ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​រង​គ្រោះ​ត្រូវ​មេការ​បា.ញ់​សម្លា.ប់​នៅ​ថៃ​បញ្ជូន​ដល់​កម្ពុជា​ហើយ​ គ្រួសារ​សព​អំពាវនាវ​រក​យុ​ត្តិ​ធ​ម៌

8 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖​ ជន​រង​គ្រោះ​ដែល​ត្រូវ​មេការ​សំណង់​ជនជាតិ​ថៃ​បា.ញ់​សម្លា.ប់​យ៉ាង​ព្រៃ.ផ្សៃ​លើ​ទឹកដី​ថៃ​ ក្នុង​ខេត្ត​ឆាក់​ឆឺ​ន​សៅ​កាលពី​ម៉ោងជាង​៥​ល្ងាច​ ថ្ងៃ​ទី​២៣​ ខែមេសា​ ឆ្នាំ​២០១៥

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖​ ជន​រង​គ្រោះ​ដែល​ត្រូវ​មេការ​សំណង់​ជនជាតិ​ថៃ​បាញ់​សម្លាប់​យ៉ាង​ព្រៃផ្សៃ​លើ​ទឹកដី​ថៃ​ ក្នុង​ខេត្ត​ឆាក់​ឆឺ​ន​សៅ​កាលពី​ម៉ោងជាង​៥​ល្ងាច​ ថ្ងៃ​ទី​២៣​ ខែមេសា​ ឆ្នាំ​២០១៥​ ត្រូវ​បាន​បញ្ជូន​មក​ដល់​កម្ពុជា​ហើយ​កាលពី​វេលា​ម៉ោងជាង​៤​រសៀល​ ថ្ងៃ​ទី​២៥​តាម​ច្រករបៀង​អូរ​បី​ជាន់​ក្នុងស្រុក​អូរ​ជ្រៅ​ ។​

ជន​រង​គ្រោះ​ក្នុង​អំពើ​បាញ់​សម្លាប់​ខាងលើ​ឈ្មោះ​ផាត ​សុ​អ៊ី​ម​ ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ​ ជា​កម្មករ​សំណង់​ ធ្វើការ​នៅ​ខេត្ត​ឆាក់​ឆឺ​ន​សៅ​ប្រទេស​ថៃ​ និង​មាន​ទីលំនៅ​ភូមិ​-ឃុំ​ត្រពាំង​ចាន់​ ស្រុក​បរិបូរ​ណ៏​ ខេត្តកំពង់ឆ្នាំង​ ។

​ជុំវិញ​អំពើ​បាញ់​សម្លាប់​យ៉ាង​ព្រៃផ្សៃ​ពី​សំណាក់​មេការ​សំណង់​ជនជាតិ​ថៃ​នេះ​ ស្ត្រី​ឈ្មោះ​ថា​ន់​ ថូ​ អាយុ​២៧​ឆ្នាំ​ ត្រូវ​ជា​ប្រពន្ធ​ជន​រង​គ្រោះ​ដែល​មាន​ផ្ទៃពោះ​៥​ខែ​ផង​នោះ​បាន​ប្រាប់​«កោះសន្តិភាព»​ទាំង​ទឹកភ្នែក​ថា​ ប្ដី​របស់​គាត់​ត្រូវ​មេការ​សំណង់​ជា​ជនជាតិ​ថៃ​ឈ្មោះ​យ៉ៃ​ ភេទ​ប្រុស​ អាយុ​ប្រហែល​៥០​ឆ្នាំ​ បាញ់​និង​អាវុធ​ខ្លី​មិន​ស្គាល់​ម៉ាក​ចំនួន​៦​គ្រាប់​ ត្រូវ​សៀតផ្កា​,​ បំពង់ក​,​ ដើមទ្រូង​ និង​ដៃ​បណ្ដាល​ឲ្យ​ស្លាប់​ក្នុង​ថ្លុកឈាម​ ។​ ស្ត្រី​ខាងលើ​បន្ត​ថា​ ករណី​បាញ់ប្រហារ​នេះ​ ដើមចម​គឺ​ដោយសារ​ប្ដី​របស់​គាត់​ប្រឡែង​លេង​ជាមួយ​កូនប្រុស​របស់​ជនជាតិ​ភូមា​ម្នាក់​ ហើយ​ជនជាតិ​ភូមា​នោះ​ប្រកាន់​ខឹង​ចោទ​ថា​ ប្ដី​របស់​គាត់​វាយ​កូន​របស់​គេ​ក៏​ទូរស័ព្ទ​ទៅ​ហៅ​មេការ​ឈ្មោះ​យ៉ៃ​នោះ​មក​ ។ ​

ពេល​មក​ដល់​កន្លែង​កើតហេតុ​ មេការ​ជនជាតិ​ថៃ​នោះ​មិន​បាន​សួរនាំ​ប្ដី​របស់​គាត់​ដើម្បី​ដឹង​ខុស​ត្រូវ​ទេ​ ស្រាប់តែ​ទាញ​អាវុធ​ខ្លី​បាញ់​ប្ដី​របស់​គាត់​សម្លាប់​តែ​ម្ដង​ ។​

ស្ត្រី​ជា​ប្រពន្ធ​បាន​បន្ត​ទៀត​ថា​ ដំបូង​សព​ប្ដី​របស់​គាត់​ត្រូវ​ភាគី​ថៃ​គេ​មិន​ចង់​ឲ្យ​យក​មក​កម្ពុជា​ទេ​ ប្រុង​ឲ្យ​បូជា​នៅ​វត្ត​មួយ​ក្នុង​ខេត្ត​កើត​ហេតុ​ ប៉ុន្តែ​ដោយសារ​មានការ​អន្តរាគមន៍​ជួយ​ពី​មន្ត្រី​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-​ថៃ​ ពិសេស​មន្ត្រី​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ ​ដូច​ជា​មន្ត្រី​កុងស៊ុល​ខ្មែរ​,​ មន្ត្រី​ស្ថានទូត​ ទើប​សព​ត្រូវ​បាន​ភាគី​ថៃ​ធ្វើការ​បញ្ជូន​មក​កម្ពុជា​វិញ​ ។​

សព​ត្រូវ​បាន​ក្រុម​គ្រួសារ​ និង​សាច់ញាតិ​ធ្វើបុណ្យ​តាម​ប្រពៃណី​យ៍​នៅ​វត្ត​គគីរ​សេដ្ឋា​រាម​អូរ​បី​ជាន់​ ក្នុង​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ​ ។​

ស្ត្រី​ជា​ប្រពន្ធ​ជន​រង​គ្រោះ​បាន​អំពាវនាវ​សុំ​ឲ្យ​មន្ត្រី​ និង​សមត្ថកិច្ច​កម្ពុជា​ ពិសេស​រាជរដ្ឋាភិបាល​ មេត្តា​ជួយ​រក​យុ​ត្តិ​ធ​ម៌​ដល់​ប្ដី​របស់​នាង​ផង​ ដោយ​នាង​លើក​ឡើង​ថា​ ជន​ដៃដល់​មិន​ទាន់​ត្រូវ​បាន​គេ​ចាប់ខ្លួន​នៅឡើយ​ទេ​ ម្យ៉ាង​នាង​ក៏​មាន​ផ្ទៃពោះ​៥​ខែ​មិន​ទាន់​ទទួល​បាន​ភាព​យុ​ត្តិ​ធ​ម៌ឡើយ​ ៕​