ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃី​ម បូ​រ៉ា ប៉ះ​មាស ច័ន្ទ​មាន លើក​ទី​2​នៅ​SEA TV ថ្ងៃនេះ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្នុង​ចំណោម​ការ​ប្រកួត​របស់​កីឡាករ​៦​នាក់​នៅ​ក្នុង​ព្រឹត្តិការណ៍​ដណ្ដើម​ខ្សែក្រវាត់​ជើងឯក​K.Cement ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម នៅ​លើ​សង្វៀន​ទូរទស្សន៍​អា​ស៊ី​អាគ្នេយ៍​(SEA TV )

រាជធានី​ភ្នំពេញ ៖ ក្នុង​ចំណោម​ការ​ប្រកួត​របស់​កីឡាករ​៦​នាក់​នៅ​ក្នុង​ព្រឹត្តិការណ៍​ដណ្ដើម​ខ្សែក្រវាត់​ជើងឯក​K.Cement ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម នៅ​លើ​សង្វៀន​ទូរទស្សន៍​អា​ស៊ី​អាគ្នេយ៍​(SEA TV ) មាន​តែ​កីឡាករ​៣​រូប​ប៉ុណ្ណោះ ដែល​កន្ត្រាក់​បានការ​ចាប់អារម្មណ៍​ខ្លាំងក្លា​ជាងគេ ។ ក្នុង​ចំណោម​អ្នក​ទាំង​៣​នោះ​ជំនួប​រវាង ឃី​ម បូ​រ៉ា និង​មាស ច័ន្ទ​មាន កាន់តែ​ទាក់ទាញ​អារម្មណ៍​ឲ្យ​មានការ​តាមដាន​ជាងគេ នៅ​ល្ងាច​ថ្ងៃ​សៅរ៍ ទី​២៥ មេ​សា នេះ ដោយសារ​តែ​ពួក​គេ​ប៉ះ​គ្នា​សងសឹក​ផង និង​ស្ទាបស្ទង់​កម្លាំង​ដើម្បី​ប៉ែង​ជើង​គ្នា​ផង ។

យ៉ាង​ហោច​ជាង​ពាក់កណ្ដាល​នៃ​អ្នក​តាមដាន​ការ​ប្រកួត​នេះ​ចំណាយ​ការ​ពិភាក្សា​វែកញែក​ជា​មុន ចំពោះ​ការ​ប៉ះ​គ្នា​របស់​អ្នក​ទាំង​ពីរ​ក្នុង​ពេល​ដែល​អ្នក​ណា​ក៏​មើលឃើញ​ថា ឃី​ម បូ​រ៉ា គឺជា​មនុស្ស​តែ​ម្នាក់​ដែល​ខ្ទាស់​មិន​ឲ្យ​មាស ច័ន្ទ​មាន ឡើង​ដណ្ដើម​ខ្សែក្រវាត់ ហើយ​មាស ច័ន្ទ​មាន ក៏​ជា​មនុស្ស​តែ​ម្នាក់​ដែល​អាច​បង្អាក់​មិន​ឲ្យ​ឃី​ម បូ​រ៉ា ឡើង​ទៅ​ដល់​វគ្គ​ចុង​ក្រោយ​ដូច​គ្នា ។ បន្ថែម​ពីលើ​ភាព​ខ្លាំងក្លា​អ្នក​ទាំង​ពីរ​ត្រូវ​ពឹង​លើ​សំណាង​ចៀស​មិន​ផុត ក្នុង​ការ​ប៉ែង​ជើង​គ្នា​ឆ្ពោះទៅ​កាន់ការ​ដណ្ដើម​យក​កៅអី​ទៅ​ជួប​សូត្រ ប៊ុ​ន​ធី ដែល​មាន​សង្ឃឹម​ខ្ពស់​រួច​ជា​ស្រេច សម្រាប់​វគ្គ​ថ្មី​នេះ​ទៀត​។ បើ​ទោះជា​ការ​ប្រកួត​ក្នុង​វគ្គ​២ ស្ថិត​នៅ​ត្រឹម​ជា​ជំហាន​ចាប់ផ្ដើម ប៉ុន្តែ​គេ​ដឹង​រួច​ទៅ​ហើយ​ថា​សូត្រ ប៊ុ​ន​ធី នឹង​ធ្វើ​បាន​ល្អ​មិន​ខុស​ពី​វគ្គ​១​នោះ​ទេ បន្ទាប់​ពី​អាច​ផ្ដួល​មាស ច័ន្ទ​មាន ដែល​ជា​កីឡាករ​តែ​ម្នាក់​ដែល​គេ​ចាញ់​ក្នុង​វគ្គ​មុន កាលពី​២​ស​ប្ដា​ហ៍​មុន​បែប​នេះ ។

អ​ញ្ចឹ​ង​ហើយ​ទើប​ក្នុង​ចំណោម​កីឡាករ​៥​រូប​ដែល​គេ​ត្រូវ​ប៉ះ​បន្ត មាន​តែ​ឃី​ម បូ​រ៉ា ម្នាក់​ប៉ុណ្ណោះ ដែល​សូត្រ ប៊ុ​ន​ធី នឹង​បន្ត​ការ​បុក​ពោះ​សម្រាប់​វគ្គ​នេះ ។

អ្នកវិភាគ​កាន់តែ​ច្រើន​បង្ហាញ​ការ​លើក​ឡើង​ថា ការ​ប៉ះ​គ្នា​រវាង​ឃី​ម បូ​រ៉ា និង​មាស ច័ន្ទ​មាន នៅ​ថ្ងៃ​សៅរ៍​នេះ គឺជា​ជំនួប​ដ៏​សំខាន់ ដោយសារ​តែ​ឃី​ម បូ​រ៉ា ក៏​ត្រូវការ​ឈ្នះ ហើយ​មាស ច័ន្ទ​មាន ក៏​ត្រូវការ​ឈ្នះ​ជា​លើក​ទី​២ ដើម្បី​រក្សា​មុខមាត់ ។ ប្រសិនបើ​ឃី​ម បូ​រ៉ា ចាញ់​ជា​លើក​ទី​២ មាន​ន័យ​ថា ទោះជា​គេ​ប៉ះ​គ្នា​ជា​លើក​ទី​៣ ក៏​ការ​ដណ្ដើម​យក​ខ្សែក្រវាត់​នៅ​វគ្គ​ចុង​ក្រោយ​ក៏​មិនមែន​ជា​របស់​ឃី​ម បូ​រ៉ា នោះ​ដែរ ប៉ុន្តែ​បើ​គេ​អាច​ឈ្នះ​សម្រាប់​ការ​ប្រកួត​ថ្ងៃនេះ​មាន​ន័យ​ថា ស្ថានភាព​ឈ្នះ​ចាញ់​នឹង​ស្ថិត​នៅ​លើ​ភាព​អំណោយផល​របស់​កីឡាករ​ម្ខាង​ៗ​នៅ​ពេល​ប៉ះ​គ្នា​ជា​ថ្មី ។ ចំពោះ​មាស ច័ន្ទ​មាន​វិញ គេ​ត្រូវការ​ឈ្នះ​ខ្លាំង​ណាស់​ដ្បិត​បើ​ឈ្នះ​លើក​នេះ​នឹង​ត្រូវ​បាន​គេ​សរសើរ​ថា​ខ្លាំង ប៉ុន្តែ​បើ​ចាញ់​ក្រៅពី​អាម៉ាស់​ក៏​ពិតជា​ត្រូវ​សិស្ស​ប្អូន​យក​កៅអី​ទៅ​វគ្គ​បន្ត​អង្គុយ​បាត់ ។

ថ្វី​ដ្បិតតែ​ការ​ប្រកួត​វគ្គ​នេះ​នឹង​ជម្រុះ​តែ​២​នាក់​ចោល ដែល​មាន​ន័យ​ទោះ​ឃី​ម បូ​រ៉ា ចាញ់​មាស ច័ន្ទ​មាន ឬ​មាស ច័ន្ទ​មាន ចាញ់​ក៏​ត្រូវ​តែ​ឡើង​ដោយ​ស្វ័យប្រវត្តិ​ទៅ​កាន់​វគ្គ​៣ ដោយសារ​ពួក​គេ​ទាំង​ពីរ​សុទ្ធតែ​ខ្លាំង​ជាង​គូប្រកួត​ផ្សេង​ក្នុង​ចំណោម​៥​ប្រកួត​(​លើកលែង​សូត្រ ប៊ុ​ន​ធី​ចេញ​) ក៏​កម្រិត​នៃ​ការ​ឈ្នះ​ចាញ់​នឹង​ក្លាយជា​ការ​ព្យាករ​មួយ​ដ៏​សំខាន់​នៅ​ពេល​អ្នក​ទាំង​ពីរ​ប៉ះ​គ្នា​ក្នុង​វគ្គ​៣​។ ឃី​ម បូ​រ៉ា ដែល​ជា​ជើង​ខ្លាំង​ម្នាក់​ទំនង​មិន​អាច​ទទួល​រង​នូវ​សម្ពាធ​រិះគន់​ជា​ថ្មី​ទៀត​ទេ ប្រសិនបើ​គេ​បណ្ដោយ​ឲ្យ​ចាញ់​សម្រាប់​ការ​សងសឹក​លើក​នេះ ប៉ុន្តែ​មាស ច័ន្ទ​មាន ដែល​ឈរ​ចំណាត់ថ្នាក់​លេខ​១​ក្នុង​វគ្គ​១ ក៏​មិន​អាច​បណ្ដោយ​ឲ្យ​ចាញ់​ដូច​គ្នា​ផង​ដែរ សម្រាប់​ការ​ប្រកួត​ថ្ងៃនេះ ។

ក្រោយ​ការ​ចាញ់​កីឡាករ​សូត្រ ប៊ុ​ន​ធី កាលពី​២​ស​ប្ដា​ហ៍​មុន មាស ច័ន្ទ​មាន ប្រឈម​ធ្លាក់​ទៅ​ចំណាត់ថ្នាក់​លេខ​២​រួច​ទៅ​ហើយ ប្រសិនបើ​បន្ត​ឈ្នះ​គូប្រកួត​ផ្សេង​ទៀត ដូច​ជុំ​ទី​១ ។ ប៉ុន្តែ​បើ​ភ្លាត់​ឲ្យ​ចាញ់ ឃី​ម បូ​រ៉ា មាន​ន័យ​ថា ចំណាត់ថ្នាក់​លេខ​២​ដែល​ត្រូវ​រំពឹង​ទុក​ក៏​មិន​បាន​នោះ​ដែរ គឺ​ពិតជា​រអិល​ធ្លាក់​ទៅ​ឈរ​ចំណាត់ថ្នាក់​លេខ​៣ ទាំង​បាក់​មុខតែ​ម្ដង ក្នុង​ពេល​ដែល​ក្នុង​ចំណោម​កីឡាករ​ទាំង​៦ គេ​គឺជា​ជើង​ខ្លាំង​ជំនាន់​មុនគេ​ដែល​ត្រូវ​គេ​ចាំតែ​មើល និង​រិះគន់​ពេល​ប្រឡូក​ជាមួយ​ក្មេង​ជំនាន់​ក្រោយ​ស្រេច​ទៅ​ហើយ ។

អ្នកវិភាគ​សុទ្ធតែ​មើលឃើញ​ថា ទោះជា​មាន​លទ្ធផល​ដូច​ម្ដេច​ក៏ ឃី​ម បូ​រ៉ា និង​មាស ច័ន្ទ​មាន ពិតជា​ប្ដូរ​សាច់​ស្រស់​ឈាម​ស្រស់​ទម្រាំ​រក​ចាញ់​ឈ្នះ​ឃើញ​នៅ​ថ្ងៃ​សៅរ៍​នេះ ។ ទាំងនេះ​គឺជាច​លករ​កាន់តែ​មាន​ទម្ងន់​ជួយ​ឲ្យ​ការ​ប៉ះ​គ្នា​របស់​អ្នក​ទាំង​ពីរ​ទទួល​បានការ​ចាប់អារម្មណ៍​លើសលប់​សម្រាប់​ការ​ប្រកួត​សន្សំ​ពិន្ទុ ។

យោង​តាម​កំណត់​ត្រា ឃី​ម បូ​រ៉ា គឺជា​ជើង​ខ្លាំង​វ័យក្មេង​មក​ពី​ក្លិប​រស្មី​ភូមិ​គាប​ខេត្តបន្ទាយមានជ័យ ដែល​ឈាន​មក​ដល់​ជើងឯក​រង​ក្នុង​ការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​របស់​ស្រា​បៀរ​កម្ពុជា​កាលពី​ខែវិច្ឆិកា ក្នុង​ឆ្នាំ​២០១៤ ។ គេ​ប្រកួត​បាន​៤៨​ដង ឈ្នះ​៣៦​ដង ចាញ់​១២​ដង និង​ផ្ដួល​ដៃគូ​ឲ្យ​សន្លប់​បាន​៨​ដង ។ ដោយឡែក​សម្រាប់​កំណត់​ត្រា​របស់ មាស ច័ន្ទ​មាន វិញ គេ​ប្រកួត​បាន​៩៥​ដង ឈ្នះ​៧២​ដង និង​ចាញ់​២៣​ដង ។ កីឡាករ​រូប​នេះ គឺជា​ជើង​ខ្លាំង​មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ដែល​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន គ្មាន​អ្នក​ណា​មិន​ស្គាល់ និង​មិន​ល្បីឈ្មោះ​គេ​នោះ​ទេ តាម​រយៈ​ការ​ប្រើ​ឈ្មោះ​ថា សា​រឹម ង៉ា ។

នៅ​ថ្ងៃ​នោះ​ដែរ កីឡាករ សូត្រ ប៊ុ​ន​ធី មក​ពី​ក្លិប​បក្សី​ស្លាប​ដែក ប៉ះ​ឱម សំរេច មក​ពី​ក្លិប​កងពលតូច​ទ័ព​ឆត្រយោង​៩១១ ដោយ​ការ​ប្រកួត​គូ​នេះ គេ​មើលឃើញ​រួច​ទៅ​ហើយ​ថា ជ័យជម្នះ​គឺជា​របស់​សូត្រ ប៊ុ​ន​ធី ដែល​កំពុង​ខ្លាំងក្លា​ដូច​គោ​ឡើង​-​ក ។ ប៊ុ​ន​ធី ធ្លាប់​ប្រកួត​បាន​៤៦​ដង ឈ្នះ​២៨​ដង ចាញ់​១៦​ដង ស្មើ​២​ដង និង​ធ្លាប់​ផ្ដួល​ដៃគូ​ឲ្យ​សន្លប់​បាន​១៨​ដង ។ ឱម សំរេច​វិញ ធ្លាប់​ប្រកួត​បាន​៣៥​ដង ឈ្នះ​២៧​ដង ចាញ់​៨​ដង មិន​ដែល​ស្មើ និង​ធ្លាប់​វាយ​គូប្រកួត​ឲ្យ​សន្លប់​បាន​៦​ដង ។

មួយគូ​ចុង​ក្រោយ​ជា​ការ​ប៉ះ​គ្នា​រវាង​កីឡាករ​ដែល​មាន​ពិន្ទុ​ធុន​កណ្ដាល​កាលពី​វគ្គ​១ លាស់ យី​ន មក​ពី​ក្លិប​សម្រែក​រាជសីហ៍​បង្ក្រាប​គ្រឿងញៀន និង ថុ​ល មក​រា មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា ។ លាស់ យី​ន ធ្លាប់​ប្រកួត​បាន ៦០​ដង ឈ្នះ​៤៥​ដង ឯ​ថុ​ល មក​រា ធ្លាប់​ប្រកួត​បាន ៥២​ដង ឈ្នះ​៣៥​ដង ៕