ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​គោ​យន្ត​មួយ​គ្រឿង​ផ្ទុក​ឈើ​ប្រភេទ​លេខ​១​បម្រុង​លោតឆត្រ​ទៅ​វៀតណាម

8 ឆ្នាំ មុន

ខេត្ត​រតនគិរី ៖ កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការ​នគរបាល​ខេត្ត កាលពី​វេលា​ម៉ោង​៩​ និង​៣០​នាទី​យប់​ ថ្ងៃ​ទី​០៥ ​ឧសភា បាន​ចាប់​គោ​យន្ត​មួយ​គ្រឿង​ផ្ទុក​ឈើ​ប្រភេទ​លេខ​១​ពេញ

ខេត្ត​រតនគិរី ៖ កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការ​នគរបាល​ខេត្ត កាលពី​វេលា​ម៉ោង​៩​ និង​៣០​នាទី​យប់​ ថ្ងៃ​ទី​០៥ ​ឧសភា បាន​ចាប់​គោ​យន្ត​មួយ​គ្រឿង​ផ្ទុក​ឈើ​ប្រភេទ​លេខ​១​ពេញ ត្រង់​ចំណុច​ចំការ​ស្វាយចន្ទី​ ស្ថិត​ក្នុងភូមិ​ពែង ឃុំ​ញ៉ា​ង ស្រុក​អណ្តូង​មាស ខណៈ​ពេល​ដែល​គោ​យន្ត​ខាងលើ​នេះ​បម្រុង​ដឹកឈើ​លោតឆត្រ​ឆ្ពោះទៅ​វៀតណាម​។

​បើ​តាម​លោក​វរសេនីយ៍ឯក នូវ ដា​រ៉ា នាយការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការ​នគរបាល​ខេត្ត​ប្រាប់​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា​ មាន​ក្រុម​ឈ្មួញ​ដឹកឈើ​ខុសច្បាប់​ទៅ​លក់​នៅ​ប្រទេស​វៀតណាម រូប​លោក​សុំ​យោបល់​ថ្នាក់លើ ​រួច​បញ្ជូន​កម្លាំង​ចុះ​ទៅ​គោលដៅ​ដើម្បី​ស្ទាក់​ចាប់​គោ​យន្ត​ខាងលើ​។

មន្ត្រី​នគរបាល​ជំនាញ​ដែល​ចុះ​ប្រតិបត្តិការ​ប្រាប់​ឲ្យ​ដឹង​ថា ពេល​ដែល​កម្លាំង​ចុះ​ដល់​គោលដៅ​ក្រុម​ឈ្មួញ​ហាក់បីដូចជា​ដឹង​ព័​ត៌​មាន ហើយ​បាន​បង្វែរ​គោ​យន្ត​ដឹកឈើ​ខាងលើ​ទៅ​លាក់​ក្នុង​ចំការ​ស្វាយចន្ទី​។​ ប៉ុន្តែ​កម្លាំង​ដែល​ចុះ​ប្រតិបត្តិការ​បាន​ធ្វើការ​រុករក​ក៏​បាន​ប្រទះ​ឃើញ​គោ​យន្ត​ដឹកឈើ​ប្រភេទ​លេខ​១​ចត​ក្នុង​ចំការ​ស្វាយចន្ទី​ ដោយ​យប់​ងងឹត​ពិបាក​ក្នុង​ការ​នាំគោ​យន្ត​នោះ​មក​ស្នងការដ្ឋាន​នគរបាល​ខេត្ត ត្រូវ​រង់ចាំ​ភ្លឺ​ឡើង​។

រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​០៦ ​ឧសភា ទើប​កម្លាំង​ប្រតិបត្តិការ​បាន​នាំ​វត្ថុ​តាង​មក​ស្នងការដ្ឋាន​នគរបាល​ខេត្ត​។ លុះដល់​រសៀល​ថ្ងៃ​ទី​០៦ ​ឧសភា មន្ត្រី​នគរបាល​ជំនាញ​បាន​ប្រគល់​វត្ថុ​តាង​គោ​យន្ត​ផ្ទុក​ឈើ​លេខ​១​ជូន​រដ្ឋបាល​ព្រៃឈើ​ដើម្បី​ចាត់ការ​បន្ត​។ ដោយឡែក​អ្នក​បើក​គោ​យន្ត​ផ្ទុក​បទល្មើស​បម្រុង​លោតឆត្រ​ទៅ​វៀតណាម​រត់គេច​ខ្លួន​បាត់​។

ប្រភព​ព័ត៌​មាន​ដោយឡែក​មួយទៀត​បាន​ឲ្យ​ដឹង​ថា ប្រភព​ឈើ​នេះ​ត្រូវ​បាន​ក្រុម​ឈ្មួញ​ដឹក​ចេញពី​ដី​សម្បទាន​សេដ្ឋកិច្ច​ក្រុមហ៊ុន​ហ័​ង អា​ញ់ អណ្តូង​មាស​៕