ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង សោ​ភ័​ណ្ឌ និង​ផល សោ​ភ័​ណ្ឌ ត្រៀម​កណ្តាប់ដៃ​ស្វាគមន៍​កីឡាករ​ថៃ​នៅ​លើ​សង្វៀន​ស៊ី​ធី​អិន​ថ្ងៃ​សៅរ៍​ស​ប្តា​ហ៍​នេះ

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​ថ្ងៃ​សៅរ៍​នៅ​លើ​សង្វៀន​ស៊ី​ធី​អិន នឹង​ត្រូវ​ចាប់ផ្តើម​ដំណើរការ​ជា​ធម្មតា​វិញ​នៅ​ថ្ងៃ​សៅរ៍ ទី​២៥ មេ​សា បន្ទាប់​ពី​បាន​ខកខាន​អស់​រយៈពេល​ជា​ច្រើន​ខែ​កន្លង​មកនេះ ។

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​ថ្ងៃ​សៅរ៍​នៅ​លើ​សង្វៀន​ស៊ី​ធី​អិន នឹង​ត្រូវ​ចាប់ផ្តើម​ដំណើរការ​ជា​ធម្មតា​វិញ​នៅ​ថ្ងៃ​សៅរ៍ ទី​២៥ មេ​សា បន្ទាប់​ពី​បាន​ខកខាន​អស់​រយៈពេល​ជា​ច្រើន​ខែ​កន្លង​មកនេះ ។ សម្រាប់​ថ្ងៃ​បើក​ឆាក​ប្រកួត​ឡើង​វិញ​នេះ​មានការ​ប្រកួត​ជា​លក្ខណៈ​មិត្តភាព​អន្តរជាតិ​រវាង​កីឡាករ​កម្ពុជា​និង​ថៃ​ចំនួន​២​គូ ដែល​សុទ្ធតែ​ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង និង​កំពុង​តែ​ឡើង​កូដ​ដូច​គ្នា ។

កីឡាករ​រឿង សោ​ភ័​ណ្ឌ មក​ពី​ក្លិប​មកុដ​រាជសីហ៍ ត្រៀម​កណ្តាប់ដៃ​ស្វាគមន៍​កីឡាករ​ថៃ ថា​ន់ វ៉ា​ឡេ​ក ក្នុង​ប្រភេទ​ទម្ងន់​៦៨​គីឡូក្រាម ចំណែក ផល សោ​ភ័​ណ្ឌ មក​ពី​ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ ផាត់ ឆៃ​ដែន ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥​គីឡូក្រាម ។ តាម​ការ​ឱ្យ​ដឹង​អ្នក​ប្រដាល់​ថៃ​ទាំង​២​រូប​នេះ​មិន​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ម្តងណា​ឡើយ ទើប​គេ​មិនដឹង​ពី​សមត្ថភាព​ពិតប្រាកដ​ថា​ខ្លាំង​ដល់​កម្រិត​ណា ។ យោង​តាម​ការ​បញ្ជាក់​គូ​អន្តរជាតិ​ទី​១ រឿង សោ​ភ័​ណ្ឌ ធ្លាប់​ប្រកួត​បាន​១២២​ដង ឈ្នះ​១០៦​ដង ចាញ់​១៤​ដង ស្មើ​២​ដង ។ ចំណែក ថា​ន់ វ៉ា​ន់​ឡេ​ក ធ្លាប់​ប្រកួត​បាន​៧០​ដង ឈ្នះ​៥០​ដង ចាញ់​២០​ដង មិន​ដែល​ស្មើ តាម​រយៈ​តួលេខ​ប្រកួត​របស់​កីឡាករ​ទាំង​២​ខាងលើ​ឃើញ​ថា ភាគី​កម្ពុជា​មាន​ប្រៀប​ជាង​ភាគី​ថៃ ធ្វើ​ឱ្យ រឿង សោ​ភ័​ណ្ឌ ទទួល​បាន​នូវ​ទំនុកចិត្ត​ខ្ពស់​ពី​អ្នកគាំទ្រ​សម្រាប់​ការ​ប្រកួត​លើក​នេះ ។

គូ​អន្តរជាតិ​ទី​២ កីឡាករ​ថៃ ផាត់ ឆៃ​ដែន ធ្លាប់​ប្រកួត​បាន​៦៥​ដង ឈ្នះ​៥០​ដង ចាញ់​១៥​ដង ដែល​មាន​ន័យ​ថា កីឡាករ​ឆ្លង​ដែន​រូប​នេះ​មិនមែន​ជា​ជើង​ថ្មី ឬ​មិន​មានបទពិសោធន៍​ប្រកួត​នោះ​ទេ ។ ដោយឡែក​សម្រាប់​កីឡាករ​ផល សោ​ភ័​ណ្ឌ ធ្លាប់​ប្រកួត​៦១​ដង ឈ្នះ​៤៩​ដង និង​ចាញ់​១២​ដង ។ ក្រៅពី​មាន​តួលេខ​ប្រកួត​លើសខ្វះ​គ្នា​បន្តិចបន្តួច កីឡាករ​កម្ពុជា​ត្រូវ​គេ​មើលឃើញ​ថា មាន​ប្រៀប​ត្រង់​មាន​មាឌធំ និង​មាំ​ជាង​កីឡាករ​ថៃ​ផង​ដែរ ថ្វី​ដ្បិតថា​អ្នក​ទាំង​២​ត្រូវ​គេ​ដាក់​ថា​មាន​ទម្ងន់​បុ​៉​ន​គ្នា​ក្តី ។ គាប់​ជួន ផល សោ​ភ័​ណ្ឌ ត្រូវ​គេ​ដឹង​រួច​ទៅ​ហើយ​ថា ជា​ជើង​ខ្លាំង​ម្នាក់​ដែល​មាន​ប្រវត្តិ​ផ្តួល​គូ​បរទេស​មិន​ឱ្យ​ហើបមាត់​រួច​គ្រប់​លើក ទើប​គេ​ប៉ាន់​ស្មានថា កីឡាករ​ថៃ​អាច​មិនមែន​ជា​គូប្រកួត​ស្វិតស្វាញ​របស់​កីឡាករ​កម្ពុជា​ឡើយ ។ កីឡាករ​ផល សោ​ភ័​ណ្ឌ ជា​ជើង​ខ្លាំងពូកែ​កែង ទាត់ និង​ម៉ាត់ ចំណែក​កីឡាករ​ថៃ ផាត់ ឆៃ​ដែន នៅ​មិន​មាន​ភស្តុ​តាង​ណាមួយ​បង្ហាញ​ថា ពូកែ​លើ​បច្ចេកទេស​អ្វី​នោះ​ទេ ។

យ៉ាងណា​ក៏​ដោយ លោក​ម៉ា សេរី ដែល​ជា​អ្នកគ្រប់គ្រង​កម្មវិធី​កីឡា​ប្រចាំ​ស្ថានីយទូរទស្សន៍​ស៊ី​ធី​អិន​ប្រាប់​ថា កីឡាករ​ថៃ​គូ​នេះ​គឺជា​ជើងល្អ​ម្នាក់ ដូច្នេះ ផល សោ​ភ័​ណ្ឌ បើ​ពិតជា​ឈ្នះ ក៏​មិនមែន​ជា​រឿង​ងាយស្រួល​ដែរ​។ ស្រួល​មិន​ស្រួល​ក្តី​សង្ឃឹម​របស់​ភាគី​ខ្មែរ​អាច​នឹង​ត្រូវ​បាត់បង់​ផង​ក៏​មិនដឹង បើ​ហ៊ាន​តែ​ប្រហែស​មើល​ស្រាល​ដៃគូ​នោះ ។ បុ​៉​ន្តែ​អ្នក​ដែល​យល់​ឃើញ​បែប​នេះ​មាន​ចំនួន​តិច​បំផុត​ក្នុង​ពេល​ដែល​មនុស្ស​ទាំងនោះ​ហាក់​ជឿជាក់​ភាគច្រើន​ទៅ​លើ​កីឡាករ​ផល សោ​ភ័​ណ្ឌ ។

ចំណែក​គូប្រកួត​រវាង​កីឡាករ​កម្ពុជា​គ្នា​ឯង​វិញ​មាន ផ​ន ភឿ​ត មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា ប្រកួត​ជាមួយ ឆេ​ង ពន្លក មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ​បង្ក្រាប​គ្រឿងញៀន ។ ង៉ែ​ត្រ រ​ដ្ឋា មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ​បង្ក្រាប​គ្រឿងញៀន ប្រកួត​ជាមួយ រឿ​ម វណ្ណៈ មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ និង​គូ​ចុង​ក្រោយ ធី តុង​ហុ​ី មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា ប្រកួត​ជាមួយ សំអាង ឌុន មក​ពី​ក្លិប​អេ​ភូ​ថង​កីឡា ៕