ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​កញ្ញាឯក​ទេសចរណ៍ ថន ស្រី​ណៃ ក្លាយជា​តារា​ភាពយន្តចូលរួម​សម្តែងលើក​ដំបូង​បាន​តំណែង​ជា​តួ​ខ្មោច

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កញ្ញា​ថន ស្រី​ណៃ កញ្ញាឯក​ទេសចរណ៍​ពេល​នេះ​បាន​កសាង​ខ្លួន​ជា​តារា​សម្តែង ។ ស្រី​ណៃ​ត្រូវ​ផលិតកម្ម​ទាំង​ក្នុងស្រុក និង​ផលិតកម្ម​នៅ​បរទេស​ទាក់ទង​ឱ្យ​ចូលរួម​សម្តែង ។

រាជធានី​ភ្នំពេញ ៖ កញ្ញា​ថន ស្រី​ណៃ កញ្ញាឯក​ទេសចរណ៍​ពេល​នេះ​បាន​កសាង​ខ្លួន​ជា​តារា​សម្តែង ។ ស្រី​ណៃ​ត្រូវ​ផលិតកម្ម​ទាំង​ក្នុងស្រុក និង​ផលិតកម្ម​នៅ​បរទេស​ទាក់ទង​ឱ្យ​ចូលរួម​សម្តែង ។

កញ្ញា​ថន ស្រី​ណៃ ឱ្យ​ដឹង​កាលពី​ពេល ថ្មី​ៗ​នេះ​ថា ក្រោយ​ពី​ជាប់​តំណែង​ជា​កញ្ញា​ឯកទេស ចរណ៍​មក នាង​ទទួល​ការងារ​សិល្បៈ​សម្តែង​ជា​បន្តបន្ទាប់ ។ ម្ចាស់​ផលិតកម្ម​«​ភូមិ​ពេជ្រ​ភាពយន្ត​»​បានឱ្យ​ស្រី​ណៃ​ចូលរួម​សម្តែង​ក្នុង​ខ្សែភាពយន្ត​រឿង «​ខ្មោច​ទឹកកក​» ជា​តួឯក ។ នេះ​ជា​សកម្មភាព​សិល្បៈ​មួយ​ថ្មី ព្រោះ​នៅ​លើ​វិ​ថី​សិល្បៈ​អតីត​កញ្ញាឯក​ទេសចរណ៍​រូប​នេះ​ធ្លាប់តែ​ដើរ​បង្ហាញ​ម៉ូ​ដ ។ ក្រៅពី​ថត​ភាពយន្ត​ដែល​ត្រៀម​ចាក់​បញ្ចាំង​តាម​រោង​នា​អំឡុង​ដើមខែ​ឧសភា ស្រី​ណៃ​ត្រូវ​ក្រុមការងារ​របស់​ផលិតកម្ម​នៅ​ប្រទេស​ហ្វ៊ី​លី​ពី​ន​ទាក់ទង​ឱ្យ​ថត​ជាមួយ​តារា​ហ្វ៊ី​លី​ពី​ន ដោយ​ថត​បាន​ចំនួន​៤០%​ហើយ ។ ថត​ក្នុង​រឿង​នោះ​ស្រី​ណៃ​ត្រូវ​ប្រើ​ភាសា​អង់គ្លេស​សម្រាប់​ប្រាស្រ័យ​ទាក់ទង​គ្នា ។ រឿង​ដែល​នាង​ថត​ជាមួយ​ផលិតកម្ម​ហ្វ៊ី​ី​លី​ពី​ន ត្រៀម​ដាក់​បញ្ចាំង​នៅ​តាម​រោង​ភាពយន្ត និង​បន្ទាប់​មក​បញ្ចាំង​នៅ​តាម​កញ្ចក់​ទូរទស្សន៍ ។

រឿង «​ខ្មោច​ទឹកកក​»​ដែល​ថន ស្រី​ណៃ ចូលរួម​សម្តែង​នឹង​បញ្ចាំង​នៅ​ថ្ងៃ​ទី​៧ ឧសភា ឆ្នាំ​២០១៥ នៅ​គ្រប់​រោង​ភាពយន្ត ។ តារា​ថ្មី​រូប​នេះ​ឱ្យ​ដឹង​ថា​រឿង «​ខ្មោច​ទឹកកក​» ក្នុង​សាច់​រឿង ជាតិ​មុន​នាង​ជា​មេកន្ទ្រាញ​មួយ​នៅ​ក្នុង​ព្រៃ​មាន​កុលសម្ព័ន្ធ ផ្សេង​ៗ​គ្នា ។ នាង​បាន​សម្លាប់​មនុស្ស​ហើយ​ត្រូវ​គេ​ដាក់​បណ្តាសា និង​តាម​សងសឹក​នាង គ្រប់​ៗ​ជាតិ ។ នៅ​ជាតិ​ថ្មី​អ្នក​ដែល​ស្លាប់​នោះ​ធ្វើ​អ្វី​នាង​មិន​បាន​ក៏​ចូល​សណ្ឋិត​ក្នុង​ខ្លួន​ប្អូនស្រី​របស់​នាង ។ ទោះជា​យ៉ាងណា​ក្តី ទីបំផុត​នាង​ត្រូវ​គេ​សម្លាប់​ក្លាយទៅជា​ខ្មោច​វិញ ។  អាជីព​សិល្បៈ​សម្តែង​បើក​ឆាក​ជា​លើក​ដំបូង ថន ស្រី​ណៃ បាន​តំណែង​ជា​តួ​ខ្មោច  ។

ធ្លាប់​ឆ្លងកាត់​ជា​បេក្ខជន​ម្នាក់​ប្រឡង​កញ្ញាឯក​ទេសចរណ៍ ថន ស្រី​ណៃ មានបទពិសោធន៍​ច្រើន​គ្រប់​ផ្នែក និង​ធ្លាប់​ទៅ​ប្រឡង​នៅ​បរទេស​ទៀត ដូចនេះ​បើសិនជា​ក្រុមហ៊ុន​ដែល​រៀបចំ​ប្រឡង​នោះ​ត្រូវការ​រូប​នាង​ឱ្យ​បង្រៀន​អ្នក​ជំនាន់​ក្រោយ នាង​នឹង​ជួយ​ដើម្បី​ឱ្យ​ដឹង​របៀប​ប្រឡង និង​របៀប​ដើរ​នៅ​លើ​វេទិកា​ប្រកបដោយ​ភាព​ក្លាហាន និង​ទំនុកចិត្ត ។

ថន ស្រី​ណៃ ជា​អ្នក​ខេត្តកណ្តាល​នៅ​តំបន់​អ្នក​លឿង ។ នាង​មាន​បងប្អូន​បង្កើត​ចំនួន​៥​នាក់ ស្រី​ទាំងអស់ ក្នុង​នោះ​រូប​នាង​ជា​កូន​ទី​៣ ។ ស្រី​ណៃ​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​គ្រប់គ្រង​នៅ​សាកលវិទ្យាល័យ​ជាតិ​គ្រង់​គ្រង​នា​ឆ្នាំ​២០១១ ។ ឪពុក ម្តាយ​នាង​ជា​អ្នក​លក់ដូរ ។ ក្នុង​រង្វង់​គ្រួសារ​របស់​ស្រី​ណៃ​មិន​មាន​អ្នក​ណាមួយ​ធ្លាប់​ប្រឡូក​សិល្បៈ​ទេ តែ​សុ​ទ្ឋ​តែ​ជា​អ្នក​ស្រឡាញ់​សិល្បៈ​។ ឪពុក ម្តាយ​ស្រី​ណៃ​ជំរុញ​ឲ្យ​នាង​ខំតស៊ូ​ក្នុង​ពិភព​សិល្បៈ ។

ដំបូង​ឡើយ​ថន ស្រី​ណៃ​ចូល​ក្នុង​ក្រុម​បង្ហាញ​ម៉ូ​ដ​សា​ពណ៌ អំឡុង​ឆ្នាំ​២០០៧​ដោយ​រៀន​នៅ​មហាវិទ្យាល័យ​ផង ដើរ​ម៉ូ​ដ​ផង ។ ក្រោយមក​នា​ឆ្នាំ​២០០៩​នាង​ចូល​ក្រុម​ស្តាយ​ស៊ុប​ពើ​ម៉ូ​ដែល តែ​ដោយពេល​នោះ​នាង​ងាក​មក​រកស៊ី​ផ្ទាល់ខ្លួន​ក៏​បាត់​មុខ​មួយ​រយៈ ។ ទើបតែ​ចុង​ក្រោយ​នេះ​កញ្ញា​ថន ស្រី​ណៃ​បាន​ប្រកួត​កញ្ញាឯក​ទេសចរណ៍​ជាប់​ចំណាត់ថ្នាក់​លេខ​១ ហើយ​បាន​វិ​វ​ឌ្ឍ​ខ្លួន​ជា​តារា​សម្តែង​នា​ពេល​នេះ ៕