ខេត្តមណ្ឌលគិរី ៖ យុវជនម្នាក់ដែលគេសង្ស័យថា បែកថ្នាំបានឡើងលើដំបូលផ្ទះសំណាក់មួយកន្លែង បង្កឱ្យមានការភ្ញាក់ផ្អើលទាំងយប់ ហើយត្រូវម្ចាស់ផ្ទះ និងសមត្ថកិច្ចព្យាយាមហៅឱ្យចុះវិញ តែមិនព្រមចុះ ។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណជា៣ទៀបភ្លឺ ថ្ងៃទី០៥ ឧសភា ២០១៥ លើដំបូលផ្ទះសំណាក់យីហោ រស្មីត្រជាក់ត្រជុំ ស្ថិតក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ។
តាមការឱ្យដឹងពីមិត្តភក្តិយុវជនខាងលើនិយាយថា យុវជននេះជាកម្មករធ្វើការនៅរោងចក្រទឹកបរិសុទ្ធកែវសីមា ហើយទើបតែមកដល់ស្រុកកែវសីមានេះរយៈពេល១ថ្ងៃតែប៉ុណ្ណោះ។ ប្រភពបន្តថា យុវជននេះធ្លាប់មានជំងឺវិកលចរិត។
សមត្ថកិច្ចស្រុកកែវសីមាបានឱ្យដឹងថា កន្លងទៅជាច្រើនម៉ោងក្នុងថ្ងៃដដែល យុវជនម្នាក់នោះនៅមិនព្រមចុះពីលើដំបូលនោះទេ បើទោះបីជាគេព្យាយាមហៅឱ្យចុះយ៉ាងណាក៏ដោយ។ រហូតដល់ម៉ោងប្រមាណជា១០និង៣០នាទីព្រឹក ប្រជាកាពារឃុំស្រែខ្ទុម បាននាំគ្នា៣នាក់ឡើងលើដំបូលផ្ទះដេញ តែត្រូវយុវជនខាងលើលោតចុះក្រោមកំពស់ប្រមាណជា៤ម៉ែត្រ តែសំណាងល្អមិនមានគ្រោះថ្នាក់អ្វីធ្ងន់ធ្ងរ គ្រាន់តែសន្លប់ ព្រោះគេបានយកពូកមកដាក់ពីក្រោមរួចមុនយុវជននោះលោត។
យុវជនដែលសង្ស័យថា បែកថ្នាំនេះឈ្មោះទួច ថុល ស្រុកកំណើតខេត្តតាកែវ ត្រូវបាននាំខ្លួនទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសួរនាំ ហើយករណីភ្ញាក់ផ្អើលនេះ មិនបានធ្វើឱ្យមានការបាត់បង់ទ្រព្យសម្បត្តិរបស់ផ្ទះសំណាក់ទេ។ ក្រោយការសាកសួរ និងតេស្តទឹកនោម របស់សម្ថកិច្ច គេបានរកឃើញថា យុវជនខាងលើមានសារធាតុញៀន ហើយបែកថ្នាំ ទើបធ្វើឱ្យមានការភ្ញាក់ផ្អើលបែបនេះ៕
ចែករំលែកព័តមាននេះ