ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេ​កន្ទុយ​លេខ​​ដុះ​ស្លែ​ដ៏​ធំ​ម្នាក់ និង​អ្នក​កត់​កន្ទុយលេខ​​ម្នាក់ ត្រូវ​នគរបាល​ចាប់​ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ

8 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ មេ​​​ឆ្នោត​ដុះ​ស្លែ​ដ៏​ធំ​ជាងគេ​នៅ​ក្រុងប៉ៃលិន​ម្នាក់​ត្រូវ​សមត្ថកិច្ច​នគរបាល​ នៃ​អធិការ​ស្រុក​សាលា​ក្រៅ​ ចាប់​ឃាត់ខ្លួន​​បន្ទាប់​ពី​ចាប់​អ្នក​កត់​កន្ទុយលេខ​​(​កូន​កា​តុង​)​ម្នាក់​នៅ​ក្បែរ​ផ្សារ​សាលា​ក្រៅ​រួច​មក

ខេត្ត​ប៉ៃលិន ៖ មេ​​​ឆ្នោត​ដុះ​ស្លែ​ដ៏​ធំ​ជាងគេ​នៅ​ក្រុងប៉ៃលិន​ម្នាក់​ត្រូវ​សមត្ថកិច្ច​នគរបាល​ នៃ​អធិការ​ស្រុក​សាលា​ក្រៅ​ ចាប់​ឃាត់ខ្លួន​​បន្ទាប់​ពី​ចាប់​អ្នក​កត់​កន្ទុយលេខ​​(​កូន​កា​តុង​)​ម្នាក់​នៅ​ក្បែរ​ផ្សារ​សាលា​ក្រៅ​រួច​មក ដែល​ការ​ចាប់​ឃាត់ខ្លួន​នេះ​ធ្វើ​ឡើង​តាម​បញ្ជា​របស់​លោក​ព្រះ​រាជ​អាជ្ញា​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន ។ ការ​ចាប់​ខ្លួន​នេះ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៨ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៦ ខែមេសា ឆ្នាំ​២០១៥ ស្ថិត​នៅ​ក្នុងផ្ទះ នៅ​ភូមិ​អូរ​តា​ពុក​លើ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ។

មេ​កន្ទុយលេខ​​ដែល​ត្រូវ​សមត្ថកិច្ច​នគរបាល​ចាប់​ឃាត់ខ្លួន​មាន​ឈ្មោះ​ទឹម ថុ​ល ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះ​ចាន់ ទិ​ត្យ អាយុ​៤៥​ឆ្នាំ​ រស់នៅ​ភូមិ​អូរ​តា​ពុក​លើ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន និង​អ្នក​កត់​កន្ទុយលេខ​​ម្នាក់​ទៀត​ឈ្មោះ​ឆៃ​យ៉ា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​វាល ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ។

​បើ​តាម​សមត្ថកិច្ច​នគរបាល​បាន​បង្ហើប​ឱ្យ​ដឹង​ទាំង​លាក់លៀម​ថា មុន​នឹង​ឈាន​ដល់​ការ​ចាប់​ឃាត់ខ្លួន​មេ​កន្ទុយលេខ​ឆ្នោត​ដ៏​ធំ​ដុះ​ស្លែ​នៅ​ក្រុងប៉ៃលិន​ម្នាក់​នេះ ដំបូង​ធ្វើការ​ចា​ប់​ឃាត់ខ្លួន​អ្នក​កត់​កន្ទុយលេខ(​កូន​កា​តុង​)​ម្នាក់ នៅ​ក្បែរ​ផ្សារ​សាលា​ក្រៅ ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ លុះ​យក​ទៅ​សួរនាំ​រួច​មក រួប​គេ​បាន​សារភាព​ប្រាប់​ថា កត់​កន្ទុយលេខ​​​យក​ទៅ​ឱ្យ​មេ​ធំ​ម្នាក់​ទៀត​នៅ​ក្រុងប៉ៃលិន ដែល​មានឈ្មោះ​ខាងលើ ទើប​ឈាន​ទៅ​ដល់​ការ​ចាប់​ឃាត់ខ្លួន​បន្តបន្ទាប់ រួច​បញ្ជូន​ទៅ​ឃុំខ្លួន​បណ្តោះ​អាន្ន​នៅ​ស្នងការដ្ឋាន​នគរ​បាល​ខេត្ត​ តែ​ម្តង ។

សមត្ថកិច្ច​បញ្ជាក់​ទៀត​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែមេសា​នេះ នឹង​រៀបចំ​កសាង​សំនុំរឿង ដើម្បី​បញ្ជូន​មេ​កន្ទុយលេខ​ និង​អ្នក​កត់​កន្ទុយ​លេខ​​នេះ​ទៅ​តុលាកា​ខេត្ត​ឱ្យ​ចាត់ការ​តាម​នីតិវិធី ។

លោក​ញ៉ឹ​ក ថុ​ល អធិការ​នគរ​បាល​ស្រុក​សាលា​ក្រៅ​បានឱ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​ល្ងាច​ថ្ងៃ​ទី​២៦ ខែមេសា នេះ​ថា ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​ចាប់​ឃាត់ខ្លួន​មេ​កន្ទុយលេខ​ និ​ង​អ្នក​កត់​កន្ទុយ​លេខ​​នេះ ខាង​លោក​អត់​ដឹង​រឿងទេ គឺ​ធ្វើ​ឡើង​តាម​បញ្ជា​របស់​លោក​ជុំ សែន​សទ្ធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ប៉ុណ្ណោះ រួច​ក៏​បិទ​ទូរស័ព្ទ​ភ្លាម​ៗ​តែ​ម្តង ។

​ចំណែក​បុរស​ខាងលើ​ឈ្មោះ ទឹម ថុ​ល បាន​រៀបរាប់​ឱ្យ​ដឹង​ថា រូបគេ​មិនមែន​ជា​មេ​​កន្ទុយ​លេខ​​អី​នោះ​ទេ គឺ​ប្រពន្ធ​របស់​​គាត់​ជា​អ្នកលេង​ល្បែង​នេះ ប៉ុន្តែ​ដោយសារ​តែ​នាង​មាន​របួស​ឈឺ​ក្រេ​ច​ថ្លោះកជើង ហើយ​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ទើប​សមត្ថកិច្ច​ហៅ​លោក​ជា​ប្តី​មក​ឃាត់ខ្លួន​ជំនួស​វិញ ។ លោក​បាន​បន្ត​ទៀត​ថា ក្រោយ​ពី​សមត្ថកិច្ច​ស្នងការ​នគរបាល​ខេត្ត​សួរនាំ​រួច ដោយ​ទារ​ឱ្យ​បង់ប្រាក់​ពិន័យ​ថ្លៃ​ហួស​កំរិត​ខាំ្ល​ង​ពេក ខាង​លោក​គ្មាន​លុយកាក់​ឯណា​បង់​នោះ​ឡើយ ។

​​ប្រជាពលរដ្ឋ​រស់នៅ​ខេត្ត​ប៉ៃលិន​បានឱ្យ​ដឹង​ថា ល្បែង​កន្ទុយលេខ​ឆ្នោត​រ​ហូតម​ក​ដល់​ពេល​នេះ​នៅ​តែ​បន្ត​បើក​លេង​យ៉ាង​អនាធិបតេយ្យ បើ​ទោះបីជា​មេ​ឆ្នោត​ជា​ច្រើន​នាក់​ត្រូវ​សមត្ថកិច្ច​ទាំង​កងរាជអាវុធហត្ថ​ខេត្ត និង​នគរបាល​ស្នងការ​ខេត្តចុះ​បង្ក្រាប​(ធ្វើ​ស៊ី)​ម្តងម្នាក់​ៗ​ជា​ញឹកញាប់ ដោយ​គ្រាន់តែ​ចាប់​យក​ទៅ​ផាកពិន័យ​ឱ្យ​បង់លុយ រួច​ក៏​ដោះ​លែងឱ្យ​មាន​សេរីភាព​បន្ត​បើក​លេង​ឡើង​វិញ ។

សូម​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​១៦ ខែមីនា​កន្លង​ទៅ មេ​កន្ទុយលេខ​ឈ្មោះ​ផា​ន់ ឡា​ច អាយុ​៥២​ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះហែម ចាន់​ថេ​ន អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​វត្ត សង្កាត់​ប៉ៃ​លិន ក្រុងប៉ៃលិន ត្រូវ​បាន​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត​ចាប់​ឃាត់ខ្លួន​ទាំង​ពីរ​នាក់ រួច​ប​ញ្ជូ​ន​ទៅ​តុលាការខេត្ត ក្រោយ​ពី​ធ្វើការ​ផាកពិន័យ​យ៉ាង​ចាស់ដៃ​រួច​មក ក៏​ដោះ​លែងឱ្យ​មាន​សេ​រី​ភាព​ឡើង​វិញ ៕