រោយ ឧបមា​ដូច​យើង​ខ្ពុរមាត់​ឈប់​បរិភោគ​ដូច្នេះ​ដែរ ។

ជួនកាល​ភ្លៀង​ធំ នា​ពេល​អធ្រាត្រ​នេះ មាន​រន្ទះបាញ់​ផូង​ផាំង​ផង​ដែរ ។ គេ​ច្រើន​និយម​ហៅ​ថា «​រន្ទះបាញ់​ក្បាល​ត្រី​ក្រាញ់​» ព្រោះ​ជា​ចៃដន្យ​នៅ​ពេល​ស្រប​ជាមួយ​នេះ​ដែរ ក្បាល​ត្រី​ក្រាញ់​ទាំងឡាយ​មាន​ស្នាម​របក​ពពាល​រលាត់​ទំពែក ។ នេះ​ក៏​ជា​សញ្ញា​ថា អស់​ទឹកភ្លៀង​ដែរ ។

ឃ​-​ដោយ​ពិនិត្យ​ភ្លៀង​នៅ​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ ៖
ចាស់​បុរាណ​លោក​ឱ្យ​ពិនិត្យ​ថ្ងៃ​ភ្ជុំ​បិ​ណ្យ ដើម្បី​កំណត់​ឱ្យ​ដឹង​ថា តើ​ឆ្នាំ​នេះ​ភ្លៀង​ជួន​ចុងរដូវ ឬ​ក៏​រាំងរឹះ ។

ឆ្លង​តាម​រយៈកាល​ពិនិត្យ​នេះ លោក​កំណត់​ថា ៖
ប្រសិនបើ​មាន​ភ្លៀង​នៅ​ចំ​ថ្ងៃ​បុណ្យ​ភ្ជុំ​នោះ គេ​សន្មត​ថា ស្រូវ​នឹង​ស្កក ព្រោះ​ភ្លៀង​មិន​ជូន​ចុងឆ្នាំ​ទេ ។
ប្រសិនបើ​គ្មាន​ភ្លៀង​នៅ​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ​ទេ ចាស់​ៗ​លោក​សប្បាយ​រីករាយ ហើយ​ប្រកាសប្រាប់​គ្នីគ្នា​ថា «​ឆ្នាំ​នេះ​ភ្លៀង​ជូន​ចុងឆ្នាំ ស្រូវធ្ងន់​យើង​នឹង​បាន​ផល​ពេញលេញ​ជា​មិន​ខាន​» ។

ង​-​ដោយ​ឮ​សំឡេង​ផ្គរលាន់ ឬ​ផ្គរ​ផ្តាំ​ក្តាម​ខ្យង ៖
នៅ​ចុងខែ​អស្សុជ ឬ​នៅ​ដើមខែ​កត្តិក​នា​ពេល​អធ្រាត្រ​ស្ងាត់ជ្រងំ គេ​តែង​ឮ​សូរផ្គរ​លាន់ឮ​ស្រាល​បន្លឺ​សំឡេង​បង្អូស​យា​៉​ង​វែង ឮ​ពី​ជ្រុង​ទិសនិរតី ឬ​ទក្សិណ ។ មុន​ដំបូង​ផ្គរ​នោះ​ឮ​សូរដូច​ជា​នៅ​ជិត ។ ប៉ុន្តែ​សំឡេង​ផ្គរ​ឮ​កាន់តែ ឆ្ងាយ​ទៅ​ៗ តិច​ទៅ​ៗ រហូត​បាត់​សូរ​សំឡេង​តែ​ម្តង ។ អ្នក​ទាំងឡាយ​ដែល​ធ្លាប់​ព្រាត់​គូ​ស្នេហា ព្រាត់ប្រាស់​គ្រួសារ ឬ​រស់នៅ​ឃ្លាតឆ្ងាយ​ពី​ស្រុក​កំណើត កាលបើ​បានឮ​ផ្គរ​នេះ​ហើយ​គេ​ច្បាស់​ជា​ស្រងេះស្រងោច​ហៀរ​ទឹកភ្នែក​ដោយ​មិនដឹង​ខ្លួន​។ ចាស់​ៗ​ឱ្យឈ្មោះ​ផ្គរ​ប្រភេទ​នេះ​ថា «​ផ្គរ​លា​» ឬ «​ផ្គរ​ផ្តាំ​ក្តាម  ខ្យង​» ។ ព្រះបាទ​រាជសម្ភារ ជា​កវី​ដ៏​ឆ្នើម​នា​សតវត្ស​ទី​១៧ ទ្រង់​ព្រះរាជ​និពន្ធ​កំណាព្យ​មួយ​ឈ្មោះ សរសើរ​ហេមន្តមាស ក្នុង​នោះ​កំណាព្យ​ក៏​បាន​និយាយ​ដល់​ផ្គរលាន់​ផ្តាំ​ក្តាម​ខ្យង ដែល ចាស់​ៗ​ពី​ដើម​តែង​ស្មូត្រ​ធ្វើ​បទ​យា​៉​ង​ពីរោះ នៅ​ពេល​ដែល​ឮ​ផ្គរ​នេះ ។ ឧទាហរណ៍ ផ្គរ​ផ្តាំ​ក្តាម​ខ្យង​កង្កែប​គ្រំ ឱ្យ​ខំ​កាយ​រន្ធ​ពូន​អាត្មា តែ​ទឹក​ខះ​អស់​កាលណា​ប្រយ័ត្ន​មនុស្ស​ប្រហារ​ឆី​…​។

ផ្គរលាន់​ផ្តាំ​ក្តាម​ខ្យង ឬ​ផ្គរលាន់​នេះ ជា​សំឡេង​ធម្មជាតិ​ឱ្យដំណឹង​ដល់​កសិករ​ថា អស់​ទឹកភ្លៀង​ហើយ គួរ​ស្រវាស្រទេញ​តម្កល់​ទឹក​ទុក​ក្នុង​ស្រែ​ការពារ​ក្រែង​ស្រូវស្កក ៕