ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំង​ថ្នាក់​ក្រោម​ប្រឹង​បង្ក្រាប​ទីតាំង​ល្បែងស៊ីសង​ខុសច្បាប់ ខណៈ​មន្ត្រី​ថ្នាក់លើ​ខ្លះ​សម្ងំ​ស៊ី​មិន​ខ្លាចស្លាក់​ឆ្អឹង

8 ឆ្នាំ មុន

ខេត្តបាត់ដំបង​៖ កម្លាំង​នគរបាល​ផ្នែក​បង្ការ​-​បង្ក្រាបនៃ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាលនៅ​តែ​បន្ត​កិច្ច​ប្រតិបត្តិការ​ចុះ​បង្ក្រាប​ទីតាំង​បើក​ល្បែងស៊ីសង​គ្រប់​ប្រភេទ ក្រោម​បទបញ្ជា​របស់​លោកស្នងការ​ខេត្ត ដូច​ជាទី​តាំងភ្នាល់​បាល់

ខេត្តបាត់ដំបង​៖ កម្លាំង​នគរបាល​ផ្នែក​បង្ការ​-​បង្ក្រាបនៃ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាលនៅ​តែ​បន្ត​កិច្ច​ប្រតិបត្តិការ​ចុះ​បង្ក្រាប​ទីតាំង​បើក​ល្បែងស៊ីសង​គ្រប់​ប្រភេទ ក្រោម​បទបញ្ជា​របស់​លោកស្នងការ​ខេត្ត ដូច​ជាទី​តាំងភ្នាល់​បាល់ និង​ទីតាំង​ធ្វើ​អាជីវកម្ម​ល្បែង​ហ្គេ​ម​ជាដើម​នៅ​ក្នុង​ក្រុង​បាតដំបង ដែល​ជ្រក​ក្រោម​ស្លាក​«​អ៊ី​ន​ធឺ​ណេ​ត​»​ ខណៈ​មន្ត្រី​ថ្នាក់លើ​មួយ​ចំនួន​កំពុង​ប្រឹង​សម្ងំ​ទំពារ​សំណែន​យ៉ាង​ក្របួច និង​យ៉ាង​ស្ងាត់ស្ងៀម​បំផុត​ជាមួយ​និង​ម្ចាស់​ទីតាំង​បទល្មើស ដោយ​មិន​ខ្លាច​ស្លាក់​ឆ្អឹង​ឡើយ​។

នៅ​រសៀល​ថ្ងៃ​ទី​២៥​ មេ​សា កម្លាំង​សមត្ថកិច្ច​ជំនាញ​មួយ​ក្រុម​ខាងលើ បាន​ទ​ទូល​បទបញ្ជា​ជា​ថ្មី​ទៀត​ពី​លោកស្នងការ​ខេត្ត ក្នុង​ការ​ចុះ​បង្ក្រាប​លើ​ទីតាំង​ហាង​អ៊ី​ន​ធើរណេ​ត​នានា នៅ​ក្នុង​ក្រុង​បាត់ដំបង ដែល​គេ​សង្ស័យ​ថា មិន​ស្របច្បាប់ មាន​បង្កប់​នូវ​ល្បែងស៊ីសង​។ ប៉ុន្តែ​កិច្ច​ប្រតិបត្តិការ​នេះ មិន​បាន​ធ្វើ​ឲ្យ​មន្ត្រី​ថ្នាក់ដឹកនាំ​ការិយាល័យ ឬមន្ត្រី​មួយ​ចំនួន​ដែល​ពាក់ព័ន្ធ​សប្បាយចិត្ត​នោះ​ទេ ដោយសារ​តែ​កិច្ច​ប្រតិបត្តិការ​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផល​ប្រ​យោ​ជ​ន៍របស់​មន្ត្រី​ខិលខូច​ទាំងនោះ​។

មន្ត្រី​ខិលខូច​ដែល​បោះបង់​ច្បាប់ ហើយ​ប្រឹង​ចាប់​យក​បទល្មើស​ធ្វើ​ជា​មិត្ត​យ៉ាង​ស្និទ្ធ​នោះ តែង​ត្រូវ​លាតត្រដាង​ដោយ​ម្ចាស់​បទល្មើស នៅ​ពេល​ត្រូវ​បង្ក្រាប​ដោយ​កម្លាំង​ដែល​មិន​ពាក់ព័ន្ធ​។ ជា​ពិសេសមេ​កន្ទុយលេខ ម្ចាស់​ហាង​អ៊ី​ន​ធើរណេ​ត ម្ចាស់​ទីតាំង​បើក​ភ្នាល់​បាល់ ឬ​មេ​ល្បែងស៊ីសង​បំពាន​ច្បាប់​ផ្សេង​ៗ ដែល​តែង​ហែកហួរ​រឿង​នេះ​។​ល​។

លោក​ឈឿ​ង គឹ​ម​សុង ប្រធាន​ក្រុម​នគរបាល​ផ្នែក​បង្ការ​-​បង្ក្រាប នៃ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​បាន​និយាយ​ថា កិច្ច​ប្រតិបត្តិការ​នេះ​ត្រូវ​បាន​ធ្វើ​ឡើងជា​បន្តបន្ទាប់ ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី​លោកស្នងការ​ខេត្ត​។ លោក​បាន​ប្រាប់​ថា នៅ​រសៀល​ថ្ងៃ​ទី​២៥ ​មេ​សា កម្លាំង​របស់​លោក​បាន​ទ​ទូល​បទបញ្ជា​ឲ្យ​ចុះ​ត្រូ​ត​ពិនិត្យ​តាម​បណ្ដា​ទីតាំង​ភ្នាល់​បាល់​នានា ដែល​ជ្រក​ក្រោម​ស្លាក​អ៊ី​ន​ធើរណេ​ត​យ៉ាងតិច​ជាង​១០​កន្លែង នៅ​ក្នុង​ក្រុង​បាត់ដំបង ដើម្បី​ណែនាំ​ឲ្យ​ម្ចាស់​អាជីវកម្ម​ទាំងអស់​ដែល​មិន​គោរព​ច្បាប់ ឲ្យ​ធ្វើ​កិច្ចសន្យា​ប​ញ្ឍ​ប់​សកម្មភាព​បើក​ឲ្យ​មាន​ល្បែងស៊ីសង​របស់​ខ្លួន​។

ប៉ុន្តែ​លោក​ឈឿ​ង គឹ​ម​សុង បាន​បញ្ជាក់​ថា កិច្ច​ប្រតិបត្តិការ​នេះ​បាន​ជួប​ការ​លំបាក​ខ្លះ​ៗ ដោយសារ​ទីតាំង​ភ្នាល់​បាល់​មួយ​ចំនួន​មាន​អ្នក​ចាំ​អន្តរា​គម​ន៍ ហើយ​ក៏​បាន​ធ្វើ​ឲ្យ​មន្ត្រី​មួយ​ចំនួន​ដែល​បាន​សើម​មាត់​សើ​មក​ពី​បទល្មើស​នេះ​មិន​សប្បាយចិត្ត​ដែរ​។

បើ​ពិនិត្យ​លើ​កិច្ច​ប្រតិបត្តិការ​បង្ក្រាប​ទីតាំង​ភ្នាល់​បាល់​របស់​កម្លាំង​សមត្ថកិច្ច​មួយ​ក្រុម​ខាងលើ​នេះ ជាក់ស្ដែង​ត្រូវ​គេ​មើលឃើញ​ថា បាន​ធ្វើ​ឡើង​ក្រោម​សម្ពាធ ​និង​ការ​អន្តរា​គម​ន៍យ៉ាង​ខ្វាត់ខ្វែង​តាម​ទូរស័ព្ទ​ពី​សំណាក់​មន្ត្រី​ថ្នាក់ដឹកនាំ​មួយ​ចំនួន​ដែល​នៅ​ពីក្រោយនៃ​បទល្មើស​នេះ​។ រីឯ​ម្ចាស់​អាជីវកម្ម​វិញ ក៏​ហាក់ដូចជា​ធុញ​ទ្រាន់នឹង​ការ​បង្ក្រាប​នេះ​ខ្លាំង​ណាស់​ដែរ រហូត​ម្ចាស់​ទីតាំង​ខ្លះ​បាន​ទម្លាយ​នូវ​ឈ្មោះ​មន្ត្រី​ខិលខូច​មួយ​ចំនួន ដែល​តែង​ដើរ​ប្រមូលប្រាក់​សំណូក​ពី​ពួក​គេ​ស្ងាត់​ៗ​រៀង​រាល់​ខែ​ទៀត​ផង​។

មន្ត្រី​ទាំងនោះ​សុទ្ធតែ​អះអាង​ថា ជួយ​ការពារ​មិន​ឲ្យ​មានការ​បង្ក្រាប តែ​ទីបំផុត​នៅ​តែ​មានការ​បង្ក្រាប​ដដែល​។ ពួក​គេ​បាន​បញ្ជាក់​ថា សមត្ថកិច្ច​ដែល​តែង​បង្ខំ​ទា​រប្រាក់​ពី​ពួក​គេ​ជា​ថ្នូរ​នឹង​ការ​ការពារ​មិន​ឲ្យ​បង្ក្រាប​នោះ គឺ​មាន​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត មន្ត្រី​នគរបាល​ក្រុង​បាត់ដំបង និង​មន្ត្រី​នគរបាល​ខេត្ត​។ មន្ត្រី​នគរបាល​ខេត្ត​គឺ​មាន​ច្រើន​ក្រុម ច្រើន​ផ្នែក​ដើរទា​រប្រាក់​សំណែន​នេះ បើ​ទោះជា​ពួក​គេ​និយាយ​ត្រូវរ៉ូវ​គ្នា​ស្ងាត់​ៗ​ជាមួយ​មេ​ការិយាល័យ​រួច​ហើយ​ក្ដី ក៏​នៅ​តែ​មាន​ក្រុម​ផ្សេង​មក​ជំរិត​បន្តកន្ទុយ​គ្នា​ស្ទើ​រាល់​ខែ​ដែរ​។

ជុំវិញ​បញ្ហា​នេះ​លោក​ជេ​ត វណ្ណ​នី ស្នងការ​រង​ខេត្ត​ក៏​បាន​ទ​ទូល​ស្គាល់​ដែរ​ថា ពិតជា​មាន​មន្ត្រី​ខិលខូច​មួយ​ចំនួន​លួច​ឃុំ​ឃិ​ត​ប្រ​ព្រឹ​ត្តបទ​ល្មើស​ជាមួយនឹង​ម្ចាស់​អាជីវកម្ម​ខុសច្បាប់​ទាំងនោះ​មែន​។ លោកស្នងការ​រង​បាន​បន្ត​ថា តាម​គោល​ការ​ណ៍​របស់​លោកស្នងការ​ខេត្ត នៅ​តែ​បន្ត​បទបញ្ជា​ឲ្យ​កម្លាំង​ជំនាញ​ចុះ​បង្ក្រាប​ជា​ប្រចាំ ប្រសិនបើ​រក​ឃើញ​មាន​ទីតាំង​«​អ៊ី​ន​ធើរណេ​ត​»​ទាំងឡាយ​ណា​ដែល​ធ្វើ​អាជីវកម្ម​ដោយ​ខុសច្បាប់បង្កប់​នូវ​ល្បែងស៊ីសង​។ ដូច​ជា​បើក​លេងល្បែង​ហ្គេ​ម​គ្រប់​ប្រភេទ​ភ្នាល់​ដាក់​លុយ និង​ល្បែងភ្នាល់​បាល់​ជាដើម​។

លោក​ជេ​ត វណ្ណ​នី បាន​បញ្ជាក់​ថា ការ​ចុះ​បង្ក្រាប​ទីតាំង​ភ្នាល់​បាល់​ខាងលើ​នេះ តាម​គោល​ការ​ណ៍​របស់​លោកស្នងការ​ខេត្ត គឺ​ជំ​ហាន​ទី​១ គ្រាន់តែ​ឲ្យ​កម្លាំង​ជំនាញ​ធ្វើការ​អប់រំ និង​ឲ្យ​ម្ចាស់​ធ្វើ​កិច្ចសន្យា​ប​ញ្ឍ​ប់​សកម្មភាព​របស់​ខ្លួន​តែ​ប៉ុណ្ណោះ តែបើ​ម្ចាស់​ទីតាំង​ទាំងនោះ​នៅ​តែចចចេស​រឹង​រូស យើង​នឹង​អនុវត្ត​នូវ​ជំ​ហាន​ទី​២ គឺ​អាច​ចាត់វិធានការ​តាម​ផ្លូវច្បាប់​តែ​ម្ដង​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព