ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ទីរពេទ្យ​រ៉ូ​យ៉ា​ល់​ភ្នំពេញ​និង​រ៉ូ​យ៉ា​ល់​អង្គរ​ចែក​អំណោយ​ដល់​សិស្ស​ពូកែ​ព្រែក​អំពិល

8 ឆ្នាំ មុន

ខេត្តកំពត ៖ នៅ​សាលា​បឋម​សិក្សា​ណូ​ដា​ព្រែក​អំពិល ស្ថិត​ក្នុងភូមិ​ព្រែក​អំពិល ឃុំ​កោះ​តូច ស្រុក​ទឹកឈូ កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ មេ​សា ២០១៥ លោក​វេជ្ជបណ្ឌិត សំអាត វង្ស​ឃុម​ថង នាយក​ប្រតិបត្តិ​មន្ទីរពេទ្យ​រ៉ូ​យ៉ា​ល់​ភ្នំពេញ និង​មន្ទីរពេទ្យ​រ៉ូ​យ៉ា​ល់​អង្គរ បាន​ដឹកនាំ​

ខេត្តកំពត ៖  នៅ​សាលា​បឋម​សិក្សា​ណូ​ដា​ព្រែក​អំពិល ស្ថិត​ក្នុងភូមិ​ព្រែក​អំពិល ឃុំ​កោះ​តូច ស្រុក​ទឹកឈូ កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ មេ​សា ២០១៥ លោក​វេជ្ជបណ្ឌិត សំអាត វង្ស​ឃុម​ថង នាយក​ប្រតិបត្តិ​មន្ទីរពេទ្យ​រ៉ូ​យ៉ា​ល់​ភ្នំពេញ និង​មន្ទីរពេទ្យ​រ៉ូ​យ៉ា​ល់​អង្គរ បាន​ដឹកនាំ​ប្រតិភូ មន្ត្រី​បុគ្គលិក​មន្ទីរពេទ្យ​ទាំង​២ នាំ​អំណោយ​ជា​សម្លៀក​បំពាក់ និង​សម្ភារ​សិក្សា​មាន​សៀវភៅ ប៊ិក ខ្មៅ​ដៃ ប្រដាប់​ក្មេង​លេង សម្ភារ​កីឡា កុំព្យូទ័រ​មួយ​គ្រឿង និង​ទឹកប្រាក់​២​លាន​រៀល ក្នុង​នោះ​ចែក​ជូន​សិស្ស​ចំនួន​១​លាន​រៀល និង​ប្រគល់​ជូន​នាយក​សាលា​មួយ​លាន​រៀល និង​កុំព្យូទ័រ​មួយ​គ្រឿង សម្រាប់​បម្រើ​ការ​សិក្សា និង​តម្រូវការ​ខ្វះខាត​ក្នុង​សាលា ។

លោក​វេជ្ជបណ្ឌិត សំអាត វង្ស​ឃុម​ថង បាន​មាន​ប្រសាសន៍​ទៅ​កាន់​ក្មួយ​ៗ​សិស្សានុសិស្ស​ថា ដោយសារ​ការ​នឹករលឹក ស្រឡាញ់​និង​អាណិត​ក្មួយ​ៗ​សិស្សានុសិស្ស​ទាំងអស់​ដែល​កំពុង​ខិតខំ​ព្យាយាម​សិក្សា​រៀនសូត្រ ទោះបីជា​ក្នុង​បន្ទុកគ្រួសារ​របស់​ក្មួយ​ៗ​មាន​ជីវភាព​ក្រលំបាក​យ៉ាងណា​ក៏​ដោយ ក៏​ក្មួយ​ៗ​នៅ​តែ​ខិតខំ​ក្រេបជញ្ជក់​យកចំណេះ​ដឹង​ដើម្បី​ជា​ទំពាំង​ស្នង​ឫស្សី បន្តវេន​ពី​ឪពុក​ម្តាយ​និង​បង​ៗ​ជា​ថ្នាក់ដឹកនាំ​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​ជាតិ អភិវឌ្ឍន៍​ធនធានមនុស្ស ជា​ពិសេស​ពេល​ក្មួយ​ៗ​កំពុង​សិក្សា​នេះ ដើម្បី​ក្លាយជា​កូន​ល្អ និង​សិស្ស​ល្អ​ផង​ដែរ ។

លោក​វេជ្ជបណ្ឌិត​បន្ត​ថា «​អំណោយ​ដែល​ក្រុម​យើងខ្ញុំ​ជា​ថ្នាក់ដឹកនាំ​មន្ត្រី​បុគ្គលិក​មន្ទីរពេទ្យ​ទាំង​ពីរ គឺ​មន្ទីរពេទ្យ​រ៉ូ​យ៉ា​ល់​ភ្នំពេញ​និង​មន្ទីរពេទ្យ​រ៉ូ​យ៉ា​ល់​អង្គរ​នាំ​យក​មក​ឧបត្ថម្ភ និង​ចែក​ជូន​ដល់​សាលា​បឋម​សិក្សា​ណូ​ដា​ព្រែក​អំពិល​នា​ពេល​នេះ មាន​៨​កេស​ធំ ក្នុង​កេស​នីមួយ​ៗ មាន​សម្លៀក​បំពាក់ សម្ភារ​កីឡា សម្ភារ​សិក្សា ប្រដាប់​ក្មេង​លេង កុំព្យូទ័រ​មួយ​គ្រឿង និង​ប្រាក់​២​លាន​រៀល សម្រាប់​ចែក​ជូន​ដល់​ក្មួយ​ៗ​ចំនួន​១៧៨​នាក់ តាំងពី​ថ្នាក់​ម​តេ្ត​យ្យ រហូត​ដល់​ថ្នាក់​ទី​៦​នៃ​សាលា​បឋម​សិក្សា​នេះ ។

លោក​វេជ្ជបណ្ឌិត​មាន​ប្រសាសន៍​បន្ត​ទៀត​ថា អំណោយ​ជា​សម្ភារ​ដែល​នាំ​យក​មក​ចែក​ជូន​ដល់​ក្មួយ​ៗ​នា​ពេល​នេះ គឺ​បាន​មក​ពី​ការ​រួម​វិភាគទាន​ពី​បណ្តា​គ្រូពេទ្យ និង​មន្ត្រី​បុគ្គលិក​នៃ​មន្ទីរពេទ្យ​ទាំង​ពីរ​ខាងលើ ហើយ​អំណោយ​ទាំងនេះ គឺ​គ្រាន់តែ​ជួយ​រំលែក​ទុក្ខ​លំបាក​ដល់​ក្មួយ​ៗ​បាន​មួយ​រយៈ​តូច​ប៉ុណ្ណោះ មិន​គ្រប់គ្រាន់​តាម​តម្រូវការ​ខ្វះខាត​របស់​ក្មួយ​ៗ​ទេ ។

តំណាង​គណៈ​គ្រប់គ្រង​សាលា​និង​នាយិកា​សាលា បាន​ថ្លែងអំណរគុណ​លោក​វេជ្ជបណ្ឌិត សំអាត វង្ស​ឃុម​ថង នាយក​ប្រតិបត្តិ​មន្ទីរពេទ្យ​ទាំង​ពីរ​ខាងលើ​និង​ក្រុម​គ្រូពេទ្យ​របស់​មន្ទីរពេទ្យ​ទាំង​ពីរ ដែល​បាន​លះបង់​ធនធាន​របស់​ខ្លួន​ជា​ទឹកប្រាក់​និង​សម្ភារ​ដើម្បី​ចែករំលែក​ដល់​ក្មួយ​ៗ​ជា​សិស្សានុសិស្ស​នៃ​សាលា​បឋម​សិក្សា​ណូ​ដា​ព្រែក​អំពិល​នា​ពេល​នេះ ៕