ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផល សោ​ភ័​ណ្ឌ មិន​ស្តាយ​តំណែង​កីឡាករ​ជម្រើសជាតិ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ទោះជា​បាត់​ឱកាស​ចេញ​ប្រកួត​ក្រៅ​ស្រុក​ក្រោយ​លាឈប់​ពី​តំណែង​កីឡាករ​ជម្រើសជាតិ​ក៏​ដោយ ក៏​កីឡាករ​ជើង​ខ្លាំង ផល សោ​ភ័​ណ្ឌ ហាក់​មិន​មានការ​សោកស្ដាយ​នោះ​ទេ ។

រាជធានី​ភ្នំពេញ ៖ ទោះជា​បាត់​ឱកាស​ចេញ​ប្រកួត​ក្រៅ​ស្រុក​ក្រោយ​លាឈប់​ពី​តំណែង​កីឡាករ​ជម្រើសជាតិ​ក៏​ដោយ ក៏​កីឡាករ​ជើង​ខ្លាំង ផល សោ​ភ័​ណ្ឌ ហាក់​មិន​មានការ​សោកស្ដាយ​នោះ​ទេ ។ ផ្ទុយ​ទៅ​វិញ លោក​បែរជា​ទទួលស្គាល់​ថា ការ​សម្រេចចិត្ត​នេះ​នឹង​ជួយ​ឲ្យ​អ្នកមាន​សមត្ថភាព​ជំនួស​ខ្លួន​មានឱកាស​យក​មេដាយ​ឲ្យ​កម្ពុជា​ពី​ព្រឹត្តិការណ៍​អន្តរជាតិ​នោះ​ផង ។

ប្រមាណ​២​លើក​រួច​មក​ហើយ​ដែល​កីឡាករ​រូប​នេះ​បាន​បង្ហាញខ្លួន​នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​សាកល​ស៊ី​ហ្គេ​ម​នៅ​ក្នុង​ប្រទេស​ឡាវ និង​ប្រទេស​មី​យ៉ា​ន់​ម៉ា​ក្នុង​ឆ្នាំ​២០១១ និង​២០១៣ បើ​ទោះ​មិន​បាន​ផ្លែផ្កា​សូ​ម្បី​បន្តិច​ត្រឡប់​មក​វិញ​។ សម្រាប់​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​ក្នុង​ឆ្នាំ​២០១៥​នេះ កីឡាករ​ផល សោ​ភ័​ណ្ឌ ក៏​ត្រូវ​មានឈ្មោះ​ក្នុង​បញ្ជី​៦​រូប​ដើម្បី​ចេញ​ប្រកួត​ក្រៅប្រទេស​ផង​ដែរ ប៉ុន្តែ​ដោយសារ​តែ​លោក​បាន​សុំ​ដកខ្លួន ទើប​កីឡាករ​ម្នាក់​ផ្សេង​ទៀត​បាន​ចូល​ជំនួស ហើយ​ធ្វើ​ឲ្យ​លោក​បាត់​ឱកាស​បង្ហាញខ្លួន​លើ​ឆាក​អន្តរជាតិ ។ ការ​សុំ​ដកខ្លួន​នោះ​កើតឡើង​បន្ទាប់​ពី​លោក​ចង់​ត្រឡប់​មក​ប្រដាល់​ក្បាច់គុន​បុរាណ​ខ្មែរ​វិញ​ដើម្បី​ទទួល​បាន​ទីផ្សារ​ការងារ​ឲ្យ​បាន​ញឹកញយ ។

មនុស្ស​មួយ​ចំនួន​បន្ទោស​ថា លោក​ជ្រើសរើស​ផ្លូវខុស ដោយ​បាន​អង្គុយ​កៅអី​ក្នុង​ក្រុម​ជម្រើសជាតិ​ទៅ​ហើយ​បែរជា​ចុះ​ខ្លួនឯង​ក្នុង​ពេល​ដែល​តំណែង​នោះ​មិនមែន​ធម្មតា ដ្បិត​ក្រៅពី​ទទួល​បាន​ឱកាស​ចេញ​ទៅ​ប្រកួត​ក្រៅ​ស្រុក ក៏​នឹង​ងាយ​ក្លាយ​ខ្លួន​ជា​វីរបុរស​របស់​កម្ពុជា​ផង​ដែរ បើ​អាច​ដណ្ដើម​បាន​មេដាយមាស​ពី​ព្រឹត្តិការណ៍​អន្តរជាតិ​ណាមួយ​។ ក្រុម​អ្នក​មិន​ស្រប​គំនិត​របស់ ផល សោ​ភ័​ណ្ឌ យល់​ថា​គេ​ជា​មនុស្ស​មិន​ចេះ​អត់ធ្មត់ មិន​តស៊ូ ទើប​សម្រេចចិត្ត​លា​ចេញពី​តំណែង​ជម្រើសជាតិ​ដែល​មិន​ខុស​ពី​ចោល​កៅអី​ខ្លួនឯង​ប្រគល់​ឲ្យ​អ្នក​ផ្សេង ។ អ្នក​ទាំងនោះ​បាន​ទាំង​ហៅ​ការ​បក​មក​ប្រកួត​ប្រដាល់សេរី​របស់​កីឡាករ​រូប​នេះ​ថា​ជា​ការ​ដើរ​ផ្លូវ​ដើម្បី​តែ​ក្រពះ​មួយ​គែ ហើយ​មិន​មើល​អនាគត​ពិតប្រាកដ ។ គាប់​ជួន​ជា​ការ​ប្រដាល់​នៅ​លើ​សង្វៀន​រាល់ថ្ងៃ​ទទួល​បាន​កម្រៃ​មិន​ខ្ពស់ មិន​ខុស​ពី​ការ​ប្រកួត​ឲ្យ​តែ​ល្អមើល ឬ​ត្រូវ​គេ​ហៅ​ថា​គ្រាន់តែ​ប្ដូរ​បាយ មិន​អាច​មានបាន​ផង ទើប​រឹតតែ​មាន​អ្នក​បន្ទោស​ចំពោះ​ការ​សម្រេចចិត្ត​របស់​គេ ។

ក្រុម​ដដែល​បាន​ទាំង​រិះគន់​ថា ផល សោ​ភ័​ណ្ឌ មិន​គិត​វែង​ឆ្ងាយ​ព្រោះតែ​ប្រាក់​កាស​ល្អិត​ដែល​ខុស​ពី​ការ​ប្រឹង​យក​មេដាយ​ឲ្យ​បាន​ពី​ការ​ប្រដាល់​អន្តរជាតិ​ណាមួយ បើ​នៅ​បន្ត​តំណែង​ជម្រើសជាតិ​នោះ​ផង ។ យោង​តាម​ការ​បញ្ជាក់​ពី​គណៈ​កម្មា​ធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​បាន​អះអាង​ថា បើ​កុំ​តែ​ផល សោ​ភ័​ណ្ឌ លាឈប់​ពី​ក្រុម​ជម្រើសជាតិ កុំ​អី​ដំណើរ​ចេញ​ប្រកួត President Cup នៅ​ក្នុង​ប្រទេស​ឥណ្ឌូ​ណេ​ស៊ីក្នុង​ស​ប្ដា​ហ៍​នេះ និង​ការ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​នៅ​ខែមិថុនា​នេះ​ជា​របស់​គេ​យ៉ាង​ពិតប្រាកដ ។ បើ​ទោះជា​ការ​ចេញ​ប្រកួត​២​លើក​កន្លង​មក មិន​អាច​ឲ្យ ផល សោ​ភ័​ណ្ឌ ស្វែងរក​ចំណាត់ថ្នាក់​ជូន​ជាតិ ក៏​ក្រេ​ឌី​ត​និង​ភាព​ល្បីល្បាញ​របស់​គេ​នៅ​តែ​ឈរ​ក្នុង​បញ្ជីចេញ​ប្រកួត​ស្វ័យប្រវត្តិ​សម្រាប់​ព្រឹត្តិការណ៍​ប្រដាល់​សាកល​អន្តរជាតិ​ទាំង​ពីរ​។ ម្នាក់​ៗ​យល់​ថា កីឡាករ​រូប​នេះ​ទំនងជា​ដេក​ស្ដាយក្រោយ​មិន​តិច​ឡើយ​ក្នុង​ពេល​ដែល​ក្រុម​ជម្រើសជាតិ​៦​រូប​ដែល​ត្រូវ​ចេញ​ទៅ បែរ​មិន​មាន​វត្ត​មានខ្លួន ព្រោះតែ​ការ​គិត​ខ្លី​មួយ​ពេល ។ ប៉ុន្តែ​ភាគី​សាមីខ្លួន​បាន​អះអាង​ថា មិន​មានការ​សោកស្ដាយ​នោះ​ទេ ។

ផល សោ​ភ័​ណ្ឌ និយាយ​ថា មុន​ពេល​លា​ចេញ​លោក​បាន​សម្រេចចិត្ត​ច្បាស់​ហើយ ដោយសារ​តែ​ជីវភាព​ជាក់ស្ដែង​របស់​លោក​មិន​អាច​បន្ត​ប្រឡូក​ក្នុង​អាជីព​ប្រដាល់​សាកល ដែល​ទាល់តែ​មាន​ព្រឹត្តិការណ៍​ប្រចាំឆ្នាំ ឬ​ចេញ​ក្រៅ​ស្រុក​ទើប​មានការ​ងារ​នោះ ។ លោក​ហាក់​សំដៅ​ថា ខ្លួន​មិន​មាន​សមត្ថភាព​ដណ្ដើម​យក​មេដាយ​ជូន​ជាតិ​នោះ​ឡើយ ទើប​សម្រេចចិត្ត​លាឈប់​ដើម្បី​ផ្ដល់​ឱកាស​ឲ្យ​អ្នក​ជំនាន់​ក្រោយ ក្រែង​មានសំណាង​លើ​ឆាក​អន្តរជាតិ ។ លោក​និយាយ​ដោយ​ត្រង់​ថា សម្រាប់​ការ​ប្រដាល់​សាកល កម្ពុជា​ស្ថិត​ក្នុង​កម្រិត​មិន​ទាន់​ល្អ​នោះ​ទេ ក្នុង​ពេល​ប៉ះ​ជាមួយ​ជើង​ខ្លាំង​នៅ​ក្នុង​តំបន់​។ គាប់​ជួន​ជា​ស្ថានភាព​ហ្វឹកហាត់ និង​ការ​រស់នៅ​របស់​កីឡាករ​ជម្រើសជាតិ​កម្ពុជា​នៅ​មាន​កម្រិត​មិន​ទាន់​ល្អ​ដូច​បរទេស ទើប​លោក​មិន​រំពឹង​ដូច​អ្វី​ដែល​ក្រុម​អ្នក​រិះគន់​យល់​ឃើញ បើ​នៅ​បន្ត​ក្រាញ​តំណែង​ចេញ​ប្រកួត​តំណាង​ជាតិ​ទៀត​។ លោក​ថា ការ​ប្រដាល់​សាកល​ល្អ​តែ​ពេល​មានការ​ប្រកួត​ក្រៅ​ស្រុក​ប៉ុណ្ណោះ ប៉ុន្តែ​សម្រាប់​កីឡាករ​ដែល​ត្រូវការ​ប្រាក់ និង​ត្រូវការ​ឡើង​ប្រដាល់​យក​លុយ​ដូច​ខ្លួន គឺ​ប្រឡូក​ផ្នែក​សេរី​ទើប​ជា​រឿង​ប្រសើរ ។

ផល សោ​ភ័​ណ្ឌ លើក​ឡើង​ដោយ​ការ​ទទួលស្គាល់​ការ​ពិត​ថា សមត្ថភាព​ខ្លួន​នៅ​មាន​កម្រិត ដូច្នេះ​លោក​មិន​ចង់​បន្ត​បំបាក់មុខ​ជាតិ​ទៀត​ទេ ទើប​ទុក​ឲ្យ​អ្នក​ក្រោយ​ទៅ​ម្ដង​ទៅ​ក្រែង​បាន​មេដាយ​ត្រឡប់​មក​វិញ​។ ការ​អះអាង​នេះ​មាន​ន័យ​ថា លោក​ជា​បុគ្គល​ស្រឡាញ់​កិត្តិយស​ជាង​ការ​ស្រឡាញ់​ផលប្រយោជន៍ ខណៈ​ដែល​កីឡាករ​-​កីឡា​ការិ​នី​ជម្រើសជាតិ​ច្រើន​នាក់​មក​ហើយ​ត្រូវ​គេ​ឃើញ​មានឈ្មោះ​ចេញ​ប្រកួត​ក្រៅ​ស្រុក​រហូត ក្រោម​ការ​ជ្រោមជ្រែង​របស់​ខ្សែ​ទុយោ​នៅ​ក្នុង​សហព័ន្ធ​ដោយ​មិន​ព្រម​ទុក​ឱកាស​ដល់​អ្នក​ផ្សេង​ទាល់តែ​សោះ បើ​ទោះជា​ការ​ប្រកួត​នៅ​ក្រៅប្រទេស​របស់​ពួក​គេ​បាន​ត្រឹមតែ​លទ្ធផល​បរាជ័យ​ដដែល​ជា​ដដែល​ត្រឡប់​មក​វិញ ។ ការ​ដកខ្លួន​របស់ ផល សោ​ភ័​ណ្ឌ បាន​ក្លាយជា​ការ​ទទួលខុសត្រូវ​មួយ​គួរ​ឲ្យ​សរសើរ​ជា​គំរូ​ដល់​កីឡាករ​ជម្រើសជាតិ​ផ្សេង​ទៀត​ដើម្បី​ឲ្យ​អ្នក​ទាំងនោះ​ហ៊ាន​សុំ​លាឈប់​ដោយសារ​តែ​អ្នក​ជំនាន់​ក្រោយ ដ្បិតថា​នៅ​មានបទពិសោធន៍​ស្ដួចស្ដើង ប៉ុន្តែ​ក៏​មិន​ប្រាកដ​ថា ចាញ់​បរទេស​សម្រាប់​ការ​ប្រកួត​ក្នុង​កម្រិត​អន្តរជាតិ​ដូច​អ្នក​ទៅ​ច្រើន​លើក​ហើយ​ស្ពាយ​បរាជ័យ​ឡើង​កីឡាករ​បរទេស​ស្គាល់​មុខ​ច្បាស់ លែង​ចង់​ប្រកួត​ជាមួយ​នាំ​ឱ្យ​អន់​ដល់​គេ​នោះ​ទេ ៕