ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​ទៅ​យក​ព័ត៌មាន​រឿង​តម្រួត​ថៃ​ចាប់​ពលករ​ខ្មែរ បែរជា​យោធា​ស្រុក​ម៉ា​ឡៃ​បិទទ្វារ​ច្រករបៀង​មិន​ឱ្យ​ត្រឡប់​មក​វិញ

8 ឆ្នាំ មុន

​ខេត្ត​​បន្ទាយ​​មាន​​ជ័យ ​៖​ អ្នក​ព័ត៌មាន​​​កោះសន្តិភាព​ និង​អ្នក​យក​ព័ត៌មាន​​​ទូរ​​ទស្ស​ប៉ុស្តិ៍​លេខ​៥​​​ប្រចាំ​ខេត្ត​បន្ទាយ​មាន​​ជ័យ២រូប​ ​ត្រូវ​​​ក្រុម​យោធា​​សឹក​រង​ស្រុក​ម៉ា​ឡៃ​​ប៉ុស្តិ៍​បន្ទាយ​ទី​០១ ​បិទទ្វារ​​និង​គំរាមកំហែង ​ព្រមទាំង​​បញ្ជាឱ្យ​​លុប​​រូបភាព​​ច្រង៉េង​ច្រ​ង៉ាង​របស់​ពួក​​គេ​កាល​

​ខេត្ត​​បន្ទាយ​​មាន​​ជ័យ ​៖​ អ្នក​ព័ត៌មាន​​​កោះសន្តិភាព​ និង​អ្នក​យក​ព័ត៌មាន​​​ទូរ​​ទស្ស​ប៉ុស្តិ៍​លេខ​៥​​​ប្រចាំ​ខេត្ត​បន្ទាយ​មាន​​ជ័យ២រូប​ ​ត្រូវ​​​ក្រុម​យោធា​​សឹក​រង​ស្រុក​ម៉ា​ឡៃ​​ប៉ុស្តិ៍​បន្ទាយ​ទី​០១ ​បិទទ្វារ​​និង​គំរាមកំហែង ​ព្រមទាំង​​បញ្ជាឱ្យ​​លុប​​រូបភាព​​ច្រង៉េង​ច្រ​ង៉ាង​របស់​ពួក​​គេ​កាល​ពី​​វេលា​ម៉ោងជាង​១០​ព្រឹក​​ថ្ងៃ​ទី​២៧ មេសា​ ២០១៥ ខណៈ​​ពួកគេ​ចុះទៅ​​យក​​ព័​ត៌​​មាន​ពាក់ព័ន្ធ​រឿង​​តម្រួត​ថៃ​​បំផ្ទុះ​អាវុធ​៣​គ្រាប់​ ចាប់​ខ្លួន​​ពលករ​ខ្មែរ​​៣​នាក់ ​ក្រោយ​ពី​​ឆ្លង​ដែន​​ខុសច្បាប់​តាម​ច្រក​របៀង​​ក្នុងភូមិ​​កើតហេតុ​ខាង​លើ​ ។

​ប្រភព​ពី​​កន្លែង​កើតហេតុ​​ថា ដំបូង​​អ្នក​យក​​ព័​ត៏​មានបាន​ចុះ​ទៅ​ដល់​ ប៉ុន្តែ​មាត់ច្រក​របៀង​ (​ចំណុច​ប៉ុស្តិ៍​យោធា​ចាស់​)​ ពុំ​ឃើញ​មាន​យោធា​ណា​​ម្នាក់​​នៅ​ទីនោះ​ទេ​ ហើយ​បរិវេណ​ដី​ដ៏​​ធំ​ចំណុច​កើតហេតុ​នោះ​ មាន​បិទ​បាំង​​ដោយ​ស័ង្កសី​ ។ ​ដោយ​ពុំ​មាន​ឃើញ​​អ្វី​នៅ​ទីតាំង​​ប៉ុស្តិ៍​យោធា​ចាស់​ អ្នក​យក​ព័​ត៏​មាន​ក៏បាន​បត់​​រថយន្ត​ត្រឡប់​ចេញ​មក​វិញ ​បែរ​ជា​ត្រូវ​ក្រុម​យោធា​​នៅ​ទីនោះ​ ដែល​មាន​មេ​ប៉ុស្តិ៍​ឈ្មោះ​​វី វ​ណ្ណៈ ​ហៅ​ទិន​ និង​កូនចៅ​ទាញ​​ទ្វារ​​ស័ង្កសី​បិទ​ មិន​ឱ្យ​រថយន្ត​​​ចេញពី​ចំណុច​កើតហេតុ ​ដោយ​គេ​ថា​ ការ​ឆ្លងកាត់​របស់​អ្នក​យក​​ព័​ត៏​មាន​ទៅ​ដល់​មាត់​អូរ​​ព្រំដែន​ចំណុច​ប៉ុស្តិ៍​របស់​គេ​​មិន​បាន​​ប្រាប់មុន ​។​

នៅ​ពេល​ដែល​អ្នក​​យក​ព័​ត៌​មាន​​និយាយ​ពី​ប៉ុស្តិ៍​ចាស់​ថា​ ធ្លាប់​ជួប​គ្នា​នៅ​ឯ​​មាត់​អូរ​ព្រំដែន ​ក្រុម​យោធា​និយាយ​ថា​ ចំណុច​ប៉ុស្តិ៍​ចាស់​នោះ​ ជា​ដី​របស់​លោក​ឧត្តមសេនីយ៍​​ផ្កាយ​៤​​ម្នាក់ ​ឈ្មោះ​សុខ ភាព​ គេ​ឈប់ឱ្យ​​ពួក​ខ្លួន​ដាក់​ប៉ុស្តិ៍​នៅ​ទីនោះ​ហើយ​ ទើប​នាំ​គ្នា​មក​ដាក់​ប៉ុស្តិ៍​​នៅ​ចំណុច​ផ្ទះ​ប្រជាពលរដ្ឋ​​ក្បែរ​ដងផ្លូវ​​វិញ​ ។​ ​ពេល​ដែល​អ្នក​យក​ព័​ត៌​មាន​​ថត​យក​រូបភាព​ក្រុម​យោធា​​បិទទ្វារ​របង​​មិន​​​ឱ្យរថ​យន្ត​របស់​​ទូរ​ទស្ស​ប៉ុស្តិ៍​លេខ​៥​​ចេញពី​កន្លែង​កើតហេតុ​ទេ ហើយ​ក្រុម​យោធា​ទាំងនោះ​ បាន​បញ្ចេញ​អា​កប្ប​កិរិយា​​ច្រង៉េង​ច្រ​ង៉ាង​គំរាម​កំហែង​​ដេញ​តាម​យក​ទូរ​ស័ព្ទ​ និងកាមេរ៉ារបស់​អ្នក​យក​ព័​ត៌​មាន ​ដោយ​ពួក​គេ​ថា បើ​ចង់​យក​​រថយន្ត​ចេញពី​កន្លែង​កើតហេតុ​ ត្រូវ​តែ​លុប​​រូបភាព​​ដែល​ថត​ទាំងអស់​​នោះ​ចេញ​សិន ​។

ប្រភពបាន​បន្តថា ​នៅ​ពេល​បញ្ហា​កំពុង​​កើត​មាន​លោក​វី វ​ណ្ណៈ មេ​ប៉ុស្តិ៍​យោធា​​បាន​ទូរស័ព្ទ​ទៅ​​ហៅ​មេ​របស់​គេ ​គឺ​លោក​អ៊ុ​ក ​ដា​រ៉ា​ន់ ​ជា​មេ​គ​ប្រចាំ​ទិស​ស្រុក​ម៉ា​ឡៃ​នោះ​ឱ្យ​​ទៅ​កន្លែង​​កើត​ហេ​តុ​ ។ ​រឿងរ៉ាវ​បិទទ្វារ​បង្កើត​​ជម្លោះ​ជាមួយ​អ្នក​យក​ព័​ត៌​មាន​នេះ​ បាន​ក្លាយជា​រឿង​គំនុំ​​ជាមួយ​អ្នក​យក​ព័​ត៌មាន​ឱ្យទូរ​ទស្ស​ប៉ុស្តិ៍​លេខ​៥​ទៅ​វិញ​ ដោយ​លោក​អ៊ុ​ក​ ដា​រ៉ា​ន់ ​នៅ​ពេល​ចុះ​ពី​រថយន្ត​​នៅ​កន្លែង​កើតហេតុ​ ប្រើ​សម្ដី​របៀប​​ខឹងសម្បារ​​ដោយ​និយាយ​ថា​ ចង់​ជួប​មុខ​ប៉ុស្តិ៍​លេខ​៥​​យូ​រហើយ​​ផ្សាយ​លោ​កថា​ រកស៊ី​ឈើ​គ្រញូង​,​ នាំ​ម៉ូតូ​គេចពន្ធ​ និង​
ហ្គា​ស​គេចពន្ធ​ពី​​ថៃ ​។

​ទោះជា​យ៉ាងណា​ លោក​កែ ​វុ​ទ្ធី​ អ្នក​យក​ព័​ត៌មាន​ឱ្យ​​ទូរ​ទស្ស​ប៉ុស្តិ៍​លេខ​​៥​​ប្រចាំ​ខេត្តបន្ទាយមានជ័យ​និយាយ​ថា​ ការ​ចុះ​ផ្សាយ​​កន្លង​មក ​លោក​មិន​បាន​ផ្សាយ​ថា​ លោក​អ៊ុ​ក ​ដា​រ៉ា​ន់ ​ជា​អ្នក​រកស៊ី​ឈើ​គ្រញូង​ និង​នាំ​ហ្គា​ស​គេច​​ពន្ធ​ពី​ថៃ​ទេ ​ដោយ​គ្រាន់តែ​ផ្សាយ​ថា ​ឈើ​លេខ​២ ​គេ​នៅ​ចេញពី​កម្ពុជា ​ទៅ​លក់​ឱ្យ​​ថៃ ​តាម​ច្រករបៀង​ ​ស្រុក​ម៉ាឡៃ​ ដែល​គ្រប់គ្រង​​ដោយ​យោធា​​សឹក​រ​ង​ស្រុក​ម៉ា​ឡៃ​ តែ​ប៉ុណ្ណោះ​ ។

​ក្រោយ​ពី​មានការ​បកស្រាយ​​ពី​អ្នក​យក​ព័​ត៌​មាន​ខាងលើ​ ក្រុម​យោធា​ហាក់​បញ្ឈប់​​សកម្មភាព​ច្រង៉េង​ច្រ​ង៉ាង​តទៅ​ទៀត ​ប៉ុន្តែ​បាន​គំរាម​​ឱ្យ​​អ្នក​យក​ព័​ត៏​មាន​​ទាំង​២​នាក់​​ លុប​រូបភាព​របស់​ពួក​គេ​​ចោល ​ទើប​គេ​ឱ្យ​​រថយន្ត​ចាក​ចេញពី​កន្លែង​​កើត​ហេតុ​ ។

គួរ​​បញ្ជាក់​​ថា​ ករណី​​ផ្ទុះអាវុធ​ពី​សំណាក់​តម្រួត​​ថៃ​៣​គ្រាប់ ​និង​ចាប់ខ្លួន​ពលករ​ខ្មែរ​ចំនួន​៣​នាក់ ​កាលពី​វេលាទៀប​​ភ្លឺ​​កាលពី​ថ្ងៃ​ទី​២៥ មេសា​  ២០១៥ ​ដែល​អ្នក​យក​ព័​ត៌​​មាន​ចុះ​ស្រាវជ្រាវនោះ​ ត្រូវ​បាន​លោក​អែម ​សុខា​ អភិបាលស្រុក​ម៉ា​ឡៃ​ ប្រាប់​ថា ​នៅ​លើ​ស្ពាន​ព្រំដែន​​ច្រក​ទ្វារ​ តំបន់​ម៉ា​ឡៃ​ កាលពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​២៧ មេសា ​នេះ​ មុន​​ពេល​លោក​​ចេញពី​កម្ពុជា​ទៅ​ចូលរួម​ប្រជុំ​មួយ​ជាមួយ​​​ភាគី​​ថៃ​នៅ​ច្រក​​ណ​ង​ព្រឺ ​ស្រុក​អារញ្ញ ​ខេត្ត​ស្រះ​កែវ ​ឈម​ទឹកដី​កម្ពុជា​ច្រក​តំបន់​ម៉ា​ឡៃ​ថា​ ករណី​ថៃ​បំផ្ទុះ​អាវុធ​ និង​ចាប់ខ្លួន​ពលករ​ខ្មែ​រ​នោះ​ពិតជា​​មាន​​មែន​ ​ប៉ុន្តែ​អភិបាល​រូប​នេះ​​​ប្រាប់​ថា ​ពលករ​ដែល​ភាគី​ថៃ​ចាប់ខ្លួន​នោះ​ ត្រូវ​បាន​គេ​ដោះ​លែង​វិញ​ហើយ ដោយ​បញ្ជូន​តាម​រថយន្ត​​ទ្រុង​ទៅ​កម្ពុជា​​ តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​​តតាំង​ពី​ថ្ងៃ​កើតហេ​តុ​ ។​