ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណបក្ស​សង្គ្រោះ​ជាតិ​ប្រកាស​ជំហរ​និង​គោលដៅ​បន្ទាប់​ពី​ការ​ចរចា​នយោបាយ

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ការ​ចរចា​នយោបាយ​ឱ្យ​មាន​ភាពល្អ​ប្រសើរ​ឡើងជា​មួយ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​គណបក្សកាន់អំណាច​នោះ គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គណបក្ស​ក្រៅ​រដ្ឋាភិបាល​បាន​ចេញ​ថ្លែងការណ៍​ប្រកាស​

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ការ​ចរចា​នយោបាយ​ឱ្យ​មាន​ភាពល្អ​ប្រសើរ​ឡើងជា​មួយ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​គណបក្សកាន់អំណាច​នោះ គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គណបក្ស​ក្រៅ​រដ្ឋាភិបាល​បាន​ចេញ​ថ្លែងការណ៍​ប្រកាស​ជំហរ​របស់​ខ្លួន​ភ្លាម​ចំពោះ​គោលដៅ​របស់​គណបក្ស ។

ការ​ចេញ​សេចក្តីថ្លែងការណ៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ ក៏​ស្រប​ពេល​ដែល​មតិ​មហាជន​មួយ​ចំនួន​លើក​ឡើង​ថា គណបក្ស​សង្គ្រោះ​ជាតិ​អាច​នឹង​ឈាន​ទៅ​រក​ដូច​គណបក្សហ៊្វុន​ស៊ិ​ន​ប៉ិច បន្ទាប់​ពី​ចូលរួម​ធ្វើ​ជា​ដៃគូ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ។

យោង​តាម​សេចក្តីថ្លែងការណ៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ ចុះ​ថ្ងៃ​ទី​១៣ មេ​សា បាន​លើក​ឡើង​ពី​ជំហរ​និង​គោលដៅ​របស់​ខ្លួន​ថា​មិន​ប្រែប្រួល​នយោបាយ​ទេ​ក្នុង​ការ​ចរចា​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ។ សេចក្តីថ្លែងការណ៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ​បញ្ជាក់​ថា «​ជាមួយនឹង​ប្រជារាស្ត្រ​ខ្មែរ​ទាំងមូល គណបក្ស​សង្គ្រោះ​ជាតិ​អបអរសាទរ​ពី​ការ​ដោះ​លែង​ពី​ពន្ធនាគារ​នូវ សកម្មជន​ដីធ្លី សកម្មជន​គណបក្ស និង​អ្នក​តវ៉ា​ដទៃ​ទៀត ដែល​ត្រូវ​បាន​អាជ្ញាធរ​ចាប់​យក​ទៅ​ឃុំឃាំង​ទាក់ទង​ទៅ​នឹង​ព្រឹត្តិការណ៍​នយោបាយ​ដែល​បាន​កើតឡើង​ក្រោយ​ពី​ការ​បោះ​ឆ្នោត​ថ្ងៃ​ទី​២២ កក្កដា ឆ្នាំ​២០១៣ ។ ទន្ទឹម​នឹង​នេះ ពិធី​មួយ​ដែល​ត្រូវ​បាន​រៀបចំ ដើម្បី​ផ្ទេរតំណែង​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (​គ​.​ជ​.​ប​) ដែល​មាន​ប្រធាន​១​រូប អនុប្រធាន​១​រូប និង​សមាជិក​ថ្មី​៧​រូប បាន​ចូល​កាន់​តំណែង​នៅ​ក្នុង គ​.​ជ​.​ប ស្រប​ទៅ​នឹង​កិច្ចព្រមព្រៀង​ថ្ងៃ​ទី​២២ កក្កដា ឆ្នាំ​២០១៤ រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​» ។

សេចក្តីថ្លែងការណ៍​គូសបញ្ជាក់​ថា ក្នុង​ការ​ចរចា ដែល​ខ្លួន​បាន​ចាប់ផ្តើម​ហើយ​បន្ត​មក​ទល់​នឹង​ថ្ងៃនេះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា រហូត​សម្រេច​បង្កើត គ​.​ជ​.​ប ថ្មី ខាងលើ​នេះ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ដែល ប្រែប្រួល​ជំហរ​របស់​ខ្លួន​ម្តងណា​ឡើយ ហើយ​បាន​រក្សា​គោលដៅ​របស់​ខ្លួន​តាំងពី​ដើម​ទី​យ៉ាង ជាប់លាប់ គឺ​ការ​ជំរុញ​ឱ្យ​មានការ​រៀបចំ គ​.​ជ​.​ប​ ថ្មី​មួយ​ដែល​មាន​សមាសភាព​អាច​ទុកចិត្ត​បាន ។

ក្នុង​ឱកាស​នៃ​ការ​បង្កើត គ​.​ជ​.​ប មួយ​ថ្មី​ដែល​មាន​លក្ខណៈ​ដូច​ចែង​ខាងលើ ហើយ​ដែល​បាន​ចេញ​ជា​រូបរាង និង​ក្នុង​ឱកាស​ទន្ទឹម​គ្នា​នៃ​ការ​ដោះ​លែង​សកម្មជន​របស់​ខ្លួន​ពី​ពន្ធនាគារ​នៅ​ថ្ងៃ​ជាមួយ​គ្នា​នោះ គណបក្ស​សង្គ្រោះ​ជាតិ​សូម​សម្តែង​នូវ​ការ​គោរព​ចំពោះ​វីរភាព​របស់​សកម្មជន​រង​គ្រោះ​ទាំងឡាយ​ដែល​កន្លង​មក​បាន​បញ្ជូន​សារ​ជា​និច្ច​ពី​ពន្ធនាគារ​មិន​ឱ្យ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​យល់​ព្រមយក​ពួក​គាត់​ធ្វើ​ជា​ថ្នូរ​ក្នុង​ការ​ចរចារ​ណាមួយ ហើយ​ត្រូវ​រក្សា​ជំហរ​ឱ្យ​នៅ​រឹង​មាំ​ជា​និច្ច​ក្នុង​ការ​ចរចា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​សម្រេច​ឱ្យ​បាន​គោលដៅ​ជាតិនិយម និង​ប្រជាធិបតេយ្យ ។

ទាក់ទិន​នឹង​ការ​លើក​ឡើង​ថា គណបក្ស​សង្គ្រោះ​ជាតិ​អាច​នឹង​ដូច​គណបក្ស​ហ៊្វុន​ស៊ិ​ន​ប៉ិច​នោះ កាលពី​ពេល​ថ្មី​ៗ​នេះ មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រ​ង្ស៊ី បាន​ច្រានចោល​នូវ​មតិ​រិះគន់​លើ​រូប​លោក ដែល​ថា​ការ​ប្រើ​វប្បធម៌​សន្ទនា​ជាមួយ​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ខាង​មុខ​នឹង​នាំ​ឱ្យ​បក្ស​ប្រឆាំង​បាត់បង់​អាសនៈ​ដូច​ប្រធាន​គណបក្ស​ហ្វុ​៊​ន​ស៊ិ​ន​ប៉ិច គឺ​សម្តេចក្រុមព្រះ ។

លោក សម រ​ង្ស៊ី ថ្លែង​ថា គណបក្ស​សង្គ្រោះ​ជាតិ​បង្កើត​វប្បធម៌​សន្ទនា​ជាមួយ​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺ​ដើម្បី​ប្រយោជន៍ និង​យុត្តិធម៌​សង្គម ប៉ុន្តែ​ការ​សន្ទនា​រវាង​សម្តេចក្រុមព្រះ និង​សម្តេច ហ៊ុន សែន កន្លង​ទៅ ដើម្បី​ចង់បាន​ប្រយោជន៍​បក្សពួក​ខ្លួន ។

លោក សម រ​ង្ស៊ី សង្កត់ធ្ងន់​ថា «​អ្នក​ខ្លះទៅ​ប្រៀបធៀប​ថា សម រ​ង្ស៊ី ជជែក​ជាមួយ​សម្តេច ហ៊ុន សែន ដូច​រណឫទ្ធិ ដូច​ហ៊្វុន​ស៊ិ​ន​ប៉ិច ខុស​គ្នា​ស្រឡះ​ម្ចាស់​ថ្លៃ​អើយ ដូច​មេឃ​នឹង​ដី ។ សម្តេចក្រុមព្រះ​ជជែក​ជាមួយ​សម្តេច ។ ហ៊ុន សែន ដើម្បី​ទារ​តំណែង ដើម្បី​បាន​ផលប្រយោជន៍​ផ្ទាល់ខ្លួន​បក្ខពួក​របស់​លោក សម្តេច ហ៊ុន សែន បាន​ប្រាប់​ខ្ញុំ​ថា ព្រះ​អង្គ​ម្ចាស់​រណឫទ្ធិ​ទៅ​ជជែក​ជាមួយ ហ៊ុន សែន គឺ​ទារ​តំណែង​គឺ​ពុះ​ជា​ពីរ សូ​ម្បី​នាយក​សាលា​ខាង CPP អ៊ី​ចឹ​ង​នាយករង​ខាង​ហ៊្វុន​ស៊ិ​ន​ប៉ិច ទាមទារ​តំណែង ផលប្រយោជន៍​ឱ្យ​ខ្លួន​ឱ្យ​បក្ស​ហ្នឹង មិនមែន​វប្បធម៌​សន្ទនា​ទេ ហ្នឹង​វប្បធម៌​បំផ្លាញ វប្បធម៌​ពុក​រលួយ​» ។

ទោះជា​យ៉ាងណា​ក្តី សម្តេចក្រុមព្រះ​នរោត្តម​រណឫទ្ធិ ប្រធាន​គណបក្ស​ហ្វុ​៊​ន​ស៊ិ​ន​ប៉ិច នា​ព្រឹក​ថ្ងៃ​ទី​១៩ មេ​សា ឆ្នាំ​២០១៥ បាន​មាន​បន្ទូល​គាំទ្រ​ចំពោះ​ការ​បង្កើត​វប្បធម៌​សន្ទនា​រវាង​សម្តេច​តេ​ជោ ហ៊ុន សែន និង​លោក សម រ​ង្ស៊ី ៕