ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរចុះ​រៀប​ចំ​សណ្តាប់​ធ្នាប់លើ​ដង​ផ្លូវ​លេខ៩០០​ដើម្បី​បើក​ផ្លូវ​ឱ្យ​ធ្វើ​ចរាចរណ៍​ឡើង​វិញ

8 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ដង​ផ្លូវ​លេខ​៩០០​ដែល​មាន​ព្រំ​ប្រទល់រវាង​សង្កាត់​ទួល​សង្កែ និង​ស្រះ​ចក​ ចំណុច​ផ្សារ​ទួល​សង្កែ​ ត្រូវ​អាជ្ញា​ធរ​​ប្រើ​ប្រាស់​កម្លាំង​ចុះ​រៀប​ចំ​សណ្តាប់​ធ្នាប់​ដើម្បី​បើក​ផ្លូវ​ឱ្យ​ចរាចរណ៍​ឡើង​វិញ​។

រាជ​ធានី​ភ្នំពេញ​ ៖ ដង​ផ្លូវ​លេខ​៩០០​ដែល​មាន​ព្រំ​ប្រទល់រវាង​សង្កាត់​ទួល​សង្កែ និង​ស្រះ​ចក​ ចំណុច​ផ្សារ​ទួល​សង្កែ​ ត្រូវ​អាជ្ញា​ធរ​​ប្រើ​ប្រាស់​កម្លាំង​ចុះ​រៀប​ចំ​សណ្តាប់​ធ្នាប់​ដើម្បី​បើក​ផ្លូវ​ឱ្យ​ចរាចរណ៍​ឡើង​វិញ​។

ការ​ចុះ​រៀប​ចំ​សណ្តាប់​ធ្នាប់​នេះ​ធ្វើ​ឡើង​ បន្ទាប់​ពី​មាន​សេចក្តី​ជូន​ដំណឹង​របស់​សាលា​រាជ​ធានីដល់​អាជីវ​ករ​ដែល​លក់​ដូរ​នៅ​តាម​ដង​ផ្លូវ​លេខ​៩០០​ ដោយ​ណែ​នាំ​ឱ្យ​ពួក​គាត់​​ប្តូរ​ទី​តាំង​ទៅ​លក់​ដូរ​នៅ​ផ្សារ​ផ្លា​ហ្សា​ដែល​នៅ​ខាង​កើត​ផ្លូវ​ ដោយ​ចោទ​ប្រកាន់​ថា ការ​លក់​ដូរ​របស់​ពួក​គាត់​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​សណ្តាប់​ធ្នាប់​ និង​​ទុក​ពេល​ឱ្យ​ពួក​គាត់​​​១៥​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី​៦ មេសា មក​ដល់​ពេល​នេះគឺ​ផុត​ឱសាន​វាទ​ហើយ​ ដូច្នេះ​អាជ្ញា​ធរ​ រួម​ទាំង​សមត្ថ​កិច្ច​ខណ្ឌ​ទាំង​២ គឺ​ខណ្ឌ​ដូន​ពេញ និង​ប្ញស្សី​កែវ​បាន​ចុះ​មក​ដាក់​កម្លាំង​ត្រៀម​តាំង​ពី​ម៉ោង​៤-៥ព្រឹក​ដើម្បី​ទប់​ស្កាត់​អាជីវ​ករ​កុំ​ឱ្យ​លក់​ដូរ​លើ​ចិញ្ចើម និង​ដង​ផ្លូវ​ខាង​លើ​នេះ។

ទោះ​បី​ជា​យ៉ាង​ណា​ ការ​ចុះ​រៀប​ចំ​សណ្តាប់​ធ្នាប់​នេះ​ធ្វើ​ឱ្យ​អាជីវ​ករ​មាន​ប្រតិ​កម្ម​ ដោយ​ពួក​គេ​អះ​អាង​ថា អាជ្ញា​ធរ​បណ្តេញ​ពួកគេមិន​ឱ្យ​លក់​ដូរ​នៅលើ​ផ្លូវ​នេះ ព្រោះ​តែ​ចង់​ឱ្យ​ពួក​គេ​ទៅ​លក់​នៅ​ផ្សារ​ផ្លា​ហ្សា​វិញ។ អាជីវ​ករ​ទាំង​នោះ​បាន​និយាយ​ថា ពួក​គាត់​ជា​អ្នក​លក់​ដូរ​កំប៉ិក​កំប៉ុក​ បើ​ឱ្យ​គាត់​ទៅ​លក់​នៅ​ក្នុង​ផ្សារ​ត្រូវ​បង់​ថ្លៃ​តូប​ថ្លៃ ដូច្នេះ​ពួក​គាត់​គ្មាន​លទ្ធ​ភាព​ទេ​។

គួរ​បញ្ជាក់​ថា ការ​ដេញ​របស់​អាជ្ញា​ធរ​ គឺ​បាន​ធ្វើ​ឱ្យ​ផ្លូវ​លេខ​៩០០ត្រូវ​បានបើក​​​ទាំង​ស្រុង​ឱ្យ​ធ្វើ​ចរាចរណ៍​វិញ​​បាន ហើយ​​បាន​ណែ​នាំ​មិន​ឱ្យ​អាជីវករ​​លក់​ដូរ​ចាប់​ពី​ថ្ងៃ​នេះ​ទៅ​ តែ​បើ​នៅ​តែ​មិន​ស្តាប់​តាម​ការ​ណែ​នាំ​ទេ អាជ្ញាធរ​នឹង​ចុះ​ដក​ហូត​សម្ភារ​ដោយ​មិន​ទទួល​ខុស​ត្រូវ​ឡើយ​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព